បបរនៅក្នុងរបបខ្មែរក្រហមអន់ជាងស្បែកជ្រូកសព្វថ្ងៃ

(សៀមរាប) ៖ ដឿម ដន មានអាយុ៥២ឆ្នាំ រស់នៅឯភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដន មានកូនទាំងអស់៣នាក់។ គាត់បានរៀនដល់ថ្នាក់ទី៩កាលនៅសម័យនោះ។ បន្ទាប់ពីរៀនចប់ថ្នា្កក់ទី៩ គាត់ក៏បានទៅរៀនមុខវិជ្ជាពេទ្យយោធាបន្តនិងចូលបម្រើការងារជាមួយយោធាអាមេរិកចន្លោះឆ្នាំ១៩៩១និង១៩៩៨។ ដនមានអាយុ៧ឆ្នាំនៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា។

ដោយសារតែ ដន មានវ័យក្មេង ខ្មែរក្រហមមិនសូវប្រើឲ្យធ្វើការងារធ្ងន់នោះទេ។ ក្រៅពីរើសអាចម៍គោនិងធ្វើជី គាត់ត្រូវទៅរៀនជាមួយអង្គការ។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យរើសអាចម៍គោនិងធ្វើជី។ ឪពុកម្ដាយរបស់ដឿម ដនមិនត្រូវបានជម្លៀសទៅទីណានោះទេ។ ទោះបីជាគាត់រស់នៅក្នុងភូមិតែមួយក៏ដោយ ក៏គាត់មិនបានរស់នៅនិងធ្វើការជុំគ្នាឡើយ។ ម្ដាយរបស់ដនមានតួនាទីក្នុងការដាំដំណាំ រីឯឪពុកវិញត្រូវបានគេប្រើឲ្យភ្ជួរស្រែ។ ដន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃបរិភោគតែបបរ។ គាត់ក៏បាននិយាយថា បបរគេចែកឲ្យនោះ វាអន់ជាងស្បែកជ្រូកសព្វថ្ងៃទៀត។ គាត់ក៏បាននិយាយបន្ថែមថាពេលខ្លះគាត់លាក់អង្ករនិងអំបិលពីអង្គការ។ ប្រសិនបើគាត់មិនលាក់វាទុកទេ គាត់នឹងមិនមានអ្វីសម្រាប់បរិភោគ ហើយអាចអត់ឃ្លានរហូតដល់ស្លាប់ក៏មានដែរ។ នៅពេលដែលមានប្រជាជនឈឺ អង្គការនឹងព្យបាលដោយឲ្យលេបថ្នាំរបស់អង្គការដែលធ្វើចេញដោយឫសឈើ។

ម្ដាយរបស់ ដន ត្រូវបានខ្មែរក្រហមចាប់ដាក់គុកនៅឯមន្ទីរសន្តិសុខដែលស្ថិតនៅក្នុងព្រៃ។ ម្ដាយរបស់គាត់ត្រូវបានចោទថា គាត់លាក់ប្រាក់ដែលចាយនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ទាហានខ្មែរក្រហមឲ្យអ្នកទោសដើជា

ជួរដើម្បីយកទៅសម្លាប់នៅពេលល្ងាចប្រហែលម៉ោង៥ឬ៦។ មុនពេលដែលយកអ្នកទោសទៅសម្លាប់ ទាហានខ្មែរក្រហមក៏ប្រាប់អ្នកទោសថា ទៅស្រុកវិញដោយសារអ្នកទោសទាំងនោះជាអ្នកជម្លៀសមកពីទីក្រុងភ្នំពេញឬមកពីស្រុកឆ្ងាយៗ។ អ្នកទោសខ្លះដឹងថាខ្លួននឹងត្រូវបានអង្គការសម្លាប់ ប៉ុន្ដែអ្នកទោសផ្សេងទៀតក៏ជឿតាមអង្គការ។ អ្នកទោសដែលដឹងពីមូលហេតុអង្គការហៅទៅ ក៏ដឹងថាខ្លួននឹងគ្មានថ្ងៃត្រឡប់វិលវិញឡើយគិតតែពីយំស្រែកព្រោះគ្មានអ្វីដែលខ្លួនអាចធ្វើបាននោះទេនៅក្នុងកាលៈទេសៈនោះ។

ក្រៅពីលប់បំបាត់វណ្ណៈសង្គម និងឥទ្ធិពលបរទេសចេញពីស្រុក ខ្មែរក្រហមក៏បានលុបបំបាត់មិនឲ្យមាវត្តមានសាសនានៅក្នុងប្រទេសកម្ពុជាឡើយ។ ដន និយាយថាទាហានខ្មែរក្រហមបានវាយបំផ្លាញវត្តស្វាយដែលស្ថិតនៅក្នុងខេត្តសៀមរាបចោល។ មេសហករណ៍បានប្រើអ្នកស្រុកទៅរុះរើវត្តស្វាយ ហើយវាយទម្លាក់រូបបដិមាព្រះពុទ្ធចោល។

សព្វថ្ងៃ ដន មិនមានបញ្ហាសុខភាពនោះទេបន្ទាប់ពីបានពិនិត្យសុខភាពជាមួយពេទ្យហើយ ប៉ុន្តែភ្នែកខាងឆ្វេងរបស់គាត់ឡើងបាយបន្តិច។

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin