ការចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺពាក្យថា «យកទៅរៀនសូត្រ»

ឌឿន សម្បត្តិ[1] អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបាត់បង់បងប្អូនទាំងអស់នៅក្នុងរបបខ្មែរក្រហម។ សម្បត្តិ មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ប៉ុន្តែផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្បត្តិ គឺជាកូនទី៦ក្នុងចំណាមបងប្អូនប្រុសស្រី សរុបចំនួន៦នាក់។​ នៅវ័យកុមារ សម្បត្តិ មិនបានរៀនសូត្រអ្វីនោះទេ ព្រីព្រោះតែការផ្ទុះឡើងនូវសង្រ្គាម។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់សម្បត្តិ បានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយគេចចេញពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។  រហូតដល់ឆ្នាំ១៩៧៤ និង១៩៧៥ ឪពុកម្ដាយ និងសម្បត្តិ វិលមករស់នៅភូមិវិញ។ សង្គ្រាមជិត៥ឆ្នាំនេះ បណ្ដាលឲ្យមានផលប៉ះពាល់ ទាំងជិវិតមនុស្ស ផ្ទះសំបែង និងជីវភាពប្រចាំថ្ងៃ ដូចជាការមិនអាចប្រកបរបររកស៊ី និងដាំដំណាំហូប។

នៅពេលដែលសម័យខ្មែរក្រហមចូលមកដល់ សម្បត្តិ និងគ្រួសារ បន្តរស់នៅក្នុងភូមិដូចធម្មតា និងឃើញមានប្រជាជនជម្លៀសមកដល់ភូមិ និងសុំស្នាក់នៅតាមក្រោមផ្ទះប្រជាជន។ បន្ទាប់ពីទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ សម្បត្តិបានឃើញ ការមកដល់របស់គ្រួសារជាច្រើនប្រជាជនថ្មី ឬត្រូវបានហៅថាប្រជាជន១៧មេសា។ គ្រួសារខ្លះបន្តដំណើរទៅមុខទៀត ចំណែកឯគ្រួសារខ្លះទៀតរស់នៅក្នុងភូមិ។ មិនយូរប៉ុន្មាន គ្រួសារប្រជាជនថ្មីទាំងអស់នោះត្រូវបានបង្ខំធ្វើការងារ ធ្លាក់ខ្លួនឈឺ និងស្លាប់ជាបន្តបន្ទាប់។ អ្នកដែលនៅសេសសល់ត្រូវបានចាប់យកទៅសម្លាប់ចោល។ គម្រោងផែនទីវាលពិឃាត របស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam’s Mapping Project) បញ្ជាក់អំពីរណ្ដៅសាកសពរួមនៅស្រុកស្រីសន្ធរទាំងអស់មានចំនួន៦ទីតាំង មានដូចជា៖ វត្តជ័យមង្គល (ហៅវត្តជ្រៃ), មន្ទីរសន្តិសុខតាដួង (ស្ថិតនៅវត្តប្រាសាទវដ្ដី ហៅវត្តត្បូង), មន្ទីរសន្តិសុខព្រៃតាបិះ, វិទ្យាល័យស្រីសន្ធរ, វត្តព្រែកពោធិ៍មង្គល និងទីតាំងសម្លាប់រង្គាលឡាពាង។ ប្រជាជន​ថ្មីអាចត្រូវបានសម្លាប់នៅវត្តប្រាសាទវដ្ដី ឬហៅវត្តត្បូង ឬវត្តជ័យមង្គល (ហៅវត្តជ្រៃ)។[2]

នៅពេលនោះ សម្បត្តិមានអាយុប្រហែល១០ឆ្នាំ និងត្រូវបានឲ្យធ្វើការងារនៅកងកុមារ។ សម្បត្តិ ត្រូវងើបពីព្រឹកប្រលឹមទៅកើបអាចម៍គោតាមផ្ទះប្រជាជន ហើយបន្ទាប់មកទៅរៀនជាមួយគ្រូរហូតដល់ម៉ោង​១១ព្រឹក។ មេរៀនដែលសម្បត្តិរៀននៅពេលនោះគឺមិនមានអ្វីច្រើននោះទេ … មានតែការបូកលេខ ដកលេខ គុណចែកលេខ និងអក្សរខ្មែរតិចតួច។ មិនមានកន្លែងរៀនត្រឹមត្រូវនោះទេ គឺរៀននៅក្រោមដើមឈើ។ សម្បត្តិនៅចាំឈ្មោះគ្រូបង្រៀន មានឈ្មោះ សេង ហាន។ បន្ទាប់ពីហូបនៅរោងបាយរួមរួចរាល់ សម្បត្តិ និងកុមារផ្សេងទៀត ត្រូវទៅធ្វើការងារសង្គមកិច្ច ដូចការធ្វើជីសម្រាប់ដាក់ស្រូវ និងកាប់ដីក្រហម។ ការធ្វើជីគឺត្រូវបានកំណត់ឲ្យបាន៣០បង្គីក្នុងរយៈពេលតែ១ម៉ោង។ បន្ទាប់ពីធ្វើជីរួចហើយ សម្បត្តិត្រូវទៅកាប់ និងលើកដី យកមកចាក់បំពេញកន្លែងផ្សេង។ ប្រសិនបើមិនរួចរាល់ទេ សម្បត្តិត្រូវបន្តកាប់ និងលើកដីនៅថ្ងៃស្អែកបន្តទៀត។ ការហូបចុកនៅក្នុងសម័យខ្មែរក្រហម គឺមិនគ្រប់គ្រាន់នោះទេ។ សម្បត្តិ នៅចងចាំថា ការហូបចុកគ្រប់គ្រាន់ កើតមានឡើងនៅក្នុងពេលរដូវច្រូតកាត់ ដែលអង្គការឲ្យប្រជាជហូបពេញមានត់ ត្រឹមតែ២-៣ថ្ងៃតែប៉ុណ្ណោះ។ នៅថ្ងៃមួយ សម្បត្តិចងចាំបានថា នៅពេលដើរតាមផ្លូវ សម្បត្តិ បានលួចដកដំឡូវហូប ហើយត្រូវបានតាមទាន់។ នៅពេលនោះមេភូមិមិនបានធ្វើបាបអ្វីទៅលើសម្បត្តិនោះទេ ពីព្រោះគាត់នៅក្មេងនៅឡើយ ហើយម្យ៉ាងវិញទៀត ការលួចបេះហូបនេះ គឺកំហុសលើកទីមួយដែលបានប្រព្រឹត្តខុស។ បើទោះបីជាយ៉ាងនេះក្ដី សម្បត្តិ ត្រូវបានយកទៅប្រជុំ រួមជាមួយកុមារៗផ្សេងទៀត ដើម្បីប្រាប់ជាសារព្រមានកុំយកគំរូតាម។

នៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនរតីចូលមកគ្រប់គ្រងភូមិនៅឆ្នាំ១៩៧៧ បងស្រី​ និងបងប្រុស សរុបទាំងអស់៣នាក់ ត្រូវបានយកទៅសម្លាប់ចោលទាំងអស់។ បងស្រីរបស់សម្បត្តិ ធ្វើការងារនៅកងឈ្លបនារី និងបងប្រុសម្នាក់ធ្វើជាមេកង ចំណែកឯម្នាក់ទៀតគឺជាគ្រូពេទ្យ។ មុនការចាប់យកទៅសម្លាប់ កម្មាភិបាលខ្មែរក្រហមកពីភូមិភាគនិរតីប្រាប់សម្បត្តិ និងឪពុកម្ដាយថា ឡើងទៅរៀនសូត្រចំនួន៣ថ្ងៃ។ រហូតមកដល់ពេលនេះ សម្បត្តិនៅតែមិនទាន់ឃើញបងប្រុសបងស្រីរបស់ខ្លួនត្រឡប់មកវិញនោះឡើយ។ សម្បត្តិ បានត្រឹមតែសន្មត់ថា បងៗរបស់ខ្លួនត្រូវបានសម្លាប់បាត់ទៅហើយ។ ឪពុករបស់សម្បត្តិមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់កូនៗ តែមិនអាចបញ្ចេញការឈឺចាប់បាន។ អ្វីដែលសម្បត្តិនៅតែចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺការបាត់បង់បងប្រុសបងស្រី និងខ្លាចពាក្យថា «យកទៅរៀនសូត្រ»។ សម្បត្តិ ចង់ឲ្យក្មេងៗជំនាន់ក្រោយចងចំពីទុក្ខលំបាកនិងការឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម និងមិនចង់ឲ្យរបបនេះកើតឡើងមានម្តងទៀតនោះទេ។

សរសេរដោយ សាំង ចាន់ធូ


ឯកសារយោង

[1] ឌឿន សម្បត្តិ, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ សាំង ចាន់ធូ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] Documentation Center of Cambodia, “Mapping: List of Mass Graves. https://d.dccam.org/Projects/Maps/Mapping.htm (accessed on December 12, 2024)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin