ឌឿ ង៉ក់ ធ្លាប់ឮចម្រៀងបទ “យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន”

ឌឿ ង៉ក់ រស់នៅភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នៅពេលអង្គការជម្លៀស ង៉ក់ ឲ្យទៅភ្នំកងវ៉ា ដើម្បីបេះដង្កូវកប្បាស។ ង៉ក់ បានឮចម្រៀងបទ “យើងខ្ញុំ កុមារស្រឡាញ់អង្គការ ឥតមានព្រំដែន”។ ខាងក្រោមនេះជាសាច់រឿង ឌឿ ង៉ក់ ៖

ឌឿ ង៉ក់[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់។ ឪពុកម្ដាយខ្ញុំ ស្លាប់នៅជំនាន់ប៉ុល ពត។

កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ។ ខ្ញុំនៅជាមួយឪពុកម្ដាយបាន៣ឆ្នាំ។ ឪពុកម្ដាយ ខ្ញុំបានឲ្យទៅនៅជាមួយបងប្អូនជីដូនមួយនៅភូមិស្រម៉ោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។ ខ្ញុំជួយធ្វើការងារ ដើម្បីដូរយកបាយហូប។

ពេលខ្មែរក្រហមចូលនៅក្នុងភូមិតាម៉ែន ចាប់ផ្ដើមរៀបចំប្រមូលទ្រព្យសម្បិត្តឯកជនមាន លុយកាក់, មាសប្រាក់, កែវកង, និងដីធ្លី ដាក់ចូលសហករណ៍។ ខ្ញុំធ្លាប់ឃើញមានក្រុមដើរប្រមូលមាសតាមផ្ទះប្រជា​ជន។ ពេលនោះខ្មែរក្រហម ឃោសនាជម្រុញទឹកចិត្តឲ្យប្រជាជនចុះឈ្មោះធ្វើការងារ។ ប្រជា​ជន​ទាំងអស់នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហមសុទ្ធតែ​មានការងារធ្វើរៀងៗខ្លួន។

កុមារតូចៗត្រូវទៅរៀននៅក្រោមដើមឈើ។ គ្រូបង្រៀនមិនសូវមានចំណេះដឹង។ ក្នុងមួយថ្ងៃកុមារ អាចរៀនបានមួយម៉ោង។ ពេលចេញពីរៀនសូត្រ កុមារត្រូវទៅរើសអាចម៌គោក្របី និងកាប់ដើមទន្រ្ទានខេត្ត។ ខ្ញុំផ្ទាល់អង្គការបានកត់ឈ្មោះឲ្យទៅឲ្យចូលក្នុងកងកុមារ។

ខ្ញុំនៅកងកុមារឃើញមានប្រជាជនថ្មីដែលអង្គការជម្លៀសមកពីភ្នំពេញស្លាប់ច្រើន ដោយសារអត់បាយ និងឈឺស្លាប់ដោយសារជំងឺផ្សេង។ មនុស្សចាស់ឈឺល្មមៗមិនហ៊ានសម្រាកទេ ខ្លាចអង្គការថាឈឺសតិអារម្មណ៍ ឈឺធ្វើពុត ទើបខំត្រដរប្រឹងទៅធ្វើការងារទាំងឈឺ។

ដំបូងអង្គការជម្លៀសខ្ញុំទៅលើកទំនប់នៅភ្នំកំបោរ ដែលស្ថិតនៅក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំនៅជាមួយប្រធានកុមារឈ្មោះឃឿន។ ខ្ញុំនៅក្នុងកងកុមារដោយក្នុងមួយ កងមាន១០នាក់ និងមួយកងវរមាន៣០០នាក់។ អង្គការឲ្យខ្ញុំធ្វើការលើកទំនប់ដោយកំណត់ឲ្យម្នាក់លើក ទំនប់ពីរម៉ែត្រគីបលើកទាំងយប់ថ្ងៃ។ ខ្ញុំចេះតែខិតខំធ្វើទៅមិនដែលហ៊ានប្រកែកទេ។ ខ្ញុំត្រូវធ្វើការងារចាប់តាំង ពីម៉ោង៦:០០ព្រឹករហូតដល់ម៉ោង១២:០០ព្រឹក ទើបបានសម្រាកហូបបាយ ហើយពេលហូបបាយរួចសម្រាក បន្តិចក៏ចុះធ្វើការទៀតដល់ម៉ោង៦:០០រសៀល។

ផុតពីលើកទំនប់អង្គការបញ្ជូនទៅបេះដង្កូវកប្បាសនៅភ្នំកងវ៉ា ដែលស្ថិតនៅក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អង្គការជម្លៀសកងកុមារដោយដើរថ្មើរជើង។ នៅចម្ការកប្បាសខ្ញុំត្រូវបេះដង្កូវកប្បាស ធ្វើការងារបែបស្រាលៗមានប្រធានកងឈ្មោះឃឿន។ ប្រធានកងត្រូវឈរមើលសមាជិកក្រុមធ្វើការងារ។

នៅក្នុងកងកុមារមួយខែអង្គការបើកឲ្យរៀនច្រៀងបដិវត្តន៍ពីរដង។ កុមារសិល្បៈកាលនោះស្លៀកពាក់ខ្មៅបង់ករកន្សែង។ ចម្រៀងវិញសុទ្ធតែន័យខំប្រឹងធ្វើការសម្រុក លើកទំនប់ ជីកប្រឡាយ និងស្រឡាញ់អង្គការ។ ខ្ញុំធ្លាប់ឮចម្រៀងបទ“យើងខ្ញុំកុមារស្រលាញ់អង្គការឥតមានព្រំដែន” និងបទ”អក្ខរាកូនៗ” នៅភ្នំកងវ៉ា។

អង្គការចាត់តាំងឲ្យខ្ញុំមកលើកទំនប់អាងត្រពាំងថ្មដែលស្ថិតនៅឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បើតាមខ្ញុំដឹងគោលបំណងនៃការកសាងអាងត្រពាំងថ្ម ដើម្បី​បានប្រព័ន្ធទឹក​មក​ស្រោច​ដំណាំ​ប្រចាំថ្ងៃ និងសម្រាប់ទុកធ្វើស្រែប្រាំង។ ខ្ញុំមកដល់អាងត្រពាំងថ្មដំបូងអង្គការឲ្យសម្រាកមួយថ្ងៃ។ លុះព្រឹកឡើងទើបប្រធានក្រុមចាត់ចាំងការងារ។ ខ្ញុំត្រូវលើកដីតាមការកំណត់របស់អង្គការ។ បើសិនជាលើក មិនហើយតាមការកំណត់ទេមិនអាចឈប់សម្រាកបានឡើយ។  ខ្ញុំខិតខំកសាងទំនប់ព្រោះខ្លាចស្លាប់។ ខ្ញុំហូបចុក ក្នុងមួយថ្ងៃពីរពេល។

ខ្ញុំមិនដែលហ៊ានដើរលួចទេ ខ្លាចអង្គការចាប់បាន។ បើមានសមមិត្តណាហ៊ានលួច អង្គការចាប់យកទៅវាយចោល។ ឈ្លបសេនា ជនមានកាន់កាំភ្លើង។ យុវជន និងយុវនារីនៅក្នុងសម័យខ្មែរក្រហមត្រូវបានហាមឃាត់មិនឲ្យនិយាយ ស្ដីឬមាន ទំនាក់ទំនងអី្វឡើយ។ សូម្បីនៅក្នុងសមាជិកគ្រួសារជាបងប្អូនបង្កើតក៏ដោយ បើសិនជាមានឈ្លបឃើញថា លួចនិយាយគ្នាឈ្លបនោះថាខុសសីលធម៌។ ឈ្លបចាត់យកទៅកសាងជាមិនខាន។ ខ្ញុំនៅអាងត្រពាំងថ្មដល់ រំដោះ។

ខ្ញុំបានត្រឡប់មករស់នៅក្នុងភូមិភូមិតាប៉ែនប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតមកដល់ សព្វថ្ងៃនេះ៕

អត្ថបទដោយ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា BMI0176 បទសម្ភាសន៍ជាមួយឌឿ ង៉ក់ ភេទស្រី អាយុ៤៩ឆ្នាំ ភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin