ឌឿន កែន៖ ប្រធានកងទ័ពនារី

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឌឿន កែន[1] ភេទស្រី​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​​នៅ​ក្នុង​ភូមិច្រាប ​ឃុំស្នួល ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។​ កែន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ ឃុំ​លំទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ កែន បាន​និយាយ​រៀប​រាប់​ពី​ដំណើរ​ជី​វិត​នៃ​ការ​​តស៊ូ​របស់​ខ្លួន​នៅ​ជំនាន់​ខ្មែរ​ក្រហម​ដូច​តទៅ​ ​«កាល​ពី​កុមារ​ភាព​ខ្ញុំ​កើត​នៅ​ក្នុង​គ្រួសារ​កសិករ​ ឪពុក​ម្ដាយ​ខ្ញុំ​ពុំ​មាន​ឋានៈស័ក្តិយស​​អ្វី​ឡើយ​។​ ក្នុង​វ័យ​​​១៣ឆ្នាំ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នារី​។ បន្ទាប់ពី​ចូល​ជា​កង​ទ័ព​ ខ្ញុំ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ពី​យុទ្ធ​សាស្ត្រ​ធ្វើ​សង្គ្រាម​ជា​មួយ​កង​ទ័ព​ដ​ទៃ​ទៀត​។​ កាល​ណោះ​ ខ្ញុំ​ប្រើ​ពេល​ហាត់​រៀន​អស់​រយៈ​ពេល​៦​ខែ​ទើប ​ខ្ញុំ​បាន​ចេញ​ទៅវាយ​នៅ​​សម​រភូមិ​ជា​មួយ​ទ័ព​នារី​ជា​ច្រើន​នាក់​។ កំឡុង​ពេល​នោះ​ ខ្ញុំ​មាន​នាទី​ជា​ប្រធាន​កង​នារី​ក្ដោប​ក្ដាប់​កម្លាំង​ទ័ព​នារី​ចំនួន​៥០​នាក់​។​​

នៅ​ដើម​ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​​វាយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ជា​មួយ​កង​ទ័ព​នារី​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ រួម​ទាំង​កង​ទ័ព​បុរស​ដទៃ​ទៀត​​។ កាល​ណោះ​ខ្ញុំ​ទៅវាយ​នៅ​ខ្សែ​ត្រៀម​មុខ​។ ការ​វាយ​គ្នា​នៅ​សមរភូមិ​គឺ​ប្រៀប​បាន​ដូច​ជាការ​បាច់​ទឹក​លើ​គ្នា​អ៊ីចឹង​ គ្រាប់​កាំ​ភ្លើង​ហោះ​កាត់​មុខ​រាប់​រយ​គ្រាប់​ ប៉ុន្ដែ​ខ្ញុំ​គ្មាន​ភាព​ភ័យ​ខ្លាច​សូម្បី​តែ​បន្តិច​។​ ជំនាន់​នោះ​ទោះ​បី​ជា​ថ្នាក់​លើ​បញ្ជា​ឲ្យ​ខ្ញុំ​នៅ​ខ្សែ​ត្រៀម​ខាង​ក្រោយ​ក៏​ខ្ញុំ​មិន​ព្រម​ដែរ​ ពី​ព្រោះ​អ្នក​នៅ​ខ្សែ​ត្រៀម​ខាង​ក្រោយ​មាន​ការ​លំបាក​ជាង​អ្នក​នៅ​សមរភូមិ​មុខ​។​ ជាក់​ស្ដែង​អ្នក​នៅ​សមរភូមិ​ក្រោយ​ត្រូវ​មាន​សកម្ម​ភាព​ច្រើន​ជាង​អ្នក​មុខ​តាំង​ពី​យក​បាយ​ទៅ​ឲ្យ​កង​ទ័ព​, សែង​អ្នក​របួស​ចុះ​ឡើង ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ត្រូវ​ចល័ត​គ្រប់​ទី​កន្លែង​។​ ចំពោះ​​អ្នក​នៅ​ខ្សែ​ត្រៀម​មុខ មាន​តួនា​ទី​វាយ​ជា​មួយ​សត្រូវ​យក​ឈ្នះ​ចាញ់​តែ​មួយ​មុខគត់​​ ដោយ​មិន​គិត​​ពី​ការ​ស្លាប់​រស់​ឡើយ​​។​ ខណៈ​ពេល​នោះ​ ខ្ញុំ​មិន​បាន​គិត​ពី​ជីវិត​ខ្លួន​ឯង​ទាល់​តែ​សោះ​​ ការ​រំពឹង​ពេល​នោះ​គឺ​ខ្ញុំ​មាន​ចិត្ត​អំណត់​តស៊ូ​វាយ​រំដោះ​​ទី​ក្រុង​ភ្នំ​ពេញ​ឲ្យ​បានជោគ​ជ័យ​​។ រំលង​អស់​រយៈ​ពេល​៣ខែ​ កង​ទ័ព​ខ្មែរ​ក្រហមនៅ​​គ្រប់​ទិស​ទី​ក៏​បាន​វាយ​សម្រុក​ចូល​ទៅ​មុខ​រួច​វាយ​រំដោះ​ទី​ក្រុង​ភ្នំ​ពេញ​បាន​ជោគ​ជ័យ​ក្នុង​​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​១៩៧៥​។ បន្ទាប់​ពី​ ខ្មែរ​ក្រហម​ទទួល​បាន​ជ័យជម្នះ​​ ខ្ញុំ​ រួម​ទាំង​កង​ទ័ព​នារី​ដទៃ​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ក្រ​ចេះ​​។ កង​ទ័ព​ខ្ញុំ​ មិន​បាន​ទៅ​ចូល​រួម​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នោះ​ទេ​។​​ នៅ​ពេល​ទទួល​បាន​ជ័យជន្នះ​លើ​ទ័ព​ លន់​ នល់​ មិន​មាន​កម្ម​វិធី​ផ្ដល់​​វង្វាន់ដល់​កង​ទ័ព​ដែល​ខិត​ខំ​លះ​បង់​ជីវិត​ និង​តស៊ូ​វាយ​ដណ្ដើមយក​​ជ័យ​ជម្នះ​​​អ្វី​នោះ​ទេ។​ ថ្នាក់​លើ​គ្រាន់​តែ​រៀប​ចំ​ធ្វើមីទិញអប​អរ​សាទរ​ដល់​ការ​ទទួល​បាន​ជ័យ​ជម្នះ​តែ​ប៉ុណ្ណោះ​។ ​ខ្ញុំ បន្ត​ឈរ​ជើង​នៅ​ខេត្ត​ក្រចេះ​រហូតដល់​ឆ្នាំ​១៩៧៧ វៀត​ណាម​ចូល​មក ​ខ្ញុំ រួម​ទាំង​កង​ទ័ព​ទាំង​អស់​ដែល​​ឈរ​ជើង​នៅខេត្ត​​ក្រចេះ​ ត្រូវ​បាន​កង​ទ័ព​​វៀត​ណាម​ វាយដេញរត់​​មក​ខាង​លើ​។ កាល​ជំនាន់​វាយ​ជា​មួយ​កង​ទ័ព​វៀត​ណាម​​ កង​ទ័ព​ខ្មែរ​ក្រហម​វាយ​រុញ​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ដង​ដែរ​ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​កង​ទ័ព​វៀត​ណាម​មាន​កម្លាំងកាន់​តែ​​ច្រើនឡើង​ក្នុង​ឆ្នាំ​១៩៧៩​ ​ទើប​​កង​ទ័ព​ខ្មែរ​ក្រហម​ទប់​ទល់​លែង​ឈ្នះ​រហូត​នាំ​គ្នា​រត់ភៀស​ខ្លួន​​ចូល​ទៅ​ក្នុង​ព្រៃ​។

កំឡុង​ពេល​ ​ខ្ញុំ​រស់​នៅ​ក្នុង​ព្រៃ​​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ដោយ​សារ​តែ​ការ​ខ្វះខាត​​ស្បៀង​អាហារ​ហូប​ចុក​ សូម្បី​តែ​ទឹក​ក៏​គ្មាន​ផឹក​ដែរ​កាល​ជំនាន់​នោះ​។ ខ្ញុំ​ រួម​ទាំង​ប្រជាជន​រស់​នៅ​បន្ត​ជី​វិត​បាន​ ​គឺ​ដោយសារ​​ការ​​ជីក​ដំឡូង​ មើម​​ក្ដួច​ហូប​ជំនួស​បាយ​។ កំឡុង​ពេល​នោះ​​ មាន​ប្រជាជន​​ខ្លះ​​ពុលមើម​​ក្ដួច​ស្លាប់​ ឯ​ខ្លះ​ទៀត​ឈឺ​គ្រុន​ធ្វើ​ឲ្យ​ស្គម​ស្គាំងនៅ​សល់​តែ​ស្បែក​ហើយ​នឹង​ឆ្អឹង​ពាស​ពេញ​ព្រៃ​។​ ខ្ញុំ​ រួម​ទាំង​ប្រជាជន​​ជា​ច្រើន​នាក់​ទៀត​ដែល​​នៅ​ក្នុង​ព្រៃ​ជា​មួយ​គ្នា​បាន​បន្ត​រស់​នៅ​ដោយ​ខ្វះខាត​​ស្បៀង​អាហារ​រហូត​ដល់​ឆ្នាំ​១៩៨០ ទើប​មាន​ការ​កៀរ​គរ​ប្រជា​ជន​ រួម​ទាំង​កង​ទ័ព​ដែល​នៅ​ក្នុង​ព្រៃ​ ធ្វើ​ដំណើរឆ្ពោះ​​ទៅ​លើ​ភ្នំ​ដង​រែក​។ ដំណឹង​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​សង្ឃឹម​រស់​រាន​មាន​ជីវិត​សារ​ជាថ្មី​។​ មិន​បង្អង់​យូរ​ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដោយ​ប្រើ​ពេល​​១​ខែ​ ទើប​​ទៅ​ដល់​លើ​ភ្នំ​ដង​រែក​។ ពេល​ទៅ​ដល់​​ភ្នំ​ដង​រែក​​ ប្រជា​ជន​ដែល​អត់​ឃ្លាន​យូរ​ឆ្នាំ​បាន​នាំ​គ្នា​ហូប​បាយ និង​មី​ដោយ​បង្ខំ​​ដែល​បង្កឲ្យ​ហល់​ស្លាប់​អស់​ជា​ច្រើន​នាក់​។​​

នៅ​ក្នុង​ឆ្នាំ​១៩៨០ ដដែល​ខ្ញុំ​ក៏​ត្រូវ​បាន​ប្រធាន​អង្គ​ភាព​រៀប​ចំ​ឲ្យ​មាន​គ្រួសារ​។​​ ជំនាន់​ខ្ញុំ​រៀប​ការ​មាន​គ្នា​ចំនួន​៧​គូ​។​ ប្ដី​ខ្ញុំ​​មាន​តួនាទី​ជា​នី​រសា​ររបស់​តា​ម៉ុក​។ បន្ទាប់​ពី​មាន​គ្រួសារ​ ​ខ្ញុំ​ក៏​បាន​បន្ត​ធ្វើ​ការ​ជា​នារី​​ដឹក​ជញ្ជូន​គ្រាប់​ឲ្យ​ទៅ​កង​ទ័ពនៅសមរភូមិ​មុខ​។​ ខ្ញុំ​ នៅ​កងដឹក​ជញ្ជូន​រហូត​ដល់​​មាន​ផ្ទៃ​ពោះ៧ខែ ​​ទើប​ខ្ញុំ​សុំ​ប្រធាន​អង្គ​ភាព​ឈប់​សម្រាក​នៅ​ផ្ទះ​។ ក្រោយ​មក​ទៀត​ ប្ដី​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ឈរ​ជើង​នៅ​ចម្ការ​ម្ទេស​។​ នៅ​កំឡុង​ពេល​ប្ដី​ខ្ញុំ​​ឈរ​ជើងនៅ​ចម្ការ​ម្ទេស​ គឺ​ត្រូវ​បាន​ជាន់​មីន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៨១​។​ ​​បន្ទាប់​ពី​ប្ដី​ស្លាប់​ ខ្ញុំ​ពិត​ជា​មាន​ផល​វិបាក​ជា​ច្រើន​ ដោយ​មាន​កូន​តូច​ គ្មាន​ប្ដី​មើល​ថែ​ដូច​គ្រួសារ​អ្នក​ដទៃ​ ត្រូវ​ធ្វើ​កិច្ច​ការ​ធ្ងន់​ស្រាល​ដោយ​ខ្លួន​ឯង​។​ រំលង​បាន​៥​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ប្ដី​ម្នាក់​ទៀត​ ប្ដី​របស់​ខ្ញុំ​ស្លាប់​បាន​៥ឆ្នាំ​ ខ្ញុំ​ក៏​មាន​ប្ដី​ម្នាក់​ទៀត​ ហើយ​ប្ដី​ក្រោយ​ខ្ញុំ​ក៏​មាន​នាទី​ជា​នីរសារ របស់​តា​ម៉ុក​ដែរ​។

រហូត​ដល់​ឆ្នាំ​១៩៩០ គ្រួសារ​ខ្ញុំ​បាន​ចុះ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​តាម​ការ​ចាត់​ចែង​របស់​តាម៉ុក​។​ ប្រជាជន​ដែល​រស់​នៅ​លើ​ភ្នំ​ដង​រែក​ទាំង​អស់ ​ក៏​ចុះ​មក​រស់​នៅ​ក្នុង​តំបន់​អន្លង់​វែង​ដូច​គ្នា​។​ នៅ​តាម​គ្រួសារ​នីមួយៗ​យើង​បាន​នាំ​គ្នា​បង្ក​បង្កើន​ផល​ដំណាំ​ រួម​ទាំង​ចិញ្ចឹម​មាន់​ ទា ជ្រូក​ រៀងៗ​ខ្លួន​។​ យើង​រស់​នៅ​តំ​បន់​អន្លង់​វែង​ដោយ​ស្ងប់​ស្ងាត់​ជា​មួយ​តាម៉ុក​ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រជាជន​។​ មិន​បាន​យូរ​ប៉ុន្មាន​ ក្នុង​ឆ្នាំ​១៩៩៣​ ពេល​អ៊ុន​តាក់​ចូល​មក​តំបន់​អន្លង់​វែង​ ប្រជាជន​ក៏​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​លើ​ភ្នំ​ដង​រែក ​មួយ​សា​ទៀត​។​ នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​១៩៩៨​ ប្រជាជន​ដែល​រស់​នៅ​តំបន់​អន្លង់​វែង ​តែង​តែ​រស់​ភៀស​ខ្លួន​ចុះ​ឡើង​លើ​ភ្នំ​ដង​រែក​ឥត​ឈប់​ឈរ​ដោយ​សារ​កង​ទ័ព​សាធារណៈ​កម្ពុជា ​តែង​តែ​ចូល​មក​វាយ​កង​ទ័ព​​ខ្មែរ​ក្រហម​​នៅ​តំបន់​អន្លង់​វែង​។​​ រហូត​ដល់​ចុង​ឆ្នាំ​១៩៩៨​ តំបន់​អន្លង់​វែង ​ក៏​បាន​បញ្ចប់​សង្គ្រាម​ចុះ​ចូល​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ប្រជាជន​នៅ​តំបន់​អន្លង់​វែង​ រស់​នៅ​ទទួល​បាន​សិទ្ធិ​រស់​រាន់​មាន​ជីវិត​ អាច​ត្រឡប់​ទៅ​លេងឪពុក​ម្ដាយ​នៅ​ឯ​​ស្រុក​កំណើត​របស់​ខ្លួន​បាន​ដោយ​មាន​សេរី​ភាព​ពេញ​លេញ៕

អត្ថបទដោយ មេក វីន


[1] មេក វិន សម្ភាសន៍ជាមួយ ឌឿន​ កែន​ រស់​នៅ​ភូមិ​ស្រឡៅ​ស្រោង​ ឃុំ​លំទង​ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin