មនុស្សស្លាប់ជារឿងងាយក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ដុំ សាគុណ អាយុ៥៥ឆ្នាំ ជាកសិករ រស់នៅភូមិបិតទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើតគាត់ធ្លាប់រស់នៅ តាំងពីមុនរបបខ្មែរក្រហម។ របបខ្មែរក្រហមក្នុងវ័យ​កុមារភាព សាគុណ និងគ្រួសារត្រូវបានជម្លៀសទៅតំបន់ភ្នំត្រជាក់ចិត្ត ភូមិដំណាក់រ៉ុន ខេត្តបាត់ដំបង។ ទៅដល់ទីនោះ សាគុណ និងគ្រួសារផ្សេងៗទៀតត្រូវ​បានបំបែកឲ្យរស់នៅផ្សេងពីគ្នា សាគុណ រស់នៅក្នុងកងកុមារឆ្ងាយពីឪពុក ម្តាយ។

ជីវិតទៅដល់ខេត្តបាត់ដំបង

សាគុណ ត្រូវបានខ្មែរក្រហមប្រើឲ្យជីក និងរែកដី ដើម្បីធ្វើជាស្រះចញ្ចឹមត្រី។ សាគុណ ធ្វើការពីព្រឹករហូតដល់ម៉ោង១១ ទើបសម្រាកហូបអាហារថ្ងៃត្រង់ និងម៉ោង១រសៀលធ្វើការរហូតដល់ល្ងាច។ ១ខែក្រោយមក សាគុណ ត្រូវប្រើឲ្យទៅ ស្ទូងស្រូវ និងរែកកណ្តាប់ នៅជិតភ្នំត្រជាក់ចិត្ត។ សាគុណ បានរៀបរាប់ថ្លែងថា ទិន្នផលស្រូវដែលប្រមូលបានត្រូវរក្សាទុកនៅឯ​រូងភ្នំ សាគុណ និងកុមារដទៃផ្សេងទៀតជាអ្នកប្រមូលស្រូវទុក។

ទុក្ខលំបាករបស់ សាគុណ គឺត្រូវរស់នៅឆ្ងាយពីឪពុកម្តាយ បងប្អូន និងគ្មានសេរីភាពឡើយ។ បើតាម សាគុណ តែអ្នកណាហ៊ានតវ៉ា ឬគេមិនពេញចិត្តដឹងតែយកទៅសម្លាប់ចោល។ សាគុណ ឲ្យដឹងថា ១យប់​ៗ​ មាន ៣ ទៅ ៤​គ្រួសារ ត្រូវបានដឹកតាមរទេះគោយកទៅសម្លាប់។ សាគុណ រៀបរាប់បន្តទៀតថា ការយកប្រជាជនទៅសម្លាប់ចោលក្នុងរបបខ្មែរក្រហមហាក់ងាយស្រួល ព្រោះគ្មានការតវ៉ាអ្វីទាំងអស់ តែគេចោទថាខ្មាំងហើយដឹងតែស្លាប់មិនខាន។

សាគុណ៖ បានលើកឡើងថា ការនាំមនុស្សទៅសម្លាប់​សម័យខ្មែរក្រហមគ្រាន់តែប្រាប់ថា ផ្លាស់ទៅកន្លែងថ្មី ឬក៏នាំទៅមើលនេះមើលនោះ តែធាតុពិតគឺយកទៅសម្លាប់។ អ្នកទាំងនោះទៅហើយគឺបាត់រហូត។ អ្នកបររទេះគោ​ដឹកមនុស្សទៅតែងតែត្រឡប់មកវិញទទេៗរាល់យប់។ របបអាហារ សាគុណ ទទួលបាន​បាយ និងសម្លរាវៗមួយ​វែកដូចក្មេងៗដទៃទៀតក្នុងកងកុមារជាមួយគ្នាដែរ។

ក្នុងរបបខ្មែរក្រហមបានសម្លាប់បង និងប្អូន​របស់​សាគុណ។

សាគុណ មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ។ សាគុណ ស្នើឲ្យក្មេងៗជំនាន់ក្រោយចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជាម្តង​ទៀត​។ សាគុណ បានគាំទ្រ​ការកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ទោសអស់មួយជីវិត វាជាយុត្ដិធម៌មួយដែលគាត់ពេញចិត្ត៕

សំភាសន៍ដោយ ហម សារឿន នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin