ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)

ក្រុមគ្រួពេទ្យខ្មែរក្រហមចុះសួរសុខទុក្ខអ្នកជំងឺនៅតាមផ្ទះ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  រៀវ មានប្រពន្ធឈ្មោះ ស៊ុយ សុផល អាយុ៦៥ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ ហើយ មានកូនចំនួន៥នាក់​ (ប្រុស១នាក់ ស្រី៤នាក់)។ រៀវ មានបងប្អូនបង្កើតចំនួន៤នាក់(ប្រុស៣នាក់ ស្រី១នាក់)។ រៀវ ជាកូនទី១ នៅក្នុងគ្រួសារហើយប្អូន​របស់រៀវ ​ម្នាក់បានស្លាប់។ (មិនបានបញ្ជាក់)។ រៀវ មានឪពុកឈ្មោះ សុខ ដូស (ស្លាប់ក្នុងឆ្នាំ១៩៦៧ ដោយសារជំងឺ) និងម្ដាយឈ្មោះ ព្រឹម សឿន (ស្លាប់ក្នុងឆ្នាំ១៩៦៧ ដោយសារជំងឺ)។​

កាលពីក្មេង​រៀវ​ រៀនបានត្រឹមថ្នាក់ទី៧ សង្គមចាស់ នៅសាលាបឋមសិក្សាថ្មពួក។ នៅឆ្នាំ១៩៦២ រៀវ​ បានសម្រេចចិត្តឈប់រៀន​ ដើម្បីជួយការងារឪពុកម្ដាយធ្វើស្រែ ចម្ការ, ដើរឃ្វាលគោ, បុកបាយជ្រូក និងជួយការងារផ្ទះ។ នៅឆ្នាំ១៩៦៧ ​ឪពុកម្ដាយ រៀវ បានស្លាប់ដោយសារជំងឺ។ បន្ទាប់ពីឪពុកម្ដាយបានស្លាប់ រៀវ រ៉ាប់រងការងារជាច្រើននៅក្នុងគ្រួសារដូចជា ធ្វើស្រែចម្ការ, ដើរឃ្លាលគោ, មើលថែប្អូនៗ និងធ្វើការងារផ្ទះ។ នៅឆ្នាំ១៩៦៩ រៀវ បានរៀបការជាមួយប្រពន្ធដែលរស់នៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការរួច រៀវ បានទៅរស់នៅជាមួយម្នាយក្មេក និងប្រកបរបរធ្វើស្រែចម្ការ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥​ កងទ័ពខ្មែរក្រហមវាយរំដោះបានទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមជាច្រើនបានធ្វើដំណើរចូលមកដល់ស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ ហើយបានគ្រប់គ្រងស្រុកថ្មពួកទាំងស្រុង។ បន្ទាប់មកខ្មែរក្រហមបានជ្រើសរើស រៀវ និងប្រជាជន១២នាក់ទៀត ឲ្យដើរជាន់ស្មៅដុះនៅក្នុងស្រែឲ្យលិចចូលទៅក្នុងភក់ ដើម្បីកុំឲ្យស្មៅធ្វើខូចស្រូវ​។ រៀវ បាននិយាយបន្តថា ពេលទៅជាន់ស្មៅដំបូងមានការលំបាកជាខ្លាំង ដោយសារតែនៅក្នុងស្មៅសំបូរទៅដោយសត្វខ្ទួយ ហើយពេលខ្ទួយខ្ទិចម្ដងៗសុខចិត្តទ្រាំមិនហ៊ានស្រែក​ ព្រោះខ្លាចកងទ័ពខ្មែរក្រហមចាប់យកទៅសម្លាប់។ បន្ទាប់ពីជាន់ស្មៅរាបអស់ រៀវ និងប្រជាជននៅក្នុងភូមិស្វាយប្រហែល២០គ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិដោយប្រើនយោបាយបោកបញ្ឆោតថា« បើបងប្អូនណាព្រមចាកចេញពីភូមិទៅរស់នៅកន្លែងថ្មីជាមួយអង្គការ អង្គការសន្យាថានិងសាងសង់ផ្ទះថ្មីឲ្យប្រជាជននោះរស់នៅស្រួលវិញ ប្រជាជនដែលមានផ្ទះស្បូវទៅកន្លែងថ្មីអង្គការ និងធ្វើផ្ទះស័ង្កសីឲ្យរស់នៅ ប្រជាជនណាមានផ្ទះស័ង្កសីទៅកន្លែងថ្មី អង្គការនិងធ្វើផ្ទះថ្មឲ្យរស់នៅ »។ ក្នុងគោលបំណងរបស់ខ្មែរក្រហមគឺ ចង់ជម្លៀសប្រជាជនចេញភូមិស្វាយ ដើម្បីស្រួលក្នុងការស្រាវជ្រាវអ្នកដែលជាប់ពាក់ព័ន្ធឬធ្លាប់បម្រើការងារនៅក្នុងរបប លន់ នល់ និងអ្នកដែលធ្លាប់បម្រើការងារនៅក្នុងក្រុមស្វាយត្រាំ។

បន្ទាប់ពីឮការឃោសនារបស់ខ្មែរក្រហម រៀវ និងប្រជាជននៅក្នុងភូមិប្រហែល២០គ្រួសារ បានសម្រេចចិត្តចាកចេញពីភូមិដោយធ្វើដំណើរតាម រទេះគោ រទេះក្របី ដោយឆ្លងកាត់ភ្លៀង កាត់ខ្យល់ រហូតមកដល់សហករណ៍ថ្មពួក ដែលស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។ ពេលចូលទៅដល់សហករណ៍ថ្មពួក ប្រជាជន២០គ្រួសារ ដែលបានជម្លៀសមក​ត្រូវបានខ្មែរក្រហមប្រើឲ្យគាស់ចម្ការ ដើម្បីដាំកប្បាសដែលមានទំហំដី១គីឡូ៤ជ្រុង។ ចំណែក រៀវ ត្រូវបានប្រធានសហករណ៍ថ្មពួក (មិនចាំឈ្មោះ) ចាត់តាំងឲ្យធ្វើការងារខាងគ្រូខ្មែរសង្គមកិច្ច ដែលមានតួនាទីមើលថែអ្នកជំងឺ និងរកថ្នាំបុរាណសម្រាប់ព្យាបាលជំងឺប្រជាជន និងកុមារ។ ថ្នាំដែល រៀវ តែងតែយកមកព្យាបាលប្រជាជន និងកុមារគឺឈ្មោះថា ថ្នាំ តាន​។​ ថ្នាំ តាន​ អាចព្យាបាលជំងឺជាច្រើនមុខដូចជា ជំងឺរាករូស, គ្រុនចាញ់, គ្រុនផ្ដាសាយ  និងចុកពោះ។ បន្ទាប់ពីផ្លែកប្បាសទុំ និងមានក្រុមផ្សេងមកបេះជំនួស រៀវ និងក្រុមគ្រួសាបានអស់ភារកិច្ច ហើយបានបររទេះត្រលប់មកស្រុកកំណើតវិញ។ ​​ ពេលធ្វើដំណើរចូលមកដល់ភូមិកំណើត រៀវ បានឃើញប្រជាជនជាច្រើនដែលរស់នៅក្នុងភូមិត្រូវបាន ប៉ុល ពត ហៅទៅសាកសួរ និងស្រាវជ្រាវអំពីប្រវត្តិរូប ប្រជាជនដែលមិនជាប់និន្នាការត្រូវបាន ប៉ុល ពត ដោះលែងឲ្យត្រលប់មកផ្ទះវិញ។ ចំណែកប្រជាជនដែលស្រាវជ្រាវប្រវត្តិរូបដឹងថាមានជាប់និន្នាការភាគច្រើនត្រូវបាន ប៉ុល ពត ចាប់បញ្ជូនយកទៅដាក់នៅក្នុងជម្រុកថ្មពួក ដើម្បីត្រៀមយកទៅសម្លាប់។ ពេលចូលមកដល់ភូមិកំណើតបានរយៈពេល៣ថ្ងៃ រៀវ និងបងប្អូនជីដូនមួយចំនួន៣នាក់ ត្រូវបាន ប៉ុល ពត ហៅទៅសាកសួរ និងស្រាវជ្រាវប្រវត្តិរូប។ បន្ទាប់ពីស្រាវជ្រាវដឹងថា រៀវ ធ្លាប់បម្រើការងារនៅក្នុងក្រុមស្វាយត្រាំ និងបងប្អូនជីដូនមួយ មួយចំនួន៣នាក់ទៀត ធ្លាប់ជាអតីតមេភូមិចាស់ក្នុងរបប លន់ នល់ និងធ្លាប់បម្រើការងារនៅក្នុងរបប លន់ នល់ ត្រូវបាន ប៉ុល ​ពត ឃាត់ខ្លួនហើយត្រូវបានបញ្ជូនយកទៅដាក់ក្នុងបន្ទាយ តា សិន ចំនួនមួយសប្តាហ៍ ដើម្បីត្រៀមយកទៅសម្លាប់។ លុះដល់ថ្ងៃយកទៅសម្លាប់ រៀវ ត្រូវបានប្រធានសង្កាត់ឈ្មោះ តា ស៊ាំ ស្រាវជ្រាវប្រវត្តិម្ដងៗទៀត ដោយសារតែភាពស្មោះត្រង់មិននិយាយក្រឡេចក្រឡុច និងធ្លាប់បម្រើការងារនៅស្វាយត្រាំបានតិចតួច រៀវ ត្រូវបាន តា​ ស៊ាំ ដោះលែងឲ្យរួចខ្លួនវិញ។

ចំណែកបងប្អូនជីដូនមួយចំនួន៣នាក់ទៀត ត្រូវបាន ប៉ុល ពត បញ្ជាយកទៅសម្លាប់នៅសាលាកិលេស(បច្ចុប្បន្នវិទ្យាល័យថ្មពួក)។ បន្ទាប់ពីដោះលែងឲ្យរួចខ្លួន រៀវ ត្រូវបានប្រធានសង្កាត់មើលឃើញថាជាមនុស្សដែលមានគោលជំហល្អ និងមានភាពស្មោះត្រង់ ទើបប្រធានសង្កាត់ជ្រើសរើសឲ្យធ្វើជាឈ្លបសង្កាត់ថ្មពួក ដែលគ្រប់គ្រងដោយឈ្មោះ អា ទ (ប្រធានឈ្លបសង្កាត់ថ្មពួក) ដើម្បីទៅយកការណ៍ និងស៊ើបអង្កេតមើលខ្មាំងដែលលួចរត់ចូលមកសង្កាត់ថ្មពួក មានប្រុសប៉ុន្មានស្រីប៉ុន្មាន រត់មកពីភូមិណាស្រុកណា ត្រូវរាយការណ៍ជូនប្រធានសង្កាត់ និងត្រូវរាយការណ៍ប្រាប់ទៅប្រធានសហករណ៍ និងប្រធានភូមិ ដើម្បីធ្វើការចុះត្រួតពិនិត្យ ប្រសិនបើឈ្លបដឹងរឿងមិនព្រមរាយការណ៍ ឈ្លបអាចនឹងយកទៅសម្លាប់។ បន្ទាប់ពីធ្វើឈ្លបបាន​រយៈពេល៨ខែ រៀវ ត្រូវបាន តា ស៊ាំ ចាត់តាំងឲ្យធ្វើជាប្រធានក្រុមទី១១ ដឹកនាំសមាជិកក្រុមចុះធ្វើការងារស្រែ។ បន្ទាប់ពីការងារធ្វើស្រែរួចរាល់ រៀវ​ ត្រូវបានតា ស៊ាំ បញ្ជូនបន្តទៀត ដើម្បីឲ្យទៅជួយស្ទូងស្រូវនៅត្រពាំងព្រីង ដែលគ្រប់គ្រងដោយ តា ជៀប (អនុប្រធាន​សហករ​ណ៍​​)​។

នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ១៩៧៨ តា ជៀប ដែលជាអនុប្រធានសហករណ៍ត្រពាំងព្រីងត្រូវបាន​ ប៉ុល ពត​ ចោទថាក្បត់រួចចាប់យកទៅវាយសម្លាប់​ ប៉ុន្តែវាយមិនស្លាប់ហើយបានសម្ងំនៅក្នុងអន្លង់ទាល់តែ ប៉ុល ពត ត្រឡប់ទៅវិញ ទើបបានហ៊ានងើបរត់។ ពេលរត់ចូលមកដល់ក្នុងភូមិ តា ជៀប បានរត់មកប្រាប់ រៀវ និងប្រជាជនផ្សេងទៀតដែលជាប់និន្នាការថា« បើមិត្កចង់រស់ សូមរៀបចំអ៊ីវ៉ាន់រត់ចេញពីសហករណ៍ត្រពាំងព្រីងភ្លាម បើមិនរត់ស្អែកឡើង ប៉ុល ពត និងចាប់យកទៅសម្លាប់ទាំងអស់គ្នា» ។ បន្ទាប់ពីឮ តា ជៀប បាននិយាយ​ប្រាប់បែបនេះ រៀវ និងប្រជាជន១៨នាក់ ដែលមានឈ្មោះជាប់និន្នាការបាននាំគ្នារត់គេចខ្លួនចេញពីសហករណ៍ត្រពាំងព្រីងដោយឆ្លងកាត់វាលស្រែ ឆ្លងកាត់ព្រៃ ចូលទៅក្នុងដីថៃកន្លែងស្រង៉ែ ដើម្បីស្នាក់នៅបណ្ដោះអាសន្ន។ បន្ទាប់មកទាហានថៃបានមកដល់ ហើយបានចាប់ រៀវ​ និងប្រជាជន១៨នាក់ ដោយចងភ្នែកដឹកតាមឡានបញ្ជូនយកទៅដាក់គុកខ្មែរស ដែលមានទីតាំងនៅលើភ្នំឆ័ត្រ ដែលគ្រប់គ្រងដោយឈ្មោះ គីម សំអ៊ុន ហៅលួត ហៅម៉ាំ។​ បន្ទាប់មកទៀត រៀវ និងប្រជាជន១៨នាក់ទៀត ត្រូវបានដោះលែងពីក្នុងគុក ដើម្បីឲ្យដើរយាមនៅលើល្បាតនៅលើភ្នំឆ័ត្រ។ នៅចុងឆ្នាំ១៩៧៨ រៀវ និងប្រជាជន១៨នាក់ ត្រូវបានតា គីម សំអ៊ុន បញ្ជាឲ្យទាហានថៃដឹកបញ្ជូនឲ្យទៅរស់នៅក្រុងតាបផ្ចា​ ខេត្តជុំបូរី។ លុះធ្វើដំណើរទៅដល់ក្រុងតាបផ្ចា រៀវ ត្រូវទាហានថៃណែនាំប្រៀនប្រដៅឲ្យថែរក្សាខ្លួនប្រាណឲ្យបានល្អ គោរពពេលវេលា ​និងសេចក្ដីថ្លៃថ្នូរ។ បន្ទាប់មក រៀវ និងប្រជាជន១៨នាក់ ត្រូវបានទាហានថៃចែកឡាមម្នាក់មួយ រួចបណ្ដើរមកក្រោមដើមចំបក់ ដើម្បីកោសក់ឲ្យត្រង៉ោលកុំឲ្យច្រឡំជាមួយប្រជាពលរដ្ឋថៃ។​​ រៀវ រស់នៅក្រុងតាផ្ចាប ដោយប្រកបរបរដើរលាងចានឲ្យប្រជាជនថៃ ដើម្បីបានលុយទិញអង្ករហូបមកដាំបាយហូប និងរស់នៅក្នុងវត្តតាផ្ចាប។

នៅឆ្នាំ១៩៨១ រៀវ បានចេញពីប្រទេសដីថៃត្រឡប់មកស្រុកកំណើតវិញ។ ពេលចូលមកដល់ស្រុកកំណើត​ រៀវ​ ត្រូវបានជ្រើសរើសឲ្យចូលធ្វើទាហានប៉ារ៉ានៅក្នុងកងពលលេខ២០៤, កងវរសេនាតូច ២០៦ ដែលគ្រប់គ្រងដោយលោក អៀម សុគន្ធ ហៅលួត និង លោកសាច់ ណេ។ ពេលចូលបម្រើការងារនៅក្នុងកងវរសេនាតូចលេខ២០៦ រៀវ ត្រូវបានចាត់តាំងឲ្យកាន់ខាងផ្នែកភស្តុភារ។ មុខព្រួញរបស់កងវរសេនាតូច២០៦ គឺត្រូវចេញប្រតិបត្តិការណ៍ការពារនៅភ្នំព្រះ ដែលស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការពារនៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៩៦ កងពលលេខ២០៤ ត្រូវបានរំលាយចូលរួមជាមួយកងទ័ពរដ្ឋាភិបាលនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីចូលរួមជាមួយរដ្ឋាភិបាល រៀវ ត្រូវបានរដ្ឋាភិបាលបំបែកឲ្យទៅចូលរួមជាមួយកងវរសេនាធំលេខ២៤ ដែលមានតួនាទីជាប្រធានភស្តុភារ។ រៀវ រស់នៅភ្នំស្រុកបានរយៈពេល៤ឆ្នាំ កងវរសេនាធំលេខ២៤ទាំងអស់ ត្រូវបានខាងរដ្ឋាភិបាលផ្លាស់ចេញពីភ្នំស្រុកដោយដឹកបញ្ជូនតាមយន្តហោះទៅចុះនៅតាំងក្រសាំង ដើម្បីជញ្ជូនកាំភ្លើងចេញពីយន្តហោះទៅដាក់នៅកន្លែងហ្នឹកហាត់នៅកងទ័ពថ្មីនៅតាំងក្រសាំង ហើយកងទ័ពទាំងអស់បានសម្រាកនៅតាំងក្រសាំង ចំនួនមួយយប់ ទើបបើកខោអាវរួចបញ្ជូនឲ្យទៅនៅកប់ស្រូវ ​ខាងត្បូងភ្នំប្រសិទ្ធ ដើម្បីឲ្យសាងសង់អាគារ៤ខ្នងធំ ទុកសម្រាប់ឲ្យកងទ័ពស្នាក់នៅ។ នៅឆ្នាំ១៩៩៧ រៀវ បានឈប់ពីកងទ័ពត្រឡប់មកស្រុកកំណើតវិញ ហើយបានជួយប្រពន្ធប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខBMI0107, បទសម្ភាសន៍ជាមួយ ​ដូស រៀវ ភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ​ ឡុង ដានី  , បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin