ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម

ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន, ថុល, ធឿន, សឿន, ញិប និងញ៉ ប៉ុន្តែជាអកុសល បងប្អូនប្រុសទាំងអស់របស់អុល ត្រូវបានខ្មែរក្រហមសម្លាប់ និងបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ នៅវ័យកុមារ អុល មិនបានរៀនសូត្រអ្វីទេ ដោយសារតែកម្រិតជីវភាពខ្វះភាព។

មិនយូរប៉ុន្មានបន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេច​ សីហនុ​ កើតឡើង, សង្រ្គាមក៏បានផ្ទុះឡើង។ ហាន់ជ័យគឺជាតំបន់សមរភូមិក្ដៅ ទាហាន លន់ នល់ បានបើកការវាយប្រហារ ទាំងការបាញ់ផ្លោងគ្រាប់, ការទម្លាក់គ្រាប់បែក និងការបញ្ចូនទ័ពថ្មើរជើងចូលមកវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ ទោះបីជាយ៉ាងណាក៏ដោយ ទាហាន់លន់ នល់ មិនបានឈរជើងនៅហាន់ជ័យនោះឡើយ ដោយគ្រាន់តែវាយបណ្ដេញចេញ និងដកកម្លាំងទៅឈរជើងនៅក្បែរទីរួមខេត្តកំពង់ចាម។ កងទ័ពខ្មែរក្រហមត្រូវបានបន្តចូលមកភូមិនានា នៅឃុំហាន់ជ័យ រហូតដល់អាចគ្រប់គ្រងភូមិទាំងនេះបាននៅក្នុងឆ្នាំ១៩៧២។ កងទ័ពខ្មែរក្រហម បន្តវាយរំដោះ និងគ្រប់គ្រងភូមិសាស្រ្តនានាបន្ថែមទៀត ចាប់ពីភូមិក្រូចសើច រហូតដល់ភូមិផ្សេងៗនៅឃុំរអាង ដែលជាប់ព្រំប្រទល់ជាមួយទីរួមខេត្តកំពង់ចាម។ គិតត្រឹមចុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហម គ្រប់គ្រងខេត្តកំពង់ចាមស្ទើរតែទាំងស្រុង លើកលែងតែទីរួមខេត្តតែប៉ុណ្ណោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ ក្នុងអំឡុងពេលសង្រ្គាមនេះ អុល បានបែកបាក់ពីបងប្អូនប្រុសស្រីរបស់ខ្លួន។ ចន្លោះពីឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤ ញ៉ ត្រូវបានផ្លាស់ទៅធ្វើជានីរសារបស់មិត្ត សុត ដែលគ្រប់គ្រងតំបន់រំដោះនៅខេត្តសៀមរាប ហើយសឿន ក៏ត្រូវបានផ្លាស់ទៅខេត្តសៀមរាបផងដែរ។

នៅឆ្នាំ១៩៧៥ គឺបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានខ្មែរក្រហមឡើងគ្រប់គ្រងអំណាច, អុល បានឃើញ ញ៉ និងសឿន មកលេងផ្ទះនៅភូមិ និងវិលត្រឡប់ទៅវិញ។ អុល ត្រូវបានខ្មែរក្រហមដាក់ឲ្យធ្វើការងារនៅកងភ្ជួររាស់​ ដែលត្រូវក្រោកពីព្រលឹមទល់ព្រលប់ ដើម្បីភ្ជួររាស់ដី និងទទួលបានរបបអាហារមិនគ្រប់គ្រាន់ គឺមានតែបបររាវមួយចានតែប៉ុណ្ណោះ។ នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ស្ថានភាពមានការប្រែប្រួលពីអាក្រក់ទៅអាក្រក់ខ្លាំង បន្ទាប់ពីពេលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ចូលមកគ្រប់គ្រង។ ទាំងប្រជាជនមូលដា្ឋន និងប្រជាជនថ្មី ត្រូវទទួលរងការបង្ខំធ្វើការជាទម្ងន់, ការបង្អត់អាហារ និងការចាប់យកទៅសម្លាប់ចោល។ ទីតាំងសម្លាប់ ដែលខ្ញុំដឹងនៅហាន់ជ័យនេះ មានដូចជា ភ្នំហាន់ជ័យ, វត្តមាន់ហើរ និងវត្តក្រូចសើច។ ញ៉ និង សឿន ក៏បានមកលេងផ្ទះនាគ្រានោះ និងត្រូវបានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់នៅភ្នំហាន់ជ័យ។ ក្នុងគ្រាមិនដឹងថាតើពេលណាត្រូវបានខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់ មានប្រជាជនមួយចំនួនបានរត់គេចខ្លួនចូលទៅក្នុងព្រៃនៅលើភ្នំហាន់ជ័យ។ ការរត់គេចខ្លួនរបស់ប្រជាននាពេលនោះគឺបង្ហាញអំពីការតស៊ូប្រឆាំងនឹងការធ្វើបាប និងការកាប់សម្លាប់ទៅលើប្រជាជនពីកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី។ ក្រុមប្រជាជនដែលបានរត់គេចខ្លួនចូលក្នុងព្រៃនៅពេលនោះ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថា ចោរព្រៃ ឬខ្មែរស។

អុល នៅតែមិនអស់ចិត្តហេតុអ្វីបានជាខ្មែរក្រហមកាប់សម្លាប់ប្រជាជន និងកម្មាភិបាលខ្លួនឯង។ អុល ឃើញផ្ទាល់ភ្នែក និងលើកឡើងថា៖ «អ្នកថ្មីសម្លាប់អ្នកចាស់ តែក្រោយមកត្រូវបានសម្លាប់ផងដែរ។ ដោយនិយាយសាមញ្ញទៅ, សម្លាប់គ្នាចុះឡើង ថ្មីសម្លាប់ចាស់ ហើយស្លាប់ខ្លួន​ឯង!» ជាចុងក្រោយ អុល បានត្រឹមតែការនឹករឭកដល់បងប្អូនប្រុសទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។

សរសេរដោយ សាំង ចាន់ធូ


ឯកសារយោង

[1] ឯកសារបទសម្ភាសន៍ លេខKCI0106 ជាមួយ ដួង អុល នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម,​ សម្ភាសន៍ដោយជួង សុភារិទ្ធ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin