ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០
បន្ទាប់ពីខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អុន ត្រូវបានអង្គការចម្រាញ់ឲ្យទៅធ្វើការងារនៅមន្ទីរកិនស្រូវដែលស្ថិតនៅទួលគោកដើម្បីផ្គត់ផ្គង់ឲ្យកងពល៣១០។ អុនបានរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់បានឆ្លង កាត់ដូចខាងក្រោម៖
ខ្ញុំបាទឈ្មោះ ឌុច អន ហៅ អុន [1]ភេទប្រុស អាយុ៤៧(គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត នៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ អិល ធឹង សព្វថ្ងៃអាយុ៤៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)។ ខ្ញុំមានកូនចំនួន៨នាក់ ក្នុងនោះមានកូនស្រី៤នាក់ និងកូនប្រុស៤នាក់។ ឪពុកខ្ញុំ ឈ្មោះឌុច ថន ស្លាប់ដោយសារជំងឺ(ឆ្នាំ២០០២)។ ម្ដាយខ្ញុំឈ្មោះ អ៊ុំ ទូច ស្លាប់ ដោយសារជំងឺ បន្ទាប់ពីឪពុក ខ្ញុំស្លាប់បាន២ខែ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ដោយបងទី១ឈ្មោះ អ៊ុំ ចែម ភេទប្រុស (ស្លាប់ក្នុងសម័យខ្មែរក្រហម) , បងទី២ឈ្មោះ អ៊ុំ ផន ភេទស្រី សព្វថ្ងៃរស់នៅឃុំកងតាណឹង , បងទី៣ឈ្មោះ អ៊ុំ ជឿន ភេទប្រុស(ស្លាប់ជំនាន់បាតុកម្មឆ្នាំ១៩៧០) , បងទី៤ឈ្មោះ អ៊ុំ ផាត ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងឃុំរកាអារ , ទី៥ជាខ្ញុំ(ឌុច អន) និងទី៦ ឈ្មោះ ឌុច ហាច ភេទប្រុស (សម័យខ្មែរក្រហមហាចទៅធ្វើទាហាននៅជំរំក្នុងខេត្តរតនគិរី ហើយមិនដែលឃើញត្រឡប់មកផ្ទះវិញ រហូតដល់សព្វថ្ងៃ)។ សព្វថ្ងៃខ្ញុំនៅ សល់បងប្អូន៣នាក់។
កាលពីក្មេងខ្ញុំរៀននៅវត្តរកាអារបាន១ឆ្នាំ រួចបន្តទៅរៀននៅសាលារកាអារបាន១ឆ្នាំត្រឹមថ្នាក់ ទី១២។ ដល់អាយុ១៥ឆ្នាំ ខ្ញុំឈប់រៀន ដោយសារតែរវល់ឃ្វាលគោ និង ក្របី។ ខ្ញុំនៅជួយឃ្វាលគោ ក្របីនិង ធ្វើស្រែប្រាំង ដើម្បីជួយសម្រាលការងារឪពុកម្ដាយ។ ប្រជាជនក្នុងភូមិរកាអារ រស់នៅប្រកបមុខរបរ រកស៊ីធម្មតា។
ពេលទម្លាក់គ្រាប់បែកនៅក្នុងភូមិ ត្រូវឆេះផ្ទះរបស់ប្រជាជននិង បណ្ដាលឲ្យស្លាប់ យាយហៀងនិងប្ដីប្រពន្ធ,ផុនទាំងប្ដីប្រពន្ធ។ អំឡុងពេលទម្លាក់គ្រាប់បែកប្រជាជនរស់នៅក្នុងភូមិ ហើយ មានប្រជាជន ខ្លះធ្វើស្រែ ខ្លះទៀតធ្វើចម្ការ និងមួយចំនួនទៀតចេះតែរត់ទៅ។
ខ្ញុំនៅផ្ទះបាន៣ឆ្នាំ សមមិត្តនឿន(ជាប្រធានសន្តិសុខ) នាំចូលបដិវត្តន៍នោះនៅ ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧២។[2] ខ្ញុំបានចូលជាស មាជិកក្នុង កងពល៣១០ វរសេនាតូច៣១៤ អនុសេនាធំទី២។ កាលនោះមានយុទ្ធជន២នាក់ ទៅជាមួយខ្ញុំ មានអន្ទិតពើក និងភឿក។ ខ្ញុំស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ដំបូង នៅអន្លង់អក ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ពេលខ្ញុំចូលធ្វើកងទ័ពបដិវត្តខ្មែរក្រហម ឪពុកម្ដាយខ្ញុំ មិនចង់ឲ្យចូលទេ ប៉ុន្តែដោយសារចិត្តស្រលាញ់ ខ្ញុំក៏រត់ចេញពីឪពុកម្ដាយទៅស្ម័គ្រចិត្តចូលធ្វើទាហាន។ ពេលដែលខ្ញុំលួចរត់ទៅឪពុកម្ដាយ ខ្ញុំមិនដឹងទេ។ កាលនោះមានប្រធានភូមិឈ្មោះ ឃុន។
ពេលចូលធ្វើបដិវត្តន៍ដំបូងអង្គការឲ្យរៀនសូត្រពីនយោបាយ ហើយជូនកាលអង្គការឲ្យធ្វើការងារ ដាំបន្លែ។ កាលចូលដំបូងនៅកន្លែងខ្ញុំមានប្រហែលជា៣០នាក់ មកពីអន្លង់អកខ្លះ កោះត្រងោលខ្លះ អង្គរបានខ្លះ ឡូកឡំគ្នាពីរកាអារខ្លះ។ នៅកន្លែងអន្លង់អកមានប្រធានសន្តិសុខ ឈ្មោះ ម៉េង។ ខ្ញុំនៅអន្លង់អកបាន៣ខែ អង្គការចម្រាញ់(ស្ម័គ្រចិត្តចង់ទៅ) រើសយកខ្ញុំបញ្ជូនមកធ្វើ ទាហាននៅ ព្រែកប៉ុយ ស្ថិតក្នុងខេត្តកណ្ដាល។ ខ្ញុំទៅធ្វើកងទ័ពបានរៀនហ្វឹកហាត់ក្បួនកងទ័ព នៅព្រែកប៉ុយ។ នៅព្រែកប៉ុយមានកងទ័ព ក្នុងអង្គភាពប្រហែលជា៤០០នាក់។ នៅព្រែកប៉ុយ ឧស្សាហ៍វាយគ្នាជាមួយ ទាហានលន់ នល់ នៅម្តុំរកាកោង រួចបានបកពីរការកោងទៅវាយនៅព្រៃទទឹង ហួសទៅកំពង់ចាម បកពីកំពង់ចាមទៅវាយនៅជ្រោយសំបួរ បន្តទៅកោះត្រឡាច ខ្លារហ៊ឹម រួចបកមកវាយនៅព្រែកព្នៅ ភ្នំពេញ។ ពេលវាយខ្លាំងមេបញ្ជាការឈ្មោះ អឿន។ បន្ទាប់ពីប្រធានវរសេនាតូច ឈ្មោះវឿង (ជនជាតិខ្មែរ)។ អំឡុងពេលវាយគ្នា ខ្ញុំឃើញទាហានខ្មែរក្រហមត្រូវគ្រាប់ ស្លាប់ច្រើនណាស់។ កាលនោះ ខ្ញុំនៅឈរជើងក្នុងកងថ្មើរជើងបាន១ឆ្នាំ។ បន្ទាប់ពីព្រែកប៉ុយទៅ ខ្ញុំទៅព្រៃទទឹង ដែលស្ថិតក្នុង ស្រុកព្រៃឈរ។ ខ្ញុំនៅក្នុងវរសេនាតូច នៅព្រៃទទឹងមានប្រហែលជា៥០០នាក់។ ខ្ញុំនៅព្រៃទទឹងបាន២ឆ្នាំ វាយនៅសមរភូមិអន្លង់ជ្រៃ ព្រៃឈរ និងបន្ទាយថ្មី។
ដល់ឆ្នាំ១៩៧៤ ខ្ញុំទៅនៅខាងកោះត្រឡាច ជ្រោយសំបួរ ខ្លារហ៊ឹម ដែលស្ថិតនៅខាងជើង ព្រែកក្ដាម ប្រហែលជា២គីឡូដី។ នៅខាងកោះត្រឡាច ខ្ញុំនៅធ្វើទាហានដដែល។ នៅជ្រោយសំបួរ ខ្លារហ៊ឹម ខ្ញុំនៅមុខព្រួញត្រៀមស្កាត់ទាហាន លន់ នល់ ដែលធ្វើដំណើរទៅកំពង់ឆ្នាំង និងទៅបាត់ដំបង។ ខ្ញុំនៅមុខព្រួញត្រៀមបានរយៈពេល១ឆ្នាំ។ បន្ទាប់មកទៀតក៏មានការវាយគ្នារវាងខ្មែរក្រហម ជាមួយ ទាហានលន់ នល់ វាយឆ្លងព្រែកតាទែន ពាមសុថា មកព្រែកព្នៅ បន្តមកភ្នំពេញ វាយបណ្ដាក់ គ្នារហូតដល់ឆ្នាំ១៩៧៥។ តាំងពីខ្ញុំចូលធ្វើទាហានរហូតដល់ឆ្នាំ១៩៧៥ ខ្ញុំមិនដែលបានមក លេងផ្ទះទេ។ ពេលវាយជាមួយទាហានលន់ នល់មេបញ្ជាការខ្ញុំឈ្មោះ អឿន។ ពេលដែលខ្មែរក្រហមវាយដាច់ទីក្រុង ភ្នំពេញ ហើយបានជម្លៀសប្រជាជនចេញតែម្ដង។ ខ្ញុំចូលទៅដល់ទីក្រុងភ្នំពេញ រួចបានឃើញទិដ្ឋភាព អង្គការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ខ្ញុំឃើញ ទឹកមុខប្រជាជនស្រងូតស្រងាត់ និងបង្កប់នូវភាពសោកសៅ។ ខ្ញុំឃើញអង្គការជម្លៀស មកតាមច្រកព្រែក ព្នៅខ្លះ និងទៅតាមទីជនបទ ដើម្បីស្រែខ្លះ។ ប៉ុន្តែអង្គភាពខ្ញុំមិនបានជួយជម្លៀសប្រជាជនទេ។
ពេលជម្លៀសប្រជាជនចេញអស់ អង្គការបានដកខ្ញុំឲ្យទៅនៅមន្ទីរខាងកិនស្រូវ ដើម្បីផ្គត់ផ្គង់កង ពល៣១០(កងពលមជ្ឈិម)។ នៅកន្លែងកិនស្រូវ ខ្ញុំត្រូវធ្វើការតាំងពីម៉ោង៧ទល់ម៉ោង១១ ពេលបាយ ហើយសម្រាក ដល់ពេលរសៀលបានកិនទៀត។ ការហូបចុកគឺហូបបាយវាល់វែក។ ពេលនៅកន្លែងកិនស្រូវមានប្រធានមន្ទីរជាអ្នកក្ដោបក្ដាប់។ ខ្ញុំនៅកន្លែងកិនស្រូវបានប្រហែលជា១ឆ្នាំ។
កាលនៅកិនស្រូវខ្ញុំធ្លាប់បានទៅរៀននៅសាលាហ្វឹកហ្វឺន ហើយខ្ញុំចេះតែទៅតាមអង្គការដើម្បីរស់។ សាលាហ្វឹកហ្វឺននៅខាងជើងវត្តភ្នំ បើពីដើមហៅថាសាលាជើងទឹក។ ចំពោះអ្នកដែលអង្គការ ហៅទៅ សាលាហ្វឹកហ្វឺន មិនដឹងថាខ្លួនមានសមាសភាពយ៉ាងម៉េចនោះទេ អង្គការហៅទៅរៀនសូត្រ និងពន្យល់ នយោបាយ។ អង្គការហៅទៅរៀនសាលាហ្វឹកហ្វឺនទាំងអស់ក្នុងកងពល៣១០(កងពលមជ្ឈិម)។ រយៈ ពេលរៀនមួយអាទិត្យ ស្ដីអំពីរឿងនយោបាយ និងត្រូវស្មោះត្រង់ជាមួយបក្ស ហើយអង្គការលើកឡើងរឿង អឿនឬ ធុច ខួន អាម៉ុន ថាបានចូលដៃជើងជាខ្សែអាមេរិ កាំង។ កាលនៅសាលាហ្វឹក ហ្វឺននោះ មានពួកនិរតីជាអ្នកបង្រៀន និងមានតួនាទីជាប្រធានវរ។ បន្ទាប់ពីរៀនបាន មួយអាទិត្យអង្គការបញ្ជូនមក ទួលគោក កន្លែងកិនស្រូវវិញ។
នៅកន្លែងកិនស្រូវពេលដែលយុទ្ធជនកងទ័ពធ្វើខុសវិន័យរបស់អង្គការ ដូចជា ខុសសីលធម៌ ខុសសីលធម៌ លួចហូបចុកអង្គការចាប់យកទៅដាក់ទាហាន១៦-១៧ ដែលជាទាហានលត់ដំឬ ទាហាន ជាប់និន្នាការ អង្គការចម្រាញ់ដាក់ដោយឡែកពីគ្នា ហើយទាហានលត់ដំ ត្រូវហូបចុកវាល់វែក។
រហូតដល់ឆ្នាំ១៩៧៧ អង្គការចម្រាញ់ខ្ញុំទៅទល់ដែនយួន ដើម្បីទៅវាយជាមួយយួន។ អំឡុងនោះ អឿនហៅ ម៉ុន ជាប្រធានកងពលតូច កងពលធំលេខ៣១០ និង៣០៧ ត្រូវបានអង្គការយកទៅរៀន ទៅបាត់រហូតខ្ញុំមិនឃើញត្រឡប់មកវិញទេ។ កាលនោះខ្ញុំភ័យណាស់ បើមេៗអង្គការចាប់យកទៅ អស់ហើយ នៅសល់តែកូនចៅតូចៗ។ ពេលអង្គការចាប់មេធំៗទៅអស់ពួកនិរតី មកដឹកនាំជំនួស។ ខ្ញុំមកនៅកងពលដែលមាន ឈ្មោះ ញ៉ ជាប្រធានកងពល៣១០ជំនួសអឿន ហើយញ៉មកពីខាងនិរតី។ ពេលញ៉មកគ្រប់គ្រង់មានការតឹងតែងណាស់ បើខុសសីលធម៌លួចមានស្រីអី អង្គការចាប់ទៅដាក់ គុកតែម្ដង។ កន្លែងខ្ញុំមានខុសសីលធម៌ម្នាក់ ខុសរឿងនិយាយជាមួយស្រី រួចពួកនិរតីមកចាប់យកទៅ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៨ អង្គការបានបញ្ជូនខ្ញុំទៅតាមមេៗ ដើម្បីទៅបើកអង្ករ និង សែងម្ហូប នៅផ្សារសួង។ ខ្ញុំស្ថិតនៅក្នុងអង្គភាព៣១០ ប៉ុន្តែខ្ញុំនៅខាងសេដ្ឋកិច្ចមានគ្នា៥នាក់។ ខ្ញុំនៅក្នុងអង្គភាព ៣១០ ខ្ញុំនៅធ្វើសាច់ផាត់និងបាយកាតាក រួចយកទៅឲ្យកងទ័ពនៅតាមព្រំដែន។ ពេលប្រយុទ្ធគ្នាមាន ទាហាន ស្លាប់ច្រើនណាស់។ ពេលដែលខ្ញុំនៅតាមព្រំដែន អង្គការចម្រាញ់យើងធ្វើការងារនៅក្នុងសមរភូមិ ខាងក្រោយៗ ធ្វើបាយកាតាក ក្នុងមួយថ្ងៃចាប់ពី៦០ទៅ១០០កញ្ចប់។
ក្នុងឆ្នាំ១៩៧៨នេះ ខ្ញុំបានសុំច្បាប់ពីញ៉ មកលេងផ្ទះ។ ខ្ញុំមកដល់ផ្ទះឃើញគ្រួសារមានការពិបាក ដែរ អង្គការលត់ដំឲ្យហូបបបាយវាល់វែក។ ខ្ញុំមកលេងផ្ទះបាន១-២ម៉ោងត្រឡប់មកអង្គភាពវិញ។ នៅក្នុង អង្ភភាពខ្ញុំមានជនជាតិចាមខ្លះដែរ។ បើយើងហូបអី ជនជាតិចាមហូបនោះដែរ ហូបដូចគ្នា ហើយត្រូវធ្វើ ការងារកាប់ស្រូវ កាប់ដី ដាំចេក តស៊ូដូចតែគ្នាហ្នឹង។ ខ្ញុំធ្លាប់ឃើញ អង្គការរើសក្មេងៗអាយុ ១៨ទៅ១៩ឆ្នាំ ប្រហែលជា៣០ទៅ៤០នាក់បញ្ជូនទៅខេត្តកណ្ដាល ភូមិភាគកណ្ដាលទៅវាយជា មួយយួន។
រហូតដល់ឆ្នាំ១៩៧៨អង្គការបញ្ជូនពីកំពង់ចាមទៅព្រំដែនរហូតដល់បែកភ្នំពេញ១៩៧៩។ ពេលទទួល បានដំណឹងខ្ញុំនៅធ្វើបាយកាតាក។ ខ្ញុំភ័យណាស់ព្រោះពួកនិរតីចូលមក ដឹកនាំកងទ័ព តាមភូមិឃុំ ហើយចម្រាញ់ យកការងារពលកម្មដែលធ្វើការងារច្បាស់លាស់ មិនខ្ជិលច្រអូស មិនដឹងយកទៅណា ឲ្យតែល្អទុក ព្រោះទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ ខ្ញុំភ័យខ្លាំងណាស់កាលនោះ អាហេន អាអាត(ហេនិងអាតជាអ្នកស្រុកស្ទោង ខេត្តកំពង់ធំ) អង្គការចាប់យកទៅ បាត់មិនដឹងអង្គការយក ទៅខាង ណា។
ពេលវៀតណាមវាយចូលខ្ញុំរត់មកផ្ទះ ដោយធ្វើដំណើរមកពីសួង ពីរនាក់ណារិន។ ខ្ញុំរៀបការនៅ ឆ្នាំ១៩៨០ រួចបានរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃ។ ខ្ញុំបាត់បង់សាច់ញាតិចំនួន៣នាក់នៅក្នុង សម័យខ្មែរក្រហម ។
សរសេរដោយ វី ស៊ីថា
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ជាមួយឌុច អន ហៅអុន, ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៣ លេខឯកសារ KCI0194 ដែលមាន៣៩ ទំព័រ។
[2] ប្រវត្តិរូបសង្ខេបរបស់សមមិត្តឌុច អន ហៅ អុន , លេខឯកសារ I០២២០៩