ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម

មេម៉ាយវ័យ​២៣​ឆ្នាំ ឌឿ ប្រាក់[1] បាន​ប្រើរូបសម្រស់ដ៏​ទាក់ទាញ​​​របស់ខ្លួន នៅក្នុង​ផ្ទះបន​មួយកន្លែង​ នៅម្តុំ​គុក​​ក្រុងបាត់ដំបង​ ដើម្បី​​កសាង​កម្លាំង​ក្បត់នៅ​ក្នុងជួរទាហាន​ និង​រៀបចំផែនការ​សម្លាប់ ហ៊ូ យន់ ​ទៀត​ផង។ ក្រុម​អ្នក​សួរចម្លើយ​ បាន​ប្រើ​«​ទារុណកម្មធ្ងន់​គួរសម»លើ ឌឿ ប្រាក់​ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​​​បង្ហាញ​អំពី​​​សកម្មភាព​ក្បត់ផ្សេងៗទៀត ទាក់ទងនឹង​បណ្តាញរបស់ ចាន់ តារា (ដែលមាន​ឋានន្តរ​សក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និង​ជាមនុស្ស​របស់ ចាន់ រង្សី) និង​ ឌិត ទិល (ដែលមាន​ឋានន្តរសក្តិពីរ សៀមរាប និងជាមនុស្ស​របស់​ ចាន់ រង្សី ដែរ)។

ឌឿ ប្រាក់ មិន​ទាន់​ត្រូវ​​បាន​​សម្លាប់នៅឡើយ​ទេ នៅ​ត្រឹម​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​១៩៧៥ ដោយ​សារ​តែ​​​ចម្លើយ​សារភាព​នេះ​បាន​បង្ហាញ​​អំពី​វិធានការ​ថ្មី​ថែមទៀត ដែលត្រូវ​«បំប៉ន​ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ»។ យោបល់​​របស់​អ្នក​សួរចម្លើយ​ ក៏​​បង្ហាញ​អំពី​ទស្សនៈមិនច្បាស់លាស់ថាតើ​ ឌឿ ប្រាក់ មិន​ព្រម​ឆ្លើយ​សារ​ភាព​​អំពី​ខ្សែបណ្តាញ​របស់​ ចាន់ តារា និង ឌិត ទិល ឬក៏មិន​ស្គាល់មែន ឬមិនមាន​លើស​ពី​អ្វី​ដែល​បាន​​ឆ្លើយ។ ខាងក្រោម​នេះគឺជាខ្លឹមសារ​នៃ​ចម្លើយ​សារភាព​របស់ ឌឿ ប្រាក់៖

ឌឿ ប្រាក់ មាន​ឪពុកឈ្មោះ ឌឿ ឌិញ និង​ម្តាយឈ្មោះ​ ប៊ុត នួន (ស្លាប់) ព្រមទាំងម្តាយចុងឈ្មោះ សោម យួម ដែលប្រកបរបរ​ធ្វើ​ស្រែចម្ការ នៅភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រាក់ បានឈប់​​រៀនត្រឹម​​ថ្នាក់ទី​៩តែប៉ុណ្ណោះ ហើយ​មកជួយការងារ​ស្រែចម្ការ​របស់ឪពុកវិញ។ ឳពុក​បាន​រៀប​ចំឲ្យ​មាន​ប្តី ​នៅក្នុង​ខែឧសភា ឆ្នាំ​១៩៧៣ ហើយលែងលះគ្នាវិញមួយខែក្រោយមក។ នៅក្នុង​ខែ​ដដែល​នេះ ប្រាក់ ចាប់ផ្តើម​ប្រកប​​របររកស៊ី​ជាស្រីបន ដែល«យឹង»គឺជាថៅកែបនស្រី។ មុខរបបរនេះ​បាន​បណ្តាល​ឲ្យ​ ប្រាក់ ជួបជាមួយសក្តិបី ចាន់ តារា ដែលជាខ្សែបណ្តាញ​របស់ ចាន់ រង្សី។ ចាន់ តារា បាន​ចាត់តាំង​ឲ្យ​ ប្រាក់ ធ្វើជាអ្នកឃោសនា និង​យកព័ត៌មាន។ ដោយមានការ​សហការពី ឌិត សម្បតិ្ត អ៊ុយ សាវ៉ាត និងប្រាក់ សាវ៉ាត់ ផង ប្រាក់ ធ្លាប់បាន​ចូលរួម​ក្នុង​សកម្មភាពសម្លាប់ ជៃ​(ប្តី) និង ង៉ូវ (ប្រពន្ធ) ដែលជាកម្មាភិបាលបង្កប់របស់ខ្មែរក្រហមនៅក្នុង​ក្រុងបាត់ដំបង។ ប្រាក់ បាន​ប្រើរូបសម្រស់​ដើម្បីទាក់ទង នូ ពុំ ដែលកម្មាភិបាល​វរសេនាតូច នៅថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​១៩៧៥។

នៅក្នុង​ចម្លើយសារភាពនេះ ឌឿ ប្រាក់ បាន​ចង្អុល​បង្ហាញឈ្មោះអ្នកពាក់ព័ន្ធ​នៅ​ក្នុង​ខ្សែបណ្តាញ​របស់ ចាន់ តារា និង ឌិត ទិល ដែលសុទ្ធសឹងជាមនុស្ស​របស់ ចាន់ រង្សី។ ទាក់ទងនឹង​ខ្សែ ចាន់ តារា ឈ្មោះ​មនុស្សចំនួន​១៤នាក់ ដែល ឌឿ ប្រាក់ បាន​បង្ហាញឈ្មោះ រួមមាន៖ ចាន់ តារា, សោម សារិន, កែ ផល,​ កែ ភី, អ៊ុយ សាវ៉ាត, ចិន្តាហៅមុន, ដោក សោភ័ណ, តាត ឈឿន, វឿន, ប្រាក់ សាវ៉ាត់, ឌឿ ប្រាក់​(ខ្លួន​ឯង), ឌិត ទិល, ស៊ាន សាំង (ដែលត្រូវសម្លាប់រួចហើយ)  និង​ ចាយ សារ៉ន (ស្លាប់នៅសមរភូមិ)។ ចំណែកឯខ្សែបណ្តាញរបស់ ឌិត ទិល មាន​ឈ្មោះ​ចំនួន​បីនាក់ ដែល ឌឿ ប្រាក់ បាន​រៀបរាប់ រួមមាន៖ ឌិត ទិល, ប៉ាច សឿម, និង ឌិត សម្បត្តិ។

នៅក្នុង​ចម្លើយសារភាពនេះ ឌឿ ប្រាក់ ក៏បាន​បង្ហាញឈ្មោះមនុស្សចំនួន​៨នាក់ ដែលខ្លួន​ស្គាល់​ឬ​អះ​អាងថា«ទាក់ទងបាន​» រួមមាន​៖ អ៊ុក ហាំ, ម៉ៅ ស្រង់, មាក ខ្ចៅ, ផឹង​ ទុន, ព្រាប អឿន, ជាងដូង, ជាង​យ៉ន, និងជាងភឿន។ ចម្លើយសារភាពនេះបានបញ្ជាក់ថា ឌឿ ប្រាក់ គ្រានតែចង់​ប្រើប្រាស់​បណ្តាញ​មនុស្ស​​ទាំង​នេះ ដើម្បីទាក់ទងជាមួយ ចាន់ តារា ដែលប្រពន្ធរបស់ ចាន់ តារានេះ ក៏​ជា​អ្នក​​​ភូមិ​ព្រែក​​ខ្ពប​​ជាមួយខ្លួនដែរ។ មនុស្សក្នុង​ខ្សែនេះចំនួន​៦នាក់ ក្នុងចំណោម​៨នាក់ សុទ្ធសឹងជាកងកម្លាំង​កុម្មង់ដូរ ហើយ​ពីរនាក់ក្នុងចំណោមនេះអាចជាអ្នកមានលុយកាក់ច្រើន។ ឧទាហរណ៍ ឌឿ ប្រាក់ បាន​ចង្អុល​បង្ហាញ​ថា ម៉ៅ ស្រង់ គឺជា«កំពូលអ្នកមាន»​នៅភូមិព្រែកខ្ពប។

តែទោះយ៉ាងណាក៏ដោយ ការសង្កេតរបស់អ្នកសួរចម្លើយបានបង្ហាញ​ថា៖ «ពួក​ចាស់ៗ​​អស់​នេះ ម្យ៉ាង​ធ្វើ​តាមការ​ចាត់តាំង​…តែម្យ៉ាង​ទៀតក្មេងៗ មាន​នារី ឌឿ ប្រាក់, កែ ភី, ឌិត សម្បត្តិ។ វាចុះឡើងៗ អ៊ុំអញ្ចេះ, មាអញ្ចុះ រហូតមក»។

បន្ទាប់មក ឌឿ ប្រាក់ ក៏បាន​ប្រើ​សម្រស់របស់ខ្លួន​​ទាក់​ទង​ជាមួយ​គណៈ​កង​វរ​សេនាតូចឈ្មោះ​ នូ ពុំ ដែលបាន​រួម​ដំណើរជាមួយគ្នា​មក​ភ្នំ​ពេញ ដើម្បី​តាម​សម្លាប់ ហ៊ូ យន់។ ទាំង​ពីរ​នេះ មាន​បំណង​សួររក ហ៊ូ យន់ ឲ្យ​ជួយ ដោយសារ​ខ្លួន​កំពុង​មាន​រឿងរ៉ាវនៃការ​«ពង្រាត់ស្រី»។

​ចម្លើយសារភាពនេះក៏មាន​សេចក្តីសន្និដ្ឋានរួមរបស់ក្រុម​អ្នកសួរចម្លើយដែរ ដែលបាន​វាយតម្លៃ​ចម្លើយ​​របស់ ឌឿ ប្រាក់ ទៅតាមចំនួនភាគរយនៃភាព«ពិត»ឬ«មិនពិត»ទៀតផង។ លទ្ធភាព​នៃ​ភាព​«ពិត»​រហូត​ដល់​៦០ភាគរយ ត្រូវ​បាន​វាយតម្លៃ​ នៅត្រង់ចម្លើយសារភាពរបស់ ឌឿ ប្រាក់ ទាក់ទង​នឹង​ខ្សែ​របស់​ ចាន់ តារា និង​ឌិត ទិល ខណៈដែលលទ្ធភាព«ពិត»មាន​ត្រឹមតែ​៥០ភាគរយប៉ុណ្ណោះ ទាក់ទងនឹង​ផែនការ​កំទេចស្ពានពោធិ៍សាត់ ដែលគ្រោងផ្ទុះអាវុធនៅក្នុង​ឆ្នាំ​១៩៧៦ឬ១៩៧៧។ ចំណែក​ឯការវាយ​តម្លៃលើចម្លើយសារភាពរបស់ ឌឿ ប្រាក់ ទាក់ទងនឹង​«ខ្សែក្រុង ខ្សែជាយក្រុងភ្នំពេញ របស់ ឌិត ទិលនិង​ចាន់​ តារា មានកម្រិតត្រឹមតែ​៤៥ភាគរយ ឬ៥០ភាគរយ។

ក្រុម​អ្នកសួរចម្លើយ​បាន​បង្ហាញពីការប្រឌិតឈ្មោះ​​​​ទាំងស្រុង ឬ«ប្រឌិត១០០%» ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​។ នៅក្នុង​ចម្លើយសារភាពពីមុន វ៉ាញ និង ឃីម ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ថា​ជា​ប្រុសដូចគ្នា។ ផ្ទុយទៅវិញ វ៉ាញ និង​ ឃីម​ គឺជាប្តីប្រពន្ធ។ ក្រុម​អ្នកសួរចម្លើយក៏មិន​ច្បាស់ដែរថាតើខ្សែ​របស់ ចាន់ តារា និង ឌិត ទិល «អាចមាន​តែមនុស្ស​ក្នុង​ខ្សែនេះ ឬវាមិនទាន់សុខចិត្តនិយាយ ឬ​វាមិន​ស្គាល់មែន»។ ដូច្នេះហើយ ចម្លើយសារភាពបាន​បញ្ជាក់នៅត្រង់ឃ្លាមួយថា វិធានការកន្លងមក​បាន​ដាក់«ទារុណកម្ម​ធ្ងន់​គួរសមហើយ»​ ព្រមទាំងបាន​ធ្វើសតិអារម្មណ៍​នយោបាយផង។ ឌឿ ប្រាក់ នឹង​ត្រូវ​បំប៉នឲ្យ​មាន​សុខ​ភាព​ប្រសើរ​ឡើងវិញ ដើម្បី​ធ្វើការ​សួរបន្តទៀត។ ចំណែក​ឯ នូ ពុំ បាន​ធ្លាក់ខ្លួនឈឺរហូត​ ចាប់​តាំង​ពី​ការ​​ចាប់ខ្លួន​ជាមួយ ឌឿ ប្រាក់ ប៉ុន្តែនឹង​ត្រូវសួរចម្លើយសារនៅពេលមាន​សុខភាព​មាំទាំល្អ៕

សង្ខេបពីចម្លើយសារភាពដោយ លី សុខឃាង


[1] ចម្លើយសារភាពនេះមានលេខ​ J00341​ របស់«នារី ឌឿ ប្រាក់ ចាប់ពី​សេដ្ឋកិច្ច​ វរៈសេនា​តូច​មួយ​របស់​ពាយព្យ ជាមួយ​ប្តី (នូ ពុំ)  ដែលឯកសារ​នេះ​មាន​រក្ស​ទុក​នៅក្នុងការិយាល័យ​របស់​មជ្ឈមណ្ឌលសន្តិភាព​អន្លង់វែង នៃមជ្ឈមណ្ឌល​ឯកសារកម្ពុជា។ ភាគច្រើន ឬសឹងតែទាំងអស់នៃ ចម្លើយសារភាពបាន​កើតចេញពី​អំពើទារុណកម្ម៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin