ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា

ឯកសារ D41698 តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ដូង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា»

ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន[1] ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធទី១ឈ្មោះ ទេស បូ និង ប្រពន្ធទី២ឈ្មោះ ចាន់ ម៉ុត។

នៅឆ្នាំ១៩៦៦ ខ្ញុំបានចូលបក្សពលករវៀតណាម ដែលមានឈ្មោះ មោក ហ៊ួន និង​ ឈ្មោះ ចង្កូម ជាអ្នកឧទ្ទេសនាម និង ឈ្មោះ សោ ភឹម លេខាភូមិភាគបូព៌ាជាអ្នកទទួលស្គាល់។ ចំពោះកម្មវិធីចូលនៅពេលនោះមានការគោរពរូប ហូជីមិញ និងគោរពទង់បក្សពលករវៀតណាម។ មុននឹងចូលបក្សពលករវៀតណាម តាភឹម បានហៅខ្ញុំឱ្យទៅរៀនពីឯកសារបក្សពលករនៅវាលស្បូវ ក្នុងទឹកដីប្រទេសវៀតណាម អំពីខ្លឹមសារស្តីពីវៀតណាម និង កម្ពុជា ជាបងប្អូនដែលមាន ហូជីមិញ ជាអ្នកគ្រប់គ្រង។ ភារកិច្ចរបស់បក្សពលករមាន៖ កសាងកម្លាំងបក្សពលករ និង ឃោសនាប្រជាជនឱ្យជួយទំនុកបម្រុងខាងវៀតណាម។ នៅឆ្នាំ១៩៧៣ ស៊ុន ជាលេខាតំបន់២០ បានចាត់តាំងឱ្យខ្ញុំចូលធ្វើជាលេខាស្រុកមេសាង។ ជ្រន ជាអនុលេខាស្រុកមេសាង ហើយ ចង្កូម ត្រូវដកទៅកាន់លេខាស្រុកព្រៃវែង។

នៅឆ្នាំ១៩៧៥ ក្រោយពេលរំដោះទីក្រុងភ្នំពេញ តាភឹម បានហៅគណៈស្រុក គណៈតំបន់ទាំងអស់មកប្រជុំនៅមន្ទីរភូមិភាគរួមមួយ មាន៖ ខ្ញុំ, ស៊ុន, ចង្កូម, ឃាង, សុង និង ស៊ីម មកពីតំបន់២០, ឈាន មកពីតំបន់២២, សូ មកពីតំបន់២៣, ឈូក មកពីតំបន់២៤ និង ម៉ុន មកពីខាងផ្នែកយោធា ប្រជុំអំពី៖ ១) រៀបចំកម្លាំងយោធានៅតាមស្រុក និង តាមតំបន់នីមួយៗឱ្យបានមួយកងពល ដើម្បីត្រៀមកម្លាំងធ្វើរដ្ឋប្រហារបក្សកុម្មុយនីស្តកម្ពុជា។ ២) នៅក្នុងរូបភាពខាងក្រៅ ត្រូវធ្វើឱ្យមានទំនាស់រវាងកម្ពុជា និង វៀតណាមនៅតាមព្រំប្រទល់ ប៉ុន្តែត្រូវទាក់ទងជាមួយវៀតណាមឱ្យជាប់ដើម្បីសហការគ្នា វាយមកលើបដិវត្តន៍។ ៣) បញ្ហាសេដ្ឋកិច្ចត្រូវត្រៀមធ្វើជង្រុកទុកនៅតាមផ្លូវជាតិលេខ៦ និង ផ្លូវជាតិលេខ៧។

នៅចុងឆ្នាំ១៩៧៦ ខ្ញុំបានហៅឈ្មោះ សាផល និង ឆាន ដែលនៅផ្នែកពេទ្យមកណែនាំ ឱ្យធ្វើសកម្មភាពក្នុងការព្យាបាលអ្នកជំងឺដោយធ្វើយ៉ាងណា កុំឱ្យយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺនិងកុំឱ្យដាក់ថ្នាំត្រូវនឹងប្រភេទជំងឺ។​ ចំណែកឯថ្នាំបូរាណមិនឱ្យធ្វើច្រើនទេ ធ្វើយ៉ាងណាឱ្យប្រជាជនមានទំនាស់ជាមួយបដិវត្តន៍។ នៅក្នុងឆ្នាំនេះដដែល ខ្ញុំបានណែនាំឱ្យឈ្មោះ ហៀង នៅសហករណ៍ភូមិព្រៃរំដេង បង្ហូរទឹក ធ្វើឱ្យខូចស្រូវអស់ចំនួន២០ហិកតា។

នៅខែមីនា ឆ្នាំ១៩៧៧ បង ស៊ុន លេខាតំបន់២០ បានហៅខ្ញុំ ឃាង, ស៊ីម, សុង, ញ៉ា,ទុយ និង ភា មកប្រជុំនៅមន្ទីរស្រុកកំចាយមារ អំពីគម្រោងផែនការធ្វើរដ្ឋប្រហារ ចាប់ពីខែមេសា ឆ្នាំ១៩៧៧ រហូតដល់ ចុងឆ្នាំ១៩៧៧។ នៅក្នុងគម្រោងផែនការនេះដែរ យើងឱ្យខាងវៀតណាម ជួយវាយពីក្រៅមក គឺវាយតាមច្រកឃុំកំពង់អំពិល មកឃុំក្របៅ បុកសំដៅមកផ្លូវជាតិលេខ១៥, ច្រកទី២ ចូលតាមឃុំកក់ ឡើងមកផ្លូវជាតិលេខ៧ និងច្រកទី៣ ចូលតាមផ្លូវមេមត់។ ចំណែកឯនៅខាងក្នុង ត្រូវរៀបចំកម្លាំងយោធាឱ្យបានរួចរាល់ ដើម្បីសហការជាមួយកម្លាំងខាងវៀតណាមក្នុងការវាយបដិវត្តន៍។ នៅតាមស្រុកនីមួយៗត្រូវប្រមូលស្រូវឱ្យបាន១ម៉ឺនថាំង ដើម្បីត្រៀមទុកនៅក្នុងផែនការនេះ។ នៅខែមេសា ឆ្នាំ១៩៧៧ កម្លាំងកងទ័ពខាងវៀតណាមបានវាយចូលមកដល់ឃុំកំពង់អំពិល ប៉ុន្តែក៏ត្រូវកម្លាំងកងទ័ពអង្គការទប់ទល់បាន។ នៅខែកក្តដា ឆ្នាំ១៩៧៧ បង ស៊ុន បានហៅខ្ញុំ, ភា, ឃាង, ស៊ីម, ញ៉ា និង កា ទៅប្រជុំនៅមន្ទីររបស់ ស៊ីម នៅស្រុកពញាក្រែកតំបន់២០។ បង ស៊ុន បានលើកឡើងថាតាមផែនការពី តាភឹម ត្រូវរៀបចំកម្លាំងវាយបដិវត្តន៍ម្តងទៀត ដោយម្តងនេះវាយនៅចុងឆ្នាំ១៩៧៧ គឺកម្លាំងវៀតណាមវាយបុកពីក្រៅ ហើយកម្លាំងយើងវាយបុកពីខាងក្នុង សហការគ្នារំដោះយកភូមិភាគបូព៌ាឱ្យបាន។ បើសិនជារំដោះភូមិភាគបូព៌ាបានហើយ យើងត្រូវរៀបចំកម្លាំងការពារ ហើយទៅវាយនៅទូទាំងប្រទេសទៀត និងរៀបចំចាត់តាំងរដ្ឋអំណាចថ្មីរបស់យើង។ ក្រោយពីប្រជុំមក ខ្ញុំបានរៀបចំកម្លាំងយោធា ចំនួន៥០០នាក់មកពីស្រុករបស់ខ្ញុំ ឱ្យទៅខាងតំបន់ ហើយដាក់ផែនការឱ្យកម្លាំងដែលខ្ញុំកសាងបានជាប្រធានសហករណ៍ ឱ្យគេប្រមូលស្រូវឱ្យបាន១ពាន់ថាំងបុកជាអង្ករត្រៀមទុក។ នៅតាមសហករណ៍នីមួយៗ មុនសភាពការណ៍វៀតណាមវាយចូលមក ខ្ញុំបានហៅ វ៉ា, ហៀង, ឈន់, ជូ, ជុន និង កម្លាំងដែលទើបតែកសាងថ្មីមាន ឈាន និង ព្រឹម មកណែនាំឱ្យធ្វើសកម្មភាព ឃោសនាកុំឱ្យប្រជាជនរត់ នៅពេលវៀតណាមចូលមកដល់ ដោយបញ្ជាក់ថា វៀតណាមមិនធ្វើបាបយើងទេ។ មួយវិញទៀតត្រូវធ្វើយ៉ាងណា ក្តាប់ប្រជាជនឱ្យបាន កុំឱ្យប្រជាជនរត់មកខាងបដិវត្តន៍អស់។ ចំណែកឯ អង្ករដែលបានត្រៀមទុក ត្រូវផ្តល់មកឱ្យវៀតណាម បន្ទាប់ពីកម្លាំងវៀតណាមបានមកដល់​។

នៅខែកុម្ភៈ ឆ្នាំ១៩៧៨ បង ស៊ុន បានសរសេរសំបុត្រជម្រាបមកខ្ញុំថា ឱ្យខ្ញុំត្រៀមកម្លាំងរៀបចំធ្វើរដ្ឋប្រហារផ្ទៃក្នុងជាមួយបក្សកុម្មុយនីស្តកម្ពុជានៅថ្ងៃបុណ្យខួបចូលឆ្នាំ ខែមេសា ឆ្នាំ១៩៧៨ ម្តងទៀត ដោយលើកនេះ វាយឡើងមកទន្លេបិត រំដោះយកភូមិភាគបូព៌ា។​ នៅខែមីនា ឆ្នាំ១៩៧៨ បងស៊ុន បានហៅខ្ញុំ និង លេខាស្រុកទាំងអស់ទៅប្រជុំម្តងទៀត។ បង ស៊ុន បាននាំពាក្យ របស់ តាភឹម មកថា អង្គការបានដឹងរួចហើយ ថាខ្មាំងប្រុងធ្វើរដ្ឋប្រហារបក្សនៅថ្ងៃបុណ្យខួបនេះ ដូច្នេះ យើងមិនទាន់អាចធ្វើរដ្ឋប្រហារបានទេ។ ដូចនេះតាមផែនការរបស់ តាភឹម ឱ្យប្រមូលកងទ័ពគ្រប់ស្រុក មកបោះប្រចាំការនៅព្រំប្រទល់ទាំងអស់ដើម្បីទទួលផែនការថ្មី។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៨ ស៊ុន បានណែនាំអំពី ផែនការរបស់ តាភឹម ឱ្យយើងលាក់កម្លាំងវៀតណាម ចំនួន៦នាក់ ដែលជាកម្លាំងមកពីខាងក្រៅ ឈ្មោះ បាហាយ, បាយាក,បាយម៉ាប់ និង ចំនួន៣នាក់ទៀត ខ្ញុំមិនស្គាល់ឈ្មោះ ហើយអ្នកទាំងនោះមានវិទ្យុទាក់ទងចំនួន២គ្រឿង និងកាំភ្លើងខ្លីគ្រប់គ្នា។ នៅពេលនោះ ខ្ញុំ, ញ៉ា និង ឃាង បានពិភាក្សាគ្នាយកវៀតណាមទាំង៦នាក់ យកទៅលាក់នៅមន្ទីរស្រុកកំចាយមារ ព្រោះអង្គការបានបញ្ជួនកងទ័ពមកតាមផ្លូវជាតិលេខ៧ច្រើន។ ក្រោយមក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំបានទទួលសំបុត្រពី តាភឹម និង ពី បងស៊ុន ឱ្យខ្ញុំ, ឃាង និង ញ៉ា ដកកម្លាំងវៀតណាមទាំង៦នាក់នេះ យកទៅទុកនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ វិញ។ ពេលនោះខ្ញុំបានពិភាក្សាគ្នា យកទៅទុកនៅក្នុងផ្ទះរបស់ ម៉ៅ ប្រធានសហករណ៍ភូមិក្របៅ ដែលមានផ្ទះនៅក្នុងព្រៃ ឆ្ងាយដាច់ពីគេ មានចម្ងាយ៤គីឡូម៉ែត្រពីព្រំដែន ហើយបើសិនជាបែកការ គឺត្រូវយកអ្នកទាំងនេះទៅទុកនៅផ្ទះរបស់ ឆែ ជាប្រធានសហករណ៍ដងក្តោង វិញ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំបានទទួលសំបុត្រពី តាភឹម តាមរយៈឈ្មោះ ទុយ។  នៅក្នុងសំបុត្រនោះស្នើឱ្យគ្រប់ស្រុក ប្រមូលកម្លាំងយោធា ទាំងឈ្លបស្រុក ឈ្លបឃុំ ដែលមានទាំងប៉ុន្មាន ត្រៀមទប់ទល់នឹងកម្លាំងអង្គការ និង ត្រូវការពារបក្សយើងឱ្យបាន។ ខ្ញុំបានប្រមូលកម្លាំងកងទ័ពនារី ចំនួន ២០០នាក់ និង ប្រមូលកម្លាំងកងឈ្លបគ្រប់ឃុំបានចំនួន៨០នាក់ យកទៅត្រៀមនៅត្រង់ព្រំប្រទល់ស្រុកមេសាង ចាប់ពីភូមិសូរ រហូតមកដល់ភូមិស្រះតាអឹម ចាំការពារកម្លាំងបដិវត្តន៍មកពីខាងច្រកខេត្តស្វាយរៀង។ បើឃើញកងទ័ពរបស់អង្គការជិះឡានមក ត្រូវបាញ់។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំបានទទួលសំបុត្រពី តាភឹម មួយទៀត តាមរយៈឈ្មោះ ទុយ ដដែល ថា «កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវផ្អាកបាញ់គ្នា បើអង្គការបាញ់យើង យើងត្រូវបាញ់អង្គការវិញ ប៉ុន្តែកុំឱ្យអង្គការដកកាំភ្លើងបាន និងកុំឱ្យអង្គការចាប់បានឱ្យសោះ ខ្ញុំនឹងដោះស្រាយជាមួយថ្នាក់លើនៅទីក្រុងភ្នំពេញ»។  នៅពេលនោះខ្ញុំបានទៅកាន់ស្រុកបាភ្នំ ផ្ញើសំបុត្រទៅឱ្យ បងចាន់ ហើយសន្តិសុខស្រុកបាភ្នំបានឃាត់ខ្ញុំនៅទីនោះតែម្តង។ ចំណែកខ្ញុំវិញ​ ដើម្បីបិតបាំងរឿងទាំងអស់នេះ ខ្ញុំបានសារភាពថា ខ្ញុំមិនដឹងខាងណាខុស ឬខាងណាត្រូវទេ។ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៨ បងចាន់ លេខាតំបន់២៤ បានចេញសេចក្តីប្រកាសថា មានខ្មាំងធ្វើរដ្ឋប្រហារបក្ស នៅភូមិភាគបូព៌ានេះ ដូច្នេះឱ្យខ្ញុំប្រមូលកងទ័ព និងដកអាវុធឱ្យអស់។ ពេលនោះ ខ្ញុំបានចុះទៅធ្វើតាមការណែនាំរបស់គាត់។ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៧៨ ស្រាប់តែមានកងទ័ពកងពល២៨០ បានចូលមកចាប់សន្តិសុខស្រុកមេសាង ប្រធានសហករណ៍ភូមិឃុំ និង អនុលេខាស្រុក យកទៅកម្ទេចចោលទាំងអស់ ហើយដោះលែងអ្នកទោសធ្វើបាតុកម្មពេញទាំងស្រុក។ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៧៨ ខ្ញុំឃើញសភាពការដូច្នេះ ខ្ញុំក៏រត់មកស្រុកបាភ្នំម្តងទៀត មកនៅជាមួយឈ្មោះ ទុយ, ជា, ពេជ ធី និង វ៉ន ដែលសមាជិកស្រុកមេសាងដែរ។ ប៉ុន្តែខ្ញុំត្រូវ បងចាន់ ឱ្យមកនៅក្នុងមន្ទីរស្រុក បាភ្នំ មិនឱ្យដើរទៅណា រហូតដល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ១៩៧៨ ខ្ញុំត្រូវអង្គការចាប់ខ្លួនតែម្តង។

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ D41698 តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ដូង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា» សរសេរដោយដៃ មានចំនួន៣៣ទំព័រ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin