កូននាយទុន

(កំពត)៖ ឌី ស៊ិនលី ភេទស្រី ជាកសិករស្ថិតក្នុងវ័យ៧៥ឆ្នាំ។ ស៊ិនលី មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបសង្គមរាស្ត្រនិយម ស៊ិនលី ដែលមានអាយុ ១២ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃតាសក់។ ស៊ិនលី បានឈប់រៀនត្រឹមថ្នាក់អាទិកដ្ឋាននៅអាយុ ១៥ឆ្នាំ។ ក្រោយមក ស៊ិនលី បានរៀបការ និងមានកូនបួននាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច មានទាហាន លន់ នល់ ចូលមកវត្តព្រៃត្រសក់ និងប្រយុទ្ធជាមួយកងទ័ពវៀតកុង។ ក្រោយមក ស៊ិនលី ថាមានកងទ័ពធីវគី (វៀតណាមខាងត្បូង) ចូលមកប្រមូលសម្ភារមានតម្លៃរបស់ប្រជាជននៅក្នុងភូមិ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅក្នុងភូមិ និងចាប់ខ្លួនឪពុកស៊ិនលី ដែលជាអតីតមេឃុំ នៃរបប លន់ នល់។ ឪពុកគាត់ឈ្មោះ កុងសាញ់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅឃុំស្រកី ចំណែក ម្ដាយគាត់ និងរូបគាត់ ត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិទូកមាស។ នៅទីនោះ ប្តីរបស់គាត់ ត្រូវខ្មែរក្រហមចោទថាមានជាប់ខ្សែរយៈ ឬជាកូនចៅចិន និងបញ្ជូនទៅសមរភូមិស។ ចំណែក គាត់ត្រូវបានខ្មែរក្រហមហៅថា ជាកូនសក្តិភូមិ, កូននាយទុន ឬប្រជាជនមិនពេញសិទ្ធិ។ ស៊ិនលី ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ទាំងមានផ្ទៃពោះ។ ស៊ិនលី និយាយថា គាត់ត្រូវរែកដី, ជីកប្រឡាយ និងស្ទូងស្រូវទាំងយប់ទាំងថ្ងៃនៅភូមិព្រែកត្នោត។ គាត់ត្រូវធ្វើការក្នុងក្រុមដែលមានសមាជិក១២នាក់។ ចំណែក កូនរបស់គាត់ ត្រូវទៅធ្វើការនៅសហករណ៍ផ្ញើ។
នៅរបបខ្មែរក្រហម ប្រជាជនថ្មីណាដែលនិយាយថា ហូបមិនឆ្អែតនោះ នឹងត្រូវខ្មែរក្រហមយកទៅកសាង។ ប្រជាជនថ្មី ភាគច្រើនត្រូវខ្មែរក្រហមនាំខ្លួនទៅវាយសម្លាប់នៅភូមិកំពង់ស្វាយ ដែលក្នុងនោះក៏មានទាំងសាច់ញាតិបងប្អូនរបស់ស៊ិនលីដែរ។ ជាងនេះទៅទៀត ម្ដាយរបស់គាត់ ត្រូវទូលស្រូវរហូតដល់ឈឺស្លាប់ ចំណែកកូនរបស់គាត់ ត្រូវបានបង្អត់បាយរហូតដល់ស្លាប់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊ិនលី និងកូនដែលនៅរស់រានមានជីវិត បានត្រលប់មករស់នៅ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើតរហូតមកទល់បច្ចុប្បន្ន៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥