ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ ព្រះបាទនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ តំបន់ក្រចេះ ស្រុកព្រែកប្រសព្វ បន្ទាប់លោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីព្រះប្រមុខរដ្ឋ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។
អ៊ី សុផាន ហៅ ចាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ៤៦ឆ្នាំ (២០០៦) ត្រូវជាម្ចាស់ប្រវត្ដិរូប។ សុផាន មានប្ដីឈ្មោះ ស៉ុំ រ៉ាវុធ មានអាយុ៤៨ឆ្នាំ (២០០៦) មានកូនប្រុសម្នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ។ សុផាន មានឪពុកឈ្មោះ អ៊ី យេន ហៅ ហាន ម្ដាយឈ្មោះ ទុង ជីម មានបងប្អូន៦នាក់ ស្រី២នាក់ ប្រុស៤នាក់។ សុផាន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧(ចាស់) នៅសាលាបឋមសិក្សាឆ្លូង[1] ។
នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចព្រះ នរោត្ដម សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានទាំងយន្ដហោះមកទម្លាក់គ្រាប់បែក។ ឆ្នាំនោះដែរចលនាបដិវត្តន៍ខ្មែរក្រហមក៏បានលេចចេញជារូបរាង ហើយមានប្រជាជនកម្ពុជាជាច្រើនដែលបានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ដោយមិនបានដឹងច្បាស់ទេថា ចលនានោះជាចលនាបដិវត្តន៍របស់ខ្មែរក្រហម ដែលបានយកឈ្មោះរបស់ សម្ដេចព្រះ នរោត្ដម សីហនុ បាំងមុខ ដើម្បីឲ្យប្រជាជនចូលរួមបដិវត្តន៍របស់ខ្លួន។
នៅឆ្នាំ១៩៧៣ មានកម្លាំងយុវជន យុវនារី មួយចំនួនធំបានចូលធ្វើជាយោធាខែ្មរក្រហម ហើយខ្លះទៀតទៅធ្វើជាកងចល័ត។ នៅពេលនោះ យុវជន និងយុវនារី មិនសូវជាឃើញនៅផ្ទះនោះទេ ព្រោះត្រូវចេញទៅធ្វើការនៅកងចល័ត នៅផ្ទះភាគច្រើនគឺជាអ្នកដែលមានគ្រួសាររួចហើយ។ ចំណែកឯ សុផាន ត្រូវបានជម្លៀសទៅកាន់ឃុំចំបក់ ហើយបានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម។ មុនដំបូងអង្គការចាត់តាំងឲ្យគាត់ធ្វើការនៅក្នុងកងកុមារនៅឃុំចំបក់ មើលថែទាំ និងបង្រៀនអក្សរខ្លះៗ ព្រមទាំងដឹកនាំឲ្យកុមារទាំងអស់នោះធ្វើការងារ ដូចជា កើបអាចម៍គោ កាប់ទន្រ្ទានខែត្រ យកទៅធ្វើជីដាក់ស្រែ។ នៅក្នុងកងនោះមានកុមារចន្លោះពី ៥០នាក់ ទៅ ៦០នាក់។ អង្គការបានបែងចែកឲ្យយុវជននៅមួយកង និងយុវនារីនៅមួយកងដាច់ដោយឡែកពីគ្នា។ អង្គការមិនបានអនុញ្ញាតឲ្យ បុរស និងស្រ្តី មានទំនាក់ទំនងជាមួយគ្នាឡើយ សូម្បីតែជាបងប្អូននឹងគ្នាក៏មិនអនុញ្ញាតឲ្យស្គាល់គ្នាដែរ គឺត្រូវផ្ដាច់មនោសញ្ចេតនាពីគ្រួសារទាំងអស់។
នៅឆ្នាំ១៩៧៤ សុផាន ត្រូវបានអង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហាន លន់ នល់ តាមផ្លូវព្រែកក្ដាម ព្រែកព្នៅ វាយសម្រុកចូលទីក្រុងភ្នំពេញ។ កាលនោះ សុផាន នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន[2] ។ សុផាន ត្រូវបានអង្គការបញ្ជូនទៅកាន់ទីក្រុងភ្នំពេញ ធ្វើដំណើរដោយថ្មើរជើង មិនមានឡានសម្រាប់ជញ្ជូនទៅនោះទេ។ ទៅដល់វត្តជើងព្រៃ ផ្លូវទៅទីក្រុងភ្នំពេញ អង្គការបានឲ្យ សុផាន ចូលធ្វើការនៅក្នុងកងស្នែង សែងគ្រាប់កាំភ្លើង គ្រាប់បែក និងសែងអ្នករបួស ព្រមទាំងសាកសព។
ឈានចូលដល់ថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហម បានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះខ្មែរក្រហមបានប្រាប់ឲ្យប្រជាជនចាកចេញពីផ្ទះសម្បែង តាមបញ្ជារបស់អង្គការ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជនត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង។ ការប្រយុទ្ធតតាំងគ្នារវាងកងកម្លាំង លន់ នល់ និងខ្មែរក្រហម កើតឡើងគ្រប់ទិសទី ព្រមទាំងរីករាលដាលកាន់តែគំហុក ដែលជាហេតុបណ្ដាលឲ្យមានការកាត់ផ្ដាច់ផ្លូវចេញពីទីក្រុង ជំរុញឲ្យសមាជិកនៃគ្រួសារនីមួយៗមិនអាចចាកចេញពីទីក្រុងជាមួយគ្នាបាន[3] ។ ខ្មែរក្រហមបានប្រើហេតុផល ៤យ៉ាងក្នុងការបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុងភ្នំពេញគឺ ទី១. អង្គការបក្សត្រូវការបោសសម្អាតខ្មាំង ២. រៀបចំឲ្យសមស្របតាមគោលអង្គការបក្សកំណត់ទុក ៣. អង្គការបក្សត្រូវបានតួនាទីការពារអាយុជីវិត និងការពារទីក្រុងឲ្យគង់វង្ស ៤. អង្គការបក្សដឹងមុនថា មានខ្មាំងអាមេរិកកាំង និងបរិវាររៀបចំកម្ទេចទីក្រុងរបស់យើងដោយប្រើយន្តហោះធុនធំៗជាងមុនៗទៅទៀត[4] ។
នៅពេលប្រជាជនចេញអស់ កម្លាំងយោធាមួយចំនួនបាននៅយាមទីក្រុងភ្នំពេញ និងចាំបោសសម្អាតទីក្រុង មួយចំនួនទៀតបានទៅការពារព្រំដែន ខ្លះបានទៅធ្វើស្រែនៅជាយក្រុងភ្នំពេញ។ បន្ទាប់ពីប្រជាជនបានចាកចេញពីទីក្រុងភ្នំពេញ កងពលរបស់ សុផាន មិនទាន់បានចូលទៅក្នុងក្រុងឡើយ គឺនៅតាមជាយក្រុង។ សុផាន បានផ្លាស់ពីកងពលតូចទី១ ទៅកងពលធំ៣១០ វិញ ដែលមាន អឿន ជាប្រធានកងពលដដែល។ ក្រោយពីបានផ្លាស់ប្ដូរកងពលរួចមក អង្គភាពរបស់ សុផាន ត្រូវបានអង្គការចាត់តាំងឲ្យធ្វើស្រែនៅម្ដុំកប់ស្រូវ បឹងបាយាប និងតំបន់មួយចំនួននៅជាយទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៧ ប្រធានកងពល ឈ្មោះ អឿន ត្រូវបានអង្គការចាប់ខ្លួនទៅគុកទួលស្លែង ដោយចោទថា ក្បត់នឹងអង្គការ ចូលជាភ្នាក់ងារសម្ងាត់ សេអ៊ីអាជាមួយ អាមេរិកកាំង។ ក្រៅពី អឿន ដែលជាប្រធានកងពល នៅមានកម្មាភិបាលយោធាមួយចំនួនក៏បាត់ខ្លួនដែរ។ ក្រោយពីចាប់ប្រធានកងពលបាត់ទៅ យោធាទាំងអស់នៅក្នុងកងពល៣១០ សុទ្ធតែជាប់និន្នាការនយោបាយ ហើយបានបញ្ជូនខ្លួនទៅលត់ដំនៅភូមិភាគបូព៌ា។ ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤[5] ។
នៅឆ្នាំ១៩៧៨ ភូមិភាគបូព៌ា ត្រូវស្ថិតនៅក្នុងភូមិភាគកម្ទេចរបស់គណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។ នៅខែមករា និងកុម្ភៈ ក្រោយពេលដែលការប្រយុទ្ធមានភាពធូរស្រាលនៅតាមព្រំដែន មជ្ឈិមបានចាប់ផ្ដើមចាប់ខ្លួនកម្មាភិបាលរបស់ភូមិភាគបូព៌ាជាច្រើននាក់។ សោ ភឹម បានដឹងដោយយឺតពេលទៅហើយថា គាត់ជាកម្មវត្ថុនៃកិច្ចប្រតិបត្តិការនេះ។ គេបានស្ដីបន្ទោសឲ្យគាត់ចំពោះបរាជ័យ របស់កងទ័ពរបស់កម្ពុជា ដែលពុំបានសម្រេចកម្ចាត់ពួកពួកវៀតណាមឲ្យវិនាសសាបសូន្យ។ គេបានចោទប្រកាន់គាត់ជាសមាជិកនៃ «បក្សលួចលាក់របស់វៀតណាម» ដែលគេបញ្ចូលមកក្នុងបក្សកុម្មុយនិស្តកម្ពុជា[6] ។ ក្នុងពេលនោះដែរភូមិភាគបូព៌ា ត្រូវបានយោធាខ្មែរក្រហមមកពីភូមិភាគនិរតី[7] ចូលទៅគ្រប់គ្រង។
យោធាខ្មែរក្រហមមកពីភូមិភាគនិរតី បានប្រើឲ្យប្រជាជនធ្វើការជាទម្ងន់លើសពីកម្លាំងដែលប្រជាជនអាចធ្វើបាន មិនត្រឹមតែប៉ុណ្ណោះអង្គការក៏បានរឹតបន្តឹងរបបអាហាររបស់ប្រជាជន។ សុផាន បានបន្ថែមថា នៅពេលនោះ អង្គការមិនមានផ្ដល់ចានឲ្យប្រជាជនសម្រាប់បរិភោគអាហារឡើយ ដល់ម៉ោងត្រូវហូបអាហារ អង្គការបានផ្លុំកញ្ចែសម្រាប់ផ្ដល់ជាដំណឹង។ ពេលដែលឮសម្លេងកញ្ចែ ប្រជាជនគ្រប់រូបបាននាំគ្នាស្រវ៉ារត់ទៅបេះស្លឹកឈូក យកទៅដួសបាយជំនួសចាន។ ចំពោះរបបអាហារដែលប្រជាជនទទួលបានគឺមានតែបបររាវៗ ដែលមានទឹកច្រើនជាងគ្រាប់អង្ករ លាយជាមួយនឹងសម្លរព្រលិត និងត្រកួន សម្លរទាំងនោះភាគច្រើនមានតែបន្លែមិនសូវមានសាច់ត្រីនោះទេ។
ប្រជាជននៅភូមិភាគបូព៌ា តែងតែត្រូវអង្គការចាប់ខ្លួនមនុស្សទៅជារើយៗ។ ការនាំខ្លួនទៅបែបនេះបានធ្វើឲ្យប្រជាជនមួយចំនួនទៀតមានចម្ងល់ដែលដក់ជាប់នៅក្នុងចិត្តថាអង្គការចាប់យកប្រជាជនទៅទីណា។ បន្ទាប់ពីការបាត់ខ្លួនប្រជាជនអស់ជាច្រើននាក់ ហើយមិនដែលឃើញត្រឡប់មកវិញ នោះប្រជាជនដែលនៅមូលដ្ឋានបានដឹងច្បាស់ថា អង្គការបានយកទៅសម្លាប់ចោល មិនមែនដូចពាក្យដែលអង្គការបានប្រាប់នោះទេ ដែលថា យកទៅគឺដោយសារតែនៅសហករណ៍ផ្សេងត្រូវការកម្លាំងបន្ថែម រៀនសូត្រ ផ្លាស់ប្ដូរទីលំនៅថ្មី ឬកសាង។ ហេតុផលទាំងប៉ុន្មានដែលមាននៅខាងមុខនេះ គឺជាហេតុផលដែលខ្មែរក្រហមតែងតែប្រើនៅពេលចាប់ខ្លួននរណាម្នាក់យកទៅសម្លាប់។ យើងឃើញថា ខ្មែរក្រហមបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើននាក់នៅអំឡុងពេលនោះ។ មានប្រជាជនជាច្រើនដែលត្រូវចោទប្រកាន់ថាជាជនក្បត់ ដោយសារតែខ្សែស្រឡាយ និងមានសាច់ញាតិជាជនជាតិវៀតណាម និងប្រជាជនមួយចំនួនទៀតដែលគ្រាន់តែធ្វើឲ្យបាត់ចប បង្គី ឬរបស់របរមួយចំនួនទៀតដែលអង្គការបានផ្ដល់ឲ្យក៏ត្រូវចាប់យកទៅសម្លាប់ដោយមិនលើកលែង។
នៅឆ្នាំ ១៩៧៩ កម្លាំងខែ្មរក្រហម ត្រូវកងកម្លាំងវៀតណាមវាយសម្រុកចូលមក ធ្វើឲ្យកម្លាំងយោធាខែ្មរក្រហមស្លាប់និងរបួសអស់រាប់ពាន់នាក់។ ពេលនោះ សុផាន បានរត់ចូលពៃ្រចម្ការកៅស៊ូ និងរត់បន្ដ រហូតទៅដល់ព្រំដែនថៃ ដើម្បីគេចចេញពីសង្រ្គាមច្បាំងគ្នារវាងយោធាខ្មែរក្រហម និងទាហានវៀតណាម។ ដល់ឆ្នាំ១៩៨០ សុផាន បានត្រឡប់មកស្រុកកំណើតវិញ និងបាននៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ជាថ្មីម្ដងទៀត៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ឯកសារលេខ KRI0048. សម្ភាសន៍ជាមួយ អ៊ី សុផាន ដោយ ឡុង ដានី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] យោងតាម បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ «១៩៧៦-១៩៧៨». មជ្ឈមណ្ឌលឯកសារកម្ពុជា. «អឿន ត្រូវបានចាប់ខ្លួនទៅ គុកទួលស្លែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៧៧ និងសម្លាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៧៧».
[3] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥
[4] ផាត កុសល. (លេខ៤ ខែមេសា ឆ្នាំ២០០០). ទស្សនាវដ្ដីស្វែងរកការពិត. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤
[5] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៣
[6] អេលីហ្សាបែត ប៊េកខ័រ. (២០០៥). នៅពេលដែលសង្រ្គាមរលត់ទៅ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤១២-៤១៣
[7] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤ «ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។»