ផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩ ជំរុញឲ្យ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត-៥ ក្បត់បក្សដោយមិនដឹងខ្លួន!

«…បញ្ហាក្បត់បក្ស កើតជាទំនាស់មិនអស់មិនហើយនៅក្នុងខ្លួនខ្ញុំ។ ស្មុគស្មាញជាប់! នៅតែមិនដាច់ខាតរាយការណ៍ជូនបក្ស! ចេះតែខំបៀម សំងំទុកក្នុងខ្លួន បណ្តោយឲ្យខ្មាំងកៀបសង្កត់ប្រើតទៅទៀត។» នេះជាកំណត់ហេតុរបស់ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត៥ សរសេរក្នុងឯកសារមានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨។[1]
គុន ត្រូវអង្គការឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ ដោយមូលហេតុជាប់ពាក់ព័ន្ធក្នុងផែនការក្បត់បក្សជាមួយកម្មាភិបាលក្បត់ដទៃទៀត ដែលជាកម្មាភិបាលគ្រប់គ្រងរោងចក្រតម្បាញរដ្ឋរបស់ខ្មែរក្រហម។ ប្តីរបស់ គុន ឈ្មោះ អ៊ិន លន ហៅ សមមិត្ត ណាត ជាអតីតប្រធានមន្ទីរ ស-២១ និងជាកម្មាភិបាលបម្រើការផ្នែកនយោបាយនៃក្រសួងការបរទេសខ្មែរក្រហម ក៏ត្រូវអង្គការចាប់ខ្លួនដែរ ក្រោមមូលហេតុបីផ្សេងគ្នា៖ ១) ធ្វេសប្រហែសក្នុងការអនុវត្តកិច្ចការងារផ្លូវរដ្ឋជាមួយបណ្តាប្រទេសជាមិត្ត ដែលនាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យបាត់បង់ទំនុកចិត្តពីបណ្តាប្រទេសទាំងនោះ[2], ២) មិនគោរពបទបញ្ជារបស់ថ្នាក់លើក្នុងការបោសសម្អាតខ្មាំងនៅក្នុងកងពល២៩០ និង ៣) ខកខានមិនបានប្រគល់បញ្ជីឈ្មោះដែលត្រូវកម្ទេចទៅឲ្យ សមមិត្ត រ៉ែន តាមបញ្ជារបស់ សុន សេន[3]។ គាត់ត្រូវបានបញ្ចូនទៅកាន់មន្ទីរ ស-២១ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគាត់ត្រូវបានសម្លាប់ចោល។[4]
នៅក្នុងឯកសារសរសេរដោយដៃចំនួន៩ទំព័រ មានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» គុន បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះសកម្មភាពរបស់គាត់ ដែលបានចូលរួមពាក់ព័ន្ធក្នុងផែនការក្បត់បក្សដោយមិនដឹងខ្លួន បន្ទាប់ពីបានចូលរួមប្រជុំជាមួយ អន នៅចុងខែឧសភា ឆ្នាំ១៩៧៨ រួចមក។ អន មានឈ្មោះពេញ ចេង អន ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ខ្មែរក្រហម។[5]
គុន បានរំឭកថា គាត់បានទទួលលិខិតអញ្ជើញមួយច្បាប់ពីនីរសារមន្ទីរឧស្សាហកម្ម នៅវេលាម៉ោង៦កន្លះព្រឹកព្រលឹម ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៧៨ ប្រាប់ឲ្យទៅចូលរួមប្រជុំនៅក្នុងផ្ទះមួយស្ថិតនៅទល់មុខមន្ទីរឧស្សាហកម្ម។ អង្គប្រជុំ បានចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹកថ្ងៃដដែល។ អន ដែលជាប្រធានអង្គប្រជុំ បានសំណេះសំណាល និងសួរសុខទុក្ខដល់សមាជិកអង្គប្រជុំដែលជាប្រធាន និងអនុប្រធានរោងចក្រតម្បាញទាំងអស់ ព្រមទាំងបានចំណាយពេលវេលាបន្តិចបន្តួច ពិភាក្សាអំពីសកម្មភាពការងារនៅក្នុងរោងចក្រនីមួយៗ។ បន្ទាប់មក អន បានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីពិភាក្សា បញ្ចុះបញ្ចូល និងណែនាំពីផែនការធ្វើរដ្ឋប្រហារនៅរដូវប្រាំងក្នុងឆ្នាំ១៩៧៨-១៩៧៩ ជាមួយសមាជិកអង្គប្រជុំទាំងអស់។ គុន បានរៀបរាប់ថា ការលើកយកផែនការធ្វើរដ្ឋប្រហារនៅរដូវប្រាំងមកពិភាក្សាក្នុងអង្គប្រជុំ បានធ្វើឲ្យសមាជិកអង្គប្រជុំភាគច្រើនភ្នាក់ផ្អើល និងមិននឹកស្មានដល់។ សមាជិកអង្គប្រជុំខ្លះបានបង្ហាញសេចក្តីព្រួយបារម្ភខ្លាចបែកការណ៍សម្ងាត់ពីផែនការនេះដល់អង្គការ។ អ្នកខ្លះទៀតព្រួយបារម្ភពីការរៀបចំកម្លាំង សម្ភារ អាវុធយុទ្ធភ័ណ្ឌ និងយុទ្ធសាស្ត្រដើម្បីឲ្យផែនការរដ្ឋប្រហារនេះទទួលបានជោគជ័យ។ ចំណែក គុន វិញ ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងលទ្ធផលចុងក្រោយនៃការចូលរួមក្នុងផែនការក្បត់។
អង្គប្រជុំបានបញ្ចប់ទៅនៅព្រឹកថ្ងៃដដែល។ គុន មានអារម្មណ៍វិលវល់ ស្មុគស្មាញ និងភិតភ័យជាខ្លាំង ព្រោះដឹងច្បាស់ថា គាត់មិនអាចបដិសេធន៍ ឬដកខ្លួនចេញពីផែនការនេះបាន។ គុន និយាយថា «ទោះបីជាខ្ញុំនៅមានជំហរកម្មសិទ្ធិឯកជនក្រាស់យ៉ាងណាក្តី ក៏ខ្ញុំនៅតែភ័យត្រជាក់ដៃជើងដែរ ព្រោះបញ្ហានេះមិនមែនរឿងតូចតាចទេ។ គឺជារឿងក្បត់ជាតិ ក្បត់បក្ស តែបើបានលង់ខ្លួនទៅហើយ មិនហ៊ានហើបមាត់ទេ។ ម៉្យាងខ្លាចបក្សដឹង! ម៉្យាងខ្លាចកម្លាំងក្បត់! ព្រោះខ្លួននៅក្រោមការដឹកនាំផ្ទាល់របស់ពួកនេះ។» ការព្រួយបារម្ភនេះ បានធ្វើឲ្យ គុន នឹកគិតដល់ទំនាក់ទំនងល្អជាមួយមេដឹកនាំជាន់ខ្ពស់បក្ស ដែលធ្លាប់បានផ្តល់ដល់គាត់នូវការជឿទុកចិត្ត ការសណ្តោសប្រណី ការផ្តល់ក្តីស្រឡាញ់ ការអប់រំណែនាំ និងការបង្ហាត់បង្រៀននាពេលកន្លងមក។ «…ចាប់តាំងពីថ្ងៃរំដោះមក ខ្ញុំធ្លាប់ទទួលបានការអប់រំពីអ៊ុំទី១និងអ៊ុំទី២ ដោយផ្ទាល់ក្នុងសាលាបក្ស និងតាមរយៈអង្គមិទ្ទិញ ឬការប្រជុំរៀនសូត្ររយៈ ពេលមួយព្រឹកក្តី មួយថ្ងៃក្តី។ ខ្ញុំឃើញច្បាស់នូវមនោសញ្ចេតនារបស់អ៊ុំចំពោះជាតិ ចំពោះប្រជាជន។ [ខ្ញុំ]ឃើញនូវអាកប្បកិរិយារបស់អ៊ុំ ចាស់ទុំ នឹងន៎ ស្លូតបូត គួរឲ្យពេញចិត្តក្រៃលែង។»
ពេលវេលាជាបន្តបន្ទាប់មកទៀត គុន បានចូលរួមប្រជុំពីផែនការក្បត់បក្សជាហូរហែរ មុនពេលដែលគាត់ត្រូវអង្គការផ្លាស់ប្តូរការងារឲ្យទៅធ្វើការនៅក្រសួងការបរទេស។ គុន បាននិយាយថា កិច្ចប្រជុំ គ្រប់ពេល គឺផ្តោតលើការជ្រើសរើសកម្លាំងបន្ថែម ការត្រៀមស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ក្នុងពេលធ្វើរដ្ឋប្រហារ និងការអប់រំសតិអារម្មណ៍ឲ្យស្អប់ខ្ពើមបក្ស ហើយងាកមកជឿទុកចិត្តលើរបបថ្មីមួយដែល ដណ្តើមបានក្រោយពីរដ្ឋប្រហារនាពេលខាងមុខ។ គុន បានប្រាប់នៅក្នុងសំណេរដដែលនេះថា គ្រប់ពេលដែលមានការអញ្ជើញឲ្យចូលរួមប្រជុំ គាត់មិនចង់ចូលរួមឡើយ ប៉ុន្តែគាត់ក៏មិនអាចគេចវេះបានដែរ។ ទីបំផុត គុន បានស្តាប់ និងអនុវត្តតាមការណែនាំរបស់ អន ទាំងអស់ ទាំងការជ្រើសរើសកម្លាំងក្បត់បន្ថែម ការរៀបចំស្បៀងបម្រុងទុក និងការអនុវត្តផែនការក្បត់នានាជាមួយកម្មាភិបាល និងកម្មករនៅក្នុងរោងចក្រតម្បាញដែលគាត់គ្រប់គ្រង។
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៧៨ គុន ត្រូវអង្គការផ្លាស់ឲ្យទៅធ្វើការនៅក្រសួងការបរទេសវិញ។ គាត់ត្រេកអរចំពោះការផ្លាស់ប្តូរនេះ និងគិតថាគាត់លែងបានចូលរួមប្រជុំរឿងផែនការក្បត់ទៀតហើយ។ នៅក្នុងក្រសួងការបរទេស គុន ខិតខំបម្រើការងារយ៉ាងពេញដៃពេញជើង និងលះបង់ចោលការចូលរួម ឬការអនុវត្តសកម្មភាពនានា ទាក់ទងនឹងផែនការរដ្ឋប្រហារដែលគាត់ធ្លាប់ធ្វើពីមុនមក។ «ពេលខ្ញុំទៅនៅមន្ទីរ ប-១(ក្រសួងការបរទេស) ខ្ញុំរីករាយនិងធូរស្រាលក្នុងចិត្តក្រៃលែង។ ឃើញអ្វីៗដែលនៅជុំវិញខ្លួន ចេះតែល្អទាំងអស់។» ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីក្រោយមក គុន ឧស្សាហ៍ជួបជជែកគ្នាជាមួយកម្មាភិបាលដឹកនាំនៅរោងចក្រតម្បាញម្នាក់ឈ្មោះ មិត្ត វ៉ុន។ តាំងពីពេលនោះមក គុន គិតថាគាត់នៅតែជាប់ពាក់ព័ន្ធនឹងផែនការក្បត់នេះដដែល។ ឧទាហរណ៍ នៅចុងខែកក្កដា ដើមខែកញ្ញា និងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ១៩៧៨ សមមិត្តនារី វ៉ុន ជាប្រធានរោងចក្រតម្បាញ ត១ បានស្កាត់មកជួប គុន ក្នុងពេលដែល គុន ចេញពីធ្វើការនៅក្រសួងការបរទេស។ រាល់ជំនួបទាំងបីលើក វ៉ុន តែងតែលើកយកផែនការរដ្ឋប្រហារមកនិយាយប្រាប់ គុន ហើយបានក្រើនរំឭក គុន កុំឲ្យធ្វេសប្រហែសពីការងារប្រមូលកម្លាំង និងព្យាយាមតភ្ជាប់ខ្សែរយៈឡើងវិញ។ គ្រប់ពេលដែល វ៉ុន ចាកចេញទៅ គុន ព្រួយបារម្ភកាន់តែខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងកូនតូចក្នុងបន្ទុក ព្រោះគាត់បានដឹងព័ត៌មានជាហូរហែរពីការចាប់ខ្លួន និងបោសសម្អាតខ្មាំងនៅក្រុងភ្នំពេញ ភូមិភាគបូព៌ា ភូមិភាគពាយ័ព្យ ភូមិភាគឧត្តរចាស់ និងភូមិភាគឧត្តរថ្មី។
តាំងពីពាក់កណ្តាលឆ្នាំ១៩៧៨មក ព្រឹត្តិការណ៍បោសសម្អាតជនក្បត់បក្សនៅភូមិភាគបូព៌ា នៅភ្នំពេញ និងនៅភូមិភាគផ្សេងទៀត បានកើតឡើងជារៀងរាល់ថ្ងៃ។ កម្មាភិបាលខ្មែរក្រហមរាប់ពាន់នាក់ ត្រូវបានចាប់ខ្លួននិងបញ្ជូនមកកាន់មន្ទីរស-២១ ដើម្បីសួរចម្លើយ និងសម្លាប់យ៉ាងរង្គាល។ ចម្លើយសារភាពរបស់កម្មាភិបាលក្បត់ទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើននាក់ជាប់ពាក់ព័ន្ធនឹងខ្លួន ហើយអ្នកទាំងនោះត្រូវបានស្វែងរកចាប់ខ្លួន និងបញ្ជូនជាបន្តបន្ទាប់មកកាន់មន្ទីរ ស-២១ដែរ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ គុន បានដឹងដំណឹងតាម ហៀង ជាកម្មាភិបាលនៅមន្ទីរប-១ ថា អន (ចេង អន) និង វន (វន វ៉េត) ត្រូវអង្គការចាប់ខ្លួនបាត់ទៅហើយ។ ដំណឹងនេះ បានធ្វើឲ្យ គុន កាន់តែព្រួយបារម្ភថែមទៀត ព្រោះថា អន ជាថ្នាក់លើរបស់ខ្លួនពីមុនមក ហើយ អន បានស្គាល់កម្មាភិបាលនៅក្នុងរោងចក្រតម្បាញទាំងអស់។ ចេង អន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំឃាំងនៅមន្ទីរ ស-២១ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៧៨។[6] គាត់ត្រូវក្រុមសួរចម្លើយនៅមន្ទីរ ស-២១ សួរចម្លើយពីរលើក។ លើកទីមួយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧៨ និងលើកទីពីរ នៅថ្ងៃទី៥ ខែឆ្នាំដដែល។[7]
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧៨ គុន ត្រូវអង្គការឃាត់ខ្លួន ហើយរហូតដល់ថ្ងៃទី១០ ខែធ្នូ ទើបគាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ស-២១។ កន្លះខែក្រោយមក គុន ត្រូវសមមិត្តនារី នី ជាសមាជិកក្រុមសួរចម្លើយនៅមន្ទីរ ស-២១ ស្នើសុំឲ្យសរសេរចម្លើយសារភាព «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំង ឆ្នាំ១៩៧៨-១៩៧៩»។

អ៊ា នឹម ហៅ គុន ពុំមានឈ្មោះក្នុងបញ្ជីអ្នកទោសដែលត្រូវកម្ទេចរបស់មន្ទីរ ស-២១
ប្រធានមន្ទីរ ស-២១ កាំង ហ្គេកអ៊ាវ ហៅ ឌុច បានបញ្ជាក់ថា អ្នកទោសដែលជាកម្មាភិបាលខ្មែរក្រហមមានឋានៈមធ្យម និងខ្ពស់ ដែលត្រូវបានចាប់ខ្លួនយកមកដាក់ឃុំឃាំងនៅក្នុងមន្ទីរ ស-២១ គឺមានទាំងប្រពន្ធ និងកូនផង។[8] ខណៈដែល គុន ត្រូវអង្គការឃាត់ខ្លួននៅដើមខែធ្នូ ឆ្នាំ១៩៧៨ ប្តីរបស់គាត់ឈ្មោះ អ៊ិន លន ហៅ ណាត ក៏ត្រូវអង្គការចាប់ខ្លួននៅរយៈពេលជាង១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៨។ ឯកសារបញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេចចំនួនបីឯកសារ មានជាង៦០០ទំព័រ[9] បានបង្ហាញឲ្យឃើញពីការចាប់ខ្លួនមនុស្សជាច្រើនពាន់នាក់ ពាក់ព័ន្ធនឹងការរៀបចំផែនការក្បត់អង្គការ ហើយអ្នកទោសខ្លះមានទាំងប្តី និងប្រពន្ធកូនផង។ឧទាហរណ៍ បញ្ជីរាយនាមកម្មាភិបាលជាន់ខ្ពស់របស់ ប៉ុល ពត និងបញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេចឆ្នាំ១៩៧៨ បានបង្ហាញឲ្យឃើញពីការចាប់ខ្លួនយោធាជាន់ខ្ពស់ខ្មែរក្រហមជាប្តីនិងប្រពន្ធនៅកងពល៧០៣ ចំនួន១០គូ មកដាក់ឃុំឃាំងនៅក្នុងមន្ទីរ ស-២១ ហើយអ្នកទាំងនោះត្រូវបានកម្ទេចចោលនៅក្នុងឆ្នាំ១៩៧៨។[10] ឌុច បានបញ្ជាក់នៅក្នុងអង្គសវនាការលើសំណុំរឿង០០១ថា នៅឆ្នាំ១៩៧៨ មន្ទីរ ស-២១ បានទទួលអ្នកទោសដែលជា កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលបានចាប់ខ្លួននៅភ្នំពេញ ភូមិភាគបូព៌ា ភូមិភាគពាយព្យ ភូមិភាគឧត្តរចាស់ និងភូមិភាគឧត្តរថ្មី ចំនួន២៥នាក់ ហើយអ្នកទាំងនោះត្រូវដាក់ឃុំឃាំងនៅក្នុងគុកពិសេសដាច់ពីអ្នកទោសឯទៀតនៅមន្ទីរ ស-២១។[11] ក្នុងចំណោមប្តីប្រពន្ធទាំង១០គូ និងអ្នកទោសសំខាន់ៗទាំង២៥នាក់ដែលជាប់ឃុំឃាំង ពុំមានឈ្មោះ អ៊ា នឹម ហៅ គុន នៅក្នុងនោះឡើយ។ ហ៊ុយ វណ្ណៈ បានសន្និដ្ឋាននៅក្នុងសំណេររបស់ខ្លួនថា អ៊ា នឹម ហៅ គុន ជាប្រពន្ធរបស់ អ៊ិន លន ហៅ ណាត និង ជា សំអាត ជាប្រពន្ធរបស់ សុន ទី ហៅ ទាញ អតីតភស្តុភាសេនាធិការ គឺមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេចក្នុងឆ្នាំ១៩៧៨ ឡើយ។[12] នៅចុងសន្លឹកទំព័រទី៤៩ នៃចម្លើយសារភាពរបស់ខ្លួន សុន ទី ហៅ ទាញ បានសរសេរអក្សរល្អិតៗនៅចំហៀងលិខិតដែលគាត់សរសេរផ្ញើទៅលេខាបក្សថា «ប្រពន្ធខ្ញុំ និងប្រពន្ធ ណាត អត់ដឹងអីទេបង!។»[13] សុន ទី ហៅ ទាញ ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨[14] ជាថ្ងៃដែល គុន ត្រូវអង្គការបញ្ជូនទៅដល់មន្ទីរ ស-២១។ នៅក្នុងអង្គសវនាការសួរដេញដោលក្នុងករណីសំណុំរឿង ០០១ ឌុច បានបញ្ជាក់ពីទំនាក់ទំនងការងារនៅក្នុងមន្ទីរ ស-២១ រវាងគាត់ សុន សេន និង នួន ជា ស្តីពីការដាក់បញ្ចូលឈ្មោះអ្នកទោសទៅក្នុងបញ្ជីកម្ទេច និងដកឈ្មោះអ្នកទោសឬអ្នកជាប់ពាក់ព័ន្ធមួយចំនួន ចេញពីបញ្ជីកម្ទេច។[15] ឌុច បានទទួលបញ្ជាពី សុន សេន និង នួន ជា ឲ្យដកឈ្មោះ ឬលុបឈ្មោះអ្នកទោសណាដែលនៅក្នុងចម្លើយសារភាពរបស់អ្នកនោះ មាននិយាយពាក់ព័ន្ធ ឬប៉ះពាល់ដល់កម្មាភិបាលដែលមានឋានៈខ្ពស់ៗដូចជា ខៀវ សំផន, សុន សេន និង អៀង សារី។[16] ករណីមួយទៀតដែល នួន ជា ព្រមាន ឌុច ឲ្យចេះពីរបៀបរបបធ្វើការនៅក្នុងមន្ទីរ ស-២១ គឺទាក់ទងនឹងការស្នើសុំយោបល់សម្រេចពី នួន ជា ដោយ ឌុច អំពីថាតើគួរដាក់ឈ្មោះបញ្ចូល ឬមិនដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកទោស ចំពោះការឆ្លើយដាក់ឈ្មោះ ពឿន ដែលត្រូវជាកូនប្រសាររបស់ អៀង សារី ថាបានជាប់ពាក់ព័ន្ធនឹងផែនការក្បត់បក្ស។ នួន ជា បានប្រាប់ ឌុច ឲ្យដាក់បញ្ជាទៅក្រុមអ្នកសួរចម្លើយ កុំឲ្យរវីរវល់ ឬលុបចោលរាល់ចម្លើយដែលបានឆ្លើយដាក់ ពឿន។[17] ស្រដៀងគ្នានេះដែរ នៅពេលដែល ខៀវ សំផន ត្រូវបានអ្នកទោសផ្សេងទៀតឆ្លើយដាក់នៅក្នុងចម្លើយសារភាព ហើយ ឌុច បានរាយការណ៍ប្រាប់ទៅ នួន ជា ឌុច ត្រូវបានស្តីបន្ទោស ហើយគាត់ក៏ទទួលបញ្ជាឲ្យដកឈ្មោះ ខៀវ សំផន ចេញពីចម្លើយសារភាពដែរ។[18]
អ៊ា នឹម ហៅ គុន គឺជាកម្មាភិបាលជាន់ខ្ពស់នៅក្នុងរោងចក្រតម្បាញ ត៥។[19] គាត់បាននិយាយនៅក្នុងឯកសារ «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩»ថា គាត់មានមនោសញ្ចេត នាជ្រាលជ្រៅជាមួយ ប៉ុល ពត និង នួន ជា ទាំងជីវិតគ្រួសារ និងការងារ។ តាមរយៈឯកសារនេះ គុន បានបង្ហាញថា គាត់មិនមានចេតនាក្បត់អង្គការឡើយ ជាពិសេសក្បត់ ប៉ុល ពត និង នួន ជា។ គុន បានសម្តែងការសោកស្តាយចំពោះការចូលរួមក្នុងសកម្មភាពធ្វើរដ្ឋប្រហារដោយមិនដឹងខ្លួន និងមានគោលបំណងដកខ្លួនចេញពីផែនការនេះទៀតផង។ គុន ត្រូវបានបញ្ជូនខ្លួនទៅដល់មន្ទីរ ស-២១ នៅជិតពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨។ ក្រៅពីឯកសារខាងលើ និងឯកសារ «ពិនិត្យប្រវត្តិរូបបដិវត្ត» របស់ គុន គឺពុំមានឯកសារណាផ្សេងទៀតទេ ដែលត្រូវបានរកឃើញពាក់ព័ន្ធនឹង អ៊ា នឹម ហៅ គុន។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏នៅចំពោះមុខអង្គសវនាការក្នុងសំណុំរឿង ០០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឌុច បានទទួលស្គាល់ថា ចំនួនអ្នកទោសដែលយកទៅសម្លាប់មានចំនួនច្រើនជាងអ្នកទោស ដែលមានឈ្មោះនៅក្នុង «បញ្ជីកម្ទេច» ធ្វើឡើងដោយកម្មាភិបាលមន្ទីរ។[20]
តាមរយៈអំណះអំណាងខាងលើ គុន អាចត្រូវបានដោះលែងចេញពីមន្ទីរ ស-២១ វិញ ដោយ សារមនោសញ្ចេតនាបុគ្គលរវាងមេដឹកនាំកំពូល ជាពិសេស នួន ជា ជាមួយនឹង គុន និងគាត់អាចត្រូវបានសម្លាប់ចោលនៅជើងឯកជាមួយប្តីគាត់ ដោយពុំមានការសួរចម្លើយ និងពុំបានចុះឈ្មោះក្នុងបញ្ជីកម្ទេច ដោយសារតែពេលវេលាតិចពេក ឬមានអ្នកទោសច្រើនពេកដែលត្រូវកម្ទេចចោល មុននឹងរបបខ្មែរក្រហមដួលរលំទាំងស្រុងនៅដើមខែមករា ឆ្នាំ១៩៧៩។
ប្រវត្តិរូបសង្ខេប អ៊ា នឹម ហៅ គុន[21]
អ៊ា នឹម កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៤៣ នៅសង្កាត់លេខ ៣ ក្រុងភ្នំពេញ។ នឹម មានឪពុកឈ្មោះ អ៊ា ឆូយ និងម្តាយឈ្មោះ ប្រាក់ ហេង។ ឪពុក នឹម មានមុខរបរជាកម្មករក្នុងទីក្រុង និងបានចូលរួមបម្រើបដិវត្តន៍ដោយសារតែការស្រឡាញ់មាគ៌ាបដិវត្តន៍។ នឹម មានបងប្អូនបង្កើត៥នាក់។ បងប្រុសស្រីទាំង៤នាក់របស់គាត់ គឺជាសាស្ត្រាចារ្យ គ្រូបង្រៀន ពេទ្យ និងមេផ្ទះ។ នឹម ជានិស្សិតរៀននៅមហាវិទ្យាល័យ អក្សរសាស្ត្រ។ គាត់ទទួលបានសញ្ញាបត្រផ្នែកអក្សរសាស្ត្រ សិល្បៈ និងវេយ្យាករណ៍ខ្មែរ ព្រមទាំងបានបម្រើការជាសាស្ត្រាចារ្យទុតិ្តយភូមិ មុនពេលដែលគាត់ចូលបម្រើក្នុងចលនាបដិវត្តន៍ខ្មែរក្រហម។ នឹម បានរៀបការជាមួយ អ៊ិន លន ហៅ សមមិត្ត ណាត ជាអតីតប្រធានកងពល១២ ជាប្រធានមន្ទីរ ស-២១ និងជាកម្មាភិបាលបម្រើការនៅក្នុងផ្នែកនយោបាយនៅក្រសួងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មុនចូលបម្រើក្នុងជួរបដិវត្តន៍ នឹម មានអត្តចរិកស្លូតបូត សុភាពរាបសារ អំណត់ ទុយមុយមិនសូវនិយាយស្តី និងចូលចិត្តភាពស្ងប់ស្ងាត់។ គាត់ក៏ជាមនុស្សទន់ខ្សោយ គ្មានកម្លាំង និងមិនចូលចិត្តអំណួត។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦៨ នឹម បានចូលបម្រើបដិវត្តន៍នៅក្រុងភ្នំពេញ តាមរយៈ សាខន ដោយមូលហេតុស្អប់ខ្ពើមពួកសក្តិភូមិ និងឈឺចាប់ចំពោះការកាប់សម្លាប់អ្នកស្នេហាជាតិ។ នឹម មានឈ្មោះបដិវត្តន៍ថា គុន។ តាំងពីបានចូលបម្រើបដិវត្តន៍រួចមក គុន បានកែប្រែអត្តចរិករបស់ខ្លួន ទៅជាមនុស្សរួសរាយរាក់ទាក់ រឹងមាំ និងចូលចិត្តការងារពលកម្ម។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧០ គុន ត្រូវសមមិត្ត អាំ ជ្រើសរើសឲ្យធ្វើជាប្រធានសមាគមនារី កម្ពុជាប្រជាធិបតេយ្យ (សនកប) នៅក្នុងក្រុងភ្នំពេញ។ គុន ឯកភាពធ្វើកិច្ចការនេះ ដោយសារតែគាត់ពិនិត្យឃើញថាសមាគមន៍នេះល្អ និងមានឧត្តមគតិស្នេហាជាតិប្រជាជន។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២ គុន បានចូលជាសមាជិកអង្គការបក្ស នៅក្នុងមន្ទីរ ៣០៥ តាមរយៈការឧទ្ទេសនារបស់ សុន ទី ហៅ ទាញ។ ក្រោយមកទៀត គុន បានទទួលតំណែងជាអនុប្រធានរោងចក្រតម្បាញ ត៥ រហូតដល់ថ្ងៃឃាត់ខ្លួននៅចុងឆ្នាំ១៩៧៨៕
អត្ថបទដោយ ផេង ពង្សរ៉ាស៊ី
[1] ឯកសារលេខ D59002 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩»។ ទំព័រ ៥-៧។
[2] ឡុង ដានី, «អ៊ិន លន មានទោសប្រហារជីវិតដោយសារដេកលក់ជ្រុលម៉ោង ខកខានក្នុងការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីអំពីជម្លោះសាហារ៉ាប៉ែកខាងលិចនៅឆ្នាំ១៩៧៨», ទស្សនាវដ្តីស្វែងរកការពិត, លេខ ២១៨, ខែកុម្ភៈ ឆ្នាំ២០១៨, ទំព័រ៣១-៣២។
[3] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ ៧០៣៖ ពីជ័យជម្នះទៅការបំផ្លាញខ្លួនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣), ទំព័រ ១៤២។
[4] ឯកសារលេខ K07521 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង»។
[5] ឯកសារ Y00117 ។ ឯកសារនេះ មិនមានតម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាទេ ប៉ុន្តែមានចុះបញ្ជីនៅក្នុងបញ្ជីឯកសារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
[6] ឯកសារ B10536 ។ ឯកសារនេះ មិនមានតម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាទេ ប៉ុន្តែមានចុះបញ្ជីនៅក្នុងបញ្ជីឯកសារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
[7] ដូចខាងលើ។
[8] Huy Vannak, The Khmer Rouge Division 703: From Victory to Self-Destruction (Phnom Penh: Documentation Center of Cambodia, 2003), p.85.
[9] ឯកសារលេខ D21897, D21898 និង D21899 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារ D21897 មានចំណងជើង «បញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេចពីខែ៩ (កញ្ញា) ដល់ខែ (ធ្នូ) ឆ្នាំ១៩៧៦» មានចំនួន ១៤៥ទំព័រ។ ឯកសារ D21898 មានចំណងជើង «បញ្ជីឈ្មោះអ្នកទោសកម្ទេចឆ្នាំ១៩៧៧» មានចំនួន ២៤៥ទំព័រ និងឯកសារ D21899 មានចំណងជើង «បញ្ជីរាយនាមកម្មាភិបាលជាន់ខ្ពស់របស់ ប៉ុល ពត និងបញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេចឆ្នាំ១៩៧៨» មានចំនួន ២៦៦ទំព័រ។
[10] ឯកសារលេខ D21899 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «បញ្ជីរាយនាមកម្មាភិបាលជាន់ខ្ពស់របស់ ប៉ុល ពត និងបញ្ជីឈ្មោះអ្នកទោសដែលត្រូវកម្ទេច នៅឆ្នាំ១៩៧៨»។
[11] សាលក្រមរបស់អង្គជំនុំជម្រះនៃ អ.វ.ត.ក. ករណី កាំង ហ្គេចអ៊ាវ ហៅ ឌុច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។ E188, កថាខណ្ឌ ២២៥៦, ទំព័រ ១៩៩១-១៩៩២។
[12] Huy Vannak, The Khmer Rouge Division 703: From Victory to Self-Destruction (Phnom Penh: Documentation Center of Cambodia, 2003), p.85.
[13] ឯកសារលេខ D07377 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សុន ទី ហៅ ទាញ ភស្តុភាសេនាធិការ៖ ខ្ញុំសូមរាយការណ៍អំពីការទាក់ទងរបស់ខ្ញុំជាមួយ កន»។ ទំព័រ៤៩។
[14] ឯកសារ K07396 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង»។
[15] សាលក្រមរបស់អង្គជំនុំជម្រះនៃ អ.វ.ត.ក. ករណី កាំង ហ្គេចអ៊ាវ ហៅ ឌុច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។ E188, កថាខណ្ឌ ២២២៦, ទំព័រ ១៩៥៩។
[16] ដូចខាងលើ។
[17] ដូចខាងលើ។ កថាខណ្ឌ ២២២៧, ទំព័រ ១៩៦១។
[18] ដូចខាងលើ។ កថាខណ្ឌ ២២២៨, ទំព័រ ១៩៦១។
[19] ឯកសារលេខ I02354 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ពិនិត្យប្រវត្តិរូបបដិវត្ត៖ សមមិត្តនារី គុន ឧស្សាហកម្ម»។
[20] ដូចខាងលើ។ កថាខណ្ឌ ២០៨, ទំព័រ ១២៨។
[21] ឯកសារលេខ I02354 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ពិនិត្យប្រវត្តិរូបបដិវត្ត៖ សមមិត្តនារី គុន ឧស្សាហកម្ម»។