ឯក ផាត៖ សម្តេចឪជួយគ្រួសារខ្ញុំ ក្នុងគ្រាដែលផ្ទះខ្ញុំបាក់ធ្លាក់ចូលទឹកទន្លេ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯក ផាត[1]​ ភេទ​ប្រុស​ អាយុ​៨៧​ឆ្នាំ ​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​​ព្រែក​ឯង ​ឃុំ​ព្រែក​ឯង​ ស្រុក​ព្រែកឯង​ ខេត្ដ​កណ្ដាល​។ ​បច្ចុប្បន្ន​នេះ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំថ្លាត​ ស្រុក​អន្លង់វែង ​ខេត្ដ​ឧត្ដរ​មានជ័យ។

«ខ្ញុំ​គឺជាកូនទី​២ក្នុងចំណោម​បងប្អូន​ចំនួន​៣នាក់​ (ប្រុស​២នាក់ និងស្រី១នាក់​)។ ឪពុក​ម្ដាយ​​របស់​ខ្ញុំ​​គឺជាកសិករ និងមាន​ជីវភាព​​សមរម្យ​។​ ​ក្រោយ​មក​​ ក្រុម​​គ្រួ​សារ​របស់​ខ្ញុំ​ និងប្រជាជន​រស់នៅតាម​​ច្រាំង​ទន្លេ​បានជួប​​ទុក្ខលំបាក​ដោយសារ​ផ្ទះបាន​បាក់ចូលទៅក្នុង​ទន្លេ។​​ ថ្ងៃនោះគឺចំពេលនៃ​ពិធី​បុណ្យ​​អក​អំបុក​សំពះ​ព្រះ​ខែ ដែល​សម្ដេច​នរោត្ដម​ សីហនុ បានរៀបចំ​ពិធីធំមួយនៅ​​​មុខ​ព្រះ​បរមរាជ​វាំង​ ឯ​រាជធានី​​ភ្នំពេញ។ អ្នកភូមិ​របស់​យើង​បាន​ចូល​រួម​​ស្ងាត់​ភូមិ​ទាំងចាស់ទាំងក្មេង​ទៅកុះករ។ អ្នកខ្លះ​ដើរថ្មើរជើង ខណៈ​ដែល​អ្នកខ្លះទៀតជិះរទេះគោ ឬ​រទេះសេះ​។ យើងបាន​ប្រើប្រាស់​ចង្កៀ​ងប្រេង​កាត​ ដើម្បី​បំភ្លឺ​ផ្លូវ។​ នៅពេលម៉ោង​៤កន្លះ​ ប្រជាជនក៏​បានជួបនូវ​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល ​ហើយ​​នាំ​គ្នាយំ​​ស្រែក​សោកស្ដាយ ដោយ​​សារ​ផ្ទះ​របស់​ខ្លួ​ន​​បាក់​ច្រាំង​ទន្លេ​ចូលទៅក្នុងទឹក​។​ សម្ដេច​ព្រះ​នរោត្ដម សីហនុ ក៏ទទួលបាន​ដំណឹង​នេះ។ ព្រះ​អង្គ​បាន​​យាង​ទៅ​ពិនិត្យ​​មើលផ្ទាល់នូវ​ប្រជា​រាស្រ្ដ​ព្រះ​អង្គ​ដែល​​ទទួល​រង​គ្រោះ។ ព្រះអង្គបាន​ផ្ដល់​ដី​សម្បទាន​​ថ្មី និង​ឧបត្ថម្ភថវិកា​ចំនួន​​​​២លាន​រៀល​ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ក្រុម​គ្រួសារ​​នីមួយៗ​​។

​រយៈ​ពេលបួន​​ថ្ងៃ​ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​រស់​នៅ​ជា​មួយឪពុកមា​របស់​ខ្ញុំ​នៅ​ឯ​ខេត្ដ​ស្វាយរៀង។ ខ្ញុំ​​បាន​បួស​ជាសង្ឃ​នៅសាលាបាលី​ អស់​​រយៈ​ពេល​១៤ឆ្នាំ នៅវត្ដតាជ័យ​​​។ ​បន្ទាប់​មក​ ខ្ញុំ​​បា​ន​បន្ដ​ការ​សិក្សា​នៅ​ពុទ្ធិក​មហា​វិទ្យាល័យ​នៅ​ឯ​ទីក្រុង​ភ្នំ​ពេញជាមួយ​នឹង​ព្រះ​សង្ឃ​ចំនួន​២អង្គទៅ​ពីខេត្ដ​ស្វាយរៀង​ ​ដោយ​ខ្ញុំ​ផ្ទាល់​គង់​នៅ​វត្ដ​លង្កា​ព្រះ​កុសុមារាម​។ នៅទីនោះ​ ខ្ញុំធ្លាប់ទេស​នា​ដាក់​ប៉ុស្ដិ៍​វិទ្យុ​បាន​​ចំនួន​២ដង​។ ក្រោយ​មក​ សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត បាន​មន្ដព្រះសង្ឃចំនួន​៣អង្គ​ដែល​រៀន​ពូកែៗ​រួម​ទាំង​​ខ្ញុំ​ផង​​ទៅ​គង់​​នៅ​​​វត្ដ​​ឧណ្ណា​លោម​វិញ។

នៅ​សល់​តែ​រយៈពេល​៤​ខែ​ទៀតប៉ុណ្ណោះ​​ ​យើង​នឹង​បញ្ចប់​ការ​សិក្សា​នៅពុទ្ធិក​មហា​វិទ្យាល័យ ប៉ុន្ដែ​ព្រឹត្ដិការណ៍​រដ្ឋប្រហារបានចូលមកដល់។ ​សាមណ​និស្សិត​​ប្រមាណ​៨​ពាន់​អង្គ​ក៏​បាន​នាំ​គ្នា​សឹក​ទៅតាម​ការ​​ឃោសនា​របស់​ខ្មែរ​ក្រហម​ថា​ លន់ នល់ ​នឹង​ចាប់​និស្សិត​ទាំង​អស់​ធ្វើ​ជា​ទាហាន។​ អំឡុង​ពេល​នោះ​ ​យើង​​ក៏​បាន​នាំ​គ្នា​សឹក​ទាំង​កណ្ដាលអាធ្រាត្រ ​​ដោយ​ធ្វើ​​ពិធី​មួយ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា។​​

នៅឆ្នាំ​១៩៧២ ​ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​ជាមួយ​គ្នា​ចំនួន​១២នាក់ទៅ​កាន់ខេត្ដ​​ក្រចេះ ​​ដើម្បីរក​​​សាច់​ញាតិ​​រស់​​នៅ​ទី​នោះ។ ​ក្រោយ​មកទៀត​ ​ខ្ញុំ​បាន​ចូល​បម្រើ​ជា​កង​ទ័ព​ខ្មែរក្រហម ពីព្រោះ​យើង​ជួបបញ្ហា​អត់ឃ្លាន។​​​ អង្គភាព​​របស់​ខ្ញុំនៅពេលនោះ គឺអនុសេនាធំ​លេខ​១៣ ដែលដឹកនាំដោយ តាខាន, តាសេង និងតានី​(មាន​កម្លាំង​​១១៥នាក់​)​។ បន្ទាប់​ពី​​ចូល​ក​ង​ទ័ព​ យើង​​ត្រូវ​បាន​ហ្វឹក​ហាត់​ពី​របៀប​បាញ់​កាំភ្លើង, ស៊ើប​ការណ៍ និង​រត់​លូន​។​ នៅពេលនោះ យើងមិនខ្លាច​ស្លាប់ទេ​។​

រយៈពេល​៣​ខែក្រោយមក ខ្ញុំបានចូលជាកងទ័ព​ពេញ​សិទ្ធិ ហើយខ្មែរក្រហម​បាន​ប្រគល់​កាំភ្លើង​ដល់ខ្ញុំ​។​​ រយៈ​ពេល​១​ឆ្នាំ​ក្រោយមក ខ្មែរក្រហម​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​ជាប្រធាន​ក្រុម​កាន់ខាងបញ្ជា​ការ​។ នៅ​​ក្នុង​សមរភូមិ​ ខ្ញុំធ្លាប់​លី​សាកសព​យុទ្ធមិត្ដ​រួម​ក្រុមឈ្មោះ អាន ដែល​បានស្លាប់នៅពេល​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​។ ខ្ញុំ​បាន​ឃើញ​យុទ្ធមិត្ដ​រង​របួស​ហើយ​រត់សំដៅ​មករក​ខ្ញុំ​​។ បន្ទាប់​មក​​ខ្ញុំបាន​លី​ ដើម្បី​គេច​ពី​ការ​ប្រយុទ្ធ​​។ រយៈពេល​៣ម៉ោង​​ ​​គាត់បាន​​ដាច់​ខ្យល់​ស្លាប់​​​ទៅ​។​​ ខ្ញុំ​បានវង្វេង​ផ្លូវ​ដែលធ្លាប់ដើរ​រាល់ថ្ងៃ។ សាកសព​ដែល​​ខ្ញុំ​​លីនៅលើ​ស្មារមិនហ៊ាន​ទម្លាក់ចុះ​លើដីទេ ព្រោះមានការលំបាក​ពេលយើង​លើក​ដាក់​លើ​ស្មារ​ម្នាក់​ឯង​វិញ។​ ជំនាន់នោះ យើង​មានការ​លះបង់​ និងប្ដេជ្ញា​ចិត្ដ​ខ្ពស់ណាស់។ នៅពេលដែល​យុទ្ធ​មិត្ដ​ណា​ម្នាក់​​ពលីក្នុងស​ម​រ​ភូមិ ​​យើង​​ត្រូវ​​វាយ​យក​សាកសពមកវិញ​ឲ្យបាន​។​ ខ្ញុំបានវង្វេង​ក្នុងព្រៃ​ រយៈ​ពេល​៣យប់​៣ថ្ងៃ និងមិនមាន​បាយហូប​ថែម​​ទៀត​ផង។​

រហូត​ដល់ថ្ងៃទីបី ខ្ញុំបាន​ឮសំឡេង​រទេះគោ​ ដែល​ធ្វើដំណើរ​កាត់​ព្រៃ។ ខ្ញុំ​បា​ន​លប​មើល​ពី​គល់​ព្រិច​ប្រមាណ​ជាពីរគុម្ព​នៅក្បែរនោះ។ ខ្ញុំឃើញមនុស្ស​ចាស់​ម្នាក់​បររទេះ​គោ។​ ខ្ញុំ​សម្រេចចិត្ដ​រត់​ទៅ​រក​គាត់ ដើម្បី​ដឹក​សាកសព​យុទ្ធមិត្ដទៅផ្ទះ​របស់គាត់។ នៅពេលយក​ទៅដល់ផ្ទះ សាច់​ញាតិ​បាន​យំ​សោក​ស្ដាយ​​គ្រប់ៗ​​គ្នា​។​ ចំណែកឯខ្ញុំបានឈរក្បែរ​នោះ​​ជាមួយ​នឹង​សម្លៀក​បំពាក់ប្រឡាក់ដោយ​​ឈាម និង​ធុំ​ក្លិ​ន​ស្អុយ​​។ បន្ទាប់មក ខ្ញុំបាន​ដូរ​សម្លៀកបំពាក់​ ហើយ​ធ្វើដំណើរទៅ​អង្គភាព ​ដើម្បី​​ជូន​​ដំណឹង​​ពី​​ការ​​ស្លាប់​​របស់​​អាន។ សមាជិកនៅក្នុង​អង្គភាព​បាននាំគ្នាយំ ហើយបាន​ធ្វើ​ពិធី​​គោរព​វិញ្ញាណ​ក្ខន្ធ រយៈ​ពេល​​១៥នាទី។

បន្ទាប់មកទៀត កងទ័ពក្នុង​អង្គភាព​បាន​សែង​សាកសពនោះទៅបូជា​។ កាលពីជំនាន់​នោះ យើង​ស្រឡាញ់​គ្នាដូច​បង​ប្អូន​បង្កើត​។ នៅពេលដែល​យើង​លាគ្នា​ទៅសមរភូមិ​ម្ដងៗ ​​ម្នាក់ៗ​យំ​សោក​​មុន​​នឹង​លា​​គ្នា​ចេញ​ទៅ​​។​ ​​​មនុស្ស​ប្រុសៗ និងស្រីៗ គោរព និងឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក​។ ទោះបី​ជាយើង​ដេក​ជើង​ទល់គ្នា​ យើង​​មិន​ដែល​មាន​​បញ្ហា​​សីលធម៌ដែរ។​ ក្រោយមក ខ្ញុំ​បានរងរបួស​បាក់​ជើង នៅពេល​គ្រាប់ផ្លោង​ផ្ទុះ​ចំ​ផ្ទះ​អ្នកភូមិ ហើយ​កំណាត់​ឈើ​បាន​ខ្ទាតមក​ប៉ះ​នឹ​ងជើង​ខ្ញុំ​។​​ ភ្លាម​ៗនោះ ​ខ្ញុំ​បាន​សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវបាន​អង្គភាព​បញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ខេត្ដ​​ក្រចេះ។​ រយៈពេល​៥ថ្ងៃ​ទើបខ្ញុំ​ដឹង​ខ្លួន​ឡើង​វិញ​។

ក្រោយ​មក ខ្ញុំ​​ទទួល​​បាន​​ដំណឹង​​ថា ខ្មែរ​ក្រហម​​ទទួល​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​​១៩៧៥។​ នៅពេលនោះ ខ្ញុំកំពុង​ស្ថិតនៅក្នុង​ខេត្ដ​ក្រចេះ​​នៅឡើយ។​ សភាព​ការណ៍​នៅ​ពេល​នោះ ​យើង​​ផ្លាស់​ប្ដូរ​មកធ្វើស្រែ​វិញ។

នៅសម័យ​ខ្មែរក្រហម​ ខ្ញុំ​​បាន​ធ្វើជា​ប្រធាន​អង្គភាពផង​ និងជាពេទ្យ​ផង។ ខ្ញុំ​បាន​ជួយ​ជីវិត​មនុស្ស​រយៈ​ពេល​​​ជិត៣០ឆ្នាំមកហើយ ចាប់តាំង​ពី​ឆ្នាំ​១៩៧៣ រហូតឆ្នាំ​១៩៩៩។ ខ្ញុំមិនចូលចិត្ដ​របប​មូលធន​និយមទេ ដោយ​​សារ​តែ​​​ឈ្លោះ​គ្នាពីបញ្ហា​អំណាច និងលុយ​កាក់​។​ ខ្ញុំលែង​ចង់មាន​ចង់បាន​ ដោយសារតែ​​ខ្ញុំមាន​វ័យ​​​ចំណាស់​ហើយ។ នៅពេលសមាហរណកម្មបញ្ចប់សង្គ្រាម​នៅតំបន់អន្លង់វែង ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​អាជីព​ស្រែចម្ការ និងដាំ​ដុះ​បង្ក​បង្កើន​​ផល។ ​ខ្ញុំ​តែង​តែ​ជួយ​ផ្ដល់​ស្បៀងអាហារដល់​អ្នក​ណា​​ខ្វះ​​​ខាត​ ហើយ​ចាប់​ផ្ដើម​​​​ធ្វើ​បុណ្យ​​ទាន​​ ចាប់​ពី​ពេល​នោះ​មក​»។

អត្ថបទដោយ មេក វិន


[1] សួត វិចិត្រ សម្ភាសន៍ជាមួយ ឯក​ ផាត នៅភូមិទួលប្រាសាទ ឃុំ​ថ្លាត ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ នៅឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin