អែម រុន៖ រែកដីនៅភ្នំជាល

អែម រុន រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (២០២១)

(កំពង់ស្ពឺ)៖ អែម រុន ភេទស្រី មានអាយុ ៦៥ឆ្នាំ (កើតក្នុងឆ្នាំ១៩៥៦) មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រុន មានឪពុកឈ្មោះ ឃួន យ៉ាន, ម្ដាយឈ្មោះ អំ យ៉ាត់ និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ រុន មានប្តីឈ្មោះ កែវ រឿន និងមានកូនប្រាំនាក់ ក្នុងនោះស្រីពីរ។

នៅរបបសង្គមរាស្ត្រនិយម រុន មិនបានសិក្សារៀនសូត្រនោះទេ ដោយសារជីវភាពខ្វះខាត និងត្រូវជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅភូមិត្រាំខ្នារ គឺមានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពវៀតកុង និងមានយន្តហោះមកទម្លាក់គ្រាប់បែក។ រុន បានជីកលេណដ្ឋានសម្រាប់ពួននៅពេលមានយន្តហោះឆ្លងកាត់។

នៅឆ្នាំ១៩៧៥ នៅរបបខ្មែរក្រហម រុន ដែលជាប្រជាជនចាស់ ត្រូវធ្វើការក្នុងកងកុមារ ដោយត្រូវរែកដីដំបូកនៅពេលថ្ងៃ និងនៅពេលល្ងាចឡើង ទើបគាត់បានត្រលប់មកផ្ទះជួបជុំឪពុកម្ដាយ។ ម្ដាយរបស់គាត់ធ្វើការនៅខាងតម្បាញ។

ក្រោយមក រុន ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងចល័ត ដែលមានកងរយ និងកងហា។ រុន ធ្វើការក្នុងក្រុម ដែលមានសមាជិក១២នាក់ ដោយត្រូវរែកដីនៅភ្នំជាល, លើកដី, កាប់ស្មៅតាមត្រពាំង និងធ្វើស្រែប្រាំង។ រុន ត្រូវធ្វើការជាក្រុមឲ្យរួចរាល់តាមការកំណត់របស់ខ្មែរក្រហម ដូច្នេះក្រុមរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។

ជារៀងរាល់ថ្ងៃ រុន ត្រូវទៅធ្វើការតាំងពីព្រលឹម និងសម្រាកហូបបបរនៅម៉ោង១១ព្រឹក។ នៅម៉ោង១ថ្ងៃ រុន ត្រូវធ្វើការបន្តរហូតដល់ពេលយប់។ របបអាហារក្នុងមួយថ្ងៃមានពីរពេល និងក្នុងមួយពេល រុន ទទួលបានបបរមួយកា។ រុន និយាយថា ប្រសិនបើគាត់មិនទៅធ្វើការ គឺគ្មានរបបអាហារនោះទេ។ នៅពេលឈឺថ្កាត់ រុន ត្រូវទៅសុំថ្នាំរាងដូចអាចម៍ទន្សាយពីខាងសង្គមកិច្ច សម្រាប់ព្យាបាល។

នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ រុន បានរត់ទៅខាងអ្នកលឿង និងក្រោយមកជួបជុំឪពុកម្ដាយនៅភូមិអង្គក្តី។ នៅឆ្នាំដដែល រុន បានរៀបការ។ រុន រំឭកថា នៅរបបខ្មែរក្រហម នៅក្នុងកងដែលគាត់ធ្វើការ គឺមានសមាជិកកងត្រូវរៀបការដោយបង្ខំ និងម្តងបីគូក្នុងពេលតែមួយ៕

សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin