អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ

អែម សេង ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សេង បាននិយាយអំពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយចលនាតស៊ូខ្មែរក្រហមថា៖ «នៅក្នុងឆ្នាំ១៩៧២ ខ្ញុំមានអាយុ១៦ឆ្នាំ។ ខ្ញុំបានចូលព្រៃម៉ាគី តបតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបាន លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ខ្ញុំបានចូលបម្រើការនៅក្នុងមន្ទីររបស់ខេត្ត រយៈពេលមួយឬពីរឆ្នាំ។ បន្ទាប់មក ខ្ញុំក៏ទទួលបានការបំពាក់អាវុធ និងចូលសមរភូមិបណ្តើរៗ។
នៅក្នុងឆ្នាំ១៩៧៥ តំបន់ក្រចេះត្រូវបានរំដោះ ហើយមន្ទីរអង្គភាពផ្សេងៗត្រូវបានរៀបចំឡើង។ អង្គភាពរបស់ខ្ញុំបានទទួលភារកិច្ចប្រចាំការនៅក្នុងតំបន់ស្វយ័តក្រចេះ។ នៅចន្លោះឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយវៀតណាមចាប់ផ្តើមកើតឡើងដែរ។ អង្គភាពជាច្រើនត្រូវបានបញ្ជូនទៅព្រំដែន ហើយកងពល៤១៧ ដែលជាអង្គភាពរបស់ខ្ញុំ ក៏បានឈរជើងនៅតាមផ្លូវលេខ១៣ ដែលជាផ្លូវឆ្ពោះទៅព្រំដែនវៀតណាម។
នៅក្រោយឆ្នាំ១៩៧៩ ខ្ញុំបានបន្តបម្រើការជាកងទ័ពខ្មែរក្រហមនៅតាមព្រំដែន និងនៅតាមខេត្តមួយចំនួនដែរ។ នៅគ្រប់ទីកន្លែងដែលខ្ញុំបានចូលដល់និងធ្វើសកម្មភាព ខ្ញុំតែងតែចូលជម្រាបអ្នកស្រុកនៅតាមផ្ទះរបស់គាត់ជាមុនថា៖«អ៊ំពូមីង សូមសុខ សូមរស់ផង។ ពេលគាត់ឃើញម្រាមដៃដប់ ក៏អត់ធ្វើអីយើងកើតទេ»។ ខ្ញុំបានដឹងខ្លះថា មេអង្គភាពមួយចំនួនក៏មានទំនាក់ទំនង និងសហការជាមួយឈ្លបខាងរដ្ឋាភិបាលដែរ ដើម្បីចេញចូលភូមិឋានរបស់អ្នកស្រុក។ ឧទាហរណ៍ ក្រុមរបស់ខ្ញុំផ្ទាល់ប្រាប់ជាមុនថាត្រូវចូលភូមិនេះ នៅក្នុងយប់នេះ។ ការធ្វើបែបនេះអាចទប់ស្កាត់ការភ្ញាក់ផ្អើល ដែលនាំឲ្យប៉ះទង្គិចគ្នាជាយថាហេតុផ្នែកប្រដាប់អាវុធ និងអាចប៉ះពាល់ដល់អាយុជីវិតប្រជាជននៅក្នុងភូមិ។
នៅក្នុងអំឡុងពេលនោះ ខ្ញុំនៅចងចាំបានថា ខ្ញុំធ្លាប់បានស្តាប់វិទ្យុ ដែលចាក់ផ្សាយកម្មវិធី«សំឡេងអំពាវនាវមាតុភូមិ»។ ខ្ញុំស្រក់ទឹកភ្នែក ដោយសារតែសំឡេងផ្លុំស្នែងនិងទ្រយ៉ាងលន្លង់លន្លោចរបស់កម្មវិធីវិទ្យុនេះ។ ខ្លឹមសារនៃការអំពាវនាវនេះនាំឲ្យខ្ញុំនឹករឭកយ៉ាងខ្លាំងដល់ឪពុកម្តាយ ខណៈដែលការរស់នៅក្នុងព្រៃជួបប្រទះនូវការលំបាក ទាក់ទងនឹងការហូបចុកនិងការស្នាក់នៅ។ ការប្រយុទ្ធគ្នានៅលើសមរភូមិបានបន្តមិនចេះចប់ មិនចេះហើយសោះ។
ប៉ុន្តែខ្ញុំសម្រេចចិត្តមិនដាច់សោះ។ ខ្ញុំនិយាយមួយមាត់ថា ខ្ញុំអត់ហ៊ានត្រឡប់ចូលជាមួយរដ្ឋាភិបាលទេនៅពេលនោះ ដោយសារតែមានការឃោសនាថាប្រាកដជាស្លាប់។ ខ្ញុំហាក់ដូចជាអត់មើលឃើញពន្លឺណាមួយ ដែលថាខ្ញុំនឹងអាចរស់រានមានជីវិតទេ។
ដូច្នេះហើយ ខ្ញុំត្រូវតែបន្តបម្រើក្នុងជួរកងទ័ពខ្មែរក្រហម នៅក្នុងកងពល៤១៧ ដែលផ្តោតលើសមរភូមិទាំងឡាយនៅក្នុងខេត្តកំពង់ចាម ព្រមទាំងស្រុកបារាយ និងស្រុកសន្ទុកនៃខេត្តកំពង់ធំ។ កងកម្លាំងខ្មែរក្រហមបានបែងចែកកម្លាំងនៅតាមគោលដៅ ដើម្បីធ្វើសកម្មភាពសង្គ្រាមឈ្លបនៅតាមស្រុក និងឃុំ។ ឧទាហរណ៍ កងកម្លាំងខ្មែរក្រហម១៥នាក់ ឬ២០នាក់ធ្វើសកម្មភាពនៅក្នុងស្រុកមួយ ឬឃុំចំនួនពីរនៃស្រុកមួយជាដើម។
យុទ្ធសាស្ត្រសង្គ្រាមឈ្លបនេះទាមទារនូវការប្រយ័ត្នប្រយែងខ្ពស់ លាក់ការណ៍ ចល័តយ៉ាងរហ័សនិងមិនត្រូវបន្សល់ដាន ដែលនាំឲ្យមានការតាមប្រមាញ់ក្រុមតូចៗរបស់យើងឡើយ។ ទាក់ទងនឹងរបៀបនៃការដើរឆ្លងកាត់ភូមិសាស្ត្រណាមួយ សមាជិកក្រុមចំនួន៧ឬ១៥នាក់ត្រូវដោះស្បែកជើង ដើម្បីបន្លំដានជើង ដែលមានសណ្ឋានដូចដានជើងអ្នកស្រុកដែរ នៅពេលដែលយើងដើរឆ្លងកាត់ផ្លូវដី។ បន្ទាប់មក យើងអាចពាក់ស្បែកជើងវិញ។ ម្យ៉ាងទៀត យើងតែងតែប្រើស្លឹកចេកឬវល្លិ៍ ដើម្បីលុបដានជើងរបស់យើងនៅលើផ្លូវដីនោះ នៅពេលដែលយើងធ្វើដំណើរនៅក្បែរៗភូមិ។ ចំណែកឯការឆ្លងកាត់អូរវិញ ក្រុមរបស់យើងត្រូវដើរតាមបណ្តោយអូរ ដោយលុយទឹកត្រឹមជង្គង់។ យើងត្រូវដើរឲ្យបានចម្ងាយ១០០ម៉ែត្រ ទៅ២០០ម៉ែត្រសិន មុននឹងគេចឡើងគោកវិញ។ ក្រុមតូចៗរបស់ខ្ញុំស្ថិតនៅចម្ងាយប្រមាណជា៣០០ម៉ែត្រប៉ុណ្ណោះពីភូមិអ្នកស្រុក ដែលខ្ញុំអាចស្តាប់ឭមាន់រងាវ និងទទួលព័ត៌មានពីប្រជាជនជាប្រចាំ។
ក្រុមនីមួយៗត្រូវម្ចាស់ការដោយខ្លួនឯងអំពីស្បៀងអាហារ ថ្នាំពេទ្យ និងសេដ្ឋកិច្ចជាដើម។ ក្រុមខ្ញុំក៏បានទទួលលុយខ្លះ និងមាសសន្លឹកសញ្ញារូបចាបដែលមានទម្ងន់៤ជីក្នុងមួយសន្លឹក ដើម្បីទិញស្បៀងអាហារ។ ប៉ុន្តែ បើខ្វះខាត យើងត្រូវចេះសុំអ្នកស្រុកបន្ថែម។ ជាក់ស្តែង ខ្ញុំបានលើកដៃសំពះសុំប្រជាជននៅតាមភូមិស្រុកផ្សេងៗ។ ខ្ញុំមិនគាំទ្រទេ ដែលអ្នកខ្លះឬក្រុមប្រដាប់អាវុធខ្លះមានគំនិតឆក់ប្លន់ប្រជាជន។ ខ្ញុំតែងតែហាមប្រាមដាច់ខាតនៅក្នុងក្រុមតូចៗរបស់ខ្ញុំ ដោយសារ«ខ្ញុំនឹកឃើញ ម៉ែគេ ម៉ែខ្ញុំ ទៅភ្ជង់យកមាន់ ទៅភ្ជង់យកគោយ៉ាងម៉ច។»
ខ្ញុំនៅចងចាំរឿងរ៉ាវមួយមិនភ្លេចសោះ។ បើទោះជាខ្ញុំមានតួនាទីជាប្រធានកងតូចក៏ដោយ ក៏ខ្ញុំហ៊ានប្រកែកគ្នាយ៉ាងខ្លាំងជាមួយ រ៉ាន់ ដែលមានតួនាទីជាប្រធានកងធំ។ យើងបានឈ្លោះគ្នារហូតដល់ចង់បាញ់គ្នាឯង។
«កាលណោះ ទៅវ៉ៃខ្មាំង ដល់ពេលអត់បានវ៉ៃខ្មាំង ក៏ត្រឡប់មកវិញ កាត់ព្រៃសាគូ នៅស្រុកបារ៉ាយ បានប៉ះរទេះគោអ្នកស្រុក ដែលគេកំពង់តាមប្រមាញ់ពីនោះមក ហើយនាំគ្នារត់កាត់ទឹក កាត់ស្រូវ ហើយគ្នាខ្ញុំមានប្រាំពីរនាក់ រួចក៏ប៉ះរទេះគោពីរគ្រឿង ដោយមានឈ្មោះ ខ្មោច អារ៉ាន់ ចឹងបានវាអាយុខ្លី តាមមើល..
វាថា ចាប់រទេះគោ យកគោទៅស៊ី ហើយបាញ់ម្ចាស់ចោល។ ហើយខ្ញុំថា យី..! បើហែ្អងបាញ់ អញបាញ់ហែ្អងឥឡូវ..! ហែ្អងធ្វើចឹង គាត់ដឹងអី។ គាត់បររទេះទៅផ្ទះគាត់តើ។ បើហែ្អងហ៊ានធ្វើ អញបាញ់។ បើហែ្អងហ៊ានទៅចាប់ អញបាញ់។
ខ្ញុំឈ្លោះគ្នា ដោយគេកងធំ ខ្ញុំកងតូច។ ខ្ញុំក្លាហានជាងអ្នកឯង តែហ៊ាន ខ្ញុំដាក់មែន។ ខ្ញុំអត់ខ្លាចទេ តែខ្ញុំថាម៉េចគឺចឹងហើយ។ យើងទៅបាញ់ធ្វើអី មនុស្សមានដឹងអី។ គេបាញ់យើងឯណោះមិនគិត។ គាត់មិនមែនទៅបានរាយការណ៍អីគាត់។ គាត់បើកដឹកអុស ដឹកគ្រឿងអីរបស់គាត់។ ខ្ញុំឈ្លោះគ្នា។ ខ្ញុំនិយាយពីប្រវត្ដិរបស់ខ្ញុំ រឿងពិត។
ក្រោយមកបានរយះពេលតែពីរខែ គេបាញ់វាដួលស្លាប់ បាត់ទៅ ឈ្មោះ អារ៉ាន់។ អង្គុយជុំខ្ញុំចឹង អង្គុយនៅនឹងកន្លែង ក្រោយត្រឡប់មកពីវ៉ៃមួយកន្លែង ដែលអង្គុយជជែកកោកកាកៗ។ ហើយខ្ញុំអង្គុយឲ្យមុខអញ្ចេះ ហើយគេមិនបាញ់ខ្ញុំ ទៅបាញ់ត្រូវវាមកពីនោះ។…ចឹងបានខ្ញុំថា ប្រមាថគេមិនបានទេ ក្នុងសង្រ្គាម។»
តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំបានជាន់មីនដាច់ជើងនៅតាមបណ្តោយព្រំដែនថៃ នៅក្នុងឆ្នាំ១៩៨៨ សេចក្តីសង្ឃឹមផ្សេងៗក៏បានរលាយបាត់បង់ ហើយលែងទៅណារួចទៀត។ ខ្ញុំគិតថា៖ «ខ្ញុំខុសដែរ ណា៎ក្មួយ បានខ្ញុំដាច់ជើង ខុសត្រង់ថា ខ្ញុំធ្វើមីន ដាក់យកគេ បានវាដាច់ជើងខ្លួនឯង តាមមើលន៎ វាបាបណ៎ា។ ខ្ញុំនិយាយអំពីការជឿលើធម៌ព្រះវិញចុះ»៕[1]
អត្ថបទដោយ លី សុខឃាង
[1] លី សុខឃាង សម្ភាសន៍ អែម សេង ភេទប្រុស អាយុ៥៧ឆ្នាំ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។