ឯម ទី និងតូយ មេន រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាព

ឯម ទី[1] ភេទស្រី កើតនៅឆ្នាំ ១៩៧២ មានទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖ ខ្ញុំកើតក្នុងចំពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាម។ កាលជំនាន់នោះ ប្រជាជននៅក្នុងភូមិរស់នៅ ក្នុងជីវភាពក្រីក្រខ្វះខាត។ ខ្ញុំ និង គ្រួសារត្រូវហែលឆ្លងនូវការលំបាកជាច្រើន។ ចំពោះសព្វថ្ងៃខ្ញុំប្រកបមុខរបរគឺជាកសិករធ្វើស្រែចម្ការ ដាំដំណាំជាដើម។ បច្ចុប្បន្ន ខ្ញុំកំពុងប្រឈមមុខនឹងជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺរមាស់ស្បែក, ជំងឺក្រពះពោះវៀន និងជំងឺលើសឈាម។ ទោះបីជាការរស់នៅមានការលំបាកយ៉ាងណាក្តី ខ្ញុំព្យាយាមរស់នៅក្នុងសហគមន៍ និងរក្សាកម្លាំងចិត្ត ដើម្បីបន្តរស់នៅតទៅទៀត។
នៅអំឡុងពេលមានការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ទោះបីខ្ញុំមិនបានរស់នៅតំបន់មានជម្លោះផ្ទាល់ ប៉ុន្តែខ្ញុំទទួលបានព័ត៌មានជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងការធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងការពាជាតិ។ ព័ត៌មានទាំងនេះបានធ្វើឲ្យខ្ញុំនឹកឃើញឡើងវិញទៅដល់រឿងរ៉ាវដែលខ្ញុំធ្លាប់ឆ្លងកាត់កាលពីអតីតកាល ក្នុងសម័យដែលប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងទុក្ខវេទនាអស់រយៈពេលជាច្រើនទស្សវត្សរ៍។ សង្គ្រាមតែងនាំមកនូវការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបាត់បង់ជីវិតមនុស្ស សត្វ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ បានធ្វើឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាតិ ដោយសារការបិទព្រំដែនប្រជាជននៅតាមបណ្តោយព្រំដែនមិនអាចប្រកបការងារចិញ្ចឹមជីវិតបាន។ មានប្រជាជនរាប់សែននាក់ត្រូវប្រឈមមុខនឹងគ្មានការងារធ្វើ ផលិតផលដំណាំកសិកម្មគ្មានទីផ្សារសម្រាប់លក់ចេញ។
លើសពីនេះទៅទៀត ទុក្ខវេនាដោយសារសង្គ្រាមមិនត្រឹមតែចំពោះប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរីកចម្រើននៃប្រទេសជាតិទាំងមូល។ ការជ្រើសយកសន្តិភាព គឺជាមធ្យោបាយដ៏ល្អសម្រាប់ប្រទេសជាតិ និងប្រជាជន។ ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើនឆ្ពោះទៅមុខទាំងវិស័យអប់រំ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យសង្គមកិច្ច និងទេសចរណ៍ជាដើម។

តូយ មេន ភេទស្រី កើតនៅឆ្នាំ ១៩៤៩ អាយុ ៧៥ឆ្នាំ។ ទីកន្លែងកំណើតរបស់ មេន ស្ថិតនៅភូមិ ក្រាំងស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន មេន រស់នៅភូមិ បាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖
«អំឡុងពេលមានការប៉ះទង្គិចប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា។ នៅពេលទទួលបានព័ត៌មានទាំងនោះបាន ធ្វើឲ្យខ្ញុំចងចាំឡើងវិញអំពីរឿងរ៉ាវឈឺចាប់ និងភាពវេទនា ដែលធ្លាប់បានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំដោយសារសង្រ្គាមកាលពីអតីតកាល។ ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់កងទ័ពកម្ពុជា ដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដីនៅសមរភូមិ និងប្រជាពលរដ្ឋតាមបណ្តោយព្រំដែនដែលរងរបួស និងបាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់កងទ័ពថៃតាមរយៈការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ។
ក្នុងគ្រួសាររបស់ខ្ញុំមានចៅប្រុសម្នាក់គឺជាកងទ័ពដែលស្ថិតនៅក្នុងកងពលតូចថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣។ ចៅប្រុសរបស់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមការពារទឹកដី និងតំបន់ព្រំដែនកម្ពុជា និងថៃ។ ខ្ញុំមិនចង់ឲ្យមានសង្រ្គាមឡើងវិញឡើយ ដោយសារមិនចង់ឲ្យមានការរងរបួស និងបាត់បង់ជីវិតកងទ័ព និងប្រជាជនបន្ថែមទៀត។ ខ្ញុំប្រាថ្នាចង់បានសន្តិភាពត្រឡប់មកវិញរវាងប្រទេសទាំងពីរ ដែលអាចបើកដំណើរការព្រំដែនឡើងវិញ ដើម្បីឲ្យប្រជាជនមានឱកាសប្រកបមុខរបរបានធម្មតា។ កសិករធ្វើស្រែចម្ការមានទីផ្សារសម្រាប់នាំចេញផលិតផល និងដំណាំផ្សេងៗ។ ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា និង លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយព្យាយាមជំរុញបញ្ចប់សង្រ្គាមនៅតាមព្រំដែនកម្ពុជា និងថៃ ដោយបានជួយសង្រ្គោះជីវិតកងទ័ព និងប្រជាជនរាប់ម៉ឺននាក់៕
បច្ចុប្បន្ននេះខ្ញុំកំពុងមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺលើសឈាម ជំងឺសន្លាក់ដៃសន្លាក់ជើង ជំងឺទឹកនោមផ្អែម និងងងឹតភ្នែក។ ទោះបីជាសុខភាព មានការឈឺចាប់ក៏ដោយខ្ញុំតែងតែមានក្តីស្រមៃឲ្យប្រទេសកម្ពុជារស់នៅក្នុងសុខសន្តិភាព។[2]
អត្ថបទដោយ ផាត ពន្លក
[1] ឯម ទី ៖ សម្ភាសន៍ផ្ទាល់មាត់ «ប្រជាជនរស់នៅតំបន់បាក់នឹមស្តីពីការ ការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន» សម្ភាសន៍ដោយ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥, មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។
[2] តូយ មេន ៖ សម្ភាសន៍ផ្ទាល់មាត់ «ប្រជាជនរស់នៅតំបន់បាក់នឹមស្តីពីការ ការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន» សម្ភាសន៍ដោយ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥, មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។