កងនារីជីកទំនប់ឈានមុខសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ឥន្ទ សាវ៉ាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ាត មានឪពុកឈ្មោះ ឥន្ទ ពិ និងម្តាយ​ឈ្មោះ កោ កេត មានបងប្អូនចំនួន៨នាក់ គាត់ជាកូនទី៥ក្នុងគ្រួសារ។ សាវ៉ាត បានរៀបការក្នុងរបប លន់ នល់ នាឆ្នាំ១៩៧៣ ជាមួយឈ្មោះ កែវ សាយ ដែលជាពេទ្យភូមិ។

ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា សាវ៉ាតបានឃើញខ្មែរក្រហមបំផ្លាញវត្តអារាម កម្ទេចព្រះបដិ​មាករ និងចាប់ផ្សឹកព្រះសង្ឃ។ ព្រះសង្ឃត្រូវបានប្រើឲ្យធ្វើការដូចប្រជាជនក្នុងភូមិ។ សាវ៉ាត និងប្តី ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តព្រៃវែង​។ នៅទីនោះ សាវ៉ាត ត្រូវបានជ្រើសរើសឲ្យធ្វើជាកម្លាំងជួរមុខស្ថិតក្នុងកងនារី ជាមួយយុវជន១៥នាក់ ផ្សេងទៀត ដែលត្រូវជីក ​និងរែកដីធ្វើស្រះទំហំប្រហែលមួយហិកតា។ អង្គការបានកំណត់ឲ្យគាត់ និងយុវជនដទៃទៀតត្រូវជីកឲ្យរួចតាមផែនការ បើ​មិន​ដូច្នោះទេអង្គការត្រូវដករបបអាហារ។ រីឯប្តី របស់ សាវ៉ាត ​ត្រូវ​បានប្រើឲ្យព្យា​បាលអ្នកជំងឺក្នុងកងនារីដែលជាក្រុមស្នូល​ក្នុងការជីកទំនប់លើកប្រឡាយ។ ប្តី​របស់ ​សាវ៉ាត មិនបានព្យាបាលអ្នកជំងឺបានត្រឹមត្រូវទេ ព្រោះ​សម័យនោះគ្មានថ្នាំតាមប្រភេទជំងឺ គឺមានតែថ្នាំរាងមូលៗ​ដូចអាចម៍ទន្សាយតែមួយមុខគត់។ សាវ៉ាត រៀបរាប់ថា គាត់ និងយុវជនដទៃទៀត​ខិត​ខំធ្វើការមិនហ៊ានសម្រាក ទោះ​បីជាឈឺក៏មិនហ៊ានសុំច្បាប់ដែរ ព្រោះខ្លាចមិនទទួលបានរបបអាហារ។ ក្រៅ​ពីការងារជីកដីធ្វើស្រះ សាវ៉ាត ត្រូវដើរប្រមូលលាមកតាមបង្គន់ដើម្បីប្រមូលមកហាល​ បុកលាយជាមួយស្លឹករុក្ខជា​តិទុកធ្វើជាជីដាក់ស្រែ។ នារដូវវស្សា សាវ៉ាត ត្រូវទូលស្រូវពី​ភូមិ​សំរោងដើម្បីដាក់ឡាន។ សាវ៉ាត បានឃើញ​កម្មាភិបាល​ខ្មែរក្រហម​​ដឹកស្រូវ​ចេញ​ស្ទើរតែ​អស់​ពី​សហករណ៍​ដោយ​មិនឲ្យប្រជាជននៅមូលដ្ឋាន​ហូបឆ្អែត។​ ប្រជាជនទាំងមិនដឹងថាគេដឹកស្រូវទាំង​នោះ​យកទៅទីណានោះទេ។ ប្រជាជនទទួលទានតែបបរ ហើយ​បបរ​ទៀត​សោទ​គឺ​​ស្ទើរ​តែ​គ្មាន​គ្រាប់​អង្ករ មួយ​ថ្ងៃប្រជាជនទទួលបានតែបបររ៉ាវៗពីរវែកសម្រាប់ពីរពេល​។

ប្រជាជនទាំងអស់​តម្រូវ​ឲ្យស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។ ប្រសិនបើគ្មាន​ទេ ត្រូវយកទៅជ្រលក់ជា​មួយ​​ផ្លែ​មាក់​ក្លឿ។ សាវ៉ាត បានឮអ្នកគ្រប់គ្រងក្នុងសហករណ៍ប្រាប់ថា ការស្លៀកពាក់ខ្មៅនេះគឺដើម្បី​លប់​បំបាត់​​​វណ្ណៈ​​អ្នកមាន និង​អ្នកក្រ ប្រជាជនត្រូវរស់នៅស្មើភាពគ្នាគ្មានអ្នកមាន គ្មានអ្នកក្រ។ របប​ខ្មែរក្រហមក៏បានបំបាត់ការចាយលុយ កម្មសិទ្ធឯកជន រាល់សម្ភារៈ និងសត្វពាហនៈ​​ទាំងអស់ត្រូវប្រមូលដាក់​រួមក្នុង​សហករណ៍។ សាវ៉ាត បន្តថា ប្រជាជនទាំងអស់ត្រូវធ្វើស្រែធ្វើចម្ការរួមគ្នាដើម្បីដោះដូរជាមួយនឹងរបបអាហារ។ ចំណែក​ឯការរស់នៅវិញត្រូវរស់នៅតាមក្រុមអាយុមានក្រុមក្មេង ក្រុមយុវជន និងក្រុមចាស់។ ម្តាយរស់នៅ​បែកពីកូន ប្តីត្រូវបែកពីប្រពន្ធ បងត្រូវបែកពីប្អូនដោយមិនអាច​រស់នៅជុំគ្នា។ យុវជនត្រូវរស់នៅ និងត្រូវធ្វើការក្នុងកងចល័តឆ្ងាយៗពីភូមិ។ ចាស់ៗដែល​​មិនអាចធ្វើការងារធ្ងន់បានត្រូវមើលការខុសត្រូវក្មេងតូចៗក្នុងភូមិ។ សាវ៉ាត រៀបរាប់ថា ក្នុងរបបខ្មែរក្រហមគ្មាននរណាម្នាក់ទំនេរ សូម្បីតែកុមារក៏ត្រូវធ្វើការដែរគឺត្រូវដើរ​រើសអាចម៍​គោ ក្របី និងកាប់ដើមទន្ទ្រានខេត្តទុកធ្វើជីសម្រាប់​ដាក់​ស្រែ។

សម្ភាសន៍ដោយ គី សុភ័ណ្ឌ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin