សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម

ការរៀបការរវាង នុន ហ៊ុយ ហៅ ហ៊ុយ ស្រែ (ខាងឆ្វេង) និង ប្រុក ឃឿន ហៅ ប្រាក់ សាមុត (ខាងស្តាំ) រូបថតឆ្នាំ១៩៧៧ (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។​ សុខា​ បច្ចុប្បន្ន​ រស់នៅក្នុង​ភូមិ​ថ្នល់​កែង​ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សុខា បានចែករំលែករឿង​រ៉ាវ​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ថា៖ «​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ ចំណែក​ឯ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​ជា​យូរ​មក​ហើយ​ ខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​ម្ដាយ​សូម្បី​តែ​ម្ដង​។​ ការ​រស់​នៅ​ជា​មួយ​ឪពុក​ ដោយ​គ្មាន​ម្ដាយ​មើល​ថែ​ពិត​ណាស់​ដែល​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​។​ គ្រួសារ​ក៏​មាន​ជី​វភាព​ក្រី​ក្រ​ ដោយ​ឪពុក​ខ្ញុំ​ប្រកប​របរ​ធ្វើ​ស្រែ​សម្រាប់​ចិញ្ចឹម​កូន​។​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ​។​ មិន​យូរ​ប៉ុន្មាន​ ឪពុក​ខ្ញុំ​បាន​រៀប​ការ​ប្រពន្ធ​ម្នាក់​ទៀត​។​ ក្រោយ​ពី​រៀប​ការ​ហើយ​ ​ខ្ញុំ​ក៏​រស់​នៅ​ជា​មួយ​ម្ដាយ​ចុង​នៅ​ស្រុក​កំណើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដដែល​។​

លុះ​ដល់​ឆ្នាំ១៩៧០ ខ្ញុំចង​ចាំ​ថាមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិផង​ដែរ​។ ខណៈ​ពេល​នោះ​ប្រជាជន​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយៗ​ពី​ផ្ទះ​នោះ​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​ប្រយ័ត្នលើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​គ្រប់​ពេល​វេលា​។​ ប្រជាជន​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជីក​លេណ​ដ្ឋាន​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ទុក​សម្រាប់​ការ​ពារ​ខ្លួន​ពីការ​ទម្លាក់​គ្រាប់​បែក​។​ កាល​ណោះ​ សូម្បី​តែ​ការ​ធ្វើ​ស្រែ​ក៏​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដែរ​។​ នៅ​ពេល​ដល់​រដូវ​ធ្វើ​ស្រែ​ស្ទូង​ដក​ ច្រូត​កាត់​ម្ដងៗ​​ប្រជាជន​មាន​ភាព​ភ័យ​ខ្លាំង​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​នោះ​ទេ​ ព្រោះ​ពេល​ខ្លះ​ប្រជាជន​កំពុង​តែ​ធ្វើៗ​ការ​ក៏​មាន​ការ​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​មក​លើ​ប្រជាជន​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ខ្លះ​រង​របួស​ ហើយ​អ្នក​ខ្លះ​ទៀត​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្បែរ​ដំបូក​ ឬ​ប្រឡាយ​អូរ ​ទាំង​សេច​ក្ដីភ័យ​ខ្លាច​។​​ គ្រួសារ​ខ្ញុំ​ បន្ត​រស់​នៅ​ក្នុង​ស្រុក​កំណើត​រហូត​ដល់​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យជម្នះ​។​

ក្នុង​ឆ្នាំ១៩៧៥ គ្រួសារខ្ញុំ​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​ស្រុកកោះញែក។ កាលណោះ ដោយ​សារ​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ​ទើប​គ្រួសារ​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ភូមិ​កំណើត​ទៅ​រស់​នៅ​ស្រុក​ឆ្ងាយ​។​ យើង​មិន​ដឹងទេថា ​ការ​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​កន្លែង​ថ្មី​ដោយ​សារ​តែ​ហេតុ​ផល​អ្វី​ យើង​គ្មាន​សិទ្ធិ​សួរ​នាំ​ មាន​សិទ្ធិ​ត្រឹម​ធ្វើ​តាមបទ​​បញ្ជា​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​គ្រួសារ​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​ញែក​ ​ការ​រស់​នៅ​ជា​សហករណ៍, ​ហូប​រួម និងធ្វើ​ការ​រួម​ គ្មាន​របស់​របរ​ឯក​ជន​ទៀត​ទេ​។​ ប៉ុន្តែ​ ចំពោះ​កន្លែង​ស្នាក់​នៅ​ គឺ​យើង​មាន​ផ្ទះលក្ខណៈ​គ្រួសារ​​សម្រាប់​រស់​នៅ​រៀងៗ​ខ្លួន​។​ ឪពុក​ នឹង​ម្ដាយ​ចុង​របស់​ខ្ញុំ​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហករណ៍​។​ រី​ឯ​ ខ្ញុំ​ក្នុង​ដំណាក់​កាល​ដំបូង​ខ្មែរ​ក្រហម​បាន​ឲ្យ​ទៅ​ធ្វើ​ជា​កូន​កាំ​បិត​នៅ​រោង​បាយ​សហករណ៍​។​ ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​ជា​ប្រចាំ​ គឺ​ជួយ​ចិត​បន្លែ​ចុង​ភៅ​ និង​ដាំ​បាយ​សម្រាប់​ចែក​ឲ្យ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សហករណ៍​ទាំង​អស់​។​ ខ្ញុំ​នៅ​ធ្វើ​ជា​អ្នក​ចិត​បន្លែ​ បាន​មួយ​រយៈ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ឲ្យ​ខ្ញុំ​ទៅ​ខាង​ផ្នែក​មើល​ថែ​ក្មេងៗ​វិញ​ម្ដង​។​ កុមារ​ទាំង​អស់​នោះ​ គឺ​សុទ្ធ​តែ​ជា​កូន​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​សហករណ៍​ជា​មួយ​គ្នា​ ប៉ុន្តែ​ឪពុក​ម្ដាយ​ក្មេង​មិន​អាច​នៅ​មើល​ថែ​ក្មេង​ទាំង​អស់​នេះ​បាន​ដូច​មុន​ទេ​ ដោយ​សារ​ខ្លួន​ជាប់​ភារកិច្ច​រៀងៗ​ខ្លួន​ដែល​អង្គ​ការ​បាន​ផ្ដល់​ឲ្យ​។​ ជា​រៀង​រាល់​ព្រឹក​ មីង​ៗ​តែង​តែ​យក​កូន​តូចៗ​មក​ផ្ញើ​ជា​មួយ​ខ្ញុំ​មុន​ពេល​ចេញ​ទៅ​បំពេញ​ការ​ងារ​។​ ក្មេងៗ​ទាំង​នោះ​ ត្រូវ​បាន​ខ្ញុំ​បញ្ចុក​បាយ​​ទឹក​ និង​ដាក់​ឲ្យ​ដេក​គ្រប់​ៗ​គ្នា​។​ ខ្ញុំ​ មើល​ក្មេង​រហូត​ដល់​ល្ងាច​ម៉ោង​៥​ ទើប​ម្ដាយ​ក្មេង​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ នៅ​ក្នុង​សហករណ៍​នេះ​ ការ​ហូប​ចុក​មិន​សូវ​ខ្វះ​ខាត​នោះ​ទេ​ យូរៗ​ម្ដង​មេ​ចុង​ភៅ​បាន​ធ្វើ​បង្អែម​ឲ្យ​ប្រជាជន​ហូប​ថែម​ទៀត​។​

នៅ​​ដើម​ឆ្នាំ​១៩៧៦​ ខ្ញុំ​ត្រូវ​បាន​អង្គ​ការ​ជ្រើស​រើស​ឲ្យ​មាន​គ្រួសារ​។​ កាល​ណោះ​ ខ្ញុំ​រៀប​ការមាន​គ្នា​​ចំនួន​៦​គូ​។​ ការ​រៀប​ការគ្មាន​កម្ម​វិធី​ធំ​ដុំ​អ្វី​ឡើយ​ ដោយ​អង្គ​ការ​បាន​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទល់​មុខ​គ្នា​ ហើយ​ឡើងប្តេជ្ញា​ក្នុង​ការ​ស្រឡាញ់​គ្នា,​ មើល​ថែ​គ្នា​ និង​គោរពតាម​​អង្គ​ការ​​​ចាត់​តាំង​។​ ក្រោយ​ពី​រៀប​ការ​ហើយ​ ខ្ញុំ ​និង​ប្ដី​បាន​រស់​នៅជា​មួយ​គ្នា​ក្នុង​សហករណ៍​ បន្ត​ធ្វើ​ការ​តាម​តួនាទី​រៀងៗ​ខ្លួន​។​ ដល់​ឆ្នាំ១៩៧៩ កង​ទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​ បាន​ចូល​មក​ពាស​ពេញ​ប្រទេស​កម្ពុជា​។​ ការ​ចូល​មក​ដល់​របស់​កង​ទ័ព​វៀត​ណាម​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​បែក​ចេញពី​ឪពុក​ និង​ម្ដាយ​ចុង​ រហូត​មក​។​ ចំណែក​ឯ​ខ្ញុំ​ និង​ប្ដីបាន​រត់​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​។​ កំឡុង​ពេល​រត់​ចូល​ព្រៃ​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជិត​សម្រាល​។​ មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​ក៏​​សម្រាល​បាន​កូន​ស្រី​ម្នាក់​។​ ប៉ុន្តែ​ ជា​អកុសល​ ខ្ញុំ​សម្រាក​បាន​ចំនួន​៣ថ្ងៃ​ កូន​ស្រី​ខ្ញុំ​ត្រូវ​បាន​ស្លាប់​ក្នុង​ព្រៃ​។​ បន្ទាប់​ពី​កូន​ស្លាប់​ ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ព្រោះ​ខ្លាច​កង​ទ័ព​វៀត​ណាម​តាម​មក​ទាន់​។​ ពេល​នោះ​ ខ្ញុំ​សរសៃខ្ចី​ផង​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​មនុស្ស​ទូ​ទៅ​។​ ក្នុង​ការ​ធ្វើ​ដំណើរ​ យើង​ត្រូវ​ឆ្លង​ទន្លេ​ផង​ ដើរ​កាត់​ព្រៃ​ក្រាស់​ផង​ ពេល​ខ្លះ​ជួប​កង​ទ័ព​វៀត​ណាម​បាញ់​គ្នា​ពេញ​ព្រៃ​ក៏​មាន​។​

រហូត​ដល់​ឆ្នាំ​១៩៨៦​ ខ្ញុំ និង​ប្ដី​​បាន​ឡើង​ទៅ​រស់​នៅ​ស្ទឹង​ចាន់​។​ ការ​រស់​នៅ​ស្ទឹង​ចាន់​ យើង​ធ្វើ​ផ្ទះ​តូចៗ​នៅ​ដោយ​ឡែក​ពី​គ្នា​។​ ខ្ញុំ​ នៅ​ស្ទឹង​ចាន់​ បាន​ត្រឹម​រយៈ​ពេល​២ឆ្នាំ​ ក៏​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ក្នុង​ជំរំ​ភូណយ​វិញ​ម្ដង​។​ ពេល​ទៅ​រស់​នៅ​ទី​នោះ​ ជីវភាព​ប្រជាជន​ហាក់​ដូច​ជា​មាន​ភាព​ធូរ​ស្បើយ​ជាង​មុន​។​ ប្រជាជន​អាច​ទៅ​រក​ស៊ី​បោច​វល្លិ៍​ផ្ដៅ​ យក​មក​ធ្វើ​ជា​កន្លេល​ ល្អី​ ជាល​ លក់​ទៅ​ឲ្យ​ប្រជា​ជន​ថៃ​ ដើម្បី​រក​ប្រាក់​ចំណូល​។​​ ក្រៅ​ពី​នេះ​ តាម​គ្រួសារ​នីមួយៗ​អាច​ដាំ​បន្លែ​ ចេក​ ត្រកួន​ ត្រប់​ ត្រសក់​ សម្រាប់​ហូប​ក្នុង​គ្រួសារ​បាន​។​ ចំពោះ​ការ​ហូប​ចុក​ យើង​ទទួល​ជំនួយ​ពីអង្គ​ការ​​កាកកបាទ​ក្រហម​។

មក​ដល់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ ដោយ​សារ​ខ្ញុំ​ជួប​រឿង​ច្រើន​នៅ​ក្នុង​ពេល​រស់​នៅ​ក្នុង​ព្រៃ​។​ ខ្ញុំ​​​បាត់​បង់​កូន​ជា​ទី​ស្រឡាញ់​។​ បន្ថែម​ពី​នេះ​ ខ្ញុំ​រង​នូវ​ការ​កើត​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ដែល​បន្សល់​ពី​ការ​រត់​លូត ធ្វើ​ដំណើរដោយ​​ថ្មើរ​ជើង​​រាប់​ពាន់​គីឡូ​ម៉ែត្រ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។​ ហេតុ​ការណ៍ទាំង​អស់​​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ស្ពឹក​ដៃ​ស្ពឹក​ជើង​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

អត្ថបទដោយ លី សុខឃាង


[1] មេក វិន សម្ភាសន៍ជាមួយ សុន សុខា នៅភូមិ​ថ្នល់កែង ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin