ខ្មែរក្រហមផ្ដល់ពងមាន់ចំនួន ២ គ្រាប់ ដើម្បីលើកទឹកចិត្ត
កងកុមារត្រៀមចូលកងយុវជន ខ្មែរក្រហមបានផ្ដល់ពងមាន់ចំនួន២គ្រាប់ក្នុងកុមារម្នាក់ សម្រាប់អាហារមួយពេល ដើម្បីលើកទឹកចិត្តកុមារទាំងអស់នោះ។ ខ្មែរក្រហម តែងតែយកចិត្តទុកដាក់ ចំពោះកងកុមារដែលត្រៀមខ្លួនចូលកងយុវជន និងតែងតែផ្ដល់អាហារសម្រាប់បំប៉នកម្លាំងត្រៀមធ្វើការងារជូនអង្គការ នេះបើតាមការរៀបរាប់របស់ ង៉ែត ងៀម[1] អាយុ៣៦ឆ្នាំ (នៅឆ្នាំ២០០១) រស់នៅភូមិដំណាក់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានវាយរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ ពេលនោះ ងៀម និងគ្រួសារគឺរស់នៅក្នុងភូមិព្រៃជួរ ជាភូមិកំណើតរបស់គាត់។ នៅក្នុងខែមករា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀស ងៀម និងគ្រួសារទៅតំបន់១០៩។ នៅពេលដែល ងៀម និងគ្រួសារទៅដល់តំបន់១០៩ ខ្មែរក្រហមបានចាត់បញ្ចូលគ្រួសាររបស់គាត់ទៅក្នុងក្រុមប្រជាជនផ្ញើ ដែលប្រជាជនមូលដ្ឋានបានហៅថាក្រុមបញ្ញើក្អែក។ ប្រជាជនផ្ញើ តែងតែទទួលរងការរើសអើងពីសំណាក់ប្រជាជនមូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះសូម្បីតែការងារត្រូវទទួលបន្ទុកធ្ងន់ជាងប្រជាជនមូលដ្ឋាន។ ងៀម រស់នៅជាមួយឪពុកម្ដាយបានរយៈពេលមួយសប្ដាហ៍ ខ្មែរក្រហម បានបំបែកគាត់ចេញឱ្យទៅរស់នៅក្នុងកងកុមារ។ ងៀម រស់នៅកងកុមារមានសមាជិកចំនួន៣៥នាក់ ហើយបែងចែកចេញជាក្រុមតូចៗក្នុងមួយក្រុមមានសមាជិកចំនួន១២នាក់។ ខ្មែរក្រហម ចាត់តាំងឱ្យ ងៀម ធ្វើការងារដូចជា បោចស្មៅ, រំលាយដីដំបូក, រែកអាចម៍គោ, ជញ្ជូនកណ្ដាប់ដាក់ក្នុងស្រែឱ្យកងស្រ្តីស្ទូង និងកាប់ទន្រ្ទានខេត្ត។
ងៀម បាននិយាយថា នៅក្នុងរបបខ្មែរក្រហមកងកុមារ មានគ្រូម្នាក់ដែលចាំបង្រៀនអក្សរដល់កុមារនៅក្នុងកង ហើយក្រៅពីនោះគឺដឹកនាំកុមារទាំងអស់ធ្វើការងារ។ ងៀម បានបន្ថែមថា ការរៀនអក្សរនៅអំឡុងពេលនោះគឺរៀនតែអក្សរ២ ទៅ៣តួ និងលេខ១ ដល់លេខ៥។ គាត់មិនអាចប្រើប្រាស់ចំណេះដែលទទួលពីការរៀន ព្រោះពេលនោះមិនបានរៀនជាប់លាប់ និងម្យ៉ាងទៀតគ្រូបង្រៀននៅពេលនោះមិនមានជំនាញ និងគ្មានចំណេះដឹងទូលំទូលាយ។ នៅក្នុងរបបខ្មែរក្រហមមិនមានថ្នាក់រៀនត្រឹមត្រូវដែលអាចឱ្យសិស្សងាយស្រួលអង្គុយរៀនឡើយ សាលារៀននៅពេលនោះគឺមានតែនៅក្រោមដើមឈើ ឬនៅក្រោមផ្ទះរបស់ប្រជាជន។
តាមរយៈការរៀបរាប់របស់ ងៀម របបអាហាររបស់ប្រជាជននៅក្នុងតំបន់ដែលគាត់រស់នៅគឺមិនខុសគ្នានោះទេ ទាំងក្មេង ទាំងចាស់គឺទទួលបានអាហារចំនួន២ពេល ក្នុងមួយថ្ងៃ។ ក្រុមដែលពិសេសជាងគេនៅពេលនោះគឺកងកុមារត្រៀមចូលកងយុវជន, កងនេះគឺទទួលបានការលើកទឹកចិត្តខ្លាំងពីសំណាក់ខ្មែរក្រហម ដោយការផ្ដល់អាហារបន្ថែម។ ងៀម បាននិយាយថាកងកុមារត្រៀមចូលកងយុវជន ពេលដល់ម៉ោងបរិភោគអាហារ អង្គការតែងតែផ្ដល់នូវពងមាន់ម្នាក់ចំនួន២គ្រាប់បន្ថែម ដើម្បីជាការលើកទឹកចិត្ត និងជាធ្នាក់ឱ្យកុមារទាំងអស់នោះគិតថា នៅពេលដែលចូលទៅកងយុវជននឹងទទួលបានអាហារឆ្ងាញ់បែបនេះទៀត។
នៅឆ្នាំ១៩៧៨ ងៀម ត្រូវបានផ្លាស់ប្ដូរចេញពីតំបន់១០៩ ទៅនៅឃុំពពេល។ គាត់បានបញ្ជាក់ថា ពេលដែលគាត់ប្ដូរទៅឃុំពពេលមានភាពប្រសើរជាងនៅតំបន់១០៩។ គាត់អាចមានពេលសម្រាក និងទទួលបានអាហារហូបច្រើនជាងនៅតំបន់១០៩។ នៅក្នុងកងដែលគាត់ធ្វើការងារមានសមាជិកចំនួន២៥នាក់ ហើយការងារដែលគាត់ធ្វើនៅទីនោះមានដូចជា សែងអាចម៍គោ, សែងដីដំបូក និងប្រមូលកណ្ដាប់ដាក់រទេះ។ នៅក្នុងមួយថ្ងៃ ងៀម ធ្វើការងារប្រហែល៧ម៉ោង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ និងពេលថ្ងៃពីម៉ោង១រសៀស ដល់ម៉ោង៥ល្ងាច។ ក្រៅពីធ្វើការងារ ខ្មែរក្រហមបានអនុញ្ញាតឱ្យកុមារនៅក្នុងកងបានរៀនអក្សរ ក្នុងមួយថ្ងៃមួយម៉ោងកន្លះ។
ងៀម មានបងប្អូនចំនួន៣នាក់ គាត់ជាកូនទី២នៅក្នុងគ្រួសារ។ អ្នកទាំង៣ ត្រូវខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយឱ្យទៅរស់នៅកងកុមាររួមគ្នា។ បង និងប្អូនរបស់គាត់ បានកើតជំងឺកញ្ជ្រឹល ជាអកុសលអ្នកទាំង២នាក់នោះបានបាត់បង់ជីវិត។ ខ្មែរក្រហម មិនមានថ្នាំផ្ដល់ឱ្យអ្នកជំងឺសម្រាប់ព្យាបាលឡើយ។ ពេលដែល បង និងប្អូនរបស់គាត់ឈឺ ម្ដាយគាត់មិនទទួលបានព័ត៌មានឡើយ រហូតដល់អ្នកទាំង២នោះស្លាប់ ទើបម្ដាយទទួលបានដំណឹង និងទៅទទួលសាកសពរបស់កូន។
ងៀម បាននិយាយថាគាត់មិនស្គាល់ថានរណាជាមេដឹកនាំធំនៃរបបខ្មែរក្រហមនោះទេ សូម្បីតែឈ្មោះរបស់ ប៉ុល ពត គាត់មិនដែលឮដែរ។ នៅពេលនោះគាត់ស្គាល់ត្រឹមតែអ្នកដឹកនាំរបស់ភូមិភាគគឺ ឈិត ជឿន[2] ដែលប្រជាជននៅតំបន់នោះនិយមហៅ តា១៥។ ងៀម បានបន្តទៀតថា ឈិត ជឿន នៅពេលដែលចុះទៅការដ្ឋានគឺមានអត្តចរិតធម្មតា មិនមានបញ្ចេញអត្តចរិតកាចដាក់មនុស្សក្រោមបង្គាប់ឡើយ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំក្រោមការវាយរំដោះរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម។ បន្ទាប់ពីរបបនោះដួលរលំ ស្ថានភាពគ្រួសាររបស់ ងៀម ជួបប្រទះទុក្ខលំបាកខ្លាំង ព្រោះគាត់មិនមានទ្រព្យសម្បត្តិជាប់ខ្លួន សូម្បីតែសម្ភារផ្ទះបាយ។ គាត់បានចែករំលែកបន្ថែមថា គាត់រស់នៅក្នុងរបបខ្មែរក្រហម គឺរស់នៅក្នុងរបបមួយដែលគ្មានសិទ្ធិសេរីភាព, គ្មានការរាប់អាន, គ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់, គ្មានការគោរពប្រណិប័តន៍សាសនា, គ្មានសាលារៀន, ខ្វះខាតអាហារហូបចុក, ខ្វះខាតការព្យាបាលជំងឺ អន់ថយស្ទើរតែគ្រប់វិស័យ។ របបនោះបានបន្សល់ស្រ្តីមេម៉ាយ និងក្មេងកំព្រាជាច្រើននាក់ ជាក់ស្ដែងសាច់ញាតិរបស់ ងៀម មានដូចជាពូ និងបងប្អូនប្រុសរបស់គាត់សរុបទាំងអស់ចំនួន៦នាក់ បានស្លាប់នៅក្នុងរបបនោះ៕
[1] ឯកសារលេខ D25133, ង៉ែត ងៀម (កុមារកងទ័ព), សម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ៧២ “ឈិត ជឿន ហៅតាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំ និងបានរៀបការជាមួយប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ នៅឆ្នាំ១៩៤៩ តាម៉ុក ជាប្រធានខ្មែរឥស្សរៈស្រុកក្នុងខេត្តតាកែវ។ តាម៉ុក បានចូលជាសមាជិកបក្សកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៨ តាម៉ុក គឺជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានចំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាល នៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ និងបញ្ជូនមកដាក់ក្នុងមន្ទីរឃុំឃាំងរងចាំការកាត់ទោស។ តាម៉ុក ស្លាប់ដោយជំងឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦”។
អត្ថបទដោយ នេន ស្រីមុំ