ង៉ែត វណ្ណ៖ អតីតពេទ្យក្នុងកងពលលេខ៣

វណ្ណ រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅឆ្នាំ១៩៧៥ វណ្ណ ត្រូវបានខ្មែរក្រហមដឹកបញ្ជូនចេញពីស្រុកកំណើតឲ្យទៅរស់នៅខេត្តកោះកុង ហើយត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងអង្គភាពពេទ្យ ស្ថិតនៅក្នុងកងពលលេខ៣ ដឹកនាំដោយ តា​ នៅ។  វណ្ណ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ង៉ែត វណ្ណ[1] ភេទស្រី អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ ។  វណ្ណ មានស្រុកកំណើតនៅភូមិភី ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វណ្ណ រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វណ្ណ មានប្ដីឈ្មោះ ជ័យ ម៉ឹង (ស្លាប់ឆ្នាំ២០១៤ ដោយសារជំងឺលើសសម្ពាធឈាម)។ វណ្ណ មានកូនចំនួន៦នាក់​ (ប្រុស៣នាក់ ស្រី៣នាក់)។ សព្វថ្ងៃកូនរបស់ វណ្ណ មានគ្រួសារអស់ហើយ។ វណ្ណ មានឪពុកឈ្មោះ ហង្ស នន (ស្លាប់) និងម្ដាយឈ្មោះ អ៊ូច យ៉ង (ស្លាប់ក្នុងឆ្នាំ១៩៧២​ ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកកាំង)។​  វណ្ណ មានបងប្អូនបង្កើតចំនួន៦នាក់(ប្រុសម្នាក់ ស្រី៥នាក់)។ បងប្អូន វណ្ណ បានទទួលមរណភាពចំ​នួន៣នាក់(ប្រុស១នាក់ ស្រី២នាក់) ក្នុងនោះ ប្អូនស្រីទី២ឈ្មោះ ង៉ែត លន ស្លាប់ដោយសារជំងឺក្រពះពោះវៀន, ប្អូនស្រីទី៣ឈ្មោះ ង៉ែត ឃុន ស្លាប់ដោយសារជំងឺគ្រុនចាញ់ និងប្អូនប្រុសទី៤​ ស្លាប់ដោយសារជំងឺរបេង។ វណ្ណ ជាកូនច្បងនៅក្នុងគ្រួសារ។ ។

កាលពីក្មេង វណ្ណ មិនបានចូលរៀនទេ ដោយសារប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ ​បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ នៅថ្ងៃ១៨ ខែមីនា​ ឆ្នាំ១៩៧០ ។ នៅអំឡុងពេលនោះភូមិរបស់ វណ្ណ មិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ ប្រជាជនអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។

លុះឆ្នាំ១៩៧២ ម្ដាយរបស់ វណ្ណ បានចេញទៅធ្វើស្រែដូចសព្វដង។ នៅពេលគាត់កំពុងស្ទូងស្រូវ ទាហានអាមេរិកកាំងបានបើកយន្តហោះជាច្រើនគ្រឿង មកទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅក្នុងភូមិដែល វណ្ណ រស់នៅ។​ ​ប្រជាជននៅក្នុងភូមិ មានការតក់ស្លុតជាខ្លាំង បន្ទាប់ពីឮសម្លេងគ្រាប់បែកផ្ទុះឡើងជាបន្តបន្ទាប់។ បន្ទាប់មកម្ដាយ វណ្ណ និងប្រជាជនចំនួន១៤នាក់ទៀត ដែលកំពុងស្ទូងស្រូវនៅក្នុងស្រែបាននាំគ្នារត់ចេញពីក្នុងស្រែសំដៅទៅរណ្ដៅត្រង់សេរ ដើម្បីលាក់ខ្លួន។ ប៉ុន្តែជាអកុសល នៅពេលរត់រំលងស្រែបានមួយ ម្ដាយរបស់វណ្ណ ត្រូវបានអំបែកគ្រាប់បែកបេ៥២ ខ្ទាតចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងវាលស្រែ។ បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិបាននាំគ្នាជីករណ្ដៅត្រង់សេរទុកសម្រាប់លាក់ខ្លួន។ ចំណែកឪពុក វណ្ណ បានចេញពីផ្ទះទៅយកសពប្រពន្ធ ដើម្បីយកមកបូជាតាមប្រពៃណីខ្មែរ។ បន្ទាប់ពីម្ដាយបានស្លាប់ វណ្ណ និងឪពុកបានបន្តធ្វើការងារស្រែចម្ការជាធម្មតា។

នៅឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមចាប់ផ្ដើមចូលមកឃោសនាក្នុងភូមិ ប្រាប់ឲ្យប្រជាជនងើបឡើង រួមកម្លាំងគ្នាតស៊ូវាយផ្ដួលរលំរបបលោកសេនាប្រមុខ លន់ នល់។ បន្ទាប់មក ប្រជាជនជាច្រើនមានទាំងប្រុស មានទាំងស្រី បានចូលរួមជាមួយចលនាខ្មែរក្រហម ហើយ វណ្ណ បានស្ម័គ្រចិត្តចូលធ្វើជាកងនារីខ្មែរក្រហម ដែលមានទីតាំងនៅស្រុកទ្រាំង ខេត្តតាកែវ ។ បន្ទាប់មក ក្រុមគ្រួសារ វណ្ណ និងប្រជាជន​ដែលរស់នៅក្នុងស្រុកទ្រាំង ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងខេត្តកោះកុង។ មួយសប្ដាហ៍ក្រោយមក វណ្ណ ត្រូវបានកងទ័ពខ្មែរក្រហមដឹកបញ្ជូនទៅកាន់ខេត្តកោះកុង។ នៅពេលទៅដល់ខេត្តកោះកុង វណ្ណ ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារក្នុងអង្គភាពពេទ្យក្នុងកងពលទី៣ ដែលគ្រប់គ្រងដោយ តា នៅ និងប្រធានពេទ្យឈ្មោះ ស៊ឹង។ នៅពេលចូលធ្វើពេទ្យដំបូង វណ្ណ ត្រូវបាន ស៊ឹង (ប្រធានពេទ្យ) ចាត់តាំងឲ្យថែទាំអ្នកជំងឺ ចាក់ថ្នាំឲ្យអ្នកជំងឺ ដាំបាយ និងលាងរបួសឲ្យអ្នកជំងឺ។ កងទ័ពដែលបញ្ជូនយកមកសម្រាកព្យាបាលនៅក្នុងកងពលទី៣ ភាគច្រើនជាកងទ័ពដែលវាយតតាំងជាមួយកងទ័ពលោកសេនាប្រមុខ លន់   នល់​ នៅតាមព្រំដែនខេត្តកោះកុង។

នៅឆ្នាំ១៩៧៦ វណ្ណ ត្រូវបាន តា នៅ  រៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបការរួច វណ្ណ បានសម្រចចិត្តឈប់ធ្វើពេទ្យ ហើយត្រូវបាន តា នៅ ផ្លាស់ឲ្យមកធ្វើស្រែជាមួយប្រជាជននៅក្នុងភូមិធ្នង់ ខេត្តតាកែវ។ ចំណែកប្ដីរបស់​វណ្ណ ត្រូវបាន តា នៅ បញ្ជូនទៅធ្វើការងារខាងសេដ្ឋកិច្ច លុះយប់ឡើង ទើបអាចត្រលប់មកស្នាក់នៅជាមួយគ្នា នៅផ្ទះបាន។ បន្ទាប់ពីប្រមូលផលស្រូវ វណ្ណ និងប្រជាជនដែលធ្វើការងារនៅក្នុងភូមិធ្នុង ត្រូវបាន តា នៅ ផ្លាស់ឲ្យទៅជីកប្រឡាយ លើកជាទំនប់នៅភូមិកណ្ដោល ដែលគ្រប់គ្រងដោយឈ្មោះ ស៊ូ​។ នៅពេលលើកទំនប់នៅក្នុងភូមិកណ្ដោល វណ្ណ មានការលំបាកជាខ្លាំង ​ព្រោះការងារត្រូវបាន ស៊ូ គាបសង្កត់មិនសូវឲ្យសម្រាក និងអាហារហូបចុកមិនបានគ្រប់គ្រាន់។ បន្ទាប់ពីលើកទំនប់នៅភូមិកណ្ដោលបានរយៈពេល៣ខែ វណ្ណ និងប្រជាជនទាំងអស់ ត្រូវបាន ស៊ូ ផ្លាស់បន្តឲ្យទៅធ្វើស្រែនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង់។ នៅពេលផ្លាស់មកធ្វើស្រែនៅឃុំត្រពាំងរូង​ ស្រូវដែលប្រមូលផលបាន ត្រូវ អ៊ួន យ៉ង់ បែកចែកជាពីរផ្នែក គឺមួយចំណែកទុកឲ្យប្រជាជនបរិភោគ និងមួយចំណែកទៀតត្រូវដឹកបញ្ជូនទៅផ្គត់ផ្គង់កងទ័ព។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ឃុំត្រពាំងរូង។ ដោយឃើញកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់បាន អ៊ួន យ៉ង់ បានបញ្ជាឲ្យប្រជាជន និងកងទ័ពទាំងអស់ដកថយចេញពីឃុំត្រពាំងរូង ដើម្បីទៅស្នាក់នៅសារ៉ាមពោធិ៍បឹង ជាបណ្ដោះអាសន្នសិន។ វណ្ណ ស្នាក់នៅសារ៉ាមពោធិ៍បឹងបានរយៈពេល៣ខែ ក៏ត្រូវបានផ្លាស់បន្តឲ្យទៅរស់នៅព្រំដែនថ្មដា​ ដែលមានព្រំប្រទល់ជាប់ព្រំដែនថៃ។ បន្ទាប់ពីស្នាក់នៅព្រំដែនថ្មដាបានរយៈពេលប្រហែលកន្លះខែ កងទ័ពវៀតណាមបានដឹកនាំកម្លាំងចូលមកវាយនៅព្រំដែនថ្មដា។ ដោយសារកងទ័ពវៀតណាមមានកម្លាំងច្រើន វណ្ណ បានរត់ចេញពីព្រំដែនថ្មដាទៅរស់នៅជំរំសាយខេ ដែលមានទីតាំងនៅក្នុងទឹដីថៃ។

នៅឆ្នាំ១៩៨០ វណ្ណ និងកងទ័ពខ្មែរក្រហមដែលកំពុងរស់នៅជំរំសាយខេ ត្រូវបាន អ៊ួន យ៉ង់ ដឹកនាំចេញពីជំរំឲ្យមករស់នៅស្រុកសំឡូត ខេត្តបាត់ដំបងវិញ ហើយ វណ្ណ បានចូលរួមជាមួយកងពលទី៣ ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង ដដែល។ នៅពេលផ្លាស់មករស់នៅស្រុកសំឡូត វណ្ណ បានរៀបការជាមួយស្វាមីទី២ឈ្មោះ ជ័យ ម៉ឹង (ប្រធានពេទ្យនៅក្នុងកងពលទី៣) ព្រោះប្ដីទី១ បានឈឺស្លាប់ដោយសារជំងឹគ្រុនចាញ់នៅក្នុងភូមិថ្មស ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

នៅឆ្នាំ១៩៩១ កងពលទី៣ ត្រូវបានផ្លាស់ចេញពីស្រុកសំឡូតបញ្ជូនឲ្យមករស់នៅស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ នៅពេលផ្លាស់មករស់នៅវាលវែង វណ្ណ និងប្ដីបាននាំគ្នាទៅចាប់ដីនៅភូមិទំព័រ ដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ។ ពេលចូលមករស់នៅភូមិទំព័រដំបូង វណ្ណ និងប្ដីមានការលំបាកជាខ្លាំង ព្រោះផ្លូវនៅក្នុងភូមិសម្បូរទៅដោយមីន។ ប្រជាជនមួយចំនួនបានស្លាប់ដោយសារជំងឺគ្រុនចាញ់ ព្រោះគ្មានថ្នាំព្យាបាល។ បន្ទាប់ពីប្រទេសមានសន្តិភាព វណ្ណ​ និងប្ដីបានបន្តរស់នៅក្នុងភូមិទំព័រ ដោយប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ង៉ែត វណ្ណ, បទសម្ភាសន៍ដោយ ចាន់ ណារិទ្ធ, នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin