តស៊ូដើម្បីបដិវត្តន៍ ប៉ុន្តែចុងក្រោយស្លាប់ដោយសារតែបដិវត្តន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ហាច អេង[1] ភេទប្រុស អាយុ៧៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានភូមិកំណើត និងអាស័យដ្ឋានរស់នៅបច្ចុប្បន្ន នៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អេង មានឪពុកឈ្មោះ សេង ចន និងម្ដាយឈ្មោះ មុំ ឌិន ស្លាប់ក្នុងរបបខ្មែរក្រហមទាំង២នាក់។ អេង មានបងប្អូនប្រុសស្រីសរុបចំនួន៧នាក់ (ស្រី៥​ និងប្រុស៣) បងប្អូន៣នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្នុងអំឡុងពេលសង្រ្គាម អេង និងគ្រួសារ រស់នៅក្នុងសភាពភ័យខ្លាចពីការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ផ្លោង។ អេង មានប្អូនថ្លៃម្នាក់ឈ្មោះ សៀក ដែលបានរត់ចូលព្រៃចូលរួមបដិវត្តន៍ និងធ្វើជាកងទ័ពខ្មែរក្រហម។ ក្នុងគ្រានោះ មានយុវជនជាច្រើនចេញពីភូមិដើម្បីចូលរួមតស៊ូជាមួយបដិវត្តន៍។ បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយឈ្នះលើទាហានលន់ នល់, សៀក បានវិលត្រឡប់មកលេងផ្ទះជាមួយកងការពារ និងនីរសារសរុបគ្នាចំនួន៤នាក់ និងប្រាប់បងប្អូនថា៖ «ស្រុកឥឡូវសុខស្រួល និងសុខសប្បាយហើយ!» ការឃើញ សៀក នាពេលនោះ គឺជាការឃើញលើកចុងក្រោយ ពីព្រោះសៀក បានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងវ័យកណ្ដាល ដែលត្រូវទៅធ្វើការងារពីដើមភូមិដល់ចុងភូមិ និងមកស្នាក់នៅផ្ទះវិញ។ ការងារ និងការហូបចុក គឺកាន់តែលំបាកទៅ នៅពេលដែលកម្មាភិបាលខ្មែរក្រហមកមកពីភូមិភាគនិរតី​ចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៧។

ខ្ញុំនៅចាំបានថា គណៈស្រុក ពេលនោះគឺជាមិត្តនារី យុត ដែលមកពីភូមិភាគនិរតី។ មិត្ត យុត បានចាត់តាំងមិត្ត​នារី ម៉ាច ដែលមានចរិតលក្ខណៈកោងកាច និងគ្មានមនោសញ្ចេតនា។

ការគ្រប់គ្រងរបស់កម្មាភិបាលមកពីភូមិភាគនិរតី គឺប្រជាជនរស់នៅពិបាក និងវេទនាណាស់។ ប្រជាជនត្រូវបានចាប់ធ្វើទារុណកម្ម សម្លាប់ និងបង្អត់អាហារ។ ប្រជាជនជាច្រើន មានទាំងប្រជាជន១៧មេសា, ប្រជាជនភូមិភាគបូព៌ាដែលត្រូវបានដឹកមកពីត្រើយខាងកើត និង ប្រជាជនមូលដ្ឋា ត្រូវបានខ្មែរក្រហមចាប់កំហុស និងចោទប្រកាន់ជាខ្មាំង ត្រូវបានដឹកយកមកសម្លាប់ទម្លាក់ចូលក្នុងរណ្ដៅសាកសពរួមដ៏ធំនៅវត្តគគរ។ អេង ពេលខ្លះ លឺសម្រែករបស់ជនរងគ្រោះយំតាមផ្លូវ។ អេង នៅចងចាំព្រឹត្តិការណ៍ទាំងអស់នេះ និងមានការនឹករឭកយ៉ាងខ្លាំងចំពោះបងប្អូនដែលបានស្លាប់។ អេង និយាយថា៖ «តស៊ូដើម្បីបដិវត្តន៍ ប៉ុន្តែចុងក្រោយស្លាប់ដោយសារតែបដិវត្តន៍!»​

អត្ថបទដោយ លី ដេវីត


[1] ឯកសារបទសម្ភាសន៍លេខKCI0041, សម្ភាសន៍ជាមួយ ហាច អេង រស់នៅឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ជួង សុភារិទ្ធ, នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin