ន ហាលីម៉ាស់ ជាប់សុកនៅក្នុងពោះរយៈពេល២ម៉ោងបន្ទាប់ពីសម្រាលកូនរួច

សុក[1] ជាខ្សែជីវិតតភ្ជាប់រវាងកូនក្នុងផ្ទៃ និងម៉ាក់ៗ ជាពិសេសសុកមាននាទីផ្គត់ផ្គង់ឈាម ផ្ដល់ចំណីអាហារសម្រាប់ទ្រទ្រង់ការលូតលាស់របស់គភ៌។ នៅពេលសម្រាលកូនរួច សុកត្រូវធ្លាក់ចេញមកក្រៅស្បូនជា មួយកូនដែរ។ ន ហាលីម៉ាស់ ជាស្រី្តម្នាក់ដែលបានសម្រាលកូននៅក្នុងសម័យខ្មែរក្រហមនិងបានជាប់សុករយៈ ពេល២ម៉ោង។ ខាងក្រោមនេះជាសាច់រឿងរបស់ ន ហាលីម៉ាស់៖
ខ្ញុំឈ្មោះ ន ហាលីម៉ាស់[2] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ ពេលខ្ញុំរៀបការរួចខ្ញុំបានមកនៅភូមិទួលសង្កែនេះ។ បច្ចុប្បន្នខ្ញុំមានកូនចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៥នាក់។ ខ្ញុំមានបងប្អូន៥នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុសម្នាក់។ ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។
កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនៅប្រកបមុខរបររកស៊ីនេសាទត្រី នៅតាមមាត់ទន្លេ។ ខ្ញុំ នៅនេសាទត្រីរហូតដល់ប្រទសមានចលាច័លបានខ្ញុំឈប់ ហើយត្រឡប់មកធ្វើស្រែចម្ការ វិញ។
នៅឆ្នាំ១៩៧០មានរដ្ឋប្រហារ ហើយប្រជាជនបាននាំគ្នាចូលរួមធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេង មានកាន់ ដំបង ដុំថ្ម និងកូនឈើ។ ស្ថានភាពរស់នៅរបស់ប្រជាជនរស់នៅប្រកបមុខរបរធ្វើស្រែចម្ការ រកស៊ី និងលក់ដូរដូច ធម្មតា។
នៅឆ្នាំ១៩៧៣ ប្រជាជនប្រមូលគ្នានៅមួយកន្លែង ព្រោះមានយន្ដហោះទម្លាក់គ្រាប់បែក។ ប្រជាជនរស់ នៅក្នុងភាពភ័យខ្លាចនិងភាពខ្វះខាត។ ប្រជាជនមិនសូវហ៊ានចេញធ្វើស្រែចម្ការ រវល់តែរត់ គេចគ្រាប់ផ្លោង។ គ្រួសារខ្ញុំនាំគ្នារត់ទៅលាក់ខ្លួនតាមរណ្ដៅត្រង់សេនៅក្បែរព្រៃជិតៗភូមិរហូតដល់ស្ងាត់យន្តហោះទម្លាក់គ្រាប់ បែក ទើបប្រជាជនគ្នាត្រឡប់មករស់នៅក្នុងភូមិវិញ។
នៅឆ្នាំ១៩៧៤ក្នុងភូមិចាប់ផ្ដើមធ្វើស្រែចម្ការ ឡើងវិញ។ ប្រជាជនធ្វើស្រែប្រវាស់ដៃគ្នាម្ដងម្នាក់ ចំណែក ផលស្រូវដែលទទួលបានទុកក្នុងជង្រុករៀងខ្លួន។ ការហូបចុកបានឆ្អែតគ្រប់គ្រាន់ ព្រោះហូបបាយនៅតាមផ្ទះ រៀងៗខ្លួន។ ខ្ញុំដើរនេសាទត្រីនៅតាមមាត់ទន្លេបានត្រីច្រើនណាស់ ព្រោះកាលនោះត្រីសម្បូរ។ ពេលខ្ញុំរកត្រី បានច្រើន ខ្ញុំយកទៅលក់នៅតាមភូមិក្បែរគ្នា ដូរជាគ្រាប់ពោត ដូរអង្ករ ដូរស្រូវ និង បន្លែផ្សេងៗ។ពេលទំនេរពីរកត្រី ខ្ញុំទៅស្ទឹងបេះ ប្រលិត។
នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកក្នុង ភូមិ ទួលសង្កែ។ អង្គការចាប់ផ្ដើមប្រមូលទ្រព្យ សម្បត្តិមាស ប្រាក់ គោក្របី ដីធ្លីស្រែ ចម្ការ ន័ង្គល រនាស់ និងសម្ភារទាំងអស់ដាក់ជារួម។ ផ្ទះធំៗត្រូវរុះរើ យកមកធ្វើជារោងបាយ។ នៅក្នុងភូមិមានរោងបាយមួយឈ្មោះថារោងបាយការដ្ឋានទួលសង្កែប្រជុំដោយពីរ ភូមិមាន ភូមិទួលសង្កែ និងភូមិព្រែកតាហង់។ ប្រធានគ្រប់គ្រងដោយឈ្មោះ សន (ស្រី)។ ឈ្មោះ ណន (ប្ដីរបស់សន) គ្រប់គ្រងមួយស្រុកកោះធំ។ នៅក្នុងសម័យខ្មែរក្រហមខ្ញុំមិនបានសំពះតាមសាសនាអ៊ីស្លាមទេ។
ខ្ញុំកំពុងពរពោះកូនបាន៨ខែ ស្ថានភាពខ្ញុំពេលនោះពិបាកខ្លាំងណាស់។ អង្គការដាក់បទបញ្ជាឲ្យខ្ញុំ ទៅស្ទូងស្រូវក្នុងស្រែ។ ពេលនោះខ្ញុំបានសុំអង្គការ ដើម្បីធ្វើការងារនៅជិតៗផ្ទះ ប៉ុន្តែអង្គការមិនអនុញ្ញាត។ ខ្ញុំត្រូវងើបទៅធ្វើការងារតាំងពីប្រលឹមព្រោះកន្លែងការងារនៅឆ្ងាយពីផ្ទះ។ នៅពេលពោះខ្ញុំកាន់តែធំជើងក៏ចាប់ ផ្ដើមហើម។ ខ្ញុំពិបាកណាស់ក្នុងការធ្វើដំណើរដោយថ្មើរជើង។ ខ្ញុំបានយកឈើច្រត់មួយយកមកកាន់ ដើម្បី ក្នុងការធ្វើដំណើរទៅស្រែ។ នៅពេលខ្ញុំដើរទៅដល់ស្រែយឺតអង្គការស្ដីឲ្យទៀត។ អង្គការមិនយល់ថា ខ្ញុំ ជាស្ត្រីមានផ្ទៃពោះទេ។
ថ្ងៃមួយអង្គការឲ្យខ្ញុំចុះធ្វើការងារនៅក្នុងទឹក ខ្ញុំបានសុំអង្វរអង្គការរាល់ថ្ងៃ ដើម្បីបានធ្វើការងារនៅលើ គោក ប៉ុន្តែអង្គការមិនព្រម។ ពេលខ្ញុំចុះទៅក្នុងទឹកស្រាប់តែសត្វទិចទៅវាមាស់ ខ្ញុំចេះតែអេះៗទៅវាហើម រួចខ្ញុំបានយកជើងនោះបង្ហាញទៅមិត្តប្រធាន ហើយសុំមិត្តប្រធានធ្វើការនៅលើគោកជើងខ្ញុំឈឺហើយ ពោះធំទៀត។ មិត្តប្រធាននិយាយថាចាំល្ងាចឲ្យគ្រូខ្មែរទៅមើល។ ពេលមកដល់កន្លែងអង្គការឲ្យគ្រូខ្មែរធ្វើថ្នាំ ឲ្យលាប ដុះល្មៀត លាបហើយនៅតែហើមដដែល។ ខ្ញុំអរណាស់ពេលបានឃើញជើងហើម ព្រោះអង្គការមិនឲ្យ ធ្វើការចុះក្នុងទឹកទៀត។ ខ្ញុំធ្វើការនៅលើគោករហូតទាល់តែគ្រប់ខែ។
ពេលដែលខ្ញុំសម្រាលកូន កើតដូចជាកូនឆ្កែ និងកូនឆ្មា។ ពេទ្យតូចៗមានអាយុ១៤ទៅ១៥ឆ្នាំ អង្គការ ឲ្យធ្វើឆ្មបសម្រាលកូន។ ខ្ញុំជាប់សុកប្រហែលជា២ម៉ោង ប្រហែល ខ្ញុំគ្មានសង្ឃឹមរស់ទេ ជ្រាលឈាម ឡើងដល់ក្បាល។ ខ្ញុំគិតថាស្លាប់ចោលកូនហើយ មិនដឹងយ៉ាងម៉េចទេសុកក៏ធ្លាក់មក។ ខ្ញុំស្រាប់តែងងឹតមុខ ព្រោះឈាមអស់ពីខ្លួនរស់ទាំងត្រដាបត្រដួសគ្មានថ្នាំហូបទេ។ ខ្ញុំចេះតែដាក់ភ្លើងអាំងតិចៗ និងគាស់ឫស ដើមទឹកដោះមកចិញ្ច្រាំដាំផឹក។
លុះ២០ថ្ងៃក្រោយមកមានគ្រូថ្នាំខ្មែរមកនិយាយជាមួយខ្ញុំថា ”ឥឡូវកើតកូនបាន២០ថ្ងៃហើយ មិនបាច់ ឲ្យគេយកបបរមកផ្ទះទេ ទៅហូបនៅកន្លែងទៅ”។ ខ្ញុំខឹងពេកក៏និយាយថាលោកគ្រូធ្លាប់មានប្រពន្ធដែរទេ? មិចក៏មិនឲ្យខ្ញុំយកបបរមកហូបនៅផ្ទះ។
ពេលសម្រាលកូនបាន១ខែ អង្គការឲ្យខ្ញុំទៅជាន់រហាត់ទឹកបញ្ចូលស្រែ។ ខ្ញុំបានសុំអង្គការធ្វើការងារជិតផ្ទះ។ បើសិនខ្ញុំទៅធ្វើការកន្លែងឆ្ងាយខ្លាចគ្មានពេលបំដៅដោះកូន។ ប៉ុន្តែអង្គការមិនអនុញ្ញាត ខ្ញុំក៏បានប្រើល្បិច ពេលព្រឹកឡើងខ្ញុំយកកូនទៅងូតទឹករួចយក ក្រមាមករុំ ដើម្បីកូនឲ្យរាងក្ដៅសាច់ ហើយពទៅដាក់នៅមុខ គណៈកង ដើម្បីប្រាប់ថាសមិត្តកូនខ្ញុំក្ដៅខ្លួន។ ខ្ញុំសូមសម្រាកមួយថ្ងៃ សូមអនុគ្រោះឲ្យខ្ញុំបានថែកូនឲ្យបាន ចាស់ខែបន្តិចសិនក្រែងកូនខ្ញុំស្លាប់ទៅខានឃើញពន្លឺបដិវត្តន៍។ ប្រធានក្រុមក៏បានអនុញ្ញាតឲ្យខ្ញុំសម្រាកមើល ថែកូន។ បន្ទាប់មកប្រធាន បានឲ្យខ្ញុំធ្វើកន្ទេលជិតភូមិរយៈពេលកន្លះខែទៀត។
កន្លះខែក្រោយអង្គការឲ្យខ្ញុំទៅធ្វើស្រែដើរចម្ងាយប្រហែលជា៣គីឡូម៉ែត្រពីផ្ទះ។ ខ្ញុំបានសុំមិត្តប្រធាន ទៅហូបបបរនៅផ្ទះ ដើម្បីឲ្យបានកូនបៅផង ហើយមិត្តប្រធានក៏បានអនុញ្ញាត។ ខ្ញុំពិតជាពិបាកណាស់ ដើម្បីកូនបានរស់។ ពេលឡើងពីធ្វើការពេលថ្ងៃ ខ្ញុំត្រូវរត់ទៅកន្លែងរោងបាយនៅក្នុងភូមិ លុះពេលហូបបបររួច ត្រូវរត់ទៅផ្ទះឲ្យកូនបៅ។ ពេលកូនបៅរួច ខ្ញុំរត់តាមផ្លូវកាត់មកស្រែខ្លាចមិនទាន់ម៉ោងធ្វើការ អង្គការដាក់ ទោស។ ខ្ញុំរត់ឡើងធ្លាក់បបរតាមច្រមុះ។
នៅពេលមួយ អង្គការលើកសាច់ជ្រូកមួយចានគោមមកដាក់ចំពីមុខខ្ញុំ រួចនិយាយថា មិត្តហូបទៅកុំប្រកាន់ អី មើលវិហារ ឥស្លាមអង្គការវាយចោលអស់ហើយមិត្តនៅកាន់សាសនាអីទៀត។ ពេលនោះខ្ញុំបន់ឲ្យតែហូបសាច់ជ្រូកចូល ប៉ុន្តែ ហូបមិនចូល។ អង្គការថាមិត្តនោះចាមដែរ តែម៉េចហូប កើត។ ខ្ញុំបានឆ្លើយថាថ្ងៃក្រោយខ្ញុំហូបបានដែរហើយ រួចមិត្តនោះក៏លើកចានសាច់ជ្រូកទៅដាក់ នៅម្ខាងទៀត ហើយលើកចានជ្រក់ត្រកួនមកដាក់ជំនួសវិញ។ ពេលនោះក្នុងចិត្តខ្ញុំរំភើបណាស់ ជាសំណាងបានមិត្តនោះ យល់។ ថ្ងៃខ្លះសម្លដាក់ខ្លាញ់ជ្រូក ថ្ងៃខ្លះដាក់ស្បែកជ្រូក ខ្ញុំចេះតែប្រឹងហូបទៅដើម្បីរស់។ ថ្ងៃណាហូបមិន ចូលក៏សុំអំបិលពីរោងបាយមួយក្ដាប់មកហូបជាមួយបបរ។ ប្ដីខ្ញុំក៏វេទនាខ្លាំងដែរឈឺជិតស្លាប់ ពេលទៅធ្វើការ លួចដកម៉ើមប្រលិតដាក់ហោប៉ៅយប់ឡើងដេកមិនលក់ងើបមកស្ងោរហូប។ ពេលខ្លះទៅលួចដកផ្សិតចំបើង មកប្រឡាក់អំបិលអាំងហូប ព្រោះហូបសាច់ជ្រូករាល់ថ្ងៃ។
ថ្ងៃបុណ្យអង្គការធ្វើមីទិញ ស្ល សាច់ជ្រូករាល់ថ្ងៃ ហើយយើងឥស្លាមមានអីហូប។ ខ្ញុំធ្វើការអស់កម្លាំងមិន ហ៊ានសុំច្បាប់សម្រាកទេ ខ្លាចអង្គការថាមកពីមិនហូបសម្ល ដូចមិត្តដទៃបានគ្មានកម្លាំងធ្វើការ។ ខ្ញុំនាំគ្នាដើរ រកអីហូប កងឈ្លបឃើញបាននិយាយដាក់ខ្ញុំថាប្រយ័ត្នស្លាប់។ បើហ៊ានលួចពងមាន់មួយដូរជីវិតមួយ ចេកមួយដូរជីវិតមួយ ខ្លាចស្លាប់ទេ។ ពេលខ្ញុំបានឮហើយក៏នាំគ្នាចែកផ្លូវត្រឡប់មកផ្ទះវិញ។
ថ្ងៃមួយខ្ញុំបាននិយាយគ្នាជាមួយបងថ្លៃនិងគ្រួសារខ្ញុំជាភាសាចាម អង្គការបានឲ្យខ្ញុំចុះពីលើផ្ទះហើយ សួរថាពិភាក្សាគ្នារឿងអ្វី ប្រយ័ត្នស្លាប់។ ថ្ងៃក្រោយតែឮនិយាយទៀតច្រវ៉ាក់ហើយ មិត្តឯង។ ខ្ញុំឮហើយញ៉ាក់សាច់ខ្លាចណាស់មិនហ៊ានពិភាក្សាជាភាសាចាមទេ។
នៅក្នុងសម័យខ្មែរក្រហមកូនខ្ញុំសុទ្ធតែពេញកម្លាំងធ្វើការងារ ទី១ទៅឃ្វាលគោនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ។ ទី២ ទៅរែកដីនៅខ្លាលោត(ខេត្តកណ្ដាល), ទី៣និងទី៤ទៅលើកទំនប់នៅម្លិច ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត។ ចំណែកកូនស្រីពៅនៅដេញចាប។
នៅឆ្នាំ១៩៧៩ពេលរំដោះហើយ ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះមិនដឹងថាកូននៅឯណាខ្លះ។ ជាសំណាងស្រាប់តែ កូនទី២, ទី៣ និងទី៤ បានត្រឡប់មកផ្ទះ។ កូនទី២បាននិយាយ ថា”ម៉ែខ្ញុំសង្ស័យ ថាបងយើង ប៉ុល ពតកៀរទៅ ព្រៃភ្នំព្រោះពេល ប៉ុល ពត បាក់ទ័ពបងនៅឃ្វាលគោច្រើនណាស់។ កូនខ្ញុំ ទី២ បានកាន់កាំបិតចេញទៅរកបងប្រុសខ្ញុំឃាត់មិនស្ដាប់។ លុះទៅបានមួយសន្ទុះក៏ឃើញត្រឡប់មកវិញទាំងពីរនាក់ បងប្អូន៕
អត្ថបទដោយ វី ស៊ីថា
[1] ចាន់ ស៊ីណេត , “ អ្វីជាសុក ហើយសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រីពពោះ?” Hello គ្រូពេទ្យ, (ថ្ងៃទី១២តុលា ឆ្នាំ២០២១),https://hellokrupet.com/%E1%9E%96%E1%9E%96%E1%9F%84%E1%9F%87/%E1%9E%98%E1%9E%B6%E1 %9 E%93%E1%9E%95%E1%9F%92%E1%9E%91%E1%9F%83%E1%9E%96%E1%9F%84%E1%9F%87/%E1%9E%94%E1%9E%89%E 1% 9F%92%E1%9E%A0%E1%9E%B6%E1%9E%95%E1%9F%92%E1%9E%91%E1%9F%83%E1%9E%96%E1%9F%84%E1%9F%87/47292/។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, D25285 (M00014), សូ ហ្វារីណា សម្ភាន៍ជាមួយ ន ហាលីម៉ាស់ ភេទស្រី អាយុ៦៤ឆ្នាំ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥។