ថ្ងៃរៀបការ ជាថ្ងៃពិសេស

(ក្រចេះ)៖ “ថ្ងៃរៀបការ ជាថ្ងៃពិសេសជាងថ្ងៃធម្មតាសម្រាប់ខ្ញុំ ព្រោះខ្ញុំបានហូបបបរជាមួយសាច់មាន់” ហម រែម បានលើកឡើងដូច្នេះ។ ហម រែម អាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងឆ្នាំ១៩៧០ តំបន់ដែល រែម រស់នៅត្រូវបានខ្មែរក្រហម ចូលគ្រប់គ្រង។ នៅអំឡុងពេលនោះ រែម បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហម។ ខ្មែរក្រហម បានបញ្ជូន រែម ពីខេត្តព្រះវិហារទៅរៀនយុទ្ធសាស្រ្តទ័ពនៅខេត្តកំពង់ចាមរយៈពេលបីខែ។ បន្ទាប់ពីរៀនចប់រយៈពេលបីខែ គាត់ត្រូវបានបញ្ជូនបន្តទៅខេត្តកំពង់ធំដើម្បីលត់ដំខ្លួន។
នៅឆ្នាំ១៩៧២ មានការផ្ទុះអាវុធនៅសាលាទីពីរក្នុងខេត្តកំពង់ធំ។ នៅពេលនោះដែរ មានការជ្រើសរើសយោធាដែលកំពុងលត់ដំខ្លួនយកទៅច្បាំង។ រែម និងសមាជិកចំនួន១០នាក់ផ្សេងទៀតមិនមានឈ្មោះចេញទៅសមរភូមិមុខដូចជាយោធាដទៃឡើយ។ រែម និងសមាជិកចំនួន១០នាក់នោះ ត្រូវបានចាត់តាំងឱ្យទៅធ្វើការងារនៅមន្ទីរពេទ្យ។ នៅក្នុងរបបខ្មែរក្រហម រែម មិនដែលទទួលបានអាហារហូបឆ្អែតឡើយ។ គាត់បាននិយាយថា នៅក្នុងរបបនោះ ស្រូវអង្ករបង្កបង្កើនបានផលច្រើន ប៉ុន្តែអង្ករដែលផ្ដល់ឱ្យប្រជាជន គឺមានចំនួនតិចតួចបំផុត។ រែម តែងតែមានចម្ងល់នៅក្នុងចិត្តថាតើទិន្នផលស្រូវទាំងនោះ អង្គការយកទៅណា? គាត់បានបន្តថា ខ្មែរក្រហមឱ្យដំឡូងមីមកគាត់ យកមកដាំលាយជាមួយអង្ករ ចៀសវាងការប្រើអង្ករសុទ្ធសម្រាប់ដាំបាយ។
រែម បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម គាត់អាចមានសិទ្ធិស្នើសុំអង្គការ ដើម្បីរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់បាន។ គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់ ក្នុងពេលតែមួយជាមួយ ប្ដី-ប្រពន្ធ ចំនួនបីគូផ្សេងទៀត។ ក្នុងពេលរៀបការ ខ្មែរក្រហម គាត់ និងប្រពន្ធ ត្រូវបានចាត់តាំងឱ្យ ឡើងប្ដេជ្ញាចិត្ត ហើយបន្ទាប់មកហូបអាហារជុំគ្នា រួចកម្មវិធីក៏បានបញ្ចប់។ គាត់បានបន្តថា ថ្ងៃរៀបការជាថ្ងៃពិសេសជាងថ្ងៃធម្មតា ដោយគាត់អាចហូបបបរលាយជាមួយសាច់មាន់។
រែម បាននិយាយថា នៅក្នុងរបបខ្មែរក្រហមគ្មានសាសនាឡើយ។ ខ្មែរក្រហម បានហាមប្រាមចំពោះការគោរពប្រណិប័តន៍សាសនាទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ វត្តអារាមមួយចំនួនត្រូវបានបំផ្លាញចោល ចំណែកព្រះសង្ឃត្រូវចាប់ផ្សឹកនិងតម្រូវឱ្យទៅធ្វើការ។ រែម ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ថែមថា ខ្មែរក្រហមបានដឹកប្រជាជនយកទៅសម្លាប់នៅតំបន់បែកអន្លូងតាមរយៈរថយន្ត ហើយទម្លាក់សាកសពចូលក្នុងអណ្ដូងទឹក។
នៅចុងឆ្នាំ១៩៧៨ រែម បានចាកចេញពីមន្ទីរពេទ្យដែលគាត់នៅប្រចាំការ ដោយសារតែមានការវាយប្រហារពីសំណាក់ទាហានវៀតណាម។ នៅអំឡុងពេលនោះ ប្រជាជននៅក្នុងសហករណ៍បាននាំគ្នារត់ចេញ មួយចំនួនរត់ចូលព្រៃជាមួយនឹងយោធាខ្មែរក្រហម ហើយមួយចំនួនត្រឡប់ទៅស្រុកកំណើតស្វែងរកក្រុមគ្រួសារ។ នៅដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ហើយ រែម បានត្រឡប់មកស្រុកកំណើតជួបជុំជាមួយគ្រួសារ។ សាច់ញាតិរបស់ រែម ជាច្រើននាក់ដែលបាត់ដំណឹង ទោះបីជារបបខ្មែរក្រហមបានដួលរលំទៅអស់ជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏មិនឃើញវត្តមានរបស់អ្នកទាំងនោះត្រឡប់ទៅស្វែងរកគ្រួសារគាត់វិញនោះទេ៕
សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

