ហង្ស គង់៖ ខ្ញុំរងរបួសចំក្បាលធ្ងន់ធ្ងរ

ហង្ស គង់ ភេទប្រុស អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងជុំ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន គង់ ​រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

គង់ និយាយថា៖ «ខ្ញុំបាន​ក្លាយ​ខ្លួនជាជនពិការដោយសារ​តែសង្គ្រាមនៅចន្លោះ​ឆ្នាំ១៩៧០ដល់​១៩៩៨។ ខ្ញុំបានចូលបម្រើ​ក្នុង​ជួរកងទ័ពខ្មែរក្រហម ដើម្បី​ការពារទឹកដី និងទាមទារអំណាចជូន សម្ដេច​ព្រះ នរោត្ដម សីហនុ​។ ខ្ញុំបានតស៊ូ​ជម្នះជាមួយ​ការងារនេះរហូតដល់​បាត់បង់ឪពុក​ម្ដាយ និង​បង​ប្អូន​ជាទីស្រឡាញ់​។ រាងកាយរបស់ខ្ញុំ​ទទួលរងនូវ​ពិការភាពដូចជា ផុងលលាដ៍ក្បាល ដាច់​សរសៃ​កែង​ជើង និងថ្លង់ទៀតផង​។ ជីវិត​រស់​ឆ្លងកាត់​អតីតកាល​ដ៏ជូរចត់​លើសមរភូមិ បាន​បណ្តាលឲ្យ​ចិត្តរបស់ខ្ញុំ​នឹក​ឃ្លា​រណ្តំ​ណែង​ណងមួយថា៖ «ពេលស្រុកមានសង្គ្រាម ​គេរកអ្នកក្លាហាន ដល់ពេល​ស្រុកក្សាន្ដត្រាណ​ គេ​រក​អ្នកចេះដឹង»។ ឃ្លានេះហាក់ដូចជា​​ត្រូវនឹង​ស្ថានភាពរបស់ខ្ញុំណាស់ នាពេលបច្ចុប្បន្ន។ ​ភាគច្រើន​នៃ​អតីត​ខ្មែរក្រហម​​មិន​បាន​រៀនសូត្រច្រើន​ ឬកសាង​ជីវិត​ឲ្យល្អប្រសើរបានទេ។ ជាក់ស្ដែង ខ្ញុំក៏មិន​បាន​រៀន​សូត្រ​ទេ កាល​ពី​កុមារ​ភាពនោះ។ អ្វីដែលខ្ញុំឆ្លងកាត់ និងមានឱកាសផ្សេងពីមនុស្សជុំវិញខ្លួននោះ គឺ​​មាន​តែ​​​ការ​ចូល​ប្រឡូក​ផ្ទាល់​ក្នុង​ការ​ដឹកនាំ​កងទ័ព​ដើម្បី​ប្រយុទ្ធនៅឯសមរភូមិមុខប៉ុណ្ណោះ។ ហេតុ​ដូច​នេះ​ហើយ​ ខ្ញុំ​មាន​​តែ​ភាព​​​ក្លាហាន។ ​

នៅក្នុង​​ឆ្នាំ១៩៧៣ ខ្ញុំត្រូវបានតែងតាំងជាសមាជិក​​ពេញសិទ្ធិរបស់​បក្សកុម្មុយនីស្ដ និង​មាន​សិទ្ធិ​កោះ​ហៅ ឬបញ្ជាកងទ័ពក្នុងអង្គភាពណាមួយទៅកាន់សមរភូមិ​។ លុះ​នៅ​ដើមឆ្នាំ១៩៧៤ ខ្ញុំទទួល​រង​របួស​ចំ​ក្បាលធ្ងន់ធ្ងររហូត​ដល់​ផុងលលាដ៍ ​ ដោយសារ​ផ្ទុះ​គ្រាប់បែកប្រភេទ​៨០នៅឯសមរភូមិ។ កង​កម្លាំង​របស់​​ខ្ញុំ​​បាន​រុក​រក​ខ្ញុំអស់​រយៈពេលជាច្រើនម៉ោងរហូតដល់ខ្ញុំស្ថិតក្នុងស្ថានភាព​ស្លេកស្លាំងខ្លាំង​ដោយសារតែ​​ឈាម​ហូរច្រើន​ពេក​។ បន្ទាប់មកកងកម្លាំងខ្មែរក្រហមបានយកខ្ញុំចេញពីថ្លុកឈាម ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យភូមិភាគពិសេសរបស់​វេជ្ជ​បណ្ឌិត ជួន ជឿន[1]។ ក្រុមគ្រូ​ពេទ្យ​បានសង្គ្រោះខ្ញុំ ដោយ​វះ​កាត់​យក​​អំ​បែង​ចេញពីលលាដ៍​​ក្បាល និងបានចាក់ថ្នាំ​ស្ពឹកដល់ខ្ញុំរហូតដល់​សន្លប់រយៈ​​ពេល​៧យប់​៧ថ្ងៃ។

បន្ទាប់ពី​ជាសះ​ស្បើយពីរបួស​ ខ្ញុំ​ត្រូវបានបញ្ជូនទៅកាន់ទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។ ខ្ញុំ​បាន​ឃើញ​​ការ​ជម្លៀស​ប្រជាជនចេញពីទីក្រុងភ្នំពេញ។ ខ្ញុំបាន​ផ្ដល់​សញ្ញាបន្ថែមទៀត​ឲ្យ​ប្រជាជនឆ្លងកាត់​ ​ស្ពាន​​ព្រែក​​ព្នៅ​ និងព្រែក​ក្ដាម​ ដើម្បីឆ្លងកាត់​ទៅកាន់​តំបន់ដាច់ស្រយាល​នៅតាមទីរួមខេត្ដ។ កង​កម្លាំង​របស់​​យើង​មិនបានធ្វើបាបប្រជាជនទេ។ អំឡុងពេល​មនុស្សម្នាត្រូវបានជម្លៀសយ៉ាងជ្រួល​ច្រាល់ យុទ្ធ​មិត្ដ​ក្នុង​ក្រុមរបស់ខ្ញុំក៏បាន​ប្រាប់​ខ្ញុំថា លោក ស៊ិន ស៊ីសាមុត​ ត្រូវបានជម្លៀស​ក្នុង​ចំណោម​ប្រជាជន​ដ៏​កក​កុញ​នោះ​​ដែរ[2] ហើយ​បន្ដិចក្រោយមក ខ្ញុំក៏លែងឃើញគាត់ទៅ។ បន្ទាប់​ពី​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល៥ខែ ខ្ញុំក៏ត្រូវ​​បញ្ជូនទៅកាន់ខេត្ដមណ្ឌលគិរី ដើម្បីការពារព្រំដែនកម្ពុជា-វៀតណាម​។ ​

រហូតដល់ឆ្នាំ១៩៧៩ នៅពេលខ្មែរក្រហមទប់ទល់នឹងកងកម្លាំងវៀតណាមលែងជាប់ យើងក៏បាន​ផ្លាស់​មូលដ្ឋា​នឈរជើងនៅឯ​ខេត្ដកំពង់ចាម​វិញ ដើម្បី​តស៊ូនៅទីនោះបន្ដទៀត​។ កងកម្លាំង​ក្នុងអង្គភាព​របស់​ខ្ញុំចំនួន​១៣០នាក់​បានស្លាប់បាត់បង់ជីវិតម្នាក់ប៉ុណ្ណោះ អំឡុងពេល​វាយ​ប្រយុទ្ធ​ជាប់ៗគ្នា​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅទីនោះ​។

នៅឆ្នាំដដែល​ ខ្ញុំបានត្រូវរបួសដាច់សរសៃកែងជើង​ ដោយសារតែការខ្ទាត​អំបែង​គ្រាប់កាំ​ភ្លើង​ធំ​នៅ​សមរ​ភូមិ​​ភ្នំ​ព្រិច។ កងកម្លាំងក្នុង​អង្គភាព​របស់ខ្ញុំ​បានសែងខ្ញុំយកទៅព្យាបាលនៅ​មូលដ្ឋានអូរម៉្សៅ។ ខ្ញុំ​មិន​មាន​សង្ឃឹម​ថា ខ្ញុំអាច​ដើរបានដូចក្នុងពេល​បច្ចុប្បន្ននេះទេ។ សំណាងល្អក្នុងពេលមួយក្នុង​ជំរំជនពិការ យើង​ក៏​បាន​​វាយ​​សត្វជ្រូកព្រៃ​មួយក្បាល ដែល​បាន​ចូលដល់​​កន្លែងស្នាក់នៅរបស់យើង ហើយ​​​​យក​ខ្លាញ់​ជ្រូក​នោះ​មក​លាប​រឹតលើសរសៃជើងរបស់ខ្ញុំ​។ ខ្ញុំ​បាន​​ធូរស្រាល​ឡើងវិញ និងអាចដើរបាន​ប្រសើរ​ឡើង​ជាង​មុន។

រហូតដល់ឆ្នាំ​១៩៨០ ខ្ញុំបានរៀបការជាមួយអតីត​កងនារី​សិល្បៈ និងទាហានខ្មែរក្រហម ហើយយើង​ក៏បានធ្វើដំណើរទៅកាន់​ជំរំភៀសខ្លួននៅលើ​ខ្នងភ្នំដងរែក។ នៅពេលនោះ យើងបានប្រឈម​នឹង​គ្រាប់​មីន​នៅ​តាម​ផ្លូវ​។ ដោយសារ​ជីវិតថ្លៃ ខ្ញុំ​ក៏នៅតែបន្ដរស់បានរហូតមកទល់នឹងពេលបច្ចុប្បន្ន។ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​ចេះ​អក្សរ​យ៉ាងណាក៏ដោយ ខ្ញុំក៏នៅតែទទួលបានតួនាទី​ក្នុងជួរកងទ័ព និង ក្រោយមក ធ្វើការ​ក្នុង​ជួរ​មន្រ្ដី​នគរបាល​នៃ​ស្រុកអន្លង់វែងនៅក្រោយពេល​សមាហរណកម្មក្នុងឆ្នាំ​១៩៩៨។ នៅទីបំផុត តំណែង​មួយ​ចំនួន​ខ្ញុំបានផ្ទេរឲ្យ​អ្នកចេះដឹង​ទៅវិញ ដោយសារតែខ្ញុំមិន​ចេះអក្សរ​»៕​

អត្ថបទដោយ សួត វិចិត្រ


[1] ជួន ជឿន រដ្ឋមន្ត្រីក្រសួងសុខាភិបាល​របស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​ចាត់ទុកថាជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ខ្មែរក្រហម ហើយ​គាត់ត្រូវបាន​ប្រទះឃើញនៅជាមួយ ប៉ុល ពត នៅអន្លង់វែង ក្នុងអំឡុងដែលប៉ុល ពតត្រូវបាន​ចាប់ខ្លួន ដោយកងកម្លាំងដែលស្មោះស្ម័គ្រនឹង​តាម៉ុក នៅក្នុងឆ្នាំ​១៩៩៧។​

[2] យោងតាម​ភាពយន្ត​«កុំស្មានបងភ្លេច» លោក ស៊ិន ចាន់ឆៃយ៉ាង ដែល​កូនរបស់លោក ស៊ិន ស៊ីមុត បានស្តាប់ការអះអាងផ្សេងៗគ្នា​របស់ប្រភពចំនួន​២០ឬ៣០អំពីការស្លាប់របស់ ស៊ិន ស៊ីសាមុត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin