ខ្ញុំមិនដែលឃើញរបបឃោរឃៅដូចខ្មែរក្រហមទេ
(កំពង់ឆ្នាំង) ៖ ហង្ស ភន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨០ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ភន ឲ្យដឹងថាមិនដែលបានជួបរបបណាឃោរឃៅ ព្រៃផ្សៅ បងំ្ខមនុស្សឲ្យធ្វើការហួសកម្លាំង និងកាប់សម្លាប់ប្រជាជនខ្លួនឯងដូចរបបខ្មែរក្រហមដែលបានប្រព្រឹត្តិអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៦ ខែមករាឆ្នាំ១៩៧៩ នេះទេ។
ក្នុងរបបខ្មែរក្រហម ភន និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ ភន បានរៀបរាប់ហេតុការណ៍ពេលជម្លៀសប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំឡុងឆ្នាំ២០២២ថា ពេលនោះមានយន្តហោះហោះពីលើហ្វូងមនុស្ស អមដោយស្នូរកំាភ្លើងឮសូរអត់ដាច់ មនុស្សម្នាភិតភ័យ ម្នាក់ៗបានរត់រកកន្លែងមានសុវត្ថិភាពរៀងៗខ្លួន ដោយអ្នកខ្លះបានលាក់ខ្លួនតាមគុម្ពោតព្រៃ និងខ្លះទៀតតាមដើមឈើ។ ខណៈពេលជម្លៀស ភន បានបែកសមាជិកគ្រួសារដោយសារការភ័យខ្លាច។
អំឡុងពេលជម្លៀស ភន បានឃើញសាកសពស្លាប់តាមដងផ្លូវដោយសារត្រូវគ្រាប់កាំភ្លើង និងមានរុំកន្ទេល។ ពេលដល់ទីតំាងជម្លៀសស្ថិតក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែស្រុកផ្សេង ភន រស់នៅក្នុងកងចល័តធ្វើការែកដី និងជីកប្រឡាយ។ គេបានបំបែកចាស់ៗ និងក្មេងៗឲ្យរស់នៅផ្សេងគ្នា។
ភន បានដឹងថានាពេលយប់កងឈ្លបខ្មែរក្រហមតែងតែដើរស្តាប់តាមក្រោមផ្ទះរបស់ប្រជាជន ខ្លាចមានអ្នកចង់ប៉ះបោរ។
ក្រោយមក ភន ត្រូវបានគេប្រើឲ្យចញ្រ្ចាំដើមទន្ទ្រានខេត្តយកទៅធ្វើជីដាក់ស្រែ និងធ្វើស្រែ ស្ទូងស្រូវ រហូតដល់ យប់។ ពេលហូបបាយត្រូវហូបរួមលើតុវែង ហូបជាមួយសម្លម្ជូរដើមចេក។ ភន រៀបរាប់បន្តថា គាត់មានជីវិតរស់ពីសម័យនោះដោយសារទឹកត្នោតដែលប្អូនគាត់បានឡើង និងលួចទុកឲ្យផឹកគ្រាន់មានកម្លាំងដើម្បីធ្វើការជូនអង្គការ។
ភន និយាយថា៖ ប្រជាជនខិតខំធ្វើការរហូតហួសកម្លំាងគ្មានម៉ោងសម្រាក ហេតុអ្វីនៅតែគ្មានស្រូវហូបគ្រប់គ្រាន់។
ភន បានឃើញពិធីបើកវគ្គ ជាពិធីរៀបការដោយបង្ខំធ្វើឡើងដោយខ្មែរក្រហម ពិធីរៀបការធ្វើឡើងម្តងៗពី ៣គូ រាប់រយគូ ស្រ្តី និងបុរសមិនត្រូវបានស្គាល់គ្នាទេ គាត់ត្រូវបានហៅឲ្យឡើងប្តេជ្ញាចិត្តម្តង១គូៗ គ្មាននរណាហ៊ានបដិសេធនោះទេ។ ឈ្លបខ្មែរក្រហមតែងដើរស៊ើបការណ៍នៅពេលយ់តាមផ្ទះប្តីប្រពន្ធដែលទើបតែរៀបការ។ ប្រសិនបើមានអ្នកមិនចុះសម្រុងគ្នាខ្មែរក្រហមហៅមកអប់រំឬយកទៅសម្លាប់ចោល។
ភន បានបាត់បង់កូនៗចំនួនពីរនាក់ដោយជំងឺ និងភាពអត់ឃ្លាន និងប្តីស្លាប់ដោយសារខ្មែរក្រហមយកទៅសម្លាប់ដោយចោទថាជាខ្មាំង។ ចំណែកម្តាយក្មេកស្លាប់ដោយសារការធ្វើការហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។
ភន តែងតែនឹករលឹកដល់សាច់ញាតិ ពិសេសកូនៗទាំងពីរដែលនៅក្មេងមិនទាន់ដឹងក្តី។ ភន បានបួងសួងសុំឲ្យសាច់ញាតិទាំងអស់កើតជាតិណាៗកុំឲ្យជួបការលំបាកដូចរបបខ្មែរក្រហមទៀត៕
សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២
អត្ថបទដោយ អេង សុខម៉េង