ការឈឺចាប់បន្សល់ពីរបបខ្មែរក្រហមនៅតែមិនអាចបំភ្លេចបាន

ហង្ស សីហា (ឆ្វេង) និង ជួង សុភារិទ្ធ (អាវក្រហម) ពេលផ្តល់បទសម្ភាសនៅរានហាលលើផ្ទះ។
ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

«ជួនកាលរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម ថ្វីត្បិតតែយើងមិនចង់រំឭក ប៉ុន្តែបញ្ហាហ្នឹងនៅតែដិតដាមធ្វើយ៉ាងម៉េចក៏វាមិនរំសាយដែររឿងផ្លូវចិត្តនេះ ដូចក្រដាសដែលប្រលាក់ហើយនៅតែមានស្នាម»។[1]

ហង្ស សីហា មានស្រុកកំណើតនៅភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រៀបការក្នុងរបបខ្មែរក្រហម ដោយការប្តេជ្ញាក្នុងចំណោមប្តីប្រពន្ធ ៥០គូក្នុងពិធីបើកវគ្គ[2]ឆ្នាំ១៩៧៨ ដោយការស្នើរសុំទៅអង្គការ[3]របស់ឪម្តាយ សីហា ប៉ុន្តែមានគូរខ្លះត្រូវបានបង្ខំដោយថ្នាក់លើ។ ប្រពន្ធឈ្មោះ ជា សាវ អាយុ ៤០ឆ្នាំជាអ្នកស្រុកជាមួយគ្នា មានកូន ៥នាក់ ស្រី៣នាក់ដែលកូនច្បងកើតក្នុងឆ្នាំ១៩៨៩។ សីហា មានឪពុកឈ្មោះ ហង្ស ស៊ើត ស្លាប់ដោយសារជំងឺក្នុងឆ្នាំ១៩៧៤ និងម្តាយឈ្មោះ ឃឹម ស៊ឹម ម្តាយស្លាប់ឆ្នាំ២០០៤ ដោយសារជំងឺ។ សីហា មានបងប្អូន ៤នាក់ ស្រី១នាក់ស្លាប់អស់២នាក់។

មុនពេលរដ្ឋប្រហារទម្លាក់សម្តេចព្រះ សីហនុ ក្នុងឆ្នាំ១៩៧០ សីហា បានផ្លាស់ពីសាលាស្វាយព្រៃ ខេត្តតាកែវ ទៅរៀននៅវិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ តាមរយៈបងជីដូនមួយម្នាក់ជួយជ្រោមជ្រែងផ្គត់ផ្គង់ឲ្យបានរៀនបន្តនៅភ្នំពេញ។

ពេលខ្មែរក្រហមជម្លៀសប្រជាជន ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សីហា បានដើរតាមការចង្អុលបង្ហាញផ្លូវរបស់កងទ័ពខ្មែរក្រហម ដើម្បីត្រលប់ទៅស្រុកកំណើតវិញ ហើយការធ្វើដំណើរនេះ សីហា ចំណាយពេល ៣ថ្ងៃ ព្រោះពេលដែល សីហា ចេញពីតាខ្មៅមិនបានដើរឆ្ងាយទេ ជួនកាលដើរ១គីឡូ ជួនកាលដើរបានតែកន្លះគីឡូ ក៏ត្រូវកងទ័ពខ្មែរក្រហមឲ្យសម្រាកសិន។ ពេលជម្លៀស កងទ័ពខ្មែរក្រហមបញ្ជាឲ្យប្រជាជនទាំងអស់ចេញពីផ្ទះសម្បែងទាំងបង្ខំដោយប្រើអាវុធគំរាមបន្ថែម សីហា និងគ្រួសារ មានរ៉ឺម៉កកង់មួយ រ៉ឺម៉កម៉ូតូមួយ ធ្វើដំណើរតាមផ្លូវទៅរហូតដល់ព្រែកតូច ត្រូវកងទ័ពខ្មែរក្រហមដកហូតកង់ និងម៉ូតូ សល់តែកន្ទុយរ៉ឺម៉កអូសបន្តរហូតដល់ឃុំក្រាំងលាវ សីហា បានប្រគល់របស់របរប្រើប្រាស់ឲ្យទៅមេភូមិឈ្មោះ ខេង។ ពេលទៅដល់ភូមិកំណើតភ្លាមក្នុងឆ្នាំ១៩៧៥ ពុំទាន់មានការរៀបចំបង្កើតសហករណ៍នៅឡើយទេ នៅហូបបាយតាមផ្ទះ តែខ្មែរក្រហមបែងចែកភូមិដ្ឋានចាស់ និងភូមិដ្ឋានថ្មី ដោយប្រជាជនមូលដ្ឋាន[4]រស់នៅភូមិដ្ឋានចាស់ និងប្រជាជនថ្មី[5]រស់នៅភូមិដ្ឋានថ្មី ហើយខ្មែរក្រហមជាអ្នកវាស់ដីកំណត់ទីតាំង កំណត់ប្រវែងដី ដើម្បីឲ្យប្រជាជនសាងសង់ខ្ទមដើម្បីរស់នៅ ចិញ្ចឹមជ្រូកមាន់ទា (សត្វគោប្រមូលដាក់ជាកម្មសិទ្ធិរួមរបស់អង្គការ) និងដាំដំណាំមានដូចជា ដំឡូង បន្លែផ្សេងជាដើម តែពេលប្រមូលផលត្រូវដាក់ចូលជារបស់រួមទាំងអស់ អ្នកដាំ និងអ្នកចិញ្ចឹមសត្វពុំមានសិទ្ធិឡើយ។ ពេលទៅដល់ភូមិកំណើត ខ្មែរក្រហមពុំមានការធ្វើប្រវត្តិរូបឡើយ ព្រោះខ្មែរក្រហមបានដឹងពីសមាសភាពអ្នកភូមិមូលដ្ឋានយ៉ាងច្បាស់ ដោយការប្រើប្រាស់ភាសានិយាយ ពាក្យពេចន៍ខុសប្លែកគ្នាទាំងអស់ពីប្រជាជនថ្មី ហើយអ្នកមូលដ្នានមិនសូវមានការរាក់ទាក់ជាមួយប្រជាជនថ្មីឡើយ។

សីហា បានពិភាក្សាជាមួយបងជីដូនមួយពីការព្រួយបារម្ភចំពោះការចាប់ខ្លួនយកទៅសម្លាប់ពេលទៅស្រុកកំណើតវិញ ព្រោះតែ សីហា និងបងជីដូនមួយបានរៀនសូត្រជ្រៅជ្រះនៅភ្នំពេញ តែបងជីដូនមួយរបស់ សីហា មិនជឿថាមានការសម្លាប់មនុស្សដែលគ្មានកំហុសឡើយ។ ដូចការគិតរបស់​ សីហា បងប្រុសជីដូនមួយរបស់ សីហា ដែលមានយសសក្តិក្នុងរបប លន់ នល់ ជាអ្នកបើកយន្តហោះ សក្តិ៥ បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិក រួចបន្តទៅប្រទេសថៃ តែជាអកុសល ពេលត្រលប់ពីប្រទេសថៃឆ្នាំ១៩៧៥ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោលតែម្តង ចំណែកឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក បងថ្លៃប្អូនថ្លៃក៏ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលនៅវត្តតាករ ដើមឆ្នាំ១៩៧៦។

លុះដល់ចុងឆ្នាំ១៩៧៥ ដើមឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ផ្តើមបែងចែកជាសហករណ៍[6] សីហា ចូលក្នុងសហករណ៍យុវជន ប្រធានសហករណ៍ឈ្មោះ ផន និង អឿន ហើយមេឃុំឈ្មោះ ឌុច តែក្រោយមកត្រូវចាប់ខ្លួនយកទៅសម្លាប់ដោយចោទថាជាខ្មែរស ទើបប្តូរអ្នកថ្មីឈ្មោះ មឿន ដែលកាន់ភូមិផង និងជាមេឃុំផង។ នៅកងយុវជនរបស់អង្គភាព សីហា មិនដែលបានត្រលប់ទៅជួបជុំជាមួយគ្រួសារឲ្យបានពេញលេញទេ គ្រាន់តែលួចទៅជួបមុខគ្នាបានតែមួយភ្លែតៗ ព្រោះត្រូវប្រញាប់ត្រលប់ទៅកងវិញ។ សីហា ត្រូវបញ្ជូនទៅធ្វើការឆ្ងាយពីភូមិ ដោយមានការចាត់តាំងបែងចែកពីប្រធានសហករណ៍ ចំពោះប្រជាជន ១៧មេសា[7] ទៅរស់នៅតាមតំបន់ផ្សេងតាមការស្នើរសុំរបស់ប្រធានសហករណ៍នីមួយៗ។

ជាក់ស្តែងអំឡុងពេលជម្លៀស កងទ័ពខ្មែរក្រហបានសើបសួរតាមរយៈអ្នកស្គាល់គ្នាពីគ្រួសារមួយ បុគ្គលមួយ ធ្វើការការងារអ្វីខ្លះ ងាយស្រួលពេលទៅដល់គោលដៅ ខ្មែរក្រហមបែងចែកជាក្រុមៗ ដូចជា អ្នកធ្វើការរាជការទៅនៅភូមិមួយផ្សេង ប៉ូលិស ទាហាន ប៉េអ៊ឹម នគរបាល ពីរបប លន់ នល់ ទៅភូមិមួយផ្សេងទៀត និងផ្នែកអ្នកស៊ើបការណ៍យកទៅនៅភូមិផ្សេង តែដោយឡែក ផ្នែកពេទ្យ ផ្នែកស៊ីវិល គ្រូបង្រៀន ទុកឲ្យរស់នៅក្នុងភូមិងាយស្រួលដល់ការគ្រប់គ្រង។ សីហា ក្នុងវ័យជំទង់ ត្រូវបានចាត់ឲ្យចូលកងចល័ត ជីកព្រែក ជីកប្រឡាយ កាប់ព្រៃធ្វើប្រឡាយ និងប្រព័ន្ធទឹកទុកធ្វើស្រែ មិនតែប៉ុណ្ណោះ សីហា ត្រូវបានចាត់តាំងឲ្យជួយបោកស្រូវនារដូវច្រូតកាត់។ សីហា រស់នៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះកងឈ្លបខ្មែរក្រហមតាមដាន សីហា និងក្រុមគ្រួសាររហូតតាំងពីជម្លៀសរហូតមកដល់ស្រុកកំណើត ប៉ុន្តែ សីហា នៅតែពុំអាចទទួលបានការស្រឡាញ់រាប់អានពីប្រជាជនមូលដ្ឋានឡើយ ជាក់ស្តែងពេលបើករបបសម្លៀកបំពាក់ ៣ដង សីហា ទទួលបានតែប៉ុណ្ណោះ។

ពេលកំពុងបោកស្រូវ នាចុងឆ្នាំ១៩៧៨ ស្រាប់តែមានឮសម្លេងផ្ទុះភ្លើងឡើងនៅភ្នំពេញ ទើបដឹងថាវៀតណាមបានវាយចូលទីក្រុងភ្នំពេញហើយ សីហា ក៏ដូចជាប្រជាជនថ្មី មិនមានការជ្រួលច្របល់ទេ លើកលែងតែអ្នកមូលដ្ឋានចាស់នាំគ្នារត់គេចខ្លួនព្រោះមានភ័យខ្លាចដែលបានធ្វើបាប និងសម្លាប់ប្រជាជនកន្លងមក។

ដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមដួលរលំ កងទ័ពវៀតណាមចូលមកដល់ភូមិបារមី បានចាប់មនុស្សប្រុសចងឡើងឡានទាំងអស់។ ដល់ឆ្នាំ១៩៨០ កងទ័ពខ្មែរក្រហមវាយចូលម្តងទៀត ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

បទពិសោធន៍ក្នុងរបបខ្មែរក្រហម សីហា ទទួលរងនូវការប្រមាថជាច្រើន ថែមទាំងមិនដែលទទួលបានអាហារហូបគ្រប់គ្រាន់ទេ សូម្បីតែកន្លែងស្នាក់នៅក៏មានត្រឹមត្រូវ និងបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង ហើយពេលឈឺ សីហា ទទួលបានព្យាបាលដោយពេទ្យខ្មែរក្រហម ដែលជាពេទ្យប្រើថ្នាំបុរាណ។ ការឈឺចាប់ដ៏ធំបំផុត គឺការបាត់បងប្អូនក្នុងឆ្នាំ១៩៧៧ ដោយគ្មានមូលហេតុ «សីហា៖ ឈឺចាប់រឿងដែលខ្ញុំបែកបងប្អូនដោយគ្មានហេតុផល ហើយមិនគួរបើថាគ្នាធ្វើទាហាន ធ្វើប៉ូលិស គ្នាអំណាចជិះជាន់គាបសង្កត់»[8] ឲ្យតែរំឭកពីរបបខ្មែរក្រហម ដូចព្រឹត្តិការណ៍កើតឡើងថ្មីៗ ពេលដែលឃើញរូបភាពចាប់ចង ឬមើលឃើញការចាក់ផ្សាយតាមទូរស្សន៍ សីហា តែងតែគេចចេញមិនចង់ឃើញ ឬមើលឡើយ។

មានពេលខ្លះ សីហា ចង់នៅកន្លែងស្ងប់ស្ងាត់តែម្នាក់ឯង មិនចង់ជួបអ្នកណាទាំងអស់ ព្រោះមានអារម្មណ៍ធុញទ្រាន់ខ្លាំង ថែមទាំងមានអារម្មណ៍សោកសៅទោះបីជាក្នុងកាលៈទេសៈសប្បាយរីករាយក៏ដោយ ហាក់ដូចជាមានវិបត្តិផ្លូវចិត្ត អស់សង្ឃឹមក្នុងជីវិតព្រោះគិតថាខ្លួនឯងពុំអាចជួយអ្នកដទៃបាន បាត់បង់ទំនុកចិត្តលើអ្នកជុំវិញខ្លួន ពេលខ្លះបេះដូងលោតញាប់ ញ័រដើមទ្រូង ឆាប់ភ័យតក់ស្លុត ឆាប់ខឹងច្រើន មិនអាចផ្ចង់អារម្មណ៍បានល្អ ភ្លេចច្រើន។ ដើម្បីឲ្យសុខភាពផ្លូវចិត្តបានប្រសើរវិញ សីហា គឺខំប្រឹងប្រែងធ្វើការងារសម្រាប់ជីវិតថ្មី លះបង់ចោលនូវអ្វីៗមិនល្អដែលកើតឡើងក្នុងរបបខ្មែរក្រហម ថែមទាំងគិតពីកម្មផលតាមផ្លូវព្រះពុទ្ធសាសនាវិញ ដែលជួយដល់ការអប់រំចិត្តឲ្យរស់នៅបានស្ងប់សុខ ទោះបីជា សីហា នៅតែចងចាំនូវការឈឺចាប់បាត់បង់បងប្អូន និងញាតិមិត្តក៏ដោយ ព្រោះតាមសាសនាព្រះពុទ្ធ អ្នកប្រព្រឹត្តអំពើបាប (សម្លាប់មនុស្ស) នឹងត្រូវធ្លាក់នរកពេលស្លាប់ទៅ ហើយចាប់ជាតិក្រោយនឹងត្រូវទទួលនូវអ្វីដែលខ្លួនបានធ្វើវិញទាំងអស់។ បន្ថែមលើនេះ សីហា តែងតែយល់ថា កងឈ្លបខ្មែរក្រហម ក៏ដូចជាកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមមួយចំនួនធំ ត្រូវបានរងការបង្ខិតបង្ខំឲ្យធ្វើតាមការណែនាំ និងគម្រោងផែនការរបស់អង្គការ។ ទោះបីជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ឈឺចាប់នៃរបបខ្មែរក្រហម សីហា នៅតែចង់កើតជាប្រជាជនខ្មែរជានិច្ច «សីហា៖ (សើច) សារជាតិជាខ្មែរនៅតែខ្មែរ មិនអាចប្តូរទៅណា ពូជអម្បូរណានៅពូជអម្បូរ ហ្នឹងខ្ញុំជឿអីចឹង»[9]

ចំពោះការសងសឹក ឬការទាមទារសំណងពីមេដឹកនាំខ្មែរក្រហម សីហា ផ្តល់ការសម្រេចទៅតាមច្បាប់ ដោយសារច្បាប់អាចដាក់ទោសទៅតាមកម្រិតនៃទោសដែលមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្ត។ សីហា ក៏ចង់មើលឃើញនូវការសុំទោសជាសាធារណៈនៃអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំពោះទង្វើដែលបានធ្វើដល់ប្រជាជនទូទាំងប្រទេស។ ទោះបីជាយ៉ាងណា សីហា នៅតែមិនអាចបន្តការរាប់អានដល់ខ្មែរក្រហមដែលបានសម្លាប់មនុស្ស គ្រាន់តែមិនស្អប់ខ្ពើមឡើយ ព្រោះ សីហា នៅតែនឹកឃើញនូវការបាត់បង់បងប្អូនក្នុងរបបខ្មែរក្រហមជានិច្ច។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីស្វែងរកអ្នកមានប៉ះទង្គិចផ្លូវចិត្ត ឬអ្នកមានជំងឺបាក់ទឹកចិត្ត  នៃគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម (Victim of Torture) ចំពោះ សីហា ពុំមានអាការដែលគួរឲ្យព្រួយបារម្មណ៍ពីការកើតមាននូវជំងឺបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញ សីហា អាចស្វែងយល់ពីការថែទាំសុខភាព ចៀសផុតពីជំងឺផ្សេងៗទៀតបាន៕

អត្ថបទដោយ គឹម សុវណ្ណដានី

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសជាមួយ ហង្ស សីហា ហៅ បាន ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ រី លក្ខិណា, ឯកសារលេខ VOT០៤៣២, ទំព័រទី១។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៤២-៤៤។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៩-៤០។

[5] ដូចខាងលើ

[6] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ទស្សនាវដ្តីទង់បដិវត្ត៖ រំលឹកខួបឆ្នាំទី៣ នៃការចាត់តាំងសហករណ៍កសិករ (២០-៥-២៩៧៣ ដល់ ២០-៥-១៩៧៦» ចេញផ្សាយ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦, ឯកសារលេខD២១៤៦៧, ទំព័រទី១៩។

[7] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៩-៤០។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ហង្ស សីហា ហៅ បាន ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ រី លក្ខិណា, ឯកសារលេខ VOT០៤៣២, ទំព័រទី១៥។

[9] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ហង្ស សីហា ហៅ បាន ដោយ ជួង សុភារិទ្ធ» នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៧, ចម្លងចេញពីកាស្សែតដោយ រី លក្ខិណា, ឯកសារលេខ VOT០៤៣២, ទំព័រទី៣៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin