ហង្ស ក្រឹម៖ រៀបរាប់រឿងរ៉ាវជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ហង្ស ក្រឹម មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនមានឱកាសចូលរៀនបានច្រើននោះទេ ព្រោះតែជីវភាពគ្រួសារខ្វះខាត និងស្ថានភាពសង្គ្រាមដែលបណ្តាលឲ្យគ្រួសារខ្ញុំត្រូវផ្លាស់ទីកន្លែងរស់នៅជាញឹកញាប់។
នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមបានគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល ១០ ទៅ១១ឆ្នាំ ខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ ដោយខ្មែរក្រហមបញ្ជូនខ្ញុំទៅធ្វើការនៅតាមកងចល័តមួយទៅកងចល័តមួយទៀតដែលមានទីតាំងក្នុងភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំ និងយុវជនជាច្រើនទៀតត្រូវធ្វើការទាំងថ្ងៃទាំងយប់ មិនថាអាកាសធាតុក្ដៅ ត្រជាក់ ឬភ្លៀង។ ការងារចម្បងរបស់ខ្ញុំរួមមាន ការជីកផ្លូវទឹក, ការជីកទំនប់ និងដាំស្រូវក្នុងស្រែវាលដាច់ស្រយាល។ ខ្ញុំត្រូវធ្វើការជាមួយមនុស្សធំៗ មិនគិតអាយុ មិនគិតអំពីសុខភាព។ ចំពោះរបបអាហារក្នុង១ថ្ងៃ ខ្ញុំទទួលបានបាយបន្តិចជាមួយសម្លមួយវែក។ ក្នុងមួយថ្ងៃ ខ្ញុំធ្វើការចន្លោះពី១០ ទៅ១២ម៉ោង ឬច្រើនជាងនេះ ដោយគ្មានការថែទាំសុខភាពឬអាយុជីវិតនោះទេ។ ខ្ញុំឃើញអ្នកធ្វើការខ្លះដួលសន្លប់មិនអាចទ្រាំទ្រនឹងភាពអត់ឃ្លាន, ហត់នឿយ និងជំងឺដែលគ្មានថ្នាំសម្រាប់ព្យាបាល។ ខ្មែរក្រហមចាត់ទុកខ្ញុំ និងមនុស្សគ្រប់គ្នាគឺជាឧបករណ៍បម្រើការងារ។ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមនាំមនុស្សយកទៅវាយសម្លាប់។ ខ្ញុំរស់នៅដោយភាពភ័យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសនៅពេលយប់ កងឈ្លបខ្មែរក្រហមតែងតែមកនាំមនុស្សចេញទៅស្ទើររាល់ថ្ងៃ។ ខ្ញុំត្រូវរស់នៅក្នុងស្ថានភាពដ៏លំបាកវេទនានេះរហូតដល់ពេលដែលកងទ័ពវៀតណាមចូលមកផ្តួលរំលំរបបខ្មែរក្រហម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំក៏បានវិលត្រលប់មកភូមិកំណើតវិញ ក្នុងស្ថានភាពក្រីក្រ គ្មានអ្វីសល់អ្វីជាប់ខ្លួនក្រៅពីរួចរស់ជីវិតពីសេចក្តីស្លាប់។ ជីវភាពរបស់ប្រជាជននៅជុំវិញខ្លួនខ្ញុំសុទ្ធតែពោរពេញដោយសោកនាដកម្ម, បាត់បង់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិ។ ខ្ញុំចាប់ផ្តើមជីវិតសារជាថ្មីពីចំនុចសូន្យ ដោយធ្វើស្រែ ដើររើសគួរស្រូវ និងធ្វើការងារគ្រប់ប្រភេទដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។
រហូតដល់ឆ្នាំ ២០០០ ខ្ញុំបានផ្លាស់ទីលំនៅពីភូមិកំណើតមករស់នៅ ភូមិបាក់នឹក ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ បន្ទាប់ពីមករស់នៅទីនេះបានក្លាយជាលំដ្ឋានថ្មីសម្រាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំបានប្រកបមុខរបរជាកសិករដំាដំណាំ ធ្វើស្រែ និងចិញ្ចឹមសត្វដើម្បីរកចំណូលចិញ្ចឹមជីវិត។ ខ្ញុំបានប្រឹងប្រែងធ្វើការងារជាខ្លាំងអស់រយៈពេលជាង២០ឆ្នាំ ក្នុងការចិញ្ចឹមគ្រួសារ និងស្នាក់នៅក្នុងសហគមន៍ថ្មីនេះ។
បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺសន្លាក់ដៃ, សន្លាក់ជើង, ជំងឺលើសឈាម និងជំងឺក្រពះពោះវៀន។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតជំងឺទាំងនេះ គឺបណ្តាលមកពី ខ្វះខាតអាហាររូបត្ថម្ភយ៉ាងធ្ងន់ធ្ងរកាលពីនៅកុមារភាព ក្នុងរបបខ្មែរក្រហម និងប្រទេសស្ថិតក្នុងស្ថានភាពសង្រ្គាមដ៏រ៉ាំរ៉ៃអស់រយៈពេលរាប់ទស្សវត្សរ៍។ មួយវិញទៀត បណ្តាលមកពីរបបអាហាររបស់ខ្ញុំមិនមានគុណភាពដូចជា ស្រា បារី, គ្រឿងកំប៉ុង និងអាហារដែលមានសារធាតុគីមី។ លើសពីនេះ ខ្ញុំក៏ឈានចូលដល់វ័យចាស់ជរាសុខភាពកាន់តែទ្រុឌទ្រោម។ ចំពោះការព្យាបាលជំងឺទាំងនេះ ខ្ញុំបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនានាជិតផ្ទះនៅក្នុងស្រុក។ ក្រុមគ្រូពេទ្យបានឲ្យថ្នាំលេប និងថ្នាំចាក់ជូនខ្ញុំ ប៉ុន្តែការព្យាបាលក៏មិនទាន់បានចប់សព្វគ្រប់។ ខ្ញុំមានការឈឺចាប់នៅដៃ ជើង ខ្សោយកម្លាំង ហើយពិបាកក្នុងការធ្វើការងារកសិកម្មមិនដូចមុន។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានអនុញ្ញាតឲ្យខ្ញុំប្រាប់រឿងរ៉ាវជីវិត និងបានចុះមកសួរសុខទុក្ខផ្ទាល់។ ការចាប់អារម្មណ៍របស់ក្រុមការងារនេះនឹងជួយអោយរឿងនិទានជីវិតខ្ញុំ និងមនុស្សជាច្រើនទៀតមិនបាត់បង់ក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំសូមជូនពរអោយក្រុមការងារទាំងអស់ជួបតែសេចក្ដីសុខ សុខភាពល្អ និងជោគជ័យក្នុងភារកិច្ចដ៏មានតម្លៃនេះ។ មកដល់ពេលនេះ ខ្ញុំស្ថិតក្នុងចំណោមបងប្អូនជនជាតិខ្មែរដែលបានរស់រានមានជីវិតប្រាប់រឿងរ៉ាវនៃសម័យដ៏ងងឹត។ [1]
អត្ថបទដោយ ផាត ពន្លក
[1] ហង្ស ក្រឹម៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត