ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន

ហាន សម្បត្ដិ ភេទប្រុស អាយុ២២ ឆ្នាំ ជាយោធាខ្មែរក្រហមប្រចាំស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ (ឆ្នាំ២០០៥) ត្រូវជាម្តាយ រស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។[1] ខាងក្រោមនេះគឺជាប្រវត្តិរឿងរ៉ាវសង្ខេប និងការបាត់ខ្លួនរបស់សម្បត្តិ ក្នុងរបបខ្មែរក្រហម៖
សម្បត្តិ មានស្រុកកំណើតនៅស្រុកពាមជីលាំង ខេត្តកំពង់ចាម និងបានផ្លាស់ទីលំនៅមករស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ តាំងពីគាត់មានអាយុ១៤ឆ្នាំ។ សម្បត្តិ មានឪពុកឈ្មោះហាន និងមានបងប្អូនចំនួន ៧នាក់៖ ទី១ ឈ្មោះ ហាន ផៃ, ទី២ ឈ្មោះ ហាន សេ្រង, ទី៣ ឈ្មោះ ហាន សម្បត្ដិ(បាត់ខ្លួន), ទី៤ ឈ្មោះ ហាន សៅ, ទី៥ ឈ្មោះ ហាន ជា, ទី៦ ឈ្មោះ ហាន ណាង និងទី៧ ឈ្មោះ ហាន ស្រី។
កាលពីកុមារភាព សម្បត្តិ រៀនបានត្រឹមថ្នាក់ទី៧ (សង្គមចាស់) គាត់ឈប់រៀនដោយសារតែកាលនោះប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ម្តាយសម្បត្តិនិយាយថា «កូនខ្ញុំជាសិស្សឆ្លាត, ខិតខំរៀនសូត្រ និងឧស្សាហ៍ព្យាយាមក្នុងការងារតាំងពីនៅវ័យកុមារមកម្លោះ»។ ស្រុកព្រែកប្រសប់ និងស្រុកផ្សេងទៀតក្នុងខេត្តក្រចេះ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ខ្មែរក្រហមដោយសារតែរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង។ អាជ្ញាធរភូមិ-ឃុំ បានឃោសនាអប់រំ និងបង្ខិតបង្ខំប្រជាជនជាពិសេសយុវជន-យុវនារីឲ្យចូលរួមជាកម្លាំងបដិវត្តន៍។ នៅឆ្នាំ១៩៧៣ សម្បត្តិ និងយុវជន-យុវនារីភូមិចុងកោះ បានចេញទៅចូលរួមជាមួយបដិវត្តន៍ តាមរយៈការអូសទាញពីគណៈឃុំ ឈ្មោះសមមិត្ត មឿន ចែង។[2] ម្តាយ និយាយថា នៅពេលនោះសម្បត្តិមានអាយុ១៧ឆ្នាំ ហើយម្តាយមិនចង់ឲ្យកូនចាកឆ្ងាយពីគ្រួសារនោះទេ ប៉ុន្តែកាលៈទេសៈពេលនោះតម្រូវដូច្នេះ គាត់គ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តឲ្យកូនចាកចេញទៅចូលរួម ព្រោះបើទុកកូនរស់នៅផ្ទះអង្គការនឹងចោទប្រកាន់គ្រួសារគាត់ទាំងមូលថាជាជនក្បត់បដិវត្តន៍ ឬជាគិញរបស់របប លន់ នល់។
ការបាត់ខ្លួន និងព័ត៌មានចុងក្រោយ
នៅពេលចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមដំបូងម្តាយបានទទួលដំណឹងថា កូនត្រូវបានសមមិត្តគណៈឃុំ មឿន ចែង ចាត់តាំងឲ្យធ្វើជាឈ្លបឃុំ ហើយក្រោយមកចាត់តាំងឲ្យធ្វើជាយោធាស្រុកព្រែកប្រសប់។ នៅក្នុងអង្គភាពទ័ពម្តាយបានទទួលដំណឹងថា កូនប្រុសបានផ្លាស់ប្តូរឈ្មោះបដិវត្តន៍ពីឈ្មោះសម្បត្តិ ទៅជាឈ្មោះ ឈាន ដែលមានតួនាទីជាអនុក្រុមយោធា ក្នុងកងពលនៃស្រុកព្រែកប្រសប់។ អង្គការបានបញ្ជូនសម្បត្តិ ទៅសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ នៅឯខេត្តក្រចេះ និងខេត្ដកំពង់ចាម ហើយរយៈពេលប្រហែលបីខែ សម្បត្តិបានត្រលប់មកលេងផ្ទះម្តង ឪពុកម្ដាយ ក៏បានដណ្តឹងប្រពន្ធឲ្យកូន និងប្រុងរៀបចំពិធីមង្គលការ ប៉ុន្តែអង្គភាពបានហៅ សម្បត្តិ ឲ្យចូលសមរភូមិវិញ។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលរបបខែ្មរក្រហមឡើងកាន់អំណាចទាំងស្រុងនៅទូទាំងប្រទេស សម្បត្ដិ មិនបានមកលេងស្រុកកំណើតទេ ប៉ុន្តែបានផ្ញើសំបុត្រមកសួរសុខទុក្ខឪពុកម្តាយបងប្អូន ដោយបានរៀបរាប់ថា «កូនរស់នៅសមរភូមិមុខសុខសប្បាយជាធម្មតាទេ នៅពេលធ្វើសង្គ្រាមកូនបានត្រូវរបួសប៉ុន្តែមិនធ្ងន់ធ្ងរទេ សូមពុកម៉ែកុំព្រួយបារម្ភ ហើយបើសិនជាអង្គការចាត់តាំងឲ្យពុកម៉ែធ្វើការងារអ្វីចេះតែធ្វើទៅកុំមាត់តវ៉ាប្រឆាំងជាមួយនឹងអង្គការ»។ ខ្លឹមសារសំបុត្រនេះគឺជាការរៀបរាប់ចុងក្រោយបំផុតដែលគ្រួសារទទួលបានពីសម្បត្តិ ហើយក៏បាត់ដំណឹងសូន្យឈឹង។
នៅខែមករា ឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមសហការជាមួយរណសិស្សសង្គ្រោះជាតិកម្ពុជាបានផ្តួលរំលំរបបខ្មែរក្រហមដោយជោគជ័យ ម្តាយបានឃើញយុវជន-យុវនារី មួយចំនួនដែលបានទៅចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមបានត្រលប់មកផ្ទះវិញប៉ុន្តែមិនឃើញសម្បត្តិ ដូច្នេះម្តាយសន្និដ្ឋានថាកូនបានស្លាប់នៅក្នុងរបបខ្មែរក្រហមបាត់ទៅហើយ។
ការតស៊ូរស់នៅក្នុងរបបខ្មែរក្រហមរបស់ម្តាយសម្បត្តិ ឈ្មោះ ឌុក ទេត
ក្នុងរបបខ្មែរក្រហម ទេត ក៏ដូចជាប្រជាជនដទៃទៀតក្នុងភូមិចុងកោះដែរ គឺត្រូវចាកចេញពីផ្ទះសម្បែងទៅរស់នៅក្នុងសហករណ៍ និងធ្វើការងារនៅការដ្ឋានការងាររួម។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅឆ្នាំ១៩៧៥ គ្រួសាររបស់ទេត ត្រូវប្រគល់ទ្រព្យសម្បត្តិ, មាសប្រាក់, នង្គ័ល, រនាស់ និងសត្វពាហនៈ ទៅឲ្យអង្គការដើម្បីទុកប្រើប្រាស់ជាសមូហភាព។ អង្គការ បានបំបែកបំបាក់សមាជិកគ្រួសាររួមមាន៖ កូន, ប្តី និងបងប្អូន ឲ្យទៅរស់នៅកន្លែងផ្សេងៗពីគ្នា នៅតាមកងដែលខ្មែរក្រហមតម្រូវដូចជា៖ កងកុមារ, កងចល័តយុវជន និងកងចល័តយុវនារី ជាដើម។ នៅរដូវវស្សាការងាររបស់ទេត គឺស្ទូងស្រូវ និងទូលស្រូវ ហើយរដូវប្រាំងអង្គការតម្រូវឲ្យបុកស្រូវដើម្បីយកអង្ករទៅផ្គត់ផ្គង់ផ្ទះបាយរួម។ ការងាររបស់ទេត ជាការងារធ្ងន់គ្មានពេលសម្រាកត្រូវធ្វើការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ និងម៉ោង១ និងដល់ម៉ោង៦ល្ងាច ហើយប្រសិនបើធ្វើការមិនគ្រប់តាមផែនការ អង្គការនឹងបន្ថែមម៉ោងធ្វើការនៅពេលយប់ទៀត។ ក្រៅពីការងារនេះគាត់ក៏ត្រូវត្បាញក្រមា, រវៃអំបោះកប្បាស នៅកន្លែងសិប្បកម្ម និងចំាយាមចម្ការត្រសក់ និងឪឡឹក ថែមទៀតផង។ រីឯរបបអាហារវិញ ទេត ទទួលបានបបររាវស្ទើរគ្មានគ្រាប់អង្ករ ពីរពេលក្នុងមួយថ្ងៃ ហើយដោយសារតែអាណិតកូនតូចៗគាត់បានរំលែកចំណែករបស់គាត់មួយផ្នែកដើម្បីទុកឲ្យកូនទៀតផង។
ទេត យល់ថាការរស់នៅក្នុងរបបខ្មែរក្រហមគ្មានសិទ្ធិសេរីភាព និងធ្វើការងារដោយគ្មានសិទ្ធិប្រកែកតវ៉ា ហើយការដំណើរវិញក៏ត្រូវបានរឹតត្បិតលុះត្រាតែមានសំបុត្រដែលចេញដោយប្រធានកង ឬប្រធានទើបអាចទៅណាមកណាបាន។ ក្រោយរបបខ្មែរក្រហមដួលរលំ ទេត បានមករស់នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដោយប្រកបមុខរបរធ្វើស្រែចម្ការ៕
[1] KRI0022, បទសម្ភាសន៍របស់ សុខ វណ្ណៈ ជាមួយ ឈ្មោះ ឌុក ទេត អាយុ៧៧ឆ្នាំ ត្រូវជាម្តាយកាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៦ នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។
[2] I07800, ឯកសារប្រវត្តិរូបចូលបដិវត្ដន៍មានឈ្មោះ ហាន សម្បត្ដិ ហៅឈាន បានសរសេរថាសម្បត្តិ បានចូលបដិវត្តន៍នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៣ ហើយមុនចូលបដិវត្តន៍ សម្បត្តិ ជាកសិករធ្វើស្រែ និងចម្ការ ស្ថិតក្នុងវណ្ណៈភាព ជាកសិករកណ្តាល។ សម្បត្តិ ជាយោធានៅក្នុងអនុក្រុមនៃស្រុកព្រែកប្រសប់ ខេត្តក្រចេះ តំបន់៥០៥ ហើយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៥ ឈ្មោះ អេត, ងីម និង វុធ បាននាំសម្បត្តិ ចូលរួមជាសមាជិកយុវកក។
អត្ថបទដោយ អេង សុខម៉េង

