មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម

ហោ ថៃ ហៅ ធុល[1] ភេទប្រុស អាយុ២៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តកែវរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់ភូមិព្រែកខ្ពប ស្រុក៤១ តំបន់៤ ក្រុមទី២២ កងតូចលេខ៧ កងធំលេខ៣។
ថៃ បានឆ្លើយសារភាពថា៖ «កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី៧។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ បងប្អូនបង្កើតខ្ញុំមានចំនួន២នាក់។ ខ្ញុំមានគ្រួសារហើយ ប្រពន្ធខ្ញុំឈ្មោះ កុយ ស៊ួ មានអាយុ២៨ឆ្នាំ យើងមានកូន៣នាក់។
នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៣ ខ្ញុំរៀនភ្លេងពិណពាទ្យបានរយៈពេលបីឆ្នាំ។ ក្រោយមកទៀតក្នុងឆ្នាំ១៩៦៤ ខ្ញុំក៏បានចូលធ្វើការជាកម្មករនៅរោងចក្រតម្បាញ ក្នុងខេត្តបាត់ដំបង ផ្នែកជាងជួសជុលម៉ាស៊ីនអំបោះធំ។ ខ្ញុំបានធ្វើការក្នុងរោងចក្រផ្នែកជាងជួសជុល ក្នុងខេត្តបាត់ដំបង រហូតដល់ខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។ ក្រោយមកខ្ញុំបានចេញទៅនៅសហករណ៍ព្រែកខ្ពបវិញ ហើយការរស់នៅក្នុងសហករណ៍ខ្ញុំបានជួបការលំបាកជាច្រើន ទាំងការធ្វើការ និងការទទួលរបបអាហារមិនបានគ្រប់គ្រាន់។ ជាក់ស្ដែង នៅក្នុងសហករណ៍ខ្ពបនេះតែងតែមានទំនាស់ពេលប្រជាជនឈឺ មិនឲ្យហូបអាហារឆ្អែត ដោយយល់ឃើញថាអ្នកជំងឺមិនបានធ្វើការងារ។
ក្រោយមក ខ្ញុំបានឃើញប្រជាជនរត់ចេញគ្មានសល់ ដូច្នេះហើយទើបខ្ញុំមានគំនិតចង់រត់ចេញដែរ ដោយសារមិនពេញចិត្តក្នុងការរស់នៅស្រុក។ មុនដំបូងឈ្មោះ សាម បានបបួលខ្ញុំរត់ទៅសៀមម្ដងហើយ ប៉ុន្តែកាលណោះខ្ញុំមិនអាចទៅបានដោយសារមានជំងឺ។ ពេលនោះមុននឹង សាម បានចាកចេញបានផ្ដាំខ្ញុំថា ប្រសិនបើខ្ញុំចង់រត់ទៅសៀមឲ្យខ្ញុំទៅនៅរង់ចាំក្នុងភូមិសំរោង ឃុំស្នឹង សាម នឹងត្រឡប់មកទទួលយកទៅនៅស្រុកសៀម។ សាម បានកំណត់យកថ្ងៃទី១០ ទី២០ និងទី៣០ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងការមកទទួល ប៉ុន្តែចំពោះទីកន្លែងជួបច្បាស់លាស់មិនទាន់បានកំណត់នោះទេ។
កាលណោះយើងមានគ្នាចំនួន៤នាក់ ដែលបានរៀបគម្រោងការរត់ទៅសៀម ក្នុងនោះរួមមាន ហ៊ាង ហៅ ហ៊ី, ខុន ហៅ ខេង, គុន គីង, រួមទាំងខ្ញុំ។ បន្ទាប់ពីបានជួបជុំគ្នាហើយយើងបានឯកភាពគ្នាថាត្រូវធ្វើសំបុត្រដើរផ្លូវក្លែងក្លាយគូរត្រាដោយខ្លួនឯង។ កាលណោះ អ្នកគូរត្រាគឺខ្ញុំផ្ទាល់ ដោយយកគំរបដបថ្នាំពេទ្យ និងទ្រនាប់ខាងក្នុងគំរដបមកគូសជារង្វង់មូល ចំណែកឯពណ៍ក្រហមយកទឹកថ្នាំក្រហមលាបដំបៅ។ ចំណែកឯអ្នកសរសេរអក្សរឈ្មោះ ចាន់ ភាព នៅក្នុងរង្វង់ត្រាមានសរសេរថា «កម្ពុជា អព្យាក្រិត ប្រជាធិបតេយ្យ សម្បូររុងរឿង» និងនៅចំកណ្ដាលមានអក្សរថា «គណៈប្រជាធិបតេយ្យ»។ សំបុត្រដែលបានធ្វើមានចំនួន៤ច្បាប់។
បន្ទាប់ពីបានធ្វើសំបុត្រដើររួចរាល់ហើយ យើងទាំងបួននាក់ បានធ្វើដំណើរដោយជិះកង់ចំនួនពីរទៅភូមិត្រស់ ក្នុងការទំនាក់ទំនងជាមួយឈ្មោះ ហ៊ន ដើម្បីយកខោ ព្រោះខោរបស់ខ្ញុំបានផ្ញើទុកជាមួយ ហ៊ន។ ក្រោយពីខ្ញុំយកខោបាន យើងទាំងបួននាក់ក៏បន្តដំណើរទៅអូរតាគី និងសម្រាកទីនោះមួយយប់នៅផ្ទះបងប្អូន គីង។ លុះព្រឹកឡើង បានបន្តដំណើរទៅភ្នំសំពៅ ដោយធ្វើដំណើរថ្មើរជើង។ ចំណែកឯ កង់បានទុកឲ្យបងប្អូន មិត្តគីង ប៉ុន្តែបានដោះយកសំបកកង់មួយយកទៅតាមខ្លួន។
មិនយូរប៉ុន្មាន យើងទាំងបួននាក់បានធ្វើដំណើរទៅដល់ភ្នំសំពៅ និងបានយកសំបកកង់ទៅដូរជាអង្ករបានចំនួន២០កំប៉ុង សម្រាប់ដាំបាយហូប។ បន្ទាប់មក យើងបានបន្តដំណើរទៅស្នឹង និងនាំគ្នាឈប់សម្រាកនៅផ្ទះឪពុកមារ គីង ចំនួន៦យប់។ អំឡុងពេលនោះ ខ្ញុំបានយកជញ្ជៀនទៅដូរអង្ករបានចំនួន៤០កំប៉ុងបន្ថែមទៀត។ ឪពុកមារ គីង មិនបានដឹងថាយើងទាំងបួននាក់មានគម្រោងរត់ទៅសៀម នោះទេព្រោះពេលនោះបានប្រាប់គាត់ថាយើងនៅផ្នែកសង្គមកិច្ច ហើយមកទីនេះក្នុងគោលបំណងរកដើមថ្នាំទៅព្យាបាលជំងឺ។ ប៉ុន្តែតាមការពិត យើងនៅរងចាំ មិត្ត សាម មកទទួលយកទៅសៀម។
រងចាំអស់រយៈពេល៦ថ្ងៃ ប៉ុន្តែមិនឃើញមិត្តសាម មកតាមការណាត់ឡើយ យើងទាំងបួននាក់បានបន្តដំណើរទៅភ្នំតាកួត ដោយបានដើរបន្លំខ្លួនជាអ្នកបោចវល្លិ៍ចំនួន២៤នាក់ និងមានរទេះគោចំនួន៤។ បន្ទាប់ពីបានធ្វើដំណើរទៅដល់ភ្នំតាកួត យើងទាំងបួននាក់បានដើរបែកពីក្រុមអ្នកបោចវល្លិ៍ដើរសំដៅទៅទិសខាងលិច ត្រូវបានយោធាចាប់បញ្ជូនត្រឡប់មកវិញ។ អង្គការសួរចម្លើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៦»៕
[1] ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា J00302។ បញ្ជាក់ ៖ ចម្លើយសារភាពមិនត្រូវបានចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែជាចម្លើយដែលកើតចេញពីអំពើទារុណកម្ម។