ហ៊ាង សំណាង៖ ឈឺចាប់គ្មានសំឡេងសមាជិកគ្រួសារស្ទើរទាំងអស់ត្រូវស្លាប់ និងបាត់ក្នុងសម័យខ្មែរក្រហម(១៩៧៥-១៩៧៩)

ឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូន ឈ្មោះ ហ៊ាង[1] ជាមន្ត្រីបម្រើការងារឃុំជាំតាម៉ៅ ដើម្បីយកដំឡូងទៅដាំនៅភូមិក្តុល ឃុំទន្លូង។ ក្រោយមកខ្មែរក្រហមសម្លាប់ ហ៊ាង នៅភូមិក្តុល។ ឆ្នាំ១៩៧៧ ប្តីទីមួយ ឈ្មោះ មាស ញឹម ត្រូវខ្មែរក្រហមចាប់ខ្លួនទាំងកណ្តាលយប់ ចោទពីបទលួចក្រណាត់។ ខ្មែរក្រហមចាប់បញ្ជូនទៅទំនប់អូរអង្កាម ឃុំជាំតាម៉ៅ បាត់ដំណឹងសូន្យ។ កូនស្រីទីមួយ ឈ្មោះ​ ភា ស្លាប់ពាក់កណ្តាលផ្លូវ នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ដោយសារអត់បាយ។ ឆ្នាំ១៩៧៨ កូនស្រីទីពីរ ឈ្មោះ ដាវី ស្លាប់អត់បាយ អំឡុងខ្មែរក្រហមជម្លៀសទៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ កូនទីបី ឈ្មោះ សានាង ស្លាប់ដោយជំងឺក្រោយឆ្នាំ១៩៧៩។

តើ ហ៊ាង សំណាង ឆ្លងកាត់រឿងរ៉ាវ បទពិសោធជីវិតអ្វីខ្លះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)? ខាងក្រោមនេះជាសាច់រឿង៖

ឈ្មោះ ហ៊ាង សំណាង ភេទស្រី អាយុ ៧៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សំណាងមានឪពុកឈ្មោះ ហ៊ាង ម្តាយឈ្មោះ នូវ គាត់ទាំងពីរបានស្លាប់ដោយ ឪពុកស្លាប់នៅក្នុងសម័យខ្មែរក្រហម ចំណែកម្តាយ ទើបស្លាប់បាន៥ឆ្នាំ។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២)។

កាលពីកុមារខ្ញុំបានចូលរៀនសូត្រ ក្នុងសម័យ លន់ នល់ ជាមួយគ្រូកុប គ្រូផ្កាយ និងគ្រូអ៊ួក ប៉ុន្តែជំនាន់នោះខ្ញុំរៀនមិនចេះ។  រៀនបានតិច ណាមួយខ្ញុំមិនសូវព្យាយាមរៀនផង។ ភាគច្រើនអ្នកចេះអក្សរ ចេះអាន ជាបុរស។ បុរសអាចស្នាក់នៅវត្ត រៀនជាមួយព្រះសង្ឃ ចំណែកស្រីៗនៅធ្វើការងារផ្ទះ និងជួយម្តាយឪពុកបន្តិចបន្តួច។

មុនអាមេរិកកាំងចូលមកទម្លាក់គ្រាប់បែក នៅក្នុងភូមិ ស្រុកខ្ញុំមានសភាពអ៊ូអរ សប្បាយលេងពេលខែភ្លឺ។ រដូវខែរំហើយបានមកដល់ យុវជន យុវនារី ទៅវាលស្រែដើម្បីច្រូតស្រូវយកមកបុកអំបុកជុំគ្នា។ អំឡុងបុកអំបុក មានមនុស្សមួយក្រុមនាំគ្នាលែងល្បែងប្រជាប្រិយ លាក់កន្សែង ខ្លែងចាប់កូនមាន់ រាំលែងសប្បាយ។ ខ្ញុំធ្លាប់បានហ្វឹកហាត់ចង្វាក់រាំវង់។ រាំលេងអមជាមួយខែភ្លឺធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ពេលលេងអស់កម្លាំងនាំគ្នាត្រឡប់ទៅគេងតាមផ្ទះរៀងៗខ្លួន។ ព្រឹកឡើងភា្ញក់ពីព្រលឹមចេញទៅវាលស្រែជួយឪពុក ម្តាយ ច្រូតស្រូវ។

ចូលដល់សម័យខ្មែរក្រហមភាពសប្បាយរីករាយខ្ញុំកាលពីមុនបាត់សូន្យឈឹង។ ចាប់តាំងពីខ្មែរក្រហមរំដោះទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសារខ្ញុំទទួលរងទុក្ខវេទនាជាខ្លាំង។ ឪពុកខ្ញុំ ឈ្មោះ ហ៊ាន ធ្លាប់ធ្វើការងារខាងឃុំជាំតាម៉ៅ ខ្មែរក្រហមសម្លាប់នៅភូមិក្តុល ឃុំទន្លូង។ បន្ទាប់មកទៀត ប្តីខ្ញុំត្រូវបានអង្គការខ្មែរក្រហមប្រាប់ឱ្យដើមដំឡូងទៅដាំនៅទំនប់អូរអង្កាម។ ប្តីទី១ឈ្មោះ មាស ញឹក ត្រូវបានខ្មែរក្រហមចាប់ទៅសម្លាប់នៅទំនប់ទឹកអូរអង្កាម ឃុំជាំតាម៉ៅ ស្រុកមេមត់។

ប្តីខ្ញុំត្រូវបានខ្មែរក្រហមសម្លាប់ ដោយសារខ្មែរក្រហមចោទថាលួចយកក្រណាត់។ ខ្មែរក្រហមចូលទៅចាប់ប្តីខ្ញុំដល់ផ្ទះទាំងកណ្តាលយប់។ អំឡុងពេលយប់ខ្ញុំ និងប្តីត្រូវគេងបែកគ្នាតាមការបញ្ជារបស់អង្គការ។  ខ្មែរក្រហមបែកចែកប្រុសត្រូវគេងជាមួយប្រុស ឯមនុស្សស្រីត្រូវគេងជាស្រីដូចគ្នា។ ហេតុនេះខ្ញុំអត់ដឹងថាប្តីខ្ញុំ ត្រូវខ្មែរក្រហមចាប់ទៅសម្លាប់ទេ។ ព្រឹកស្អែកម៉ោង ៩ព្រឹកនៅឯវាលស្រែ មានឈ្មោះយឿន និងសារឹម រត់មកប្រាប់ថា ប្តីមិត្តឯងត្រូវអង្គការចាប់ទៅទាំងយប់។ ខ្ញុំគិតក្នុងចិត្តថាច្បាស់ជាមិនមានជីវិតត្រឡប់មកវិញទេ។ ខ្ញុំតាមសួរគេ សួរឯង អត់មានអ្នកណាដឹងថាប្តីខ្ញុំត្រឡប់មកវិញ។

ចុងឆ្នាំ១៩៧៧ បន្ទាប់ពីខ្មែរក្រហមសម្លាប់ប្តីខ្ញុំ ហើយបន្សល់ទុកកូនស្រីចំនួនពីរនាក់ និងកូននៅក្នុងផ្ទៃចំនួន៨ខែម្នាក់ទៀត។ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំនិងប្រជាជនទៅក្នុងមូលដ្ឋានទាំងអស់ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ។ ដំបូងជម្លៀសទៅស្នាក់នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ចំនួន១យប់ កូនស្រីខ្ញុំ ឈ្មោះ ភា បានស្លាប់ម្នាក់ ដោយសារដាច់បាយ និងគ្រុនក្តៅ។ ព្រឹកឡើងខ្មែរក្រហមប្រាប់ឱ្យប្រជាជនទាំងអស់បន្តដំណើរទៅមុនទៀត។ ខ្មែរក្រហមមានគ្នាប្រហែល៥ទៅ៦នាក់ កាន់កាំភ្លើងគ្រប់ដៃ ចាំមើលប្រជាជនខ្លាចរត់ចេញពីជួរ។ ខ្ញុំនិយាយាថា មិត្តឱ្យសុំពេលទៅកប់កូនខ្ញុំបន្តិចបានទេ? កម្លាំងខ្មែរក្រហម ឆ្លើយតបវិញ មិនអាចទៅបានទេ ព្រោះយើងជិតដល់កន្លែងហូបចុកគ្រប់គ្រាន់ កុំធ្វើឱ្យពិបាកដល់អ្នកផ្សេង ដោយសារតែមិត្តនារីឯងម្នាក់។ ចំណែកម្តាយខ្ញុំ ដឹកដៃកូនស្រីខ្ញុំម្នាក់ទៀត ណាមួយម្តាយខ្ញុំគាត់ចាស់ ហើយគ្មានកម្លាំងដើរទៅមុខ ដោយសារគ្មានអាហារហូប។

ដើមឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសដល់ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ កូនស្រីទី២ ឈ្មោះ ដាវី ត្រូវបានស្លាប់នៅភូមិស្រែរនាម ដោយសារអត់បាយ។ អំឡុងពេលនោះម្តាយខ្ញុំអត់បាននៅជាមួយកូនខ្ញុំទេ គឺគាត់ត្រូវចាត់តាំងទៅមើលថែក្មេងៗនៅក្នុងសហករណ៍ភូមិស្រែរនាម។ បន្ទាប់ពីកូនខ្ញុំស្លាប់បានរយៈពេលមួយសប្តាហ៍កន្លងទៅ។ ខ្ញុំចាប់ផ្តើមឈឺពោះឆ្លងទន្លេ សម្រាលបានកូនស្រីម្នាក់ទៀតឈ្មោះ សានាង។ ក្រោយពីសម្រាលកូនរួច ខ្ញុំឃ្លានបាយក្តាំងឡើងហូរទឹកមាត់។ ខ្ញុំដាច់ចិត្តទុកកូនឱ្យម្តាយមើល។ ខ្ញុំចូលក្នុងទៅព្រៃ ដែលកងកម្លាំងខ្មែរក្រហមស្នាក់នៅ ដើម្បីសុំអាហារហូប ព្រោះកងកម្លាំងមានអាហារហូបគ្រាន់ជាងប្រជាជនធម្មតា។ ខ្ញុំបានជួបជាមួយកងកម្លាំងខ្សែត្រៀមចំនួន៥នាក់ ដាច់ចិត្តទៅសុំបាយក្តៅហូប។ កងកម្លាំងដែលបាបជួប ជាកម្លាំងខ្សែត្រៀមក្នុងព្រៃ ដើម្បីវាយជាមួយយួន។ កងកម្លាំងម្នាក់យកបាយក្តាំង ខ្ចប់ជាមួយស្លឹកធ្លុង ហើយប្រាប់ខ្ញុំថាកុំឱ្យមានអ្នកណាដឹងឱ្យសោះ។

នៅភូមិស្រែរនាម មានការបាញ់គ្នា និងទម្លាក់គ្រាប់បែកខ្លាំង ខ្ញុំត្រូវបានជម្លៀសទៅដល់ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ព្រឹកម៉ោង១០ មានស្រឡាងមកដឹងប្រជាជនចេញពីថ្មគ្រែទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្រោយពីខ្មែរក្រហមដួលរលំ ខ្ញុំត្រូវបានទ័ពវៀតណាមដឹកមកត្រើយម្ខាងនៃទន្លេ និងបន្តដំណើរ ថ្មើរជើងត្រឡប់មកស្រុកកំណើត។

អំឡុងឆ្នាំ១៩៨៣ កូនស្រីខ្ញុំឈ្មោះ សានាង បានស្លាប់ដោយសារជំងឺ។ សម័យខ្មែរក្រហមបានសម្លាប់ឪពុក ប្តី និងកូនស្រីពីរនាក់ ហើយកូនស្រីខ្ញុំចុងក៏ត្រូវស្លាប់ទៀត។

ជីវិតខ្ញុំពេលនោះស្ទើរតែឆ្កួត លែងចង់រស់នៅបន្ត។ ក្រោយពីខ្ញុំកាត់ចិត្តបានក៏សម្រេចចិត្តយកសា្វមីម្តងទៀត ឈ្មោះ មេឃ អាន គាត់អាយុប្អូនខ្ញុំ២០ឆ្នាំជាង ហើយមានកូនស្រី១ម្នាក់។ ខ្ញុំរស់នៅជាមួយគ្រួសារក្រោយប្រកបរបរកសិករ ដូចប្រជាជនទូទៅក្នុងភូមិ។

អត្ថបទដោយ ឈុំ រ៉ា


[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ ឈុំ រ៉ា ជាមួយ ហ៊ាង សំណាង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin