ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ឆុន បានថ្លែងថា គាត់សម្រាលកូនបានរយៈពេលតែ១ខែ ត្រូវបានកងឈ្លបឃុំតម្រូវឲ្យទៅធ្វើស្រែដើម្បីទទួលបានរបបអាហារប្រចាំថ្ងៃ។ “កូនតូចរបស់ខ្ញុំហ្នឹង ខ្ញុំគ្មានសិទ្ធិចិញ្ចឹមមើលថែដោយផ្ទាល់ទេ។ គេប្រាប់ខ្ញុំថាកូនទុកឲ្យចាស់ៗជាអ្នកមើមិត្តឯងខំតែធ្វើការទៅ”។
ហែម ឆុន ភេទស្រី អាយុ៦៨ឆ្នាំ(២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆុន មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ ឆុន ម្នាក់បានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។
នៅក្នុងឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច ឆុន មានអាយុប្រហែលជាង២០ឆ្នាំ។ គាត់បានរៀបការ និងមានកូនចំនួន ២នាក់។ គាត់ត្រូវបានកងឈ្លបក្នុងភូមិតម្រូវឲ្យរស់នៅក្នុង ភូមិកំរ៉ែង និងធ្វើការក្នុងសហករណ៍ជាមួយស្រ្តីក្នុងភូមិចំនួន៦នាក់។ ក្រុមរបស់ ឆុន ត្រូវដើររកអុស រកឫស្សីនិងជីកទំពំាងសម្រាប់ផ្គត់ផ្គង់រោងបាយរួម។ ក្រៅពីការងារនេះ គាត់ក៏ត្រូវទៅជីក និងរែកដី ដើម្បីធ្វើទំនប់ស្តុកទឹកសម្រាប់ធ្វើស្រែនៅក្នុងឃុំអណ្តូងត្របែកនេះផងដែរ។ កូន២នាក់របស់ ឆុន ត្រូវបានឈ្លបឲ្យទៅរស់នៅក្នុងកងកុមារផ្សេងពីគាត់។ នៅពេលព្រឹកកូនរបស់ ឆុន ត្រូវមើលគោ ក្របី, រើសអាចម៍គោ និងនៅពេលរសៀលត្រូវទៅរៀនសូត្រ ប៉ុន្តែការរៀនសូត្រមិនបានត្រឹមត្រូវទេ។ ប្តីរបស់ ឆុន នៅធ្វើការក្នុងសហករណ៍រោងបាយ។ ឪពុកត្រូវវេញខ្សែគោធ្វើពីធាងត្នោត និងម្តាយមើលថែទាំកុមារ។
នៅឆ្នាំ១៩៧៦ ឆុន មានផ្ទៃពោះ និងសម្រាលកូនទី៣។ ក្រោយពេលសម្រាលកូនបានចំនួន១ខែ ឈ្លបឃុំបានឲ្យគាត់ទៅធ្វើការដូចជា៖ ដកសំណាបនិង ស្ទូងស្រូវ ឆ្ងាយៗពីផ្ទះ។ រីឯកូនរបស់គាត់ត្រូវបានចាស់ៗក្នុងសហករណ៍ជាអ្នកចិញ្ចឹម និងមើលថែទាំ។ ឆុន និយាយថាគាត់មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទៅធ្វើការទេ ប៉ុន្តែគ្មានជម្រើសអ្វីក្រៅតែពីទៅធ្វើការតាមបញ្ជារបស់អង្គការនោះទេ។ គាត់ធ្លាប់បានស្នើសុំអង្គការសម្រាកពីការងារដើម្បីមើលថែទាំកូនតូចប៉ុន្តែត្រូវបានអង្គការបដិសេធ។
របបអាហារគាត់ទទួលបាន បបរ២វែក សម្រាប់២ពេលក្នុង១ថ្ងៃ។ បន្លែបង្ការ និងសត្វចិញ្ចឹមទាំងអស់ជារបស់អង្គការ ហើយប្រជាជនគ្មានសិទ្ធិហូបទេ។ នៅពេញមួយរបបខ្មែរក្រហម គាត់ទទួលបានសម្លៀកបំពាក់២សម្រាប់ ដែលជ្រលក់ឲ្យទៅជាពណ៌ខ្មៅដោយដើមត្រស់។
នៅក្នុងរបបខ្មែរក្រហម ឆុន ធ្លាប់ឃើញកងឈ្លបឃុំកាន់កាំភ្លើង២នាក់ “ម្នាក់នៅខាងមុខ និងម្នាក់នៅក្រោយ” បណ្តើរប្រជាជនដែលអង្គការចោទថាប្រព្រឹត្តកំហុសយកទៅវាយសម្លាប់ក្នុងព្រៃនៅឆ្ងាយៗពីភូមិ។ គាត់ក៏ធ្លាប់ឃើញកងឈ្លបឃុំចាប់រំលោភស្រ្តីភេទមុននឹងសម្លាប់ដែរ។
បច្ចុប្បន្ន ឆុន មានជំងឺសន្លាក់ដៃ និងសន្លាក់ជើងគាត់មិនអាចធ្វើដំណើរបានឆ្ងាយទេ។
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥