ហែម កែ៖ ជីកព្រែករហូតដល់ធ្លាក់ឈាម

(កំពង់ស្ពឺ)៖ ហែម កែ កើតក្នុងឆ្នាំ១៩៤៦ ភេទប្រុស មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កែ មានឪពុកឈ្មោះ ហែម ម៉ូច, ម្ដាយឈ្មោះ ញិល ញឿ និងមានបងប្អូនប្រុសពីរនាក់។ កែ បានបាត់បង់ឪពុកតាំងពីកុមារភាព។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ កែ ដែលមានអាយុប្រហែល ១៥ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គស្តុក។ បន្ទាប់ពីសិក្សាភាសាបារាំងបានមួយឆ្នាំ កែ បានឈប់រៀនត្រឹមថា្នក់ទី៩ (របបសង្គមរាស្ត្រនិយម) និងប្រកបរបរអារឈើ និងដឹកឈើ ដើម្បីចិញ្ចឹមម្ដាយ។ នៅឆ្នាំ១៩៦៦ កែ បានរៀបការជាមួយប្រពន្ធឈ្មោះ ប្រាក់ សឺម និងសព្វថ្ងៃមានកូនចំនួនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារ គឺមានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមនៅក្នុងភូមិ បណ្ដាលឲ្យប្រជាជនរងរបួស នៅពេលនោះ កែ ធ្វើជាអ្នកសែងអ្នករបួស។ នៅឆ្នាំ១៩៧៣ នៅភូមិកំណើតរបស់កែ ត្រូវបានខ្មែរក្រហម រៀបចំឲ្យមានក្រុមសាមគ្គី ដោយមួយក្រុមមានសមាជិក១៥គ្រួសារ។ កែ និយាយថា ខ្មែរក្រហមប្រមូលឆ្នាំង និងស្រូវអង្ករ ដាក់ជារបស់រួម និងហូបរួម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស ប្រជាជនត្រូវធ្វើពលកម្មហួសកម្លាំង និងគ្មានសិទ្ធិសេរីភាព។ កែ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនមូលដ្ឋាន និងធ្វើការក្នុងកងពិសេស។ អំពីរបបអាហារវិញ គឺហូបចុកមិនគ្រប់គ្រាន់ ដោយ កែ ទទួលបានបបរមួយកាក្នុងមួយពេលប៉ុណ្ណោះ។
នៅក្នុងកងពិសេស កែ ត្រូវធ្វើតាមបញ្ជារបស់ខ្មែរក្រហម ដោយត្រូវទៅឃ្វាលគោ និងភ្ជួររាស់។ កែ មិនដែលប្រកែកតាមបញ្ជារបស់ខ្មែរក្រហមនោះទេ។ កែ ត្រូវបានខ្មែរក្រហមបញ្ជូនទៅជីកព្រែកនៅកំពង់ត្រាំ។ ក្រោយមក កែ ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅជីកព្រែក នៅខាងជើងទំនប់អូរត្នោតបន្តទៀត។ នៅទីនោះ កែ ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងសម្រាកបានតែមួយទៅពីរម៉ោងប៉ុណ្ណោះក្នុងមួយយប់ ដោយដេកផ្ទាល់នឹងដី។ មិនយូរប៉ុន្មាន កែ បានធ្លាក់ខ្លួនឈឺធ្ងន់ និងហូរឈាម។ កែ ត្រូវសម្រាកអស់រយៈពេលជាងដប់ថ្ងៃ និងព្យាបាលដោយ តាទេន ដែលដាំថ្នាំបុរាណខ្មែរឲ្យគាត់ផឹក។ កែ ចងចាំថានៅពេល គាត់មានជំងឺមិនទាន់ធ្ងន់ធ្ងរ គឺខ្មែរក្រហមមិនអនុញ្ញាតឲ្យសម្រាកនោះទេ។
អំពីការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម កែ ចាំបានថាមិនបានឃើញផ្ទាល់នឹងភ្នែកនោះទេ ប៉ុន្តែមានឈ្មោះ តានូ ដែលជាគណៈឃុំ និងប្រជាជនឯទៀត ត្រូវបានបាត់ខ្លួន។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ កែ បានត្រលប់មកភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ, អារឈើ, និងដឹកឈើ។ នៅពេលគាត់នឹកឃើញរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម កែ ថាគ្មានសុភមង្គលនោះទេ គឺត្រូវអត់ឃ្លាន និងស្រក់ទឹកភ្នែក។ កែ និយាយថា ជីវិតរបស់គាត់ផ្សងតាមព្រេងសំណាងប៉ុណ្ណោះ៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

