ខ្មែរក្រហមសម្លាប់ទាំងអស់​សូម្បីកូនក្មេងទើប​នឹងកើត

(ស្វាយរៀង)​៖ ហែម ស៊ីថន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៦២ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ ស៊ីថន មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនច្បងគេក្នុងគ្រួសារ​។

ឪពុកម្តាយរបស់ ស៊ីថន បានស្លាប់តាំងពីសម័យ លន់ នល់។ ក្នុងរបបខ្មែរក្រហម ស៊ីថន ជាក្មេងកំព្រាគាត់ និងប្អូនទាំងប្រាំនាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះគាត់ និងបងប្អូនត្រូវធ្វើការជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែ ធ្វើស្រែចម្ការ និងប្រមូលលាមកសត្វ​ពាហនៈយកទៅហាលធ្វើជី។ ប្អូនប្រុសម្នាក់របស់ ស៊ីថន បានធ្លាក់ខ្លួនឈឺ និងហើមពេញខ្លួន ដោយសារ​គ្មានអំបិលហូប។ ប្អូនប្រុស ស៊ី​ថន មិនទទួលបានការព្យាបាលត្រឹមត្រូវទេ ស៊ីថន ចេះតែសុំអង្គការទៅមើលប្អូន ដោយបានដាំថ្នាំខ្មែរយកទៅឲ្យប្អូនផឹកទើបបានជាពីជំងឺអាចទៅធ្វើការវិញបាន​។ គាត់ និងប្អូនទទួលបានរបបអង្ករពីរកំប៉ុងរហូតទៅដល់ប្រាំមួយកំប៉ុងក្នុងមួយថ្ងៃ គាត់ត្រូវដាំបាយ ឬបបរហូបដោយខ្លួនឯង ពេលខ្លះប្អូនៗគាត់ទៅធ្វើការទាំងអត់បានបាយហូបដោយសារតែត្រូវទៅធ្វើការឆ្ងាយៗពី​កន្លែងរបស់ ស៊ីថន។ ក្នុងស្ថានភាពជាក្មេងកំព្រាឪពុកម្តាយ ស៊ីថន ត្រូវមើលថែទំាប្អូនៗ គាត់​មិនទទួលបានការសិក្សាអប់រំទេ។ ចំណែកប្អូនក៏មិនបានសិក្សាដែរ​ដោយសារគ្មានសាលារៀននៅតំបន់គាត់ស្នាក់នៅ ហើយ​បើទោះបីជាមានសាលារៀនក៏ក្មេង​ៗមិនអានរៀនបានដែរនៅសម័យនោះ។

ក្នុងរបបខ្មែរក្រហម ស៊ីថន បានបាត់បង់ប្អូនប្រុសម្នាក់ ដែលធ្លាប់ធ្វើជាទាហានសម័យ លន់​ នល់។ ពេលនោះដោយសារ​នឹករលឹកគ្រួសារប្អូន ស៊ីថន ឈ្មោះ ហែម ឈាន បានមកលេងផ្ទះក៏ត្រូវបានខ្មែរក្រហមនាំយក​ទៅសម្លាប់ចោលដោយច្រកប៉ាវទម្លាក់ចូលទឹកទន្លេ ព្រោះខ្មែរក្រហមដឹងថាប្អូនគាត់ធ្លាប់ធ្វើ​ជាទាហានសម័យ នល់ នល់។

នៅកន្លែង ស៊ីថន ស្នាក់នៅគាត់ឃើញខ្មែរក្រហម សម្លាប់ក្មេងៗដែលជាកូនរបស់ម្តាយឪពុកត្រូវបានចោទប្រកាន់ថាខ្មាំងប្រឆាំងនឹងអង្គការ។ វត្តអារាមក៏ត្រូវបានវាយកម្ទេច បរិវេណវត្តត្រូវបានគេយកធ្វើជាកន្លែង​សម្រាក់ស្តុកទុកនូវស្រូវអង្ករ និងធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈ ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក និងឲ្យធ្វើការងារផ្សេងៗ ដូចជា ជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែដូចប្រជាជនធម្មតាដែរ។

ស៊ីថន បានឲ្យដឹងថាខ្មែរក្រហមសម្លាប់អ្នកមានទ្រព្យសម្បត្តិក្នុងភូមិ​ដោយចោទប្រកាន់ថា ជាខ្មាំង។ ពេល​សម្លាប់​​រួចខ្មែរក្រហមបានយកគ្រឿងអលង្ការរបស់អ្នកនោះអស់។

ហែម ស៊ីថន «របបខ្មែរក្រហមមិនបានគិតគូរពីសាសនាឬការធ្វើបុណ្យទេ ប្រជាជនមានសិទ្ធិស្មើៗគ្មានអ្នក​មានអ្នកក្រ ​អ្នកធ្វើការទើបទទួលបានរបបអាហារ ហើយការសម្លាប់ជីវិតមនុស្សគឺងាយស្រួលដោយមិនចាំបាច់កាត់ក្តី ឬទាល់តែមានកំហុសធំដុំទេ។ ខ្មែរក្រហមសម្លាប់ទាំងអស់សូម្បីតែកូនក្មេងទើបនឹងកើត»។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊ីថន និងប្អូនៗ មិនមានទីពឹងទេគឺរស់នៅជាមួយម្តាយមីង។ គាត់ និងប្អូនៗ​បានដើររើសអាចម៍គោច្រកទុកលក់ឲ្យគេទុកធ្វើជី ដើម្បីបានប្រាក់មកចិញ្ចឹមប្អូនៗ រហូតមានគ្រួសាររៀងៗខ្លួន ប្រកបមុខរបបផ្សេងៗគ្នារហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ អ៊ុក ចាន់លក្ខិណា សម្ភាសន៍ថ្ងៃទី ១៣ មករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin