ហែម វ័ន ប្រធានរោងបាយរួមខ្មែរក្រហម
ហែម វ័ន អាយុ៧៨ អតីតកងចល័តខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចែករំលែកសាវតារ និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ ហែម វ័ន កើតនៅភូមិស្កៀរក្ដី ឃុំភ្នៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៣នាក់ (ប្រុស១ និងស្រី២)។ កាលនៅវ័យក្មេង ខ្ញុំទៅរៀនសូត្រនៅសាលាបឋមសិក្សាវត្តសំពៅផល និងបន្ដការសិក្សានៅវត្តមួយទៀតឈ្មោះ «សាលាបឋមសិក្សាជ្រៃក្រាំង» ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី១០ ដោយសារតែកម្រិតជីវភាពគ្រួសារក្រីក្រ និងកំព្រាឪពុក។ បន្ទាប់ពីឈប់រៀនមក ខ្ញុំបានមកជួយម្ដាយរបស់ខ្ញុំធ្វើស្រែចំការ ដូចជា ភ្ជួររាស់ស្រែ និងដកស្ទូង។ ក្រោយមកទៀត ខ្ញុំបួសជាព្រះសង្ឃ អស់រយៈពេល២វស្សា គឺចាប់ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៤។ បន្ទាប់ពីលាចាកសិក្ខាបទ ខ្ញុំរៀបការប្រពន្ធ និងមករស់នៅខាងគ្រួសារប្រពន្ធនៅស្រុកស្រីសន្ធរនៅឆ្នាំ១៩៦៩។ ខ្ញុំធ្លាក់ឮអំពីរដ្ឋប្រហារលន់ នល់ នៅឆ្នាំ១៩៧០ និងការធ្វើបាតុកម្មដង្ហែរពីភូមិទៅកាន់ទីរួមខេត្ត។ នៅចុងឆ្នាំ១៩៧០ មានអ្នកភូមិជាច្រើនរត់ចូលព្រៃម៉ាគី និងចូលរួមជាមួយបដិវត្តន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបលន់ នល់។ ខ្ញុំមិនបានរត់ទៅជាមួយអ្នកភូមិទាំងអស់នោះទេ ពីព្រោះខ្ញុំមានប្រពន្ធ និងកូនស្រីម្នាក់។ នៅចន្លោះពីឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមត្រូវបានបញ្ជូនចូលមកឈរជើង និងរំដោះនៅក្នុងភូមិសាស្រ្តជាច្រើននៃស្រុកស្រីសន្ធរ គឺរួមទាំងមូលដ្ឋានដែលខ្ញុំរស់នៅផងដែរ។ ទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម ប្រយុទ្ធគ្នានៅសមរភូមិក្ដៅជាច្រើនទាំងផ្លូវគោក និងផ្លូវទឹក ខណៈពេលខ្លះទាហានលន់ នល់ បើកការវាយប្រហារពីអាកាស ដោយការបាញ់រះ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។ ខ្ញុំធ្លាប់ឃើញយន្តហោះទាហានលន់ នល់ ដូចជា៖ អាស្លាបកាត់, អាមិច និងអាទ្រុងជ្រូក។ រាល់ពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំនាំប្រពន្ធកូនរត់ចូលក្នុងរណ្ដៅត្រង់សេ។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ផ្ទុះតែខ្លាំងឡើង ដែលភាគច្រើនកើតឡើងនៅតាមដងទន្លេមេគង្គ និងការបន្តទម្លាក់គ្រាប់បែកពីលើអាកាស។ កងទ័ពខ្មែរក្រហម អាចត្រឹមបើកការវាយប្រហារ ដោយការបណ្ដែតដើមគ ឬដើមចេកបង្កៃគ្រាប់បែកពាសពេញទន្លេ នៅពេលដែលមានក្បួនធ្វើដំណើររបស់នាវាទាហានម៉ារីន លន់ នល់។ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង ខ្ញុំឃើញមានប្រជាជន១៧មេសាបានមករស់នៅក្នុងភូមិ ។ ក្រោយមកទៀត ប្រជាជន១៧មេសា ត្រូវបានជម្លៀសបន្តទៀត។
នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបានបង្កើតឡើង ដែលជាពេលវេលាខ្ញុំត្រូវបានចាត់តាំងធ្វើជាប្រធានកងរោងបាយរួម ចំណែកឯប្រពន្ធខ្ញុំទៅធ្វើការនៅកងចល័តវ័យកណ្ដាល។ រោងបាយរួមរបស់ខ្ញុំទទួលបានត្រីពីកងនេសាទ និងស្រូវអង្ករពីឃ្លាំងសហករណ៍ ដើម្បីដាំបបរ និងធ្វើម្ហូបសម្រាប់មនុស្ស១០០នាក់។ ខ្ញុំមើលការខុសត្រូវនៅរោងបាយ ចំណែកឯអនុប្រធានចាត់ចែងរបបអាហារនៅតាមការដ្ឋាន។ នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីមកគ្រប់គ្រង និងចាប់ផ្ដើមចាប់មនុស្សយកទៅសម្លាប់។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ចង និងបណ្ដើរមនុស្សយកទៅសម្លាប់ចោលនៅវត្តជ្រៃ។ ខ្ញុំឃើញបុគ្គលិកពេទ្យជាច្រើនត្រូវបានចាប់បណ្ដើរយកទៅសម្លាប់នៅវត្តជ្រៃ ។ នៅខែវស្សាក្នុងឆ្នាំ១៩៧៨ នៅក្នុងកងរោងបាយរួមក៏មានការស្រាវជ្រាវអ្នកមកពីខាងមេមត់ ប៉ុន្តែខ្ញុំបានលាក់អត្តសញ្ញាណរបស់អ្នកទាំងនោះ និងមិនមាននរណាម្នាក់នៅក្នុងកងរបស់ខ្ញុំត្រូវបានចាប់យកទៅសម្លាប់នោះទេ។ ខ្ញុំបានជួយមិត្ត នេន, មិត្ត វុធថា និងមិត្ត សុខ ដែលរស់រានមានជីវិតពីការសម្លាប់របស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិ ចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់ពីសំណាក់ខ្មែរក្រហម។ ខ្ញុំនិងគ្រួសាររួចផុតពីសេចក្ដីស្លាប់នៅពេលនោះ និងបន្តរស់នៅក្នុងភូមិនេះ រហូតមកដល់បច្ចុប្បន្ន។»
សរសេរដោយ លី ដេវីត