ហែម ឆូយ៖ ផ្នែកសិប្បកម្មធ្វើរនាស់ និងនង្គ័ល

នៅឆ្នាំ១៩៧៦ ឈ្មោះ ផាញ់ ដែលជាប្រធានសហករណ៍បានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារផ្នែកសិប្បកម្ម មានសមមិត្ត៤នាក់ ឈ្មោះ នុន, យិះ, សុខ និងខ្ញុំ។ ខ្ញុំ និងសមមិត្ត៣នាក់ ថ្នាក់លើកំណត់ឲ្យធ្វើរនាស់ ឬនង្គ័លឲ្យបានចំនួន១ ក្នុងរយៈពេលមួយថ្ងៃ បើធ្វើមិនរួលរាល់អត់ផ្តល់របបអាហារ។
ហែម ឆូយ រៀបរាប់រឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖
ឈ្មោះ ហែម ឆូយ[1] ភេទប្រុស អាយុ ៨២ឆ្នាំ ជនជាតិព្នង មានស្រុកកំណើតនៅភូមិព្រៃចាស់ ឃុំអូរអន្ត្រែង ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ឪពុកឈ្មោះ ខៀវ ពូយ ជនជាតិព្នងកាត់ខ្មែរ (ឪពុកស្លាប់ឆ្នាំ១៩៥០) ម្តាយឈ្មោះ កួន ជនជាតិព្រៅ (ម្តាយស្លាប់ឆ្នាំ១៩៨៨)។ ខ្ញុំមានបង្អូនចំនួន៤នាក់ (ស្រី១)។ ខ្ញុំជាកូនទី១។ ប្រពន្ធឈ្មោះ ញ៉ែម គែវ អាយុ ៦៧ឆ្នាំ កូនកាត់ចិន និងខ្មែរ មានកូនចំនួន៧នាក់ (ស្រី៤)។
កាលពីក្មេងខ្ញុំបានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧ចាស់ នៅសាលាក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំអាចនិយាយភាសាខ្មែរ និងភាសាព្នង។ កាលពីមុនដំបូង មានភូមិព្រៃចាស់ ភូមិស្រែបឹង ភូមិស្រែត្នោត ភូមិស្រែទ្រៀក ភូមិស្រែអង្កាម ឃុំអូរអន្ត្រែង ខេត្តក្រចេះ។ ប្រជាជនភាគច្រើនជាជនជាតិព្នង រស់នៅនិងប្រកបរបរធ្វើស្រែ និងចម្ការ។ ជនជាតិដើមភាគតិចព្នង គឺធ្វើស្រែ និងចម្ការវិលជុំ។ បន្ទាប់ពីធ្វើស្រែបានមួយឆ្នាំខ្ញុំត្រូវផ្លាស់ចេញទៅកាប់ឆ្ការព្រៃនៅកន្លែងថ្មីផ្សេងទៀត។ ដំណាំភាគច្រើនរបស់ជនជាតិដើមភាគតិចព្នងមានដូចជាដំណាំស្រូវ សណ្តែក ដំឡូង និងល្ងជាដើម។ បច្ចុប្បន្ននេះបើគិតពីភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ទៅភូមិព្រៃចាស់ ឃុំអូរអន្ត្រែង មានចំងាយប្រហែល២០គីឡូម៉ែត្រ។
នៅឆ្នាំ១៩៥៥ ខ្ញុំត្រឡប់មកភូមិព្រៃចាស់ ឃុំអូរអន្ត្រែង ស្រុកសំបូរ (បច្ចុប្បន្នស្រុកអូរគ្រៀងសែនជ័យ) ខេត្តក្រចេះ។ ប្រជាជនមករស់នៅតាមសេចក្តីប្រកាសរបស់សម្តេច នរោត្តម សីហនុ ទ្រង់បានធ្វើសាលារៀន សាលាឃុំអូរអន្ត្រែង។
នៅឆ្នាំ១៩៦៤ ខ្ញុំឡើងទៅរៀននៅស្រុកសំបូរ ខេត្តក្រចេះ រយៈពេលមួយឆ្នាំទើបត្រឡប់មកលេងផ្ទះម្តង។ នៅឆ្នាំ១៩៦៥ ខ្ញុំមានអាយុប្រហែល១៣ ទៅ១៤ឆ្នាំ ខ្ញុំធ្វើដំណើរទៅលេងគ្រួសារ ដោយជិះឡានដឹកផ្តៅ, ដឹកជ័រទឹក ហើយឡានដឹកទំនិញត្រូវឈប់លក់តាមផ្លូវទាល់តែអស់បានបន្តដំណើររយៈពេលមួយខែទើបទៅដល់ផ្ទះ។ ខ្ញុំស្នាក់នៅផ្ទះកន្លះខែ រួចត្រឡប់ទៅរៀនវិញ។ ខ្ញុំធ្វើដំណើរចេញពីផ្ទះតាមអូរសណ្តាន់ រហូតដល់ស្រុកសំបូរ ខេត្តក្រចេះ។ នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការជាមួយប្រពន្ធឈ្មោះ ញ៉ែម គែវ និងរួមរស់ជាមួយគ្នា។
នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ (ចប្ចុប្បន្នស្រុកអូរគ្រៀងសែនជ័យ) ក្នុងឆ្នាំនោះខ្ញុំមានកូនប្រុសម្នាក់។ ទាហានអាមេរិកាំង បានបើកយន្តហោះមកទម្លាក់គ្រប់បេ-៥២ ពេញភូមិ ដើម្បីស្វែងរកទ័ពវៀតកកុង។ ទ័ពវៀតកុង មាននៅគ្រប់ទីកន្លែងនៃឃុំអូរកណ្តៀរសែនជ័យ។ គ្រួសារខ្ញុំបានលាក់ខ្លួនក្នុងរណ្តៅ និងរស់នៅក្នុងព្រៃរហូតស្ងាត់សំឡេងយន្តហោះទើបនាំគ្នាចូលមកក្នុងភូមិដាំបាយហូប ក្រោយហូបបាយរួចរាល់ត្រឡប់ទៅលាក់ខ្លួនក្នុងព្រៃវិញ។
យន្តហោះអាមេរិកាំងមួយគ្រឿងបានធ្លាក់នៅដំរីផុង បច្ចុប្បន្នភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ(សព្វថ្ងៃមានផ្ទះមួយខ្នងសាងសងក្បែរយន្តហោះធ្លាក់ ម្ចាស់ផ្ទះមានឈ្មោះ សេង ភេទប្រុស អាយុប្រហែល៥០ទៅ៦០ឆ្នាំ)។ ក្រោយពេលយន្តហោះធ្លាក់រំលងមួយថ្ងៃ ឈ្មោះ ផាញ់ ប្រធានកងឈ្លប និង ឈិន ជាអនុប្រធាន បានចាត់តាំង ក្រុមកងឈ្លបមានគ្នាចំនួន៤នាក់ រួមមាន សេង, សុខ, ង៉ូវ និងខ្ញុំ បានទៅកន្លែងយន្តហោះធ្លាក់ ប៉ុន្តែក្រុមខ្ញុំទាំង៤នាក់មិនបានដល់កន្លែងយន្តហោះធ្លាក់។ ក្រុមខ្ញុំបានត្រឹមមើលពីចម្ងាយ កន្លែងយន្តហោះធ្លាក់ប្រហែល២០០ម៉ែត្រ នឹងកន្លែងក្រុមខ្ញុំទាំង៤នាក់ឈរ។ ខ្ញុំមិនបានទៅដល់ទីតាំង ដោយសារយន្តហោះរបស់វៀតកុងហោះទៅវិញទៅមក បន្ទាប់ពីយន្តហោះអាមេរិកកាំងធ្លាក់។ ក្រុមខ្ញុំទាំង៤នាក់ បានលាក់ខ្លួនក្នុងព្រៃ រហូតទាល់តែស្ងាត់សំឡេងយន្តហោះ ទើបនាំគ្នាត្រឡប់ទៅភូមិវិញ។
ខ្ញុំដឹងថាយន្តហោះអាមេរិកាំងត្រូវបានកងទ័ពវៀតកុងបាញ់ពីខេត្តស្ទឹងត្រែង មកធ្លាក់នៅដំរីផុង ក្នុងភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ។ ក្រោយមកទៀតខ្ញុំអត់បានទៅកន្លែងយន្តហោះធ្លាក់ទេ ប៉ុន្តែ សុខ, សេង និងង៉ូវ បានទៅដល់កន្លែងយន្តហោះធ្លាក់ម្តងទៀត។ សេង ប្រាប់ថាមានមនុស្សចំនួន២នាក់ស្លាប់ ឆ្អឹងសាកសពយកបំពាក់លើមែកឈើ ហើយឆ្អឹងសាកសពត្រូវបានកែច្នៃយកឲ្យក្មេងៗពាក់ក។ ឆ្អឹងសាកសពត្រូវបានយកមកបំពាក់នៅដើមកកោះ(បច្ចុប្បន្នចំការ)។ យន្តហោះអាមេរិកាំងធ្លាក់ម្តុំបឹងមួយ ប្រហែល២០០ម៉ែត្រនៅខាងលិចបឹង។ ក្រោយមកទៀតអ្នកភូមិនាំគ្នាទៅកន្លែងយន្តហោះធ្លាក់ម្តងទៀត ដើម្បីយកវត្ថុ ឬសម្ភារ ឬកំទេចដែក ដែលសេសសល់ពីភ្លើងឆេះ។ ខ្ញុំយកបានឆ័ត្រយោងមួយ មកធ្វើអង្រឹងចងឲ្យដេក ទុកសម្រាប់ពរកូន និងធ្វើជាភួយទុកដណ្តប់។
នៅឆ្នាំ១៩៧៣ ប្រជាជនក្នុងភូមិអូរព្រះ បានភៀសខ្លួនចេញពីភូមិទៅរស់នៅភូមិស្រែទ្រៀក ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងខ្លាចការចាប់ធ្វើជាទាហាន។ ខ្ញុំរស់នៅភូមិស្រែទ្រៀក ឯអ្នកភូមិខ្លះនៅពាមព្រះ(ពីភូមិអូរព្រះ ទៅពាមព្រះចម្ងាយ១២គីឡូម៉ែត្រ) អ្នករស់នៅពាមព្រះ ភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ខ្ញុំធ្វើកងឈ្លបបានមួយឆ្នាំឈប់ ដោយសារក្នុងភូមិអត់មានគ្រូបង្រៀន។ គណៈឃុំអូរអន្ត្រែង (បច្ចុប្បន្នឃុំអូរកណ្តៀរសែនជ័យ) បង្គាប់ខ្ញុំឲ្យមកបង្រៀនក្មេងៗនៅភូមិស្រែទ្រៀក។ ខ្ញុំបង្រៀនក្មេងៗបានតែខែប្រាំងទេ ចំណែកខែវស្សាខែភ្លៀង អត់បានបង្រៀនទេ។ សម័យខ្ញុំបង្រៀនគ្មានសាលារៀន គ្មានតុអង្គុយ ហេតុនេះខ្ញុំត្រូវបង្រៀនក្មេងតាមក្រោមដើមឈើ។ ខ្ញុំបង្រៀនចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹកទើបឈប់។ ក្រោយមកទៀងខ្ញុំឈប់ធ្វើជាគ្រូបង្រៀន ប្តូរមកធ្វើការងារផ្នែកសេដ្ឋកិច្ច នៅភូមិស្រែទ្រៀក ឃុំអូរអន្ត្រែង ផ្អែកលើការដាំដុះស្រូវ និងដំណំាដាំលើផ្ទៃដី រហូតមានក្រុមប្រវាស់ដៃ។
នៅឆ្នាំ១៩៧៥ ចាប់ផ្តើមមានសហករណ៍ ប្រជាជននៅក្នុងភូមិត្រូវហូបបាយរួមក្នុងសហករណ៍តែមួយ។ បន្ទាប់មកខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិអូរគ្រៀង ភូមិអូរព្រះ ភូមិអាលោះ ឲ្យទៅធ្វើស្រែដាំដំណាំស្រូវ, លើកទំនប់ ជីកប្រឡាយ និងកាប់ឆ្ការព្រៃ នៅភូមិស្រែឈូក (បច្ចុប្បន្នស្ថិតនៅឃុំអូរគ្រៀង)។ ខ្មែរក្រហមជម្លៀសខ្ញុំទៅភូមិស្រែឈូក។ ខ្ញុំដល់ភូមិស្រែឈូក ដំបូងអត់មានកន្លែងស្នាក់នៅទេ គឺត្រូវចេញទៅកាប់កូនឈើ ដើម្បីធ្វើខ្ទមសម្រាប់ជ្រក អំឡុងពេលនេះការងាររបស់ខ្ញុំគឺកាប់គាស់រុនរានដីដីថ្មី និងលើកទំនប់ជាដើម។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានថ្នាក់លើចាត់តាំងឲ្យទៅកាន់ខាងផ្នែកសិប្បកម្ម ក្រុមខ្ញុំមានគ្នាចំនួន៤នាក់។ ផ្នែកសិប្បកម្មអង្គការប្រើឲ្យធ្វើ រនាស់ នង្គ័ល និងធ្វើរទេះ។ ក្នុងក្រុមមានសមមិត្តចំនួន៤នាក់ មានឈ្មោះ នុន, យិះ, សុខ និងខ្ញុំ ធ្វើការតាមការកំណត់របស់ថ្នាក់លើ ក្នុងមួយថ្ងៃត្រូវធ្វើរនាស់ ឬនង្គ័ល ឲ្យរួចរាល់ចំនួនមួយ ប្រសិនធ្វើមិនទាន់រួច ត្រូវបង្អត់របបបាយមួយថ្ងៃ។ ចំពោះអាហារក្នុងភូមិស្រែឈូក ក្រុមសិប្បកម្មទទួលបានពីរពេលក្នុងមួយថ្ងៃ មានទាំងជនជាតិចាម, ខ្មែរ, ជនជាតិភាគតិច និងចិនកូនកាត់ខ្មែរ ត្រូវហូបបបរក្នុងសហករណ៍ជាមួយគ្នា។ ឈ្មោះ ផាញ់ ជាប្រធានសហករណ៍, លាវ ជាអនុប្រធាន និងប៉ាន់ ជាសមាជិក។
នៅឆ្នាំ១៩៧៧ ខ្ញុំធ្វើជាកងចល័តនៅឃុំអូរគ្រៀង ប្រធានកងចល័តឈ្មោះ វុន។ គណៈស្រុកសំបូរ ខេត្តក្រចេះ ជាអ្នករៀបចំផែនការឲ្យមានការងារធ្វើទាំងអស់គ្នា។ កងចល័តទាំងអស់ដែលជម្លៀសមកឃុំអូរគ្រៀង គឺធ្វើស្រែ, ស្ទូងស្រូវ, ដកសំណាប លើកទំនប់នៅភ្នំស្រួច ជីកប្រឡាយនៅស្រែឈូក និងលើកទំនប់អូរគ្រៀងចំនួនពីរកន្លែង។
នៅឆ្នាំ១៩៧៨ មានសំបុត្រមកពីស្រុកសំបូរ ខេត្តក្រចេះ ហើយនៅក្នុងសំបុត្រនិយាយពីការជ្រើសរើសកងទ័ព និងគ្រូពេទ្យបន្ថែម។ ឈ្មោះ ផាញ់ បានចាត់តាំងខ្ញុំឲ្យទៅចូលរួមហ្វឹកហាត់ជាកងទ័ព។ ខ្ញុំឡើងទៅហ្វឹកហាត់នៅស្រុកសំបូរ រយៈពេលកន្លះខែទើបអាចត្រឡប់មកផ្ទះបាន។ ប្រធានតំបន់ក្រចេះឈ្មោះយី, កួន និងគណស្រុកសំបូរឈ្មោះ ចែត។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំទៅកោះរងាវ ខេត្តក្រចេះ។ ខ្ញុំស្នាក់នៅទីនោះបានប្រហែលកន្លះខែ ខ្មែរក្រហមបន្តជម្លៀសឆ្លងទន្លេដល់ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេ។ ខ្ញុំនៅកោះខ្ញែរ រហូតដល់កងកម្លាំងវៀតណាមចូលមករំដោះ។ ខ្ញុំធ្វើដំណើរដោយថ្មើរជើងប្រហែលមួយសប្តាហ៍ទើបត្រឡប់ដល់ផ្ទះវិញ។ ផ្ទះរបស់ខ្ញុំត្រូវភ្លើងឆេះអស់ទាំងស្រុង។ ខ្ញុំបានទៅរកកាប់កូនឈើយកមកធ្វើជាខ្ទមសម្រាប់ស្នាក់នៅបណ្តោះអាសន្ន។ ពីរឆ្នាំក្រោយ ទើបខ្ញុំមានអង្ករហូបគ្រប់គ្រាន់ និងសង់ផ្ទះធំជាងមុន៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស លោក ឡុង ដានី ជាមួយ ហែម ឆូយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិអូរព្រះ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។