ហែម ហ៊ន៖ ជនជាតិដើមភាគតិចព័រ និងជានីរសារប្រធានតំបន់៦ភូមិភាគពាយ័យ្យ

ហែម ហ៊ន ជនជាតិដើមភាគតិចព័រ និងជានីរសារ តាយ៉ន ប្រធានតំបន់៦ ភូមិភាគពាយ័ព្យនៃរបបខ្មែរក្រហម។ ហែម ហ៊ន ចូលធ្វើនីរសារប្រធានតំបន់៦ តាមរយៈបងជីដូនមួយឈ្មោះ តាហង្ស គណៈឃុំពាមព្រូស នៅឆ្នាំ១៩៧៣។ នៅចន្លោះឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៥ មន្ទីរតំបន់៦ ស្ថិតនៅក្នុងព្រៃក្នុងភូមិព្រែកខាងត្បូង ឃុំលាច ស្រុកលាច តំបន់៦ ភូមិភាគពាយ័ព្យ។ ហែម ហ៊ន បានចែករំលែកការងារជានីរសារនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖
ប្រវត្តិក្រុមគ្រួសារ
ហែម ហ៊ន[1] ភេទប្រុស អាយុ៧១ឆ្នាំ ជាជនជាតិដើមភាគតិចព័រ និងមានស្រុកកំណើតនៅក្នុងភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន ហ៊ន រស់នៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ឪពុករបស់ ហ៊ន មានឈ្មោះ ហ៊ូ ហែម អតីតទាហានបារាំង និងបានស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ១៩៦៤។ ម្ដាយ ហ៊ន មានឈ្មោះ ញឹក សាត់ ស្លាប់ក្នុងឆ្នាំ១៩៧៦ ដោយសារជំងឺ និងអត់អាហារ។ ហ៊ន មានបងប្អូនបង្កើតចំនួន៤នាក់ (ស្រី៣) ស្លាប់ទាំងអស់នៅសល់តែ ហ៊ន ម្នាក់។ ហ៊ន ជាកូនទី៣នៅក្នុងគ្រួសារ។ ហ៊ន មានប្រពន្ធទី១ឈ្មោះ ហ៊ួយ សារ៉ាន់(ស្លាប់ដោយសារជំងឺនៅឆ្នាំ២០០២) និងប្រពន្ធទី២ឈ្មោះ ថៃ និន មានអាយុ៥៤ឆ្នាំ។ ហ៊ន មានកូនសរុបចំនួន៩នាក់ (ស្រី៦នាក់)។
ប្រវត្តិសង្ខេបភូមិទួលគ្រួស និងឃុំស្រែតាំងយ៉
នៅក្នុងរបបសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០) ភូមិទួលគ្រួស គឺជាភូមិមួយក្នុងចំណោមភូមិទាំង៨ (ទី១- ភូមិស្នែងប្រើស ទី២- ភូមិច្រកព្រាល ទី៣- ភូមិទួលគ្រួស ទី៤- ភូមិកំពង់ឡី ទី៥- ភូមិស្រែពាំង ទី៦- ភូមិអន្លង់ក្រូច ទី៧- ភូមិមាត់ព្រះ និងទី៨- ភូមិពាមព្រូស) នៃឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ឃុំស្រែតាំងយ៉ គឺជាទីកន្លែងដែលជនជាតិដើមភាគភាគតិចព័ររស់នៅធ្វើចម្ការ អាស្រ័យអនុផលព្រៃឈើ បេះផ្លែក្រវ៉ាញ និងបរបាញ់សត្វដើម្បីចញ្ចឹមជីវិតទាំងពីយូរលង់មកហើយ។ ឃុំស្រែតាំងយ៉ គឺមានសុទ្ធតែប្រជាជនជនជាតិដើមភាគតិចព័ររស់នៅ។ បើតាមការប៉ាន់ប្រមាណរបស់ ហ៊ន គឺឃុំស្រែតាំងយ៉ មានប្រជាជនដែលជាជនជាតិដើមភាគតិចព័រប្រមាណ៧០០គ្រួសារ និងចំនួនប្រជាជនសរុបចន្លោះពី៣០០០ ដល់៣៥០០នាក់។ ចំណែកភូមិទួលគ្រួសមានប្រជាជនដែលជាជនជាតិភាគតិចព័រប្រមាណ៥០គ្រួសារ និងមានប្រជាជនសរុបចន្លោះពី១៥០ ទៅ២០០ នាក់។
បន្ទាប់សង្រ្គាមស៊ីវិលឆ្នាំ១៩៧០ ខ្មែរក្រហមបានប្តូរឈ្មោះឃុំស្រែតាំងយ៉ ទៅជាឃុំគិរីមានជ័យ និង ឃុំពាមព្រូស នៃស្រុកពាមព្រូស តំបន់៦ ភូមិភាគពាយ័ព្យ។ នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលជាជនជាតិដើមភាគតិចព័រទាំងអស់ចេញពីស្រុកពាមព្រូសទៅរស់នៅស្រុកលាចជំនួសវិញ។ ចំណែកស្រុកពាមព្រូស និងស្រុកផ្សេងៗនៃតំបន់៦ ត្រូវបានរំសាយចោលទាំងស្រុង។ បន្ទាប់ពីខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ឃុំស្រែតាំងយ៉បានក្លាយជាសមរភូមិក្តៅប្រយុទ្ធគ្នារវាងភាគីខ្មែរក្រហម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលសហការណ៍ជាកងទ័ពស្ម័គ្រចិត្តវៀតណាម។ បន្ទាប់ពីកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានសន្តិភាពពេញលេញនៅក្នុងខែឆ្នូ ឆ្នាំ១៩៩៨ ឃុំស្រែតាំងយ៉ និងភូមិទួលគ្រួសបានក្លាយជាចំណុចទួលគ្រួស និងចំណុចស្រែតាំងយ៉ នៃភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់បច្ចុប្បន្ននេះ។
ទាហាននៃរបបសង្គមរាស្ត្រនិយមប្រចាំនៅក្នុងឃុំស្រែតាំងយ៉
បន្ទាប់ពីទទួលឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ១៩៥៣ សម្តេចព្រះ នរោត្តម សីហនុ បានបញ្ជូនទាហានមួយកងវរសេនាតូច ដែលមានទាហានប្រមាណ៧០០នាក់ មកឈរជើងប្រចាំការ ការពារព្រំដែនកម្ពុជា – ថៃ ស្ថិតនៅក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ មេបញ្ជាការកងវរសេនាតូចកាលនោះមានឈ្មោះ អ៊ូត សំអ៊ុល ពាក់សក្កិ៤កន្លះ។ ទាហានក្នុងកងវរសេនាតូចទាំងអស់នៅត្រូវបានដាក់ពង្រាយតាមទីតាំងមួយចំនួនដូចជា៖ ទីបញ្ជាការកងវរសសេនាតូចស្ថិតនៅក្នុងភូមិទួលគ្រួស និងភូមិច្រកព្រាល ទាហានមួយកងអនុសេនាធំត្រូវបានដាក់ឲ្យឈរជើងនៅភូមិក្រាំងម្កាក់ (វាលវែង អូសោម) ទាហានមួយកងអនុសេនាធំប្រចាំការនៅភូមិពាមព្រូស និងភូមិអន្លង់ក្រូច។ ចំណែកមួយកងអនុសេនាធំទៀតបោះទីតាំងឈរជើងនៅភូមិក្រសាំងភ្នៅ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទាហានទាំងអស់ក្នុងកងវរសេនាតូចនេះត្រូវបានដកត្រឡប់មកទីរួមខេត្តពោធិ៍សាត់វិញ។
ជីវិតកុមារភាព
កាលពីកុមារភាព ហែម ហ៊ន រស់នៅក្នុងភូមិទួលគ្រួស និងបានចូលរៀននៅសាលាបឋមសិក្សាភូមិទួលគ្រួសក្នុងឆ្នាំ១៩៦៤។ នៅខណៈពេល ហែម ហ៊ន និងកូនចៅអ្នកភូមិទួលគ្រួសរៀនសូត្រនៅសាលាបឋមសិក្សាភូមិទួលគ្រួស ក៏មានកូនចៅទាហានដែលឈរជើងប្រចាំការនៅឃុំស្រែតាំងយ៉ចូលរៀនជាមួយកូនអ្នកភូមិដែរ។ នៅឆ្នាំ១៩៦៩ ហែម ហ៊ន រៀនថ្នាក់ទី៧ (សង្គមចាស់) និងបានសម្រេចចិត្តឈប់រៀន ពីព្រោះត្រូវផ្លាស់ទៅរៀនបន្តនៅកន្លែងផ្សេងទៀត។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៧០ ហែម ហ៊ន បានចូលបួសក្នុងវត្តកែវជុំ ស្ថិតក្នុងភូមិទួលគ្រួសរយៈពេល៤វស្សា។ នៅពេលនោះ ព្រះចៅអធិការវត្តកែវជុំមានព្រះនាម សាត គិ។ នៅចុងឆ្នាំ១៩៧៣ ហែម ហ៊ន បានលាចាកសិក្ខាបទ និងស័្មគ្រចិត្តចូលរួមចលនាខ្មែរក្រហម។
ចលនាខ្មែរក្រហមបានចូលមកក្នុងភូមិទួលគ្រួស និងឃុំស្រែតាំងយ៉
បន្ទាប់ពីឧត្តមសេនីយ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ទាហានទាំងអស់ត្រូវបានដកចេញពីភូមិទួលគ្រួស និងឃុំស្រែតាំងយ៉ទៅឈរជើងនៅទីរួមខេត្តពោធិ៍សាត់ វិញ។ នៅឆ្នាំ១៩៧១ កម្មាភិបាល និងកងទ័ពខ្មែរក្រហមជាច្រើននាក់បានចូលមកក្នុងភូមិទួលគ្រួស។ នៅខណៈពេលនោះខ្មែរក្រហមបានរៀបចំរចនាសម្ព័ន្ធភូមិឃុំសាជាថ្មី ភូមិទួលគ្រួស ស្ថិតនៅក្នុងឃុំពាមព្រូស ស្រុកពាមព្រូស តំបន់៦។ ប្រធានតំបន់៦ របស់ខ្មែរក្រហមដំបូងមានឈ្មោះ តា ទូច ។ ពេលនោះតំបន់៦ មានស្រុកចំនួន៣ ជាចំណុះ គឺស្រុកពាមព្រួស ស្រុកលាច និងស្រុកគរនម។ គណៈស្រុកពាមព្រួសមានឈ្មោះ តាកើន មកពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជនជាតិខ្មែរ។ ស្រុកពាមព្រួស មានឃុំគិរីមានជ័យ និងឃុំពាមព្រួស។ មេឃុំពាមព្រួស មានឈ្មោះ សយ ផែន ជាជនជាតិដើមភាគតិចព័រ បន្ទាប់មកគណឃុំពាមព្រូសមានឈ្មោះ ហង្ស ជាជនជាតិដើមភាគតិចព័រ ត្រូវជាបងជីដូនមួយរបស់ ហែម ហ៊ន ។ រីឯគណៈស្រុកលាច មានឈ្មោះ តាថោង ។ ស្រុកលាចមាន ឃុំរវៀង ចំណែកគណៈស្រុកគរនមមានឈ្មោះ តាបិន។ គណៈតំបន់៦ បន្ទាប់ពី តាទូច មានឈ្មោះ តា ផូ។ ទីតាំងតំបន់៦ នៅអំឡុងពេល តាទូច និង តាផូ គ្រប់គ្រងស្ថិតក្នុងភូមិរវៀង ឃុំលាច ស្រុកភ្នំក្រវ៉ាញ។
នៅអំឡុងឆ្នាំ១៩៧១ ដល់ចុងឆ្នាំ១៩៧២ ខ្មែរក្រហមបានចាប់ផ្ដើមរៀបចំចាត់ចែងឲ្យប្រជាជនជនជាតិដើមភាគតិចព័រជាក្រុមធ្វើស្រែប្រវាស់ដៃកម្រិតទាប ដោយឲ្យប្រជាជនយកវេរគ្នា គឺជួយធ្វើស្រែចម្ការបង្កបង្កើនផលស្រូវទៅវិញទៅមក ប៉ុន្តែប្រមូលផលស្រូវ និងហូបបាយនៅតាមផ្ទះរៀងៗខ្លួន។ អំឡុងពេលជាមួយគ្នាក៏មានយន្តហោះសហរដ្ឋអាមេរិកបើកមកក្រវែលលើភូមិទួលគ្រួស លាន់ឮពេញភូមិជាញឹកញាប់ ហើយប្រជាជនបាននាំគ្នាជីកត្រង់សេនៅតាមព្រៃសម្រាប់លាក់ខ្លួន។
ឆ្នាំ១៩៧៣ឈ្មោះ តាយ៉ន បានឡើងធ្វើប្រធានតំបន់៦ ជំនួស តាផូ។ តាយ៉ន ជាជនជាតិលាវមកពីស្រុកសំឡូត ខេត្តបាត់ដំបង។ នៅពេលនោះមន្ទីរតំបន់៦ បានផ្លាស់ពីភូមិរវៀងមកស្ថិតនៅក្នុងព្រៃនៃភូមិព្រែកខាងត្បូង ឃុំលាច ស្រុកលាច តំបន់៦ ភូមិភាគពាយ័ព្យវិញ។
ការចូលរួមជាមួយចលនាខ្មែរក្រហម
បន្ទាប់ពីផ្សឹកបានប្រហែលពីរសប្ដាហ៍ ហែម ហ៊ន បានស័្មគ្រចិត្តចូលធ្វើជានីរសារ និងកងការពារ តាយ៉ន នៅតំបន់៦នៅក្នុងភូមិព្រែកខាងត្បូង(បច្ចប្បន្នភូមិព្រែក២) ស្រុកភ្នំក្រវ៉ាញ។ ពេលនោះនីរសារ និងកងការពារ តាយ៉ន មានចំនួន៦នាក់រួមមាន៖ ឈ្មោះ វឺត , លិប, ហឿន ជនជាតិជង (អ្នកផ្សេងទៀតភ្លេចឈ្មោះ) និង ហ៊ន។ ការងារជានីរសារ និងកងការពារ គឺដាំបាយ ដាំទឹកតែ យាមល្បាត និងអមដំណើរ តាយ៉ន ទៅត្រួតមើលកងទ័ពខ្មែរក្រហមប្រហែល៥០ដែលប្រចាំការនៅភូមិទួលម្កាក់ និងអូរសោម (តំបន់វាលវែង) ព្រោះថៃមានបំណងចង់ចូលមកតំបន់វាលវែង។ នៅចន្លោះឆ្នាំ១៩៧៣ ដល់ដើមឆ្នាំ១៩៧៥ រៀងរាល់៦ខែម្ដង ហែម ហ៊ន និងនីរសារទាំងអស់បានធ្វើដំណើរថ្មើរជើងទៅជាមួយ តាយ៉ន ដើម្បីទៅប្រជុំជាមួយគណៈភូមិភាគពាយ័ព្យ ដែលមានប្រធានភូមិភាគពាយ័ព្យឈ្មោះ តាកៅ(រស់ ញឹម) និងអនុភូមិភាគពាយ័ព្យឈ្មោះ តាប៉ែត (ហេង ទាវ) នៅក្រសាំងព្នៅ ចន្លោះខ្នងភ្នំទាត់សី និងភ្នំក្រពើពីរ។ ក្នុងពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាយ៉ន តែងតែជិះដំរី។ ចំណែក ហែម ហ៊ន និងកងការពារផ្សេងៗទៀត គឺធ្វើដំណើរដោយថ្មើរជើង។ ពេលនោះ ហែម ហ៊ន និងកងការពារមានកាំភ្លើងអ៊ឹមសី និងកាំភ្លើងអាកាស្វាយបទ។
ការផ្លាស់ប្តូរការងារ និងការរៀបការក្នុងរបបខ្មែរក្រហម
បន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានដក តាយ៉ន ចេញពីតំបន់៦ ឲ្យទៅកាន់អង្គភាពកងទ័ពភូមិភាគពាយ័ព្យនៅខាងប៉ៃលិនវិញ។ នៅពេលនោះនីរសារ និងកងការពារទាំងអស់ត្រូវបញ្ជូនទៅនៅក្នុងអង្គភាពយោធានៅប៉ៃលិនទាំងអស់ ប៉ុន្តែ ហែម ហ៊ន បានសុំអនុញ្ញាតពី តាយ៉ន ប្ដូរទៅធ្វើការងារក្នុងរោងចក្រជួសជុលឡានភូមិភាគពាយ័ព្យនៅពោធិ៍សាត់ជំនួសវិញ។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ហែម ហ៊ន នៅធ្វើជាងកូនជ្រូកម៉ាស៊ីន និងជួសជុលរថយន្តក្នុងរោងចក្រ ដែលមានមេជាងជាកម្មករចាស់ឈ្មោះ តាអាង គ្រូបង្រៀនផ្នែកជួសជុលរថយន្ត។ ប្រធានរោងចក្រជួសជុលរថយន្តភូមិភាគពាយ័ព្យនៅពោធិ៍សាត់មានឈ្មោះ តាសាម។ នៅគ្រាដំបូងក្នុងរោងចក្រមានយុវជនប្រហែល៤០០នាក់ បានរៀនជួសផុល និងបើកបររថយន្ត។ បន្ទាប់ពីបានរៀនជួសផុល និងបើកបរចេះស្ទាត់ យុវជនទាំងនោះបានវិញត្រឡប់ទៅអង្គភាពដើមរៀងៗខ្លួនវិញ។ លុះក្រោយមករោងចក្រជួសជុលរថយន្តភូមិភាគពាយ័ព្យនៅពោធិ៍សាត់នៅសល់យុវជនប្រមាណតែ៧០នាក់ប៉ុណ្ណោះ។
នៅពេលនោះគណៈភូមិភាគពាយ័ព្យរួមមាន៖ រស់ ញឹម តាកន ហៅ តាកឺ និងប្រធានយុវជនឈ្មោះ តា អាត។ នៅឆ្នាំ១៩៧៧ តាសាម ដែលជាប្រធានរោងចក្រជួសជុលរថយន្តត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល។ បន្ទាប់មកឈ្មោះ ភឿន បានមកគ្រប់គ្រងនៅរោងចក្រជួសជុលរថយន្តជំនួស តាសាម។ ភឿន គឺជាអតីតនីរសាររបស់ តាកន ហៅ តា កឺ។
នៅចុងឆ្នាំ១៩៧៧ ហែម ហ៊ន ត្រូវបានខ្មែរក្រហមរៀបចំឲ្យមានគ្រួសារ។ ប្រពន្ធរបស់ ហែម ហ៊ន មានឈ្មោះ ហ៊ួយ សារ៉ាន់ គឺកម្មករនៅរោងចក្រកាត់ដេរនៅក្រុងពោធិ៍សាត់ដែរ។ នៅក្នុងឆ្នាំ១៩៧៨ ប្រពន្ធរបស់ ហែម ហ៊ន ត្រូវខ្មែរក្រហមបញ្ជូនមកធ្វើស្រែនៅសហករណ៍តាគារក្នុងក្រុងពោធិ៍សាត់ដែរ។ អំឡុងពេលជាមួយគ្នា ហែម ហ៊ន ធ្លាប់បានទៅចូលរួមប្រជុំជាមួយ តាកន ហៅ តាកឺ នៅទីរួមខេត្តពោធិ៍សាត់។ តាកន ហៅ តាកឺ បាននិយាយផ្ដាំថា «យើងបន្តិចទៀត ត្រូវធ្វើសង្គមនិយមម្ដងទៀត គឺបោសសម្អាតខ្មាំងចេញទាំងអស់» និងបានបន្តថា «ឡាវ និងវៀតណាសុទ្ធតែស៊ីកន្ទក់ទេបងប្អូនកុំជឿ វៀតណាមស៊ីកន្ទក់ ដុះកន្ទុយ» ។ ក្រោយពីបាត់ខ្លួន តាកន ហៅ តាកឺ មានឈ្មោះ តាសារុន មកគ្រប់គ្រងតំបន់ពោធិ៍សាត់ និងរោងចក្រជួសជុលរថយន្តជំនួសវិញ។ តាសារុន គឺជាកម្មាភិបាលខ្មែរក្រហមដែលបានផ្លាស់មកពីតំបន់៣១ (ខេត្តកំពង់ឆ្នាំង) ភូមិភាគបស្ចិម មកគ្រប់គ្រងនៅតំបន់ពោធិ៍សាត់នៅចុងឆ្នាំ១៩៧៧។
បន្ទាប់ពី តាសារុន មកដឹកនាំនៅពោធិ៍សាត់ ក្នុងរោងចក្រជួសជុលរថយន្តមានការរឹតបន្តឹង និងបានប្រជុំប្រាប់ថា «សូមបងប្អូនប្រយ័ត្នកង់ប្រវត្តិសាស្រ្តវិល គឺមិនត្រឡប់ក្រោយវិញទេ» ។ បន្ទាប់មក ហែម ហ៊ន បានបើកឡានទៅដឹកត្រីនៅទន្លេសាប ម្តុំឫស្សី១០០គុម្ពក្នុងស្រុកកណ្ដៀង យកដាក់ក្នុងរោងចក្រជួសជុលរថយន្តខេត្តពោធិ៍សាត់ និងដឹកបន្តចេញទៅចែកតាមសហករណ៍ថែមទៀត។ ចុងក្រោយ ហែម ហ៊ន បានប្ដូរមកបើកឡានដឹកអំបិលដាក់តាមសហករណ៍វិញ។
ការរត់ភៀសខ្លួនចេញអង្គភាព
នៅខែមិថុនា ឆ្នាំ១៩៧៨ ហ៊ន បាននាំប្រពន្ធរត់ចេញពីអង្គភាពរោងចក្រជួសជុលរថយន្តនៅ នៅពោធិ៍សាត់ទៅរស់នៅភូមិប្រហាល( បច្ចុប្បន្នស្រុកតាលោសែនជ័យ) ខេត្តពោធិ៍សាត់ រយៈពេល៦ខែ។ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលដល់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហែម ហ៊ន និងភរិយាបានរត់ចេញពីភូមិប្រហាលទៅរស់នៅស្រុកកំណើតខាងប្រពន្ធនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់វិញ។ បន្ទាប់មក ហែម ហ៊ន និងប្រពន្ធ បានចេញពីឃុំរាំងទិល ត្រឡប់មករស់នៅឃុំតាលោ និងឃុំផ្ទះរ៉ុងវិញ។ ហែម ហ៊ន បានបន្តនាំប្រពន្ធទៅរស់នៅភូមិបាក់មែក ឃុំថ្នាលទទឹង ស្រុកបាកាន។ នៅទីនោះ ហែម ហ៊ន បានចូលធ្វើប្រធានកងឈ្លបឃុំថ្នាលទទឹង។
ការចូលម្រើកងទ័ព និងមន្រ្តីរដ្ឋការក្នុងរបបសាធារណប្រជាមានិតកម្ពុជាក្រោយឆ្នាំ១៩៧៩
ឆ្នាំ១៩៨០ ហែម ហ៊ន បានចេញពីកងឈ្លបឃុំថ្នាលទទឹង មកចូលបម្រើកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ។ ហែម ហ៊ន ស្ថិតនៅក្នុងកងវរសេនាតូចលេខ៣៧ ប្រចាំខេត្តពោធិ៍សាត់។ ប្រធានកងវរសេនាតូចលេខ៣៧មានឈ្មោះ គង់ ប៊ុនធឿន និងអនុប្រធានឈ្មោះ ខៀវ ឆេន។ នៅឆ្នាំ១៩៨២ ហែម ហ៊ន បានសម្រេចឈប់ធ្វើកងទ័ព និងត្រឡប់ផ្ទះរស់នៅជាមួយប្រពន្ធ និងកូននៅភូមិបាក់មែកវិញ។ ក្រោយមក ហែម ហ៊ន បាននាំប្រពន្ធកូនត្រឡប់មករកបងប្អូននៅស្រុកភ្នំក្រវ៉ាញ និងបានជួបបងជីដូនមួយឈ្មោះ ហាក់ ហង្ស ធ្វើការនៅសាលាឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ។ នៅឆ្នាំ១៩៨៤ ហែម ហ៊ន បានចូលធ្វើនគរបាលនៅភូមិព្រែក១ រយៈពេល៣ខែក្រោយមក ហែម ហ៊ន បានប្ដូរទៅធ្វើអនុប្រធាននគរបាលឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់រហូតដល់ឆ្នាំ១៩៩០។
នៅឆ្នាំ២០០០ ហែម ហ៊ន បានត្រឡប់មករស់ចំណុច ទួលគ្រួស ទួលកកោះបានរយៈពេលមួយឆ្នាំ ក៏ត្រូវត្រឡប់ទៅរស់នៅភូមិភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញវិញ។
នៅឆ្នាំ២០០២ ហែម ហ៊ន បានឈរឈ្មោះធ្វើសមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកភ្នំក្រវ៉ាញរហូតមកដល់បច្ចុប្បន្ន។
អត្ថបទដោយ ឡុង ដានី
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជួបសម្ភាសន៍ជាមួយ ហែម ហ៊ន អាយុ៧១ឆ្នាំ ជនជាតិដើមភាគតិចព័រ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។