អង្គការកំណត់ឲ្យរែកទឹកមួយថ្ងៃយ៉ាងតិច៥០អំរែក

(ខេត្តស្វាយរៀង) ហែម អឿន មានអាយុ ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អឿន មានស្រុកកំណើតនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អឿន មានបងប្អូនចំនួន៩នាក់ ហើយក្នុងរបបខ្មែរក្រហមបងបងប្អូន២នាក់ ជាអតីតទាហានរបប លន់ នល់ បានបាត់ខ្លួន។
ក្នុងរបបខ្មែរក្រហម អឿន ត្រូវបានចាត់តាំងឲ្យទៅកាប់ឈើនៅក្នុងព្រៃជាមួយយុវជន៤នាក់។ អង្គការបានផ្តល់ឲ្យរបបអង្ករ៤កំប៉ុង និងអំបិលមួយចំនួន សម្រាប់រយៈពេល៥ថ្ងៃ។ អឿន ត្រូវសម្រាកនៅក្នុងព្រៃដោយគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ ហើយសម្លៀកបំពាក់អង្គការផ្តល់ឲ្យ១សម្រាប់ក្នុងរយៈពេល១ឆ្នាំ។ នៅរដូវវស្សា អឿន ត្រូវត្រលប់មកក្នុងភូមិវិញដើម្បីភ្ជួររាស់ដីស្រែ។ អឿន ស្ថិតនៅក្នុងក្រុមភ្ជួរ៣នាក់ ដែលត្រូវភ្ជួរដីស្រែទំហំ១ហិកតាក្នុងមួយថ្ងៃតាមអង្គការកំណត់។
នៅកន្លែងអឿនធ្វើការគាត់ឃើញក្មេងៗត្រូវមើលគោក្របី និងធ្វើជីសម្រាប់ដាក់ស្រែ។ នៅរដូវប្រាំង អឿន ត្រូវទៅរកឈើសាជាថ្មីដើម្បីសង់ផ្ទះឲ្យប្រជាជនថ្មីជម្លៀសពីតំបន់ផ្សេងមករស់នៅក្នុងភូមិ។ ទោះបីជាត្រូវធ្វើការងារច្រើនទាំងរដូវវស្សា និងប្រាំងក៏ដោយក៏របបអាហារដែលទទួលបានមានការខ្វះខាត។ បបរដែលអង្គការចែកឲ្យប្រជាជនគឺសុទ្ធតែវាល់ចំនួនពីរវែកក្នុងមួយពេល ហើយថ្ងៃខ្លះបបរត្រូវថ្លឹងក៏មានដែរ។ ដោយសារតែរបបអាហារមានការខ្វះខាតប្រជាជនតែងតែលួចដំណាំផ្សេងៗដូចជា ពោត ឬដំឡូង របស់អង្គការហូបពេលដែលកងឈ្លបឃើញ ប្រជាជនខ្លះត្រូវធ្វើទារុណកម្ម និងខ្លះទៀតនាំទៅរៀនសូត្របាត់ៗពីភូមិ។ ចំណែក អឿន មិនហ៊ានលួចអាហាររបស់អង្គការហូបទេព្រោះខ្លាចមានទោស។ ដោយសារហូបអាហារមិនគ្រប់គ្រាន់ កម្លាំងខ្សោយ អឿន ធ្លាប់ធ្លាក់ខ្លួនឈឺជាញឹកញាប់ និងទទួលការព្យាបាលជំងឺដោយប្រើប្រាស់ថ្នាំបុរាណដូចជាសម្បក និងឫសឈើ។ នៅក្នុងរបបខ្មែរក្រហម អឿន ក៏ធ្លាប់ត្រូវអង្គការជម្លៀសឲ្យទៅធ្វើការនៅតំបន់ឆ្ងាយពីភូមិកំណើតគឺនៅតំបន់មាត់ព្រែក។ នៅមាត់ព្រែកអង្គការបានដំាដំណាំថ្នាំជក់ការងារប្រចាំថ្ងៃរបស់អឿន នៅទីនោះគឺរែកទឹកមួយថ្ងៃចំនួន៥០ ទៅ៦០ អម្រែក ពីព្រែកឆ្ងាយៗមកស្រោចថ្នាំជក់។
ក្រោយពីរបបខ្មែរក្រហមដួលរលំ អឿន បានត្រលប់មករស់នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង រហូតដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង


