ហែម ពុធ៖ យើងរស់មួយថ្ងៃគិតមួយថ្ងៃ នៅក្នុងជំនាន់ខ្មែរក្រហម

កងទ័ពបដិវត្តន៍បានជម្លៀសប្រជាជនពេញពីផ្ទះសម្បែងបន្ទាប់ពីឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ហែម ពុធ[1] ភេទប្រុស អាយុ​៧៨ឆ្នាំ មានទី​កន្លែង​កំណើត​នៅ​ភូមិ​តាដេវ ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​ ខេត្ដឧត្ដរមានជ័យ។ បច្ចុប្បន្ន​​ ពុធ​ រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរ​មានជ័យ។​

ហែម ពុធ និយាយ​ថា៖ «​នៅ​ក្នុងរបប​ខ្មែរក្រហម​ចន្លោះពី​​ឆ្នាំ​១៩៧៥-​១៩៧៩​ ខ្ញុំ​បាន​រស់នៅ​ភូមិ​កំណើត​ជាមួយ​​សហករណ៍​។ ស្ថាន​ភាព​រស់នៅ​ពេលនោះ គឺវេទនា​​ណាស់ របប​អាហារបបរ​​​ក្នុង​ម្នាក់​មួយ​​ចាន​​ចង្កឹះ។​ យើង​​ធ្វើ​ការ​ងារ​គ្មាន​ពេ​លសម្រាក​ទេ។​ គ្មាន​នរណា​ម្នាក់​ហ៊ាន​ពោល​ថា​ហូប​មិន​ឆ្អែត​នោះទេ។ បើមិនដូច​នោះទេ​ ខ្មែរក្រហម​នឹង​ចោទ​ថា​ខ្មាំង​ហើយ​​យក​ទៅសម្លាប់​ចោល​។​ យើង​រស់​នៅ​ដោយ​ការ​ភ័យ​​ខ្លាចហើយ​រស់​មួ​យ​ថ្ងៃ​គិត​​មួយ​ថ្ងៃ។​ នៅ​ពេល​ខ្មែរក្រហម​ចូលម​ក​ដល់​​ជីវិត​ក្នុង​ភូមិ​របស់​យើង​មានការ​ផ្លាស់​ប្ដូរ​​ទាំង​របប​អាហារ ការ​រស់នៅ​ និង​ធ្វើ​ការងារ​។​ យើង​ត្រូ​វរស់នៅ​រួម​ក្នុង​សហករណ៍។​ តាដេវ​ គឺជាភូមិ​នៅក្នុង​ឃុំ​ត្រពាំង​តាវ ដែលដើម​ឡើយ​មានប្រជាជន​ប្រមាណ​២៥​គ្រួសារ​ក្នុងសម័យ​សង្គម​រាស្រ្ដ​និយម​។​ របៀប​របប​រស់នៅ​ក្នុង​ភូមិ​នេះ​នាសម័យ​ខ្មែរក្រហម​ គឺអ្នកភូមិ​រស់នៅក្នុង​រង្វង់​នៃបរិវេណ​ភូមិ​​របស់​ខ្លួន។​

រហូត​ដល់​ឆ្នាំ​១៩៧៧​ ខ្មែរក្រហម​បាន​​ជម្លៀស​ប្រជាជន​នៅ​ភូមិ​តាវ​ទៅកាន់​​ស្រុក​ក្រឡាញ់​​ ខេត្ដ​សៀមរាប​។ នៅ​ទី​នោះ​ យើង​មាន​ការ​លំបាក​វេទនា​ ដោយសារ​​តែ​ការ​បែក​ពី​ក្រុម​គ្រួសារ។​ ខ្មែរក្រហម​បាន​ឲ្យ​យើង​រស់នៅ​​ ​រោង​ឈើ​​ក្នុងការដ្ឋាន​ការងារ​។ បន្ទាប់​មក នៅពេល​ខ្មែរក្រហម​រៀប​ចំ​ផ្ទះ​ឲ្យ​ប្រជាជន​រស់នៅ​រួច​រាល់ យើងបាន​ទៅ​រស់នៅ​តាម​ផ្ទះ​នីមួយៗ​។​ ​ជីវិត​ប្រចាំ​ថ្ងៃរបស់យើងមានការលំបាក ជាពិសេស​​អារម្មណ៍​របស់យើងមានការ​តូច​ចិត្ដ និងគិតច្រើន​អំពីជីវិតអា​ច​រស់ឬអាចស្លាប់​។​​ ខ្មែរក្រហម​បាន​ប្រើ​បំបាក់​ស្មារតី និងកម្លាំង​របស់​យើង។ ប្រសិន​បើ​ខ្មែរក្រហម​ត្រូវការ​ប្រើប្រាស់យើង​ទាំងយប់ នោះយើ​ង​នឹង​ត្រូវ​ទៅទាំង​យប់។ យើង​មិនមានសិទ្ធិ​ប្រកែក​តវ៉ា​បាន​ឡើ​យ​។​ ជួន​កាល​យើងស្ទូង​​ស្រូវ​ពេលយប់​ក៏មានដែរ។​

ក្រោយ​មក​ ​កង​ទ័ព​រណសិរ្ស​សាមគ្គី​   ​សង្គ្រោះ​ជាតិ​កម្ពុជា ​សហការ​ជា​មួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម ​បាន​វាយ​រំដោះ​ប្រទេស​កម្ពុជា​ពី​ទិស​ខាង​កើត​ និង​សង្គ្រោះ​ប្រជាជន​បាន​ជា​បន្ត​បន្ទាប់។ ​នៅ​ថ្ងៃ​ទី៧​ ខែមករា​ ឆ្នាំ១៩៧៩​ កង​ទ័ព​បាន​វាយ​រំដោះ​ទី​ក្រុង​ភ្នំពេញ​ ហើយ​ថ្ងៃ​នេះ​បាន​ក្លាយ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​រំដោះ​ជាតិ។ ​រណសិរ្ស​នេះ​ បាន​បង្កើត​របប​ថ្មី​ឈ្មោះ​ថា​ «សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា»[2]​។ នៅពេលនោះ ប្រជាជន​នៅ​ស្រុក​ក្រឡាញ់​ ត្រូវបាន​ជម្លៀស​ត្រឡប់មក​វិញ ហើយ​រស់នៅ​តាម​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​។ ចំណែក​ឯ​ខ្ញុំ​​ ត្រូវ​បានកងទ័ពរដ្ឋា​ភិបាល​ជម្លៀស​ទៅ​កាន់​​​ខេត្ដព្រះ​វិហារ​។ ​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅពេលនោះ គឺ​បង្ក​បង្កើ​ន​ផល​ស្រូវហូប​ដោយ​ខ្លួនឯង​។ ខ្ញុំ​បាន​វិល​ត្រឡប់​មកកាន់​ផ្ទះ​សម្បែង​របស់ខ្លួន​នៅ​តំបន់អន្លង់វែង​វិញ​​ក្រោយ​ការ​បោះ​ឆ្នោត​​ឆ្នាំ​១៩៩៣​។

តែ​ទោះជា​យ៉ាង​ណា​ ដីធ្លី​​របស់​ខ្ញុំ ត្រូវ​អ្នកផ្សេង​ទៀត​ចាប់​យក​អស់​ទៅ​ហើយ​។ ខ្ញុំក៏​សម្រេច​ចិត្ដ​មក​រស់នៅ​ក្នុង​ភូមិ​អូរ​តាមែង ជាប់​នឹង​ព្រៃ​ស្អាកព្រំ​ប្រទល់​រវាង ​ខេត្ដ​សៀម​ និង​ខេត្ដ​ឧត្ដរមានជ័យ​។ ដើមឡើយ​ទីនេះ​គឺជា​កន្លែង​អារ​ឈើរបស់​ខ្មែរក្រហម​។ ដោយសារ​សម្បូរ​ព្រៃ​ក្រាស់ ខ្ញុំ​បានរស់នៅ​ដោ​យ​ពឹង​ផ្អែក​ទៅលើ​ការ​ដួស​ជ័រ​ទឹក​លក់​។ ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់យើង​មាន​ការលំបាក​ដោយសារ​កង្វះ​ទឹក​ប្រើប្រាស់​ ស្បៀង​អាហារ​ និង​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​។​ អូរធម្មជាតិ​ទាំងឡាយ​ត្រូ​វ​បាន​រីង​ស្ងួត​នៅ​រដូវ​ប្រាំង​។​ រាល់​ពេល​មកកាន់​ទីនេះ យើង​តែ​យក​ទឹក​ប្រើប្រាស់​ពី​ប្រជុំស្រុក​អន្លង់វែង​ ជួន​កាល​​យើង​​កាត់​វល្លិ​​ព្រៃ​ដើម្បីដាំ​ទឹកផឹក​។​ ទម្រាំ​​មកដល់​សព្វថ្ងៃ​នេះ យើង​បាន​ឆ្លងកាត់​​ការ​លំបាក​ជា​ច្រើន ទម្រាំ​មានផ្លូវ​ថ្នល់ ផ្សារផ្សោ និងការអភិវឌ្ឍន៍​។ ​

យុវជន​បច្ចុប្បន្ននេះ​ទទួល​បានការអប់រំ​ខ្ពង់​ខ្ពស់ប៉ុន្ដែសម្រាប់ខ្ញុំ​ប្រវត្ដិសាស្រ្ដ​នៅតែ​មានការ​អប់រំ និងការនិយាយ​ពីមាត់មួយទៅមាត់មួយ​ ទាំងមនុស្សចាស់ និង​ក្មេងៗ»៕

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ សម្ភាសន៍​ជាមួយ​ ហែម ពុធ ក្នុង​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ​ នៅខែកញ្ញា ឆ្នាំ​២០២៣។

[2] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥

ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin