ខ្មែរក្រហមជម្លៀសមនុស្សទៅភូមិជនជាតិ

ហិន សាវីន រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ហិន សាវីន មានអាយុ ៥១ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

គាត់មានវ័យក្មេងនៅសម័យនោះ ប៉ុន្តែគាត់បានដឹងតាមរយៈម្ដាយរបស់គាត់ប្រាប់ថា ប្រជាជននៅក្នុងភូមិមួយចំនួន និងម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យ​ទៅ​​​​រស់នៅក្នុងភូមិ ដែលសម្បូរទៅដោយជនជាតិដើមភាគតិចមួយដែលម្ដាយរបស់គាត់មិនចាំឈ្មោះភូមិនោះទេ។

នៅសម័យខ្មែរក្រហម គាត់រស់នៅជាមួយម្តាយ​ដោយ​​សារគាត់មានអាយុតិចនៅឡើយ។ កាលនោះម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មហួសកម្លាំងដូចជាលើកទំនប់ ជីកប្រឡាយ ច្រូតស្រូវ និងស្ទូងស្រូវនៅតាមសហករណ៍។ ម្តាយរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។

ទិន្នផលស្រូវដែលប្រមូលបានត្រូវខ្មែរក្រហមដឹកយកទៅទុកក្នុងឃ្លាំងដោយមិនចែកឲ្យប្រជាជនបានហូបគ្រប់គ្រាន់នោះទេ។ របបអាហារនៅសម័យនោះមានតែបាយលាយជាមួយដំឡូង ស្លឹកដំឡូងនិងគល់ចេកប៉ុណ្ណោះ។

ម្តាយរបស់គាត់បានប្រាប់គាត់ឲ្យដឹងថា នៅក្នុងភូមិជនជាតិក៏មានសត្វដំរីសម្រាប់ដឹកជញ្ជូនអំពៅ ចេក ដំឡូងនិងដំណាំផ្សេងទៀតផងដែរ។ ដោយសារអត់មានអីហូបគាត់​បានលួចបន្លែបន្តិចបន្តួចសម្រាប់ហូប។ ប្រសិនបើខ្មែរក្រហមចាប់បាន នោះគាត់នឹងត្រូវចាប់ចងនិងវាយដំធ្វើបាបជាក់ជាមិនខាន។

បងៗរបស់គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើពលកម្មតាមកងចល័ត និងកងកុមារ ដោយមិនបានរស់នៅជាមួយម្ដាយនោះទេ។ បងរបស់គាត់ត្រូវធ្វើការរួម ហូបរួម និងរស់នៅរួមតាមរោងរបស់កងនីមួយៗ។ ប្រជាជនទាំងអស់រួមទាំងជនជាតិដើមភាគតិចត្រូវហូបអត់ហូបឃ្លាន និងរស់នៅយ៉ាងលំបាកវេទនានៅសម័យខ្មែរក្រហម។

ម្តាយរបស់សាវីន បានបន្តប្រាប់ទៀតថា គាត់ត្រូវបានខ្មែរក្រហមឲ្យទៅជីកស្រះត្រពាំងក្រហមទាំងយប់ទាំងថ្ងៃ។ ចំណែក សាវីន វិញ គឺមិនបានធ្វើពលកម្មអ្វីនោះទេដោយសារគាត់នៅក្មេង ប៉ុន្តែគាត់នៅចាំថា គាត់បានដើរ​រើសកួរស្រូវឲ្យម្តាយរបស់គាត់នៅតាមរោងបុកស្រូវ។

ក្រោយពេលរំដោះនៅឆ្នាំ១៩៧៩ ប្រជាជននិងក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅក្នុងភូមិកំណើតវិញយ៉ាងលំបាក។ ម្ដាយរបស់គាត់ត្រូវដឹកដៃកូនតូច ឆ្លងកាត់តាមព្រៃភ្នំមានសត្វកាចសាហាវ និងក្រោមអាកាសធាតុត្រជាក់នៅពេលមានភ្លៀងធ្លាក់តាមផ្លូវម្តងៗ។

នៅពេលយប់ងងឹត ប្រជាជនត្រូវសម្រាកតាមព្រៃ តាមអូរឬគុម្ពឫស្សី ជាមួយភាពភ័យខ្លាច។ ប្រជាជនត្រូវឆ្លងកាត់ការលំបាកក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃទើបត្រឡប់មកដល់ភូមិកំណើតវិញ។ ជាចុងក្រោយ ហិន សាវីន សង្ឃឹមថាអ្នកជំនាន់ក្រោយនិងបានសិក្សារៀនសូត្រតាមសាលារៀនពីរបបខ្មែរក្រហម៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin