ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំងមានការភ័យខ្លាចអំពីសុខសុវត្ថិភាព។ នៅឆ្នាំ១៩៧១ ដោយសារតែការទម្លាក់គ្រាប់បែកកាន់តែខ្លាំងឡើងៗ រ៉ូ និងគ្រួសារបានប្តូរផ្លាស់ទីលំនៅទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។
ដល់ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ រ៉ូ និងគ្រួសារ បានមករស់នៅស្រុកកំណើតវិញ ក៏ត្រូវបានអង្គការឲ្យគាត់ទៅរស់នៅតាមសហករណ៍ ដោយឲ្យគាត់រស់នៅរួម ធ្វើការរួម និងហូបបាយរួម។ រ៉ូ ស្ថិតក្នុងវ័យមួយត្រូវធ្វើការងារក្នុងកងចល័ត។ គាត់ត្រូវធ្វើស្រែ និងកាប់អុស ក្រោយមកប្រធានរោងបាយបានឲ្យគាត់មកជួយដំាបាយ និងចម្អិនម្ហូបអាហារវិញ។ នៅពេលយប់ក្រោយពីសម្រាកការងារនៅរោងបាយ រ៉ូ ត្រូវដំាបន្លែ និងស្រោចដំណាំដើម្បី ផ្គត់ផ្គង់ក្នុងសហករណ៍រោងបាយ។
នៅពេលធ្វើជាអ្នកចម្អិនអាហារនៅរោងបាយដោយសារតែអាណិតអ្នកដែលហូបមិនឆ្អែត រ៉ូ បានលួចចំណីអាហារអង្គការទៅចែកឲ្យអ្នកខ្វះខាតក៏ត្រូវបានខ្មែរក្រហមដាក់ទោស និងឲ្យគាត់ឈប់ប្រព្រឹត្តិកំហុសនេះម្តងទៀត។
ក្នុងរបបខ្មែរក្រហមសមាជិកគ្រួសាររបស់ រ៉ូ ម្នាក់បានបាត់បង់ជីវិតដោយសារខ្មែរក្រហមចោទប្រកាន់ថាជាខ្មាំង និងបាននាំយកទៅសម្លាប់នៅទួលជ្រៃ។
ក្នុងរបបនោះ រ៉ូ ក៏ធ្លាប់បានឃើញខ្មែរក្រហមធ្វើទារុណកម្មប្រជាជន និងបាននាំប្រជាជនយកទៅសម្លាប់នៅទួលជ្រៃ ដែរ។ គាត់ក៏ធ្លាប់ឃើញឈ្លបខ្មែរក្រហមប្រើប្រជាជនឲ្យធ្វើការហួសកម្លាំង និងមិនឲ្យហូបគ្រប់គ្រាន់បានធ្វើប្រជាជននៅស្រុកភូមិជាច្រើនបានឈឺ និងស្លាប់។
រ៉ូ បាននិយាយថា ការរស់នៅឆ្លងកាត់របបខ្មែរក្រហមពិតជាលំបាក និងទទួលរងទុក្ខវេទនាខ្លាំង។ គាត់បានថ្លែងថាប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាពរស់នៅក្រោមគំនាបអង្គការគ្រប់បែបយ៉ាងធ្វើអ្វីៗតាមតែខ្មែរក្រហមកំណត់ អ្នកដែលជំទាស់ប្រឈមនឹងការសម្លាប់ចោល។
នៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមបានដួលរលំ រ៉ូ សប្បាយរីករាយជាខ្លាំងដែលខ្លួន និងគ្រួសារមានសេរីភាពឡើងវិញរួចផុតពីការកាប់សម្លាប់។ គាត់បានដឹងពីការសម្រេចសេចក្តីដាក់ទោសមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហមដោយតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមគាត់សប្បាយចិត្តព្រោះទទួលបានយុត្តិធម៌ផ្លូវចិត្តមួយក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ដែលបានរស់នៅឆ្លងកាត់របបនោះ ។
គាត់បានស្នើឲ្យក្មេងៗជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីអំពើឃៅរឃៅកាលពីអតីតកាល ដើម្បីចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជានាពេលអនាគត។ បច្ចុប្បន្ន រ៉ូ មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ឈឺចង្កេះ និងជំងឺស្រវឹងភ្នែកមើលមិនច្បាស់។
សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤