កងអង្គភាព១០៨

ហ៊ីម អឺង រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ហ៊ីម អឺង ភេទស្រី មានអាយុ ៦៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អឺង មានស្រុកកំណើតក្នុងខេត្តតាកែវ។ អឹង មានឪពុកឈ្មោះ ហៀង, ម្ដាយឈ្មោះ ហឿន និងមានបងប្អូនប្រាំពីរនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អឺង ធ្វើស្រែចម្ការ និងមិនបានរៀនសូត្រទេ ដោយសារតែជីវភាពខ្វះខាត។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អឺង បានរៀបការជាមួយប្តីឈ្មោះ ជុំ វណ្ណ និងបច្ចុប្បន្នមានកូនប្រាំពីរនាក់។ អឺង រៀបរាប់ថា បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក្នុងខេត្តតាកែវ មានការទម្លាក់គ្រាប់បែក និងវត្តមានរបស់កងទ័ពវៀតណាមខាងត្បូង។

ក្នុងរបបខ្មែរក្រហមនៅឆ្នាំ១៩៧៥ អឹង ដែលជាប្រជាជនចាស់ បានធ្វើជាប្រធានក្រុមដឹកនាំប្រជាជននៅក្នុងភូមិអាងខ្ចៅ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ដកស្ទូង និងកាប់ព្រៃ ដោយ​ក្នុងមួយក្រុមនោះ មានសមាជិកពី១២រហូតដល់២០០នាក់។ ចំណែក ឪពុករបស់អឺង ធ្វើការខាងសង្គមកិច្ច ហើយម្ដាយគាត់ធ្វើស្រែ។

នៅឆ្នាំ១៩៧៥ ប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញ បានប្រាប់ខ្មែរក្រហមពីតួនាទីរបស់ខ្លួននៅក្នុងរបបមុន ដោយសារចង់ទៅធ្វើការក្នុងតួនាទីចាស់របស់ខ្លួនវិញ ចំណែកប្រជាជនខ្លះទៀតបានកុហកពីតួនាទី។ អ្នកដែលប្រាប់តាមត្រង់ទាំងនោះ ប្រហែលជា១៥នាក់ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ ដោយចាញ់ឧបាយកលរបស់ខ្មែរក្រហម។ អឺង និយាយថា កូនប្រុសរបស់អ្នកទាំងនោះក៏ត្រូវសម្លាប់ ហើយខ្មែរក្រហមទុកតែកូនស្រីឲ្យរស់ប៉ុណ្ណោះ។​

ក្រោយមក អឺង ត្រូវបានខ្មែរក្រហមផ្លាស់ទៅធ្វើការនៅក្នុងកងអង្គភាព១០៨។ នៅទីនោះ គាត់ត្រូវជីកប្រឡាយជម្រៅ២ម៉ែត្រ ឲ្យបានប្រវែង១២ម៉ែត្រក្នុងមួយសប្តាហ៍ ដូច្នេះ គាត់ត្រូវធ្វើការងារទាំងថ្ងៃទាំងយប់ ដោយចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក។ អឹង និយាយថា គាត់ខំជីកឲ្យបានតាមការកំណត់ ដើម្បីទទួលបានអាវក្នុងមួយ។ ចំណែក អ្នកដែលធ្វើមិនបានតាមការកំណត់ នឹងត្រូវខ្មែរក្រហមយកទៅកសាង ឬស្តីបន្ទោស ដោយចោទថាខ្ជិលច្រអូស។

ក្រៅពីនោះ គាត់ត្រូវដឹកលាមកគោ, លាមកមនុស្សសម្រាប់ធ្វើជី ក្នុងមួយថ្ងៃពីរដង និងត្រូវដកសំណាប និងដកស្ទូងពីម៉ោង៦យប់ ដល់ម៉ោង៨យប់។ អឺង និយាយថា នៅតំបន់គាត់ធ្វើការ គឺអនុញ្ញាតឲ្យហូបក្តាម និងត្រីដែលរកបានតាមការដ្ឋាន ប៉ុន្តែមិនអនុញ្ញាតឲ្យលួចហូបក្រៅពីម៉ោងបាយនោះទេ។ អ្នកដែលលួចហូប នឹងត្រូវខ្មែរក្រហមយកទៅវាយសម្លាប់។

ក្នុងរបបខ្មែរក្រហម អឺង មិនព្រមទៅធ្វើជាប្រធានកងនោះទេ។ គាត់បន្តធ្វើជាប្រធានក្រុមដើម្បីការពារបងប្អូនក្នុងក្រុមរបស់គាត់។ អឺង ថាសមាជិកក្រុមរបស់គាត់ត្រូវបានកងឈ្លបនាំខ្លួនទៅនៅវត្តកំពែងអស់៣០នាក់។

នៅថ្ងៃមួយ កងឈ្លបបានមកប្រាប់គាត់ថានឹងចាប់ខ្លួនបងប្រុសរបស់គាត់យកទៅ។ នៅពេលនោះ អឹង បានបដិសេធ និងតបថាទុកឲ្យអឺងខ្លួនឯងជាអ្នកកសាងវិញ ប៉ុន្តែគាត់មិនបានប្រាប់កងឈ្លបនោះថា បុរសដែលត្រូវចាប់ខ្លួននោះជាបងប្រុសរបស់គាត់ទេ។ អឺង និយាយថា គាត់ធ្វើដូច្នេះ ដោយសារខ្លាចកងឈ្លបយកបងប្រុសទៅ។ គាត់បានយាមទាំងយប់ទាំងថ្ងៃអស់រយៈពេល៧ថ្ងៃ។ អឺង បន្តថាទោះបីជាដឹងថាបងប្រុសមានកំហុសក៏ដោយ ក៏គាត់ត្រូវតែការពារដែរ។

ក្រៅពីបងប្រុសគាត់ អឺង បានធានាការពារប្រជាជនថ្មីបួននាក់ផ្សេងទៀត នៅពេលខ្មែរក្រហមចោទថាអ្នកទាំងបានលួចមាន់ហូប។ អឺង និយាយថា ប្រជាជនហូបចុកមិនគ្រប់គ្រាន់ និងធ្លាក់ខ្លួនឈឺដោយសារខ្មែរក្រហមដឹកស្រូវចេញទាំងអស់។ នៅពេលធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់ អឹង ថាមានពេទ្យយកថ្នាំ និងបបរមកឲ្យគាត់ហូបមួយថ្ងៃបីពេល។ ដោយឡែក ជាអកុសលសមាជិកក្រុមបីនាក់ទៀតបានស្លាប់។ នៅភូមិកំពែង ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនរៀបការជាង២០០គូ និងប្ដេជ្ញាចិត្តចំពោះមុខអង្គការ ក្នុងពេលតែមួយ។

ក្រោយរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ អឺង បានបាត់ដំណឹងប្អូនប្រុសម្នាក់ឈ្មោះ ថុច រហូតមកទល់សព្វថ្ងៃនេះ ដោយសារខ្មែរក្រហមចាត់បញ្ជូនប្អូនឲ្យទៅធ្វើកងទ័ពខ្មែរក្រហម៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin