ហ៊ីម សារឹម ៖ «ខ្ញុំឆ្លើយថាមិនទៅតាមប្តីដែលក្បត់ និងសុខចិត្តរស់នៅជាមួយអង្គការ» ដើម្បីនៅចិញ្ចឹមកូនតូចៗ

បន្ទាប់ពីអង្គការចាប់ប្តីខ្ញុំបានរយៈពេលមួយខែ កម្មាភិបាលនៅមន្ទីរមកប្រាប់ខ្ញុំថា «ប្តីរបស់បងក្បត់ហើយ ដូច្នេះស្នើបងសម្រេចចិត្តថា ទៅតាមប្តីឬនៅជាមួយអង្គការ បើចង់ទៅតាមប្តី អង្គការនឹងជូនទៅជួបប្តី ហើយបើនៅជាមួយអង្គការ អង្គការចិញ្ចឹម»។ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ និងគិតតែពីយំពេលឮពាក្យនេះ។ ខ្ញុំបានទប់ស្មារតី និងសម្រេចចិត្តឆ្លើយថា «មិនទៅតាមប្តីដែលក្បត់ទេ គឺខ្ញុំនៅស្លាប់រស់ជាមួយអង្គការ»។ ប្តីខ្ញុំស្លូតណាស់ ហើយខ្ញុំឆ្លើយដូច្នេះដើម្បីរស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនតូចដែលនៅបៅនៅឡើយ។ ប្រសិនបើបងប្អូនខាងប្តីរបស់ខ្ញុំដឹងថាខ្ញុំឆ្លើយដូច្នេះ នឹងខឹងខ្ញុំមិនខាន ហើយខ្ញុំក៏សូមខមាទោសចំពោះប្តីដែរ។
ខ្ញុំឈ្មោះ ហ៊ីម សារឹម[1] កើតនៅឆ្នាំ១៩៤២។ ខ្ញុំមានប្តីឈ្មោះ សេក យ៉ូវ។ ប្តីរបស់ខ្ញុំមានអាយុលើសខ្ញុំ៤ឆ្នាំ។ ខ្ញុំនិងប្តីកើតនិងរស់នៅក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាមួយគ្នា។ យើងបានស្គាល់គ្នា និងរៀនជាមួយគ្នាតាំងពីក្មេងៗ។ យើងរៀននៅសាលាបឋមសិក្សាក្នុងភូមិត្បែង និងទៅរៀនបន្តនៅសាលាអនុវិទ្យាល័យ ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្ថិតនៅឆ្ងាយពីផ្ទះ។ ខ្ញុំនិងប្តីបានដើរទៅរៀនរាល់ថ្ងៃព្រោះគ្រួសារយើងក្រីក្រណាស់។ ប្តីរបស់ខ្ញុំរៀនដល់ថ្នាក់ទី៧ (ឬថ្នាក់ស៊ុបប៉េរីយើពីសង្គមចាស់) ក៏ឈប់រៀន។ បន្ទាប់មក គាត់ទៅធ្វើការនៅរោងចក្រនៅស្ទឹងច្រាល ក្នុងខេត្តកំពត (បច្ចុប្បន្ន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ) ចំណែកខ្ញុំរៀននៅស្រុកកំណើតដដែល។ ពីមួយថ្ងៃទៅមួយថ្ងៃ ម្តាយខ្ញុំដែលជាស្រ្តីមេម៉ាយមានជីវភាពកាន់តែទីទាល់ក្រលំបាក ទើបខ្ញុំឈប់រៀនមកជួយរកស៊ី និងធ្វើការងារចិញ្ចឹមម្តាយវិញ។
នៅពាក់កណ្តាលឆ្នាំ១៩៦០ ប្តីខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយឱ្យឪពុកម្តាយរបស់គាត់ចូលស្តីដណ្តឹងខ្ញុំរៀបការ។ ប្តីខ្ញុំបានបោះបង់គំនិតដែលធ្លាប់ដើរលេងកាលពីក្មេងចោល ព្រោះយើងត្រូវកសាងគ្រួសារថ្មី។ ខ្ញុំមិនដែលក្រើនរំឭកដាស់តឿនប្តីខ្ញុំទេ គឺគាត់បានដឹងថាត្រូវធ្វើអ្វីដោយខ្លួនឯងព្រោះគាត់គឺជាមេគ្រួសារ។ ប្តីខ្ញុំមិនចេះជក់ថ្នាំ មិនចេះផឹកស្រា និងមិនហូបសាច់ឆ្កែឡើយទោះបីសាច់ញាតិក្នុងភូមិឱ្យគាត់ក៏ដោយ។ ខ្ញុំនិងប្តីបានធ្វើស្រែនៅក្នុងភូមិត្បែងដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៦៨ ប្តីរបស់ខ្ញុំបានចូលធ្វើការនៅផ្នែកហិរញ្ញឹក នៅក្នុងកម្មវិធីទិញស្រូវអង្ករពីប្រជាជនដែលរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមបានបង្កើតឡើង ហើយរដ្ឋាភិបាលបានបង្កើត «សហករណ៍» ដើម្បីដាក់តាំងលក់ផលិតផលនៅក្នុងសហគមន៍ មានដូចជា ស៊ីម៉ង់ត៍, ឧស, សម្បកបាវ, ប្រេង, ក្រណាត់ ឱ្យប្រជាជនក្នុងតម្លៃថោកវិញ។ ប្រធានសហករណ៍មានឈ្មោះ ម៉ាញ, អនុប្រធានសហករណ៍ឈ្មោះ ផៃ បន្ទាប់មកប្តីខ្ញុំគ្រប់គ្រងខាងលុយកាក់។ ពេលនោះ មានប្រជាជនជាច្រើនបានមកយកសម្បកបាវពីសហករណ៍ យកទៅច្រកស្រូវមកលក់ឱ្យសហករណ៍វិញ។ ប៉ុន្តែមុននឹងយកសម្បកបាវទៅ ប្រជាជនត្រូវកត់ឈ្មោះជាមុនសិន។ មានប្រជាជនខ្លះមិនទាន់មកយកសម្បកបាវ ខ្លះទៀតយកសម្បកបាវទៅហើយ ប៉ុន្តែមិនទាន់ដឹកស្រូវមកឱ្យសហករណ៍ឡើយ ក៏ស្រាប់តែមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ពេលនោះកងកម្លាំងរំដោះខ្មែរក្រហមបានឡើងមកសំឡុតប្តីរបស់ខ្ញុំនៅលើផ្ទះ ធ្វើឱ្យប្តីខ្ញុំភិតភ័យយ៉ាងខ្លាំង ហើយគាត់ក៏ប្រគល់បញ្ជីឈ្មោះអ្នកដែលនៅជំពាក់ប្រាក់ និងស្រូវរដ្ឋទៅឱ្យខ្មែរក្រហមទាំងអស់។ ចាប់តាំងពីពេលនោះសភាពការណ៍នៅក្នុងភូមិកាន់តែតឹងតែងខ្លាំង ហើយការធ្វើដំណើរទៅមកក៏មានការត្រួតពិនិត្យដែរ។
ប្តីខ្ញុំបានឈប់ពីការងារ ហើយមកនៅផ្ទះ។ ពេលយប់ប្តីខ្ញុំចេញទៅរកត្រីនៅវាលឈើទាល ក៏បានជួបខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ចូលប្តីខ្ញុំឱ្យចូលធ្វើកងទ័ពខ្មែរក្រហម ប៉ុន្តែប្តីខ្ញុំមិនបានប្រាប់ខ្ញុំឡើយ។ ខ្ញុំបានសួរប្តីខ្ញុំថា តើរកបានត្រីទេ? ពេលគាត់ត្រឡប់មកផ្ទះវិញម្តងៗ ហើយគាត់តែងឆ្លើយថារកមិនបានទេ។ គាត់ចេះតែបង្ហាញអាកប្បកិរិយាប្លែកៗ ដូចជា អង្គុយជញ្ជប់សញ្ជឹងតែម្នាក់ឯង និងដេកយកដៃគងថ្ងាស់។ តាមពិតប្តីរបស់ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ហើយព្រួយចិត្តមិនចង់បែកឆ្ងាយពីប្រពន្ធកូន ព្រោះខ្មែរក្រហមមកហៅគាត់ឱ្យទៅធ្វើការនៅចន្រ្តី ក្នុងស្រុកសំរោង (បច្ចុប្បន្នស្រុករមាសហែក)។ អំឡុងពេលនោះ កងទ័ពធីវគី (កងទ័ពសាធារណរដ្ឋវៀតណាមខាងត្បូង ដែលសហការជាមួយកងទ័ព លន់ នល់ តាមកម្ចាត់វៀតណាមខាងជើង និងបដិវត្តន៍ខ្មែរក្រហម) ក៏បានចូលមកភូមិឃុំរបស់ខ្ញុំដែរ ដូច្នេះប្តីខ្ញុំក៏បានគេចខ្លួនទៅរស់នៅឆ្ងាយៗពីផ្ទះ។ ប្តីរបស់ខ្ញុំបានចាកចេញពីផ្ទះដោយមិនបានប្រាប់ខ្ញុំឡើយ។ ខ្ញុំជួបការលំបាកយ៉ាងខ្លាំងពេលមានគ្រាប់ផ្លោងធ្លាក់មកម្តងៗ ព្រោះមិនមានអ្នកដឹកដៃកូនតូចពីរនាក់រត់រកកន្លែងលាក់ខ្លួន និងទុកដាក់ទ្រព្យរបស់។ នៅពេលសភាពការណ៍ស្ងប់ស្ងាត់ ទើបប្តីខ្ញុំលួចមកជួបខ្ញុំនិងកូន និងដេកនៅផ្ទះរយៈពេលមួយឬពីរយប់ក៏ត្រឡប់ទៅធ្វើការវិញ។ ប្តីខ្ញុំធ្វើការនៅអង្គភាពពាណិជ្ជកម្មស្រុកសំរោង។
នៅឆ្នាំ១៩៧៥ ខ្ញុំនិងកូនមករស់នៅវត្តលោកយួន(កាលពីជំនាន់មុនមានសង្ឃយួនរស់នៅ ក្រោយមកប្តូរឈ្មោះមកវត្តពោធិ៍តាហោ) ជាមួយប្តីរបស់ខ្ញុំដែលឡើងមកធ្វើការនៅមន្ទីរពាណិជ្ជកម្ម តំបន់២៣ បោះទីតាំងនៅត្រើយតាហោ[2] ខាងកើតក្រុងស្វាយរៀង សព្វថ្ងៃស្ថិតនៅក្នុងភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ប្រធានមន្ទីរពាណិជ្ជកម្មឈ្មោះ គួន មានស្រុកកំណើតនៅភូមិសង្គម (សម័យមុនភូមិគោករនោង) ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំធ្វើស្រែ ចិញ្ចឹមគោក្របី ជ្រូក ដាំដំណាំដើម្បីយកទៅផ្គត់ផ្គង់អង្គភាពពាណិជ្ជកម្ម។ ចំណែកប្តីរបស់ខ្ញុំបានទៅទាក់ទងជាមួយវៀតណាមទិញក្រណាត់ខ្មៅ និងអង្រឹង និងលក់ស្រូវ និងជ្រូកទៅឱ្យវៀតណាមវិញ។ ប្តីខ្ញុំបានដឹកជញ្ជូនសម្ភារពីស្រុកក្រសាំង (ស្រុករមាសហែក) ទៅមន្ទីរភូមិភាគនៅអរិយក្សត្រ ហើយដឹកថ្នាំពេទ្យត្រឡប់មកមន្ទីរពាណិជ្ជកម្មតំបន់២៣វិញ។ ក្រៅពីនោះ ប្តីរបស់ខ្ញុំបានយករថយន្តចំនួន៥គ្រឿងទៅដឹកក្រណាត់ និងថ្នាំពេទ្យពីស្រុកអូររាំងឱដែរ។ ប្តីរបស់ខ្ញុំក៏ឧស្សាហ៍ធ្វើការជាមួយគណៈតំបន់ឈ្មោះ តាតូ ដែរ។ អ្នកធ្វើការនៅមន្ទីរពាណិជ្ជកម្មជាមួយខ្ញុំពេលនោះភាគច្រើននៅលីវ ចំណែកអ្នករៀបការហើយស្នាក់នៅមន្ទីរពាណិជ្ជកម្មតំបន់មានតែពីរគ្រួសារ រួមទាំងខ្ញុំ។
នៅចុងឆ្នាំ១៩៧៧ មានការចាប់ខ្លួនកម្មាភិបាលខ្មែរក្រហមជាបន្តបន្ទាប់ រួមទាំងប្រធានមន្ទីរពាណិជ្ជកម្មតំបន់២៣ ធ្វើឱ្យកម្មាភិបាលនៅមន្ទីរពាណិជ្ជកម្មតំបន់បារម្ភគ្រប់ៗគ្នា ហើយប្តីខ្ញុំក៏ភ័យព្រួយដែរ ប៉ុន្តែនៅពេលខ្ញុំនិយាយទាក់ទងនឹងហេតុការណ៍ចាប់ខ្លួនជាមួយគាត់ដើម្បីរកផ្លូវរត់គេចខ្លួន គាត់តែងតែយកដៃរបស់គាត់ខ្ទប់មាត់ខ្ញុំមិនឱ្យនិយាយ។ ក្រោយមកប្រធានមន្ទីរពាណិជ្ជកម្មតំបន់២៣មកពីភូមិភាគនិរតី ដែលទើបឡើងថ្មី បានសរសេរសំបុត្រឱ្យនីរសារមកហៅប្តីរបស់ខ្ញុំដែលកំពុងរៀបចំឃ្លាំងដាក់ស្រូវ និងសម្ភារនៅវត្តក្តីស្លា បច្ចុប្បន្នស្ថិតនៅក្នុងភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឱ្យឡើងមកប្រជុំនៅមន្ទីរសេដ្ឋកិច្ចតំបន់២៣ នៅត្រើយតាហោ ព្រោះពេលនោះកងទ័ពខ្មែរក្រហមកំពុងវាយប្រយុទ្វជាមួយកងទ័ពវៀតណាម ហើយភ័យខ្លាចកងទ័ពវៀតណាមចូលមកដុតបំផ្លាញស្រូវ និងសម្ភារ ដូច្នេះក៏សម្រេចផ្ទេរឃ្លាំងស្រូវ និងឃ្លាំងសម្ភារពីមន្ទីរពាណិជ្ជកម្មតំបន់២៣ នៅត្រើយតាហោ មកដាក់នៅវត្តក្តីស្លាដែលប្តីរបស់ខ្ញុំកំពុងរៀបចំវិញ។ ចាប់តាំងពីប្តីខ្ញុំចេញទៅប្រជុំ គឺមិនឃើញត្រឡប់មកវិញទេ។ ក្រោយមក ទើបខ្ញុំទទួលដំណឹងពីធ្វើការនៅក្នុងមន្ទីរជាមួយគ្នាលួយខ្សឹបប្រាប់ថា ខ្មែរក្រហមចាប់ខ្លួនប្តីខ្ញុំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំឮតែខ្មែរក្រហមដើរចាប់កម្មាភិបាលនេះ ឬកម្មាភិបាលនោះកាន់តែច្រើនឡើងធ្វើឱ្យខ្ញុំសោកសង្រេងយ៉ាងខ្លាំង ហើយខ្ញុំក៏មិនហ៊ានដើរស៊ើបសួរដំណឹងប្តីខ្ញុំដែរ។
កន្លងមកបានមួយរយៈ នីរសារខ្មែរក្រហមមកប្រាប់ខ្ញុំថា «គ្រួសារបងឯងក្បត់ហើយ! ឥឡូវបងឯងសម្រេចចិត្តរស់នៅក្នុងសហករណ៍ ឬនៅជាមួយអង្គការ។ ឥឡូវខ្ញុំឱ្យជ្រើសរើសផ្លូវពីរ ព្រោះអង្គការថ្នាក់លើឱ្យខ្ញុំពាំនាំពាក្យមកប្រាប់បងឯងឱ្យបងគិតពិចារណាថា បើបងឯងរស់នៅជាមួយអង្គការ អង្គការចិញ្ចឹមរហូត បើបងរស់នៅសហករណ៍ជាមួយគ្រួសារបងឯងក៏អង្គការមិនថាអីដែរ។ ពេលខ្ញុំឮថាប្តីខ្ញុំក្បត់ ខ្ញុំភិតភ័យខ្លាំងណាស់ ម្យ៉ាងបងប្អូនខ្ញុំក៏ត្រូវខ្មែរក្រហមបញ្ជូនចេញពីសហរណ៍ដែលខ្ញុំរស់ ទៅមុនអស់ដែរ។ ខ្ញុំអង្គុយបំបៅដោះកូន និងស្រក់ទឹកភ្នែកព្រោះមិនដឹងឆ្លើយយ៉ាងណា។ មួយសន្ទុះក្រោយមក ខ្ញុំក៏ឆ្លើយប្រាប់នីរសារនោះថា «ឥឡូវប្តីរបស់ខ្ញុំក្បត់ហើយ ខ្ញុំនិងកូនសុខចិត្តរួមរស់ជាមួយអង្គការជារៀងរហូត ក្នុងមួយជីវិតរបស់ខ្ញុំ»។ នៅពេលស្តាប់ឮខ្ញុំឆ្លើយដូច្នេះ នីរសារបានប្រាប់ខ្ញុំថា «មិនអីទេ ចាំខ្ញុំពាំនាំសំដីរបស់បងឯងទៅប្រាប់ថ្នាក់លើ»។ បន្ទាប់មក អង្គការឱ្យខ្ញុំមករស់នៅមន្ទីររបស់ប្តីខ្ញុំធ្លាប់ធ្វើការពីមុន នៅត្រើយតាហោ។ អង្គការបានដាក់ការងារឱ្យខ្ញុំក្រងកន្ទេល ហើយភ្លាមៗនោះខ្ញុំក៏មិនប្រកែកដែរទោះបីខ្ញុំមិនចេះក្រងក៏ដោយព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ ពេលទទួលការងារហើយ ខ្ញុំហូបបាយមិនបាន ហើយដេកក៏មិនលក់ដែរព្រោះខ្ញុំមិនដឹងពីវិធីក្រងកន្ទេល។ សំណាងល្អ ខ្ញុំបានស្គាល់យុវជនម្នាក់ដែលស្រឡាញ់រាប់អានខ្ញុំដូចជាបងស្រី ហើយខ្ញុំក៏បានលួចខ្សឹបប្រាប់យុវជននោះថា «បងមិនចេះធ្វើកន្ទេលទេ ហើយបើអង្គការដាក់ទិសឱ្យបងធ្វើកន្ទេលតើបងត្រូវធ្វើរបៀបណា?»។ យុវជននោះប្រាប់មកខ្ញុំវិញថា «ប្រសិនបើអង្គការដឹងថាបងមិនចេះធ្វើកន្ទេល អង្គការនឹងយកបងទៅវាយចោលមិនខាន ប៉ុន្តេមិនអីទេ ខ្ញុំនឹងទៅកាប់ស្លឹកត្នោត ហើយបងចាំឆូតស្លឹកត្នោតឱ្យខ្ញុំ ខ្ញុំនឹងបង្រៀនបងក្រងកន្ទេល ហើយសូមបងកុំឱ្យអ្នកជិតខាងឃើញខ្លាចរាយការណ៍ទៅអង្គការ»។ យុវជននោះបានបង្រៀនខ្ញុំរហូតចេះក្រងកន្រ្ទេល ចំណែកកូនច្បងរបស់ខ្ញុំត្រូវបានអង្គការចាត់តាំងឱ្យឃ្វាលក្របី។
នៅថ្ងៃមួយ វេលាម៉ោង៨យប់ ក្នុងឆ្នាំ១៩៧៨ ប្រធានអង្គភាពបានមកហៅខ្ញុំទៅប្រជុំនៅមន្ទីរពាណិជ្ជកម្ម តំបន់២៣។ ខ្ញុំខ្សឹបប្រាប់កូនច្បងខ្ញុំថា «បើបាត់ម៉ែយូរ អង្គការយកម៉ែទៅសម្លាប់ចោលហើយ គឺស្ថិតនៅខាងជើងផ្ទះយើងរស់នៅដែលមានដើមអង្កាញ់ច្រើន»។ បន្ទាប់មក ខ្ញុំបានពរកូនតូចទៅមួយ ព្រោះកូនខ្ញុំនៅបៅនៅឡើយ។ អ្នកដែលទៅចូលរួមប្រជុំនោះ ក៏មានមិត្តនារីម្នាក់ទៀតដែលមានកូនតូចនៅបីក្នុងដៃ ហើយមានប្តីត្រូវអង្គការចោទថាក្បត់ដូចប្តីខ្ញុំដែរ។ នៅពេលបើកប្រជុំដំបូង ប្រធានអង្គប្រជុំមិនបានជានិយាយទាក់ទងនឹងប្តីខ្ញុំទេ ស្រាប់តែប្រជុំបានពាក់កណ្តាល ប្រធានអង្គប្រជុំឱ្យមិត្តនារីវ័យក្មេងម្នាក់ឡើងប្រកាសថា «ទិសដៅសំខាន់របស់អង្គការហៅមកប្រជុំថ្ងៃនេះ គឺចង់ឱ្យមិត្តដែលមានពាក់ព័ន្ធនឹងគ្រួសារក្បត់ឡើងមានយោបល់»។ ការលើកឡើងនេះ គឺសំដៅមកខ្ញុំនិងមិត្តនារីម្នាក់ទៀត។ យុវនារីវ័យក្មេងម្នាក់នោះបន្តថា «មិនអីទេ ប្រសិនបើបងមានចិត្តស្មោះត្រង់នឹងអង្គការ ប៉ុន្តែបើបងចង់ទៅតាមគ្រួសារ អង្គការនឹងជូនទៅ។ ប្រសិនបើបងមិនចង់ទៅតាមគ្រួសារហើយនៅរួមរស់ជាមួយអង្គការ អង្គការនឹងចិញ្ចឹមឱ្យតែបងកុំលាក់លៀមចិត្តក្បត់ដូចប្តីរបស់បង»។ ខ្ញុំស្លេកស្លាំង និងភ័យញ័រទទ្រើកស្ទើរធ្លាក់កូនពីដៃ។ ខ្ញុំតាំងចិត្តនិងពង្រឹងស្មារតីហើយឆ្លើយថា «ខ្ញុំមិនតាមប្តីខ្ញុំដែលក្បត់ទេ ខ្ញុំសុខចិត្តនៅហូបបបរ»។ ភ្លាមៗនោះយុវនារីវ័យក្មេងនោះបានសួរបញ្ជាក់ខ្ញុំម្តងទៀតថា «ប្តីប្រពន្ធនរណាមិនស្រឡាញ់គ្នា ដូច្នេះសូមបងកុំលាក់លៀម ហើយបើបងទៅតាមប្តី អង្គការធានាជូនទៅ»។ ទោះបីសួរបញ្ជាក់ខ្ញុំយ៉ាងណាក៏ខ្ញុំនៅតែឆ្លើយដដែលថា «ខ្ញុំដើរតាមអង្គការ ខ្ញុំអត់ទៅតាមប្តីខ្ញុំទេ»។ ចំណែកមិត្តនារីម្នាក់ទៀតដែលមានប្តីត្រូវអង្គការចាប់ខ្លួនដែរ បានអង្គុយបីកូននៅក្នុងដៃ និងយំរហូតទន់ខ្លួន ហើយមួយសន្ទុះក្រោយមកក៏ឆ្លើយដូចខ្ញុំដែរ។ ពេលប្រជុំចប់ខ្ញុំក៏ត្រឡប់មកកន្លែងស្នាក់នៅវិញ។
នៅរដូវវស្សាឆ្នាំ១៩៧៨ អង្គការបានជម្លៀសខ្ញុំពីមន្ទីរពាណិជ្ជកម្ម តំបន់២៣ ក្នុងខេត្តស្វាយរៀង ទៅនៅសហករណ៍ក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំពេលទឹកកំពុងឡើងលិចវាលស្រែ។ រហូតដល់ទឹកស្រក ទើបប្រធានសហករណ៍សរសេរសំបុត្រឱ្យខ្ញុំទៅដកស្ទូង និងធ្វើស្រែនៅសហករណ៍ក្នុងឃុំព្រៃឈរ ក្នុងស្រុកកំពង់ត្របែក ដោយឱ្យប្រធានរោងបាយចាំទទួល។ មួយរយៈក្រោយមក ទើបអង្គការបញ្ជូនខ្ញុំបន្តទៅនៅវត្តព្រែកតូច ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយមានបងប្អូនរបស់ខ្ញុំចាំទទួលនៅទីនោះ។ ខ្ញុំរស់នៅព្រែកគយរហូតដល់ឆ្នាំ១៩៧៩ ទើបត្រឡប់មករស់នៅភូមិកំណើតវិញ។
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, បទសម្ភាសន៍ ឡុង ដានី ជាមួយ ហ៊ីម សារឹម រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥។
[2] ឯកសារ D41703, ហៃ ជុត ហៅ វុទ្ធី ប្រធានឃោសនាការ តំបន់២៣ បូព៌ា, ទំព័រ ១៧