ហិម សុខឃាន៖ «ខ្មែរក្រហមសម្លាប់សាច់ញាតិខ្ញុំទាំងអស់»
ហិម សុខឃាន[1] មានអាយុ ៦២ ឆ្នាំ ភេទស្រី។ ឪពុកខ្ញុំឈ្មោះ សឹង ហិម និងម្ដាយឈ្មោះ នួន ខឹម។ ខ្ញុំមានបងប្អូនសរុបចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំរៀបការជាមួយ សៀ អឿន ហើយមានកូនចំនួន៦នាក់ (ស្រី១ ប្រុស៥)។ ស្រុកកំណើតខ្ញុំ ស្ថិតនៅភូមិដូនហីរក្រោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ២០០៤។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការងារយ៉ាងលំបាក។ ខ្មែរក្រហមប្រើខ្ញុំកាប់រែកដី, សាងសង់ទំនប់ និងធ្វើស្រែចម្ការ។ ខ្ញុំទទួលបានរបបអាហារហូបតិចណាស់ ហើយមិនមានពេលសម្រាក។ ខ្មែរក្រហមបានបង្ខំខ្ញុំឲ្យធ្វើការតាំងពីព្រឹកទល់ព្រលប់ គឺ ក្រោកនៅម៉ោង៤ព្រឹក ចាប់ផ្ដើមធ្វើការរហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបអាចសម្រាកបរិភោគបាយ និងបន្តការងារពីម៉ោង១ដល់ម៉ោង៥រសៀល។ ក្នុងរយៈពេលមួយឆ្នាំ ខ្មែរក្រហមបានចែកសម្លៀកបំពាក់ឲ្យខ្ញុំត្រឹមមួយសម្រាប់ ។ ខ្ញុំត្រូវ ធ្វើការនៅការដ្ឋានទំនប់ ដោយលើកដី និង ប្រព័ន្ធបង្ហូរទឹក។ ពេលខ្លះ ខ្ញុំត្រូវទៅលើកភ្លឺស្រែទៀតផង។ រហូតមកដល់រដូវស្ទូងស្រូវ ខ្មែរក្រហមបានកំណត់ឲ្យក្រុមខ្ញុំ ដែលមានគ្នាចំនួន១៦នាក់ ទៅស្ទូងស្រូវ១ហិចតាក្នុងមួយថ្ងៃ។ ប្រសិនបើ ធ្វើមិនបានតាមផែនការកំណត់ ខ្មែរក្រហមមិនឲ្យយើងសម្រាក និងមិនផ្តល់អាហារឲ្យហូបនោះឡើយ។ ខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សជាច្រើនដោយសារតែកំហុសតិចតួច ឬហេតុផលផ្សេង។ ខ្ញុនៅចាំបានថា មានបុរស និងនារី២នាក់អង្គុយនិយាយគ្នាលេង ហើយខ្មែរក្រហមបានឃើញ និងបានចោទអ្នកទាំង២នាក់នោះថា ខុសសីលធម៌ ហើយចាប់យកទៅសម្លាប់ភ្លាមៗ។ មានករណីមួយទៀត មានអ្នកបានលួចដំឡូងបរិភោគ ដើម្បីរស់រានមានជីវិត តែ ក៏ត្រូវ ចាប់យកទៅសម្លាប់ដូចគ្នាដែរ។ ប្រជាជនដែលជម្លៀសពីភ្នំពេញក្នុងឆ្នាំ ១៩៧៥ ជាពិសេសអ្នកដែលមានចំណេះដឹងដូចជា គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវបានខ្មែរក្រហមសម្លាប់ទាំងអស់។ លោកគ្រូដែលខ្ញុំស្គាល់ដូចជា លោកគ្រូ រឿន និងលោកគ្រូ អន ត្រូវបានសម្លាប់ ។ អ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ជាងគេ គឺ សាច់ញាតិខ្ញុំទាំងអស់ត្រូវបានខ្មែរក្រហមសម្លាប់។ ពូខ្ញុំឈ្មោះ សឹម យិម និងកូន ៩ នាក់របស់គាត់ ត្រូវបានយកទៅសម្លាប់។ ឪពុកបង្កើតរបស់ខ្ញុំក៏ត្រូវបានសម្លាប់ដែរ ពីព្រោះគាត់ជាអតីតទាហានសង្គមរាស្ត្រនិយម។
នៅពេលនោះ ខ្មែរក្រហមបានរៀបការឲ្យអ្នកភូមិ ម្ដងពី ១០ ទៅ ២០ គូ។ នៅឆ្នាំ ១៩៧៩ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទៅកាន់ តំបន់ទឹកឆារ។ ខ្ញុំត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ តែដោយសំណាង ក្រុមរងចាំសម្លាប់មនុស្សនោះបានរត់គេចខ្លួនបាត់អស់។ នៅពេលដែលខ្ញុំដើរតាមព្រៃចេក ខ្ញុំបានឃើញសាកសពមនុស្សពេញរណ្ដៅ។ ខ្មែរក្រហមគ្រាន់តែយកស្លឹកចេកបាំងពីលើ។ ពេលខ្ញុំបើកស្លឹកចេកនោះចេញ ឃើញសាកសពថ្មីៗដែលមិនទាន់មានក្លិនឡើងពាស់ពេញរណ្ដៅ។ ឃើញដូច្នេះ ខ្ញុំព្រឺព្រួចខ្លាំងណាស់ ហើយបានរត់ត្រឡប់ទៅភូមិវិញ។
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ហិម សុខឃាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។