ខ្មែរក្រហមបន្សល់ទុកនូវការចងចាំដ៏ឈឺ ចាប់មិនអាចបំភ្លេចបានសម្រាប់គ្រួសារខ្ញុំ

រូបតំណាងពីរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩)
រូបតំណាងពីរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩)

ខ្ញុំឈ្មោះ គង់ កោលិនី[1] អាយុ៩៥ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត និងបច្ចុប្បន្ន រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ុំ និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។

បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ និងស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ ពេលនោះគឺជាការចាប់ផ្ដើម កើតមានសង្រ្គាមនៅក្នុងប្រទេស។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងនៅភូមិសាស្រ្តនានានៅទីជនបទនៃខេត្តកំពង់ចាម។ ខ្ញុំមានកូនម្នាក់ ឈ្មោះ ស៊ុំ សត្ថា។ សត្ថា រៀនសូត្រនៅសាលាបឋមសិក្សាខ្ចៅ។ បន្ទាប់ពីប្រឡងចប់រួចរាល់ជាស្ថាពរមកនៅថ្នាក់បឋមសិក្សាមក សត្ថា ឡើងមកប្រឡងចូលរៀនកម្រិតថ្នាក់វិទ្យាល័យ បឹងត្របែក នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យបានយ៉ាងជោគជ័យមក សត្ថា សម្រេចចិត្តបន្តការសិក្សានៅសាលាច្បាប់បាន១ឆ្នាំ។ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមកើនឡើង និងប្រយុទ្ធជាមួយទាហានលន់ នល់ យ៉ាងខ្លាំងមក ខ្មែរក្រហមបន្តប្រកាសឲ្យប្រជាជនចូលរួមជាមួយចលនាបដិវត្តន៍ដោយកាន់កាំភ្លើងប្រយុទ្ធនៅសមរភូមិ។ អ្នកភូមិរស់នៅតាមទីជនបទ បន្តស្ម័គ្រចិត្តចូលបដិវត្តន៍ ដោយរត់ចូលព្រៃដើម្បី ធ្វើការតស៊ូ។ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនបានកើតមានឡើងពីសំណាក់ទាហានលន់ នល់។ រាល់ពេលដែលទាហានលន់ នល់ បើកការវាយប្រហារតាមផ្លូវអាកាសម្ដងៗ ខ្ញុំតែងតែរត់គេចខ្លួនចូលក្នុងរណ្ដៅត្រង់សេ ដើម្បីគេចពីអំបែងគ្រាប់បែក។ ជារៀងរាល់ពេលពេលដែលមានការទម្លាក់គ្រាប់បែក អ្នកភូមិជាច្រើនទទួលរងរបួស ហើយផ្ទះសំបែងរបស់អ្នកភូមិត្រូវបានឆេះខ្ទេចខ្ទីអស់។​​ នៅឆ្នាំ១៩៧៤ សត្ថា បានរត់មកភូមិកំណើតវិញ។ ក្រោយមក កងកម្លាំងខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយមកទៀត គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិក្រាំងថ្ដង ឃុំភ្នំក្រាំង ខេត្តកំពង់ស្ពឺ។

នៅចុងឆ្នាំ១៩៧៥ គ្រួសារខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសរហូតដល់ខេត្តបាត់ដំបង។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងចល័ត ហើយប្រធានសហករណ៍នៅពេលនោះ មានឈ្មោះមិត្ត ភោ និងប្រពន្ធឈ្មោះមិត្តនារី មីន។ ខ្មែរក្រហមប្រើឲ្យខ្ញុំដកស្ទូងស្រូវ កាប់គាស់គល់ឈើ និងរែកទឹកស្រោចបន្លែ ជាដើម។ ខ្ញុំត្រូវក្រោកពីម៉ោង៤ទៀបភ្លឺ ហើយដើរទៅកន្លែងធ្វើការ គឺនៅវាលស្រែ​ ដោយត្រូវធ្វើការងាររហូតដល់១១ព្រឹក ទើបអាចឈប់សម្រាកបាន។ របបអាហារនៅពេលនោះ គឺមានតែបបររាវមួយចាន។ បន្ទាប់ពីសម្រាកហូបបបររួចរាល់ ខ្ញុំត្រូវបន្តធ្វើការងាររហូតដល់ពេលល្ងាច។ នៅពេលយប់ ខ្ញុំត្រូវធ្វើការងារបន្ថែម ដោយបានជាន់ស្រូវទៅជាអង្ករ រហូតដល់ម៉ោង១២យប់ ទើបអាចឈប់សម្រាក។ ខ្ញុំនៅចាំមិនភ្លេចពីរបបរអាហារនៅក្នុងរបបខ្មែរក្រហម គឺ «មានស្លឹកដំឡូង បបរមួយខ្ទះដាក់អង្ករពីរកំប៉ុង ហើយដាក់ស្លឹកដំឡូងជាមួយទឹកឲ្យច្រើន រួចហើយបង់អំបិលកូរទៅ។  ខ្ញុំខំហូបបបរ ពីព្រោះខ្ញុំខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ ខ្ញុំធ្លាក់ខ្លួនស្គមស្គាំង ដោយស្បែកដណ្ដប់ឆ្អឹង ដូច្នេះហើយខ្ញុំចេះតែប្រឹងហូបឲ្យតែរស់ទៅ។»  បន្ទាប់មក ខ្ញុំត្រូវបានផ្លាស់ទៅភូមិច្រក។ នៅពេលខ្លះខ្ញុំឃ្លានខ្លាំងពេក ខ្ញុំសុំទឹកត្នោតសហករណ៍ហូប។ ប្រធានសហករណ៍ឈ្មោះមិត្តនារី ពែក។ ខ្ញុំសុំថា៖ «ចែៗ! ខ្ញុំសុំផឹកទឹកត្នោតបន្តិច ប្រធានសហករណ៍ប្រាប់ថា ផឹកឲ្យឆ្អែតទៅ បានតែភូមិនោះទេ។» ខ្ញុំផឹកទឹកត្នោតបានឆ្អែត។ ប៉ុន្តែប្រសិនបើមានអ្នករាយការណ៍ ខ្ញុំប្រហែលត្រូវបានខ្មែរក្រហមយកទៅកសាង។

នៅដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ខ្ញុំបានបាត់បង់កូនប្រុស សត្ថា​ ដែលបានរៀនសូត្រខ្ពង់ខ្ពស់។ ខ្ញុំធ្លាប់ឃើញឈ្មោះកូនប្រុសខ្ញុំត្រូវបានដាក់គុកនៅទួលស្លែង។ ចំណែកឯកូនស្រីខ្ញុំមួយទៀតនេះ មានជំងឺសរសៃប្រសាទ បន្សល់ទុកដោយខ្មែរក្រហមចាប់ខ្ញុំយកទៅធ្វើទារុណកម្ម ពីព្រោះខ្ញុំបានលួចដំឡូងស្ងោរហូប។ នៅពេលដែលខ្មែរក្រហមចាប់ខ្ញុំធ្វើទារុណកម្មនោះ ខ្ញុំមានផ្ទៃពោះកូនស្រីនេះ បាន៥ខែទៅហើយ។

អត្ថបទដោយ ទូច វណ្ណេត


[1] ឯកសារលេខ KCI០០៧៨ បទសម្ភាសន៍ជាមួយ គង់ កោលិនី  នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ឡុង ដានី នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០០៣,ចម្លងចេញពីកាសែតដោយ៖ អ៊ីសាឧស្មាន  បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin