ហ៊ី សុធារី ហៅធា៖ ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៤ទំព័រ ជារបស់ ហ៊ី សុធារី ហៅធា មុនអង្គការចាប់ខ្លួនមានតួនាទី ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០១១៨) បង្ហាញអំពីសកម្មភាព ធា ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ស៊ិន គិមស៊ុយ និង មួង ស៊ីនួន។ នៅក្នុងអត្ថបទនេះ ធា បានធ្វើសកម្មភាពបំផុសយុវជននៅតាមមហាវិទ្យាល័យឲ្យប្រឆាំងនឹងបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ហ៊ី សុធារី ហៅធា៖
ហ៊ី សុធារី ហៅធា[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិអង្គរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ធា មានឪពុកឈ្មោះ ហ៊ី លឹម និងម្ដាយឈ្មោះ ទូច ផន។ នៅឆ្នាំ១៩៥៨ ដល់១៩៦៥ ធា បានចូលរៀននៅថ្នាក់ទី១២ ដល់ថ្នាក់ទី៧ នៅសាលាបឋមសិក្សាអង្គរកា ស្ថិតនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់មក ធា ក៏បន្តចូលរៀនថ្នាក់អនុវិទ្យាល័យ ថ្នាក់ទី៦ ដល់ថ្នាក់ទី៤ នៅអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ រយៈពេល២ឆ្នាំបន្ទាប់ ធា បានរៀនបញ្ចប់ថ្នាក់ទី៣ នៅវិទ្យាល័យព្រះឧទ័យនៅតាកែវក្រុង។ បន្ទាប់ពីបញ្ចប់ ធា ក៏បន្តការសិក្សានៅមហាវិទ្យាល័យផ្នែកច្បាប់នៅទីក្រុងភ្នំពេញ។ នៅខែមិថុនា ឆ្នាំ១៩៧១ ចំពេលជីវភាពគ្រួសារខ្វះខាត ធា ក៏ចូលបម្រើការងារក្រៅក្របខណ្ឌក្នុងក្រសួងឃោសនាការ មានតួនាទីជាអ្នកបកប្រែព័ត៌មានពីកាសែត អាកាប៉េ ពីភាសាបារាំង មកភាសាខ្មែរតាមវិទ្យុ ផ្សព្វផ្សាយសំឡេង លន់ នល់។ ធា បានចូលបម្រើការងារនេះ តាមរយៈឈ្មោះ ស៊ិន គិមស៊ុយ និងមួង ស៊ីនួន។ ជាពិសេស អ្នកទាំងពីរ តែងតែផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែមពីលើប្រាក់ខែដែល ធា ទទួលបាន។ អ្នកទាំងពីរអប់រំ ធា តាមបែបមនោគមន៍ និងភាពសម្បូរបែបនៅក្នុងប្រទេស។ ចំណែកផ្នែកនយោបាយជាតិ បង្ហាញពីបក្សកុម្មុនីស្ដ បានសម្លាប់ជីវិតមនុស្សជាច្រើននាក់ និងដុតបំផ្លាញទ្រព្យសម្បត្តិប្រជាជនទៀត។ ភាពប៉ិនប្រសប់នៃការបញ្ចុះបញ្ចូល ពីឈ្មោះ ស៊ិន គិមស៊ុយ និងមួង ស៊ីនួន បានធ្វើឲ្យ ធា ជឿជាក់ និងគោរពតាមទាំងស្រុង ហើយបញ្ចូល ជាយុវជន សេ អ៊ី អា។ ធា បានទទួលភារកិច្ចចំនួន៥ ទី១) សរសេរអត្ថបទផ្សព្វផ្សាយតាមវិទ្យុរ។ ទី២) តាមដានចលនាខ្មែរក្រហមក្នុងអង្គភាពសមាគមន៍សិស្សនិស្សិតក្នុងទីក្រុងភ្នំពេញ។ ទី៣) អប់រំយុវជនឲ្យស្អប់ខ្ពើម និងធ្វើសកម្មភាពប្រឆាំងនឹងខ្មែរក្រហម។ ទី៤) ធ្វើសកម្មភាពបំផ្លាញបដិវត្តន៍តាមគ្រប់រូបភាពទាំងអស់ និងទី៥ ចូលបង្កប់ខ្លួនស៊ីរូងផ្ទៃក្នុង ដើម្បីចូលរួមធ្វើសកម្មភាពកម្ទេចរបបកុម្មុយនិស្ដ។ បន្ទាប់ពីទទួលបានការអប់រំ ធា បានសរសេរអត្ថបទបង្ហាញពីនយោបាយ និងបានផ្សព្វផ្សាយតាមវិទ្យុរជាហូរហែ។
នៅខែកុម្ភៈ ឆ្នាំ១៩៧២ ធា អប់រំកម្លាំងបានចំនួន២នាក់ ឈ្មោះ ឡុច សឿន និងខៀវ សិរីវឌ្ឍន៍ អប់រំបំផុសឲ្យយុវជនជាសិស្សនៅទីក្រុងភ្នំពេញធ្វើចលនា ក្បត់នឹង លន់ នល់ ដែលបានរួមគំនិតជាមួយឈ្នួញ ចិន ពីការឡើងថ្លៃទំនិញ។ នៅខែកក្កដា ឆ្នាំ១៩៧២ ខៀវ សិរីវឌ្ឍន៍ និងឡុច សឿន បានហៅ ធា និងយុវជនចំនួន៦នាក់មកប្រជុំដាក់ផែនការសកម្មភាពស៊ីរូងផ្ទៃក្នុងអង្គការបដិវត្តន៍ តាមបែបមនោសញ្ចេតនា ចំពោះនិស្សិតនៅតាមមហាវិទ្យាល័យ។ បន្ទាប់មក ធា និងយុវជនចំនួន៦នាក់ ត្រូវបាននិស្សិតមហាវិទ្យាល័យច្បាប់ ជ្រើសតាំងឲ្យដឹកនាំសមាគមន៍និស្សិត នៅតាមមហាវិទ្យាល័យរបស់ខ្លួន។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧៣ មានការរៀបចំមិន្ទេញយ៉ាងធំ នៅមហាវិទ្យាល័យគរុកោសល្យ។ នៅក្នុងកម្មវិធីនេះ មានការប្រើប្រាស់អាវុធបាញ់រះ និងបោកគ្រាប់បែកទៅលើហ្វូងមហាជន ធ្វើឲ្យបែកខ្ចាត់ខ្ចាយអស់។ បន្ទាប់ពី ព្រឹត្តិការណ៍នេះ ធា ទទួលបានការចាត់តាំងពីអង្គភាព ឲ្យចូលបង្កប់ខ្លួនស៊ីរូងផ្ទៃក្នុងបដិវត្តន៍នៅតាមជនបទ មានតួនាទីនីរសារ ប្រចាំការជាមួយឈ្មោះ សុខ នៅ ភូមិភាគនិរតី នៅក្រុងកណ្ដាលស្ទឹង តំបន់១៥ ខេត្តកណ្ដាល[2] ខាងត្បូងជាតិលេខ៤។ នៅខែឧសភា ឆ្នាំ១៩៧៣ អង្គការក៏ចាត់តាំង ធា ឲ្យកាន់ផ្នែកតេអូ និងក្ដាប់សភាពការណ៍ទាហាននៅមន្ទីរយោធា ៣១១ ភូមិភាគពិសេស។ មួយរយៈក្រោយ ក៏ផ្លាស់មកនៅឈូកសោម នៅមន្ទីរយោធាកងវរសេនាតូចតំបន់១៥។ នៅខែសីហា ឆ្នាំ១៩៧៣ ធា អប់រំមនុស្សចំនួន៣នាក់ ណែនាំបំផុសឲ្យប្រជាជនរត់ចូលទឹកដីរបស់ទាហាន និងបំផុសឲ្យយុវជនរត់ចោលខ្សែត្រៀម។ នៅឆ្នាំ១៩៧៤ ធា បានរាយការណ៍ឲ្យ សុខ ពីចំណុចបោះទ័ពបដិវត្តន៍ និងបញ្ជូនយន្ដហោះ មកទម្លាក់កាំភ្លើងធំ និងទម្លាក់គ្រាប់យ៉ាងខ្លាំង ទៅកាន់ទីតាំង ភ្នំប្រសិទ្ធ និងបែកចាន និងបំផុសយុវជនឲ្យរត់ចូលទឹកដីទាហានកាន់កាប់អស់ចំនួន២០គ្រួសារ។
នៅខែមេសា ឆ្នាំ១៩៧៤ អង្គការបានបញ្ជូន ធា បានមកកាន់កាប់សភាពការណ៍ទាហាននៅតាមសមរភូមិ និងបានទាក់ទងទៅកាន់អ្នកបើកយន្ដហោះទាហានចំនួន៥លើក ដើម្បីស្នើសុំឲ្យមកទម្លាក់គ្រាប់ នៅតាមខ្សែត្រៀម។ មួយរយៈពេលក្រោយមក យន្ដហោះទាហាន ក៏បានទម្លាក់ចំទិសដៅដែលបានកំណត់ទុក ធ្វើឲ្យឆេះធុងសាំងអស់ចំនួន៥ធុង។ នៅ ខែកក្កដា ឆ្នាំ១៩៧៤ អង្គការក៏ចាត់តាំង ធា ឲ្យមកកាន់ផ្នែក តេអូ និងក្ដាប់សភាពការណ៍យោធាទាហានប្រចាំនៅមន្ទីរកងពល១៤។ បន្ទាប់មក ធា បានរាយការណ៍ទៅកាន់ឈ្មោះ សុខ ពីការដាក់ផែនការ វាយយកទីក្រុងភ្នំពេញ ដោយបែងចែកទៅតាមមុខសញ្ញា ចាប់ពី អង្គស្នួល បែកចាន ទួលលាប ប្រសិទ្ធ ភូមិធំ ត្រពាំងព្រាយ និងចុងក្រោយភូមិពាមសេដ្ឋា។
នៅខែមករា ឆ្នាំ១៩៧៥ ធា បានរាយការណ៍ពីសភាពការណ៍នៅក្នុងសមរភូមិ ទៅកាន់ឈ្មោះ សុខ ពីចំនួនអ្នកត្រូវរបួស និងស្លាប់ នៅតាមមុខសញ្ញា។ ក្រោយមក អង្គការ ក៏ចាត់តាំង ធា ឲ្យបង្ហាញដល់ ឈ្មោះ កែវ សារឿនពីចំណុចខ្សែត្រៀម និងកន្លែងបោះទ័ពបដិវត្តន៍នៅទីក្រុងភ្នំពេញ។ ពេលនោះ ធា បានធ្វើផែនការ ជាមួយអ្នកបើកយន្ដហោះទាហាន ដើម្បីធ្វើសកម្មភាពទម្លាក់ កាំភ្លើងធំ និងប្លោងដាក់លើកងទ័ពបដិវត្តន៍ ប៉ុន្តែមិនបានសម្រេច ក៏ចូលមកដល់ថ្ងៃរំដោះថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ នៅខែកក្កដា ឆ្នាំ១៩៧៥ សុខ បានឧទ្ទេសនាម ធា ឲ្យមករស់នៅជាមួយ ខៀវ សិរីវឌ្ឍន៍ ហើយសហការណ៍ជាមួយមនុស្សចំនួន៥នាក់ ដោយធ្វើសកម្មភាពបង្ក ភាពរអាក់រអួលនៃប្រព័ន្ធភ្លើងក្នុងទីក្រុង និងតាមដានកម្មករដែលក្ដាប់បាន និងបញ្ចូលជា សេ អ៊ី អា បានចំនួន៧នាក់។ នៅខែមករា ឆ្នាំ១៩៧៦ ធា បានទៅដល់ខេត្តរតនគិរី ក៏ជួបជាមួយ កែវ សារឿន ប៉ុន្តែពុំទាន់បានទទួលភារកិច្ចនៅឡើយ។ ចំពេលនោះ កើតមានជំងឺគ្រុនចាញ់ មកលើកងទ័ពបដិវត្តន៍ ហើយ ធា ក៏និយាយបំផុស ឲ្យយុវជនរត់ទៅផ្ទះ ដោយភ័យខ្លាចនឹងជំងឺគ្រុនចាញ់។ ជាងនេះទៅទៀត បង្ហាញពីការខ្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ និងការហូបចុកមិនបានគ្រប់គ្រាន់។ ក្រោយមក មានយុវជនមួយក្រុមបានរត់ទៅផ្ទះ ប៉ុន្តែត្រូវអង្គការចាប់បានក៏បញ្ជូនមកអង្គភាពវិញ។ សកម្មភាពបន្ទាប់ ធា បានទំនាក់ទំនងជាមួយឈ្មោះ សារិន ហើយអប់រំឲ្យធ្វើសកម្មភាពប្រឆាំងអង្គការ ដោយបង្ហាញពីការទទួលបានមុខតំណែងល្អ ហើយ សារិន ក៏យល់ស្រប និងទទួលភារកិច្ច បំផ្លាញកម្លាំងបដិវត្តន៍ ដោយបើកឡានឲ្យក្រឡាប់ បណ្ដាលឲ្យយុទ្ធនារីមួយកងអនុសេនាតូច ត្រូវស្លាប់ នឹងរងរបួសជាច្រើននាក់។ នៅខែមិថុនា ឆ្នាំ១៩៧៦ ធា មានជំងឺ បានទៅសម្រាកព្យាបាលនៅពេទ្យកងពលនៅ វើន សៃ។ នៅទៅនោះ ធា អប់កម្លាំងបានចំនួន២នាក់ និងបញ្ចូលជា ខ្សែ សេ អ៊ី អា។ អ្នកទាំង២ មានតួនាទី បំផុសឲ្យយុវជននៅក្នុងមន្ទីរពេទ្យ ដោយបំផ្លាញថ្នាំពេទ្យ និងលួចបំផ្លាញដំណាំជាដើម។ ក្រោយមក តាមរយៈឈ្មោះ សារឿន បានប្រគល់ភារកិច្ចឲ្យ ធា ទាក់ទងជាមួយ យួន សេ អ៊ី អា ដែលចូលបង្កប់ខ្លួន នៅតាមព្រុំដែនខ្មែរវៀតណាម។ ក្នុងគោលបំណងបង្ហាញពីទីតាំងបោះកងទ័ព របស់កងពល៨០១ បញ្ជូនឲ្យយួន សេ អ៊ី អា ទៅតាមគោលដៅ និងរាយការណ៍ពីសភាពការណ៍យោធាក្នុងជួរកងទ័ព ដែលបោះទីតាំងទ័ពនៅម្ដុំបរកែវ, សាលារោង និងអូតាង។ មួយរយៈពេលក្រោយមក កែវ សារឿន បានណែនាំ យុវជនចំនួន៥នាក់ ឲ្យបន្ដសកម្មភាពលួច បំផ្លាញ និងបំផុសឲ្យមានបញ្ហាជាមួយអង្គការបដិវត្តន៍។ ក្នុងចំណោមយុវជនទាំង៥នាក់ មាន១នាក់ឈ្មោះ អាង បានបំផ្លាញរថយន្ដ ហ្ស៊េ អឹមសេ ចំនួនមួយគ្រឿង និងសម្ភារផ្សេងៗធ្វើឲ្យខូចខាតចំនួនមួយឡាន។
នៅខែមករា ឆ្នាំ១៩៧៧ ធា ត្រូវបានឈ្មោះ ស៊ន ជាអ្នកណែនាំការងារបន្តពីឈ្មោះ កែវ សារឿន។ ក្រោយមក ឈ្មោះ ស៊ន បានដាក់ផែនការវាយយកកងពល៨០១ និងផ្ដួលរំលំរដ្ឋអំណាចបដិវត្តន៍ទូទាំងប្រទេស។ ពេលនោះ ស៊ន បានចាត់តាំង ធា ឲ្យធ្វើទំនាក់ទំនងជាមួយវិទ្យុវៀតណាម និងត្រៀមរៀបចំកម្លាំងទៅចាំការពារនៅតាមព្រុំដែន។ សកម្មភាពនេះ យួន បានរាយការណ៍ពីបញ្ហាលំបាកផ្ទាល់ខ្លួន ព្រោះត្រូវឆ្លងកាត់តាមព្រុំដែន ហើយត្រូវជួបជាមួយកងចល័តបដិវត្តន៍ ដែលយាមការពារនៅតាមព្រំដែន។ ពេលនោះ ធា បានជួបជាមួយ ឈ្មោះ អ៊ុក ក៏អប់រំ ដោយលើកយកទស្សនៈ បុណ្យសក្ដិ និងទទួលបានសិទ្ធិសេរីភាព។ ដូច្នេះ ឈ្មោះ អ៊ុក ក៏ឯកភាព ថែមទាំងធ្វើសកម្មភាពបំផ្លាញគ្រឿងម៉ាស៊ីនឡានចំនួន២គ្រឿង។ នៅខែមីនា ឆ្នាំ១៩៧៧ ធា ក៏ឈប់ធ្វើការជាមួយ យួន ហើយត្រូវអង្គការ ដកភារកិច្ចពីផ្នែកទូរលេខផងដែរ។ បន្ទាប់មក ធា ត្រូវបានអង្គការចាត់តាំងឲ្យទៅកាប់ចម្ការនៅអង្គភាពមន្ទីរកងពល។ រយៈពេលមួយខែក្រោយមក ធា អប់រំកម្លាំងបានចំនួន១នាក់ឈ្មោះ ខន ហើយបានធ្វើសកម្មភាពបំផ្លាញវិទ្យុរធុន កុឡាំង១គ្រឿង។ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧៧ ធា ត្រូវបានអង្គភាពកងពលបញ្ជូលខ្លួនពីខេត្តរតនគិរី មកកាន់ទីក្រុងភ្នំពេញវិញ ប៉ុន្តែរយៈពេល៣ថ្ងៃបន្ទាប់ ធា ត្រូវបានអង្គការចាប់ខ្លួន ហើយសួរចម្លើយនៅថ្ងៃទៅ០៤ ខែតុលា ឆ្នាំ១៩៧៧៕
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ (J០០៧៣០) តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ហ៊ី សុធារី ហៅធា៖ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១»។ បង្ហាញអំពីសកម្មភាព ធា ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំពីឈ្មោះ ស៊ិន គិមស៊ុយនិងមួង ស៊ីនួន។ ការចូលបម្រើបដិវត្តន៍នេះ ធា បានធ្វើសកម្មភាព កសាងកម្លាំង និងបំផុសយុវជននៅតាមមហាវិទ្យាល័យប្រឆាំងនឹងអង្គការបដិវត្តន៍។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០), ទំព័រទី៣៤។