ជម្លៀសទៅត្រពាំងក្រហម

(រតនគិរី)៖ ហីន ហ្វុត មានអាយុ ៨៤ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននិងភូមិកំណើតនៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហីន ហ្វុត ជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម គាត់បានឆ្លងកាត់ការលំបាក ដែលបានកើតឡើងនៅក្នុងភូមិអស់រយៈពេលជាច្រើនឆ្នាំតាំងពីមុនឆ្នាំ១៩៧៥។
ប្រជាជននៅក្នុងភូមិ និង ហ្វុត ត្រូវបានជម្លៀសចេញពីភូមិស្រែអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមទាំងអស់តាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និង ហូបរួម។ ហ្វុត ត្រូវធ្វើពលកម្មពីព្រលឹមទល់ព្រលប់ ឬរហូតដល់យប់អធ្រាត្រទើបទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។ នៅក្នុងសហករណ៍ ប្រជាជនបានសង់ផ្ទះឈើតូចៗជាជួរៗសម្រាប់រស់នៅ។
នៅក្រោមការដឹកនាំរបស់ខ្មែរក្រហម អ្នកដែលប្រព្រឹត្តកំហុសឆ្គងបន្តិចបន្តួចត្រូវនាំយកទៅកសាងឬជេរស្ដី។ អ្នកដែលតវ៉ាប្រឆាំង ឬប្រព្រឹត្តអំពើខុសសីលធម៌ ក៏ដូចជាកំហុសឆ្គងធ្ងន់ធ្ងរត្រូវនាំយកទៅរៀនសូត្រឬសម្លាប់ដោយមិនឲ្យអ្នកភូមិឃើញនោះទេ។
ជារៀងរាល់ថ្ងៃ ហ្វុត ត្រូវជីកប្រឡាយ និងបិទទំនប់នៅតាមការដ្ឋានដោយគ្មានពេលសម្រាក។ គាត់បានបញ្ជាក់ថា គាត់ត្រូវតែធ្វើទៅតាមការបញ្ជារបស់អង្គការដើម្បីឲ្យបានសម្រេចតាមផែនការ ដែលអង្គការបានដាក់ចេញ។
អ្នកដែលមិនធ្វើតាមនឹងត្រូវនាំខ្លួនយកទៅសម្លាប់។ គាត់បាននិយាយ «យើងមិនអាចធ្វើអ្វីគេបាននោះទេ ពីព្រោះគេជាអ្នកគ្រប់គ្រង»។
ក្រៅពីការងារទាំងនោះ ជួនកាលគាត់ត្រូវទៅដកសំណាបនៅពេលយប់។ របបខ្មែរក្រហមបានធ្វើបាបប្រជាជនដោយឲ្យធ្វើការទាំងយប់ទាំងថ្ងៃ គ្មានពេលឈប់សម្រាក និងហូបចុកបានគ្រប់គ្រាន់នោះទេ។ របបអាហារមានដូចជាបាយលាយជាមួយដំឡូងជាដើម។ មនុស្សចាស់ត្រូវមើលថែកុមារតូចៗនៅតាមរោងកុមារ។
អ្វីដែល ហីន ហ្វុត បានដឹងទៀតនោះគឺ នៅសម័យនោះមនុស្សចាស់អាចជ្រើសរើសគូស្រករឲ្យកូនចៅ បន្ទាប់មកស្នើសុំអង្គការដើម្បីឲ្យកូនចៅរៀបការ។ ចំណែកហ្វុតវិញ គឺបានរៀបការមុនពេលជម្លៀសទៅសហករណ៍ត្រពាំងក្រហម។
ហ្វុត បន្តទៀតថា នៅពេលមានជំងឺម្តងៗនៅសម័យនោះ គឺគ្មានថ្នាំសម្រាប់ព្យាបាលនោះទេ ជាទូទៅមនុស្សចាស់បានប្រាប់តៗគ្នាអំពីរុក្ខជាតិដែលអាចព្យាបាលជំងឺ និងទៅរកតាមព្រៃដើម្បីយកមកព្យាបាល៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤