ចារនារីរបស់វៀតណាម
“បើបានក្លាយទៅជាប្រពន្ធ អ្នកបដិវត្តហើយ ទោះមានកូនក្តី អត់កូនក្តី ក្រោយពេលស៊ើបការណ៍បានហើយ ត្រូវលះបង់កូននោះចោល ហើយរត់ទៅជួប ថៅ ឃិញ វិញ ក្នុងរយៈយ៉ាងយូរ២ឆ្នាំដើម្បីរាយការណ៍”[1] នេះគឺជាចម្លើយសង្ខេបរបស់នារី ហ៊ីង រ៉ាយ៉ា ដែលសមមិត្ត តេង[2] បានភ្ជាប់ជូនសមមិត្តនៅមន្ទីរ៧០៣[3]។ យោងតាមឯកសារនេះ មិត្ត តេង គឺជាប្រធានមន្ទីរ១៥[4] ធ្វើសេចក្តីរាយការណ៍អំពីអ្នកទោសដែលឃាត់ខ្លួននៅតាមមូលដ្ឋាន និងបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១។ គួររំឭកថា ក្រៅពីមន្ទីរស-២១ របបខ្មែរក្រហម បានបង្កើតមន្ទីរសន្តិសុខជាច្រើន ដែលបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរសន្តិសុខខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា មានចំនួន១៩៧កន្លែង[5]។ ជាក់ស្តែង ហ៊ីង រ៉ាយ៉ា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៧៥ នៅព្រំប្រទល់ប្រទេសវៀតណាមខាងត្បូង។[6]
ចំណារដោយដៃ នៅលើឯកសារនេះ បញ្ជាក់ថានារី ហ៊ីង រ៉ាយ៉ា ត្រូវបានបញ្ជូនមកមន្ទីរស-២១រួចរាល់ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៥។ បន្ទាប់ពីឃាត់ខ្លួន រ៉ាយ៉ា ត្រូវបានសួរចម្លើយ ដែលប្រហែលជាអាចរងទារុណកម្មផងពេលផ្តល់ចម្លើយ[7] នៅមន្ទីរ១៥ និងបានផ្តល់ព័ត៌មានអំពី “ប្រវត្តិរូប”, “ខ្សែចាត់តាំង និងការអប់រំ”, “ផែនការណ៍” និង “បេសកកម្ម”។ ផ្អែកទៅលើប្រវត្តិរូប ហ៊ីង រ៉ាយ៉ា មានវ័យ១៨ឆ្នាំនៅពេលឃាត់ខ្លួន។ រ៉ាយ៉ា គឺជាជនជាតិខ្មែរ កើតនៅទួលគោក ក្រុងភ្នំពេញ និងបានរៀនដល់ត្រឹមថ្នាក់ទី៧។ នៅមុនរបបខ្មែរក្រហម រ៉ាយ៉ា បានប្រកបរបរជាកម្មកររោងចក្រអំបោះនៅក្បាលថ្នល់។ ក្រោយពីថ្ងៃជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឪពុកម្តាយបងប្អូនទាំងអស់របស់រ៉ាយ៉ា និងខ្លួនគាត់ផ្ទាល់បានភៀសខ្លួនពីទីក្រុងភ្នំពេញទៅរស់នៅផ្សារឡុងប៊ិញ[8] ប្រទេសវៀតណាម។
ក្រោយរស់នៅក្នុងប្រទេសវៀតណាមបានមួយរយៈ នៅខែសីហា ឆ្នាំ១៩៧៥ រ៉ាយ៉ា បានស្គាល់ ថៅ ឃិញ និងត្រូវចាត់តាំងឲ្យបម្រើសកម្មភាពជាចារនារី ប្រឆាំងនឹងអង្គការបដិវត្តកម្ពុជា។ យោងតាមចម្លើយរបស់រ៉ាយ៉ា ថៅ ឃិញ គឺជាអ្នកដឹកនាំធំមួយរូបរបស់នៃរដ្ឋការធីវ។ ក្រោយត្រូវចាត់តាំងការងារ និងមុននឹងធ្វើដំណើរមកស្រុកខ្មែរ រ៉ាយ៉ា ទទួលបានការអប់រំលើផ្នែកអាកប្បកិរិយា, ឫកពា, ចិត្តគំនិត, ការនិយាយស្តី, ការហូបចុក, ការស្លៀកពាក់ និងការប្រើប្រាស់សម្ភារផ្សេងៗទៅតាមមនោគមន៍វិជ្ជាលោកសេរី ពីសំណាក់ ថៅ ឃិញ។ មិនតែប៉ុណ្ណោះ ថៅ ឃិញ ថែមទាំងបានចាត់តាំង ស្រ្តីវៀតណាមម្នាក់ឲ្យបង្រៀន រ៉ាយ៉ា លើផ្នែកចិត្តសាស្ត្រ, អាកប្បកិរិយា, ពាក្យសម្តី និងការច្រៀងរាំ។ ថៅ ឃិញ បានពន្យល់ប្រាប់រ៉ាយ៉ាអំពីគោលបំណងនៃការអប់រំណែនាំនេះ រួមមាន៖
- ណែនាំឲ្យចេះស្លៀកពាក់ ដើម្បីងាយបន្លំខ្លួនក្នុងប្រជាជន
- ណែនាំឲ្យចេះប្រើអាកប្បកិរិយា ធ្វើពុតត្បុត ដើម្បីឲ្យគេអាណិតស្រលាញ់
- ណែនាំឲ្យចេះប្រើមនោសញ្ចេតនា ដើម្បីអូនទាញ គោលជំហរ យុទ្ធជនកម្មាភិបាល ដោយចេះធ្វើឫកពាមាយា, ម្ញិកម្ញ៉ក់ ឲ្យគេស្រលាញ់ និង
- ណែនាំឲ្យចេះប្រយ័ត្ន កុំឲ្យខ្មែរក្រហមដឹង។
ក្រៅពីការបណ្ដុះបណ្តាល ថៅ ឃិញ ក៏បានយកភាពយន្តរឿង «ភារកិច្ចរបស់ចារនារី» ដែលជាគំរូជាក់ស្តែង មកបញ្ចាំងឲ្យ រ៉ាយ៉ា មើល។ ថៅ ឃិញ បានប្រាប់រ៉ាយ៉ា ឲ្យយកតម្រាប់តាម តួឯកនារី ដែលដើរតួចារនារីក្នុងខ្សែភាពយន្តនោះ ដោយត្រូវចេះប្រើអាកប្បកិរិយា បត់បែន ម្ញិកម្ញ៉ក់ និងត្រូវធ្វើដូចម្តេច ឲ្យតែមនុស្សប្រុសស្រលាញ់។
បន្ថែមពីលើការបង្វឹកបង្ហាត់រ៉ាយ៉ាលើផ្នែកដែលបានរៀបរាប់ខាងលើ ថៅ ឃិញ ថែមទាំងបានណែឲ្យរ៉ាយ៉ាយល់ដឹងអំពីសភាពការណ៍ប្រទេស និងទូន្មានគាត់ឲ្យខិតខំបម្រើការងារ នៅក្នុងប្រទេស[កម្ពុជា]ឲ្យបានសម្រេច។ ចំណែកឯនៅផ្នែកខាងក្រៅប្រទេស កងទ័ពវៀតណាម បានរៀបចំផែនការត្រៀមនៅតាមព្រំដែនយ៉ាងហ្មត់ចត់ហើយ។ ផែនការដែលភាគីវៀតណាមរៀបចំ គឺវាយប្រហារបន្តិចម្តងៗនៅតាមព្រំដែន ដោយផ្តើមចេញពីការផ្លោង និងផ្តក់គ្រាប់ដោយរប៉េះរប៉ោះ។ នៅពេលដែលបញ្ជេះកំហឹងធ្វើឲ្យខ្មែរក្រហមបាញ់តបតវិញ នោះកងទ័ពវៀតណាម នឹងចោទថាកងទ័ពខ្មែរខូច ដែលរករឿងឈ្លានពានដីរបស់ខ្លួន រួចក៏ចាប់ផ្តើមផ្ទុះអាវុធធំនៅតាមព្រំដែនតែម្តង។ ថៅ ឃិញ ថែមទាំងបានប្រាប់រ៉ាយ៉ាថា ភាគីវៀតណាម “កំពុងអប់រំយុវជន-យុវនារីខ្មែរមួយចំនួនទៀត ដើម្បីឲ្យមកបំពេញបេសកកម្មនៅស្រុកខ្មែរ”។
ក្រោយរ៉ាយ៉ា បានទទួលការបណ្តុះបណ្តាលផ្លូវកាយនិងផ្លូវចិត្តចប់សព្វគ្រប់ រ៉ាយ៉ា ត្រូវបានបញ្ជូនឲ្យមកបម្រើការនៅតាមបណ្តោយព្រំដែន អមជាមួយនឹងបេសកកម្មសំខាន់មួយចំនួន។ រ៉ាយ៉ា មានតួនាទីស៊ើបការណ៍នៅតាមព្រំដែនខ្មែរ-វៀតណាម ដើម្បីក្តោបឲ្យបានទិន្នន័យដូចជា៖ ចំនួន“កងទ័ពបដិវត្តន៍កម្ពុជា”, “អាវុធធុនណាខ្លះ” ដែលត្រូវប្រើប្រាស់, មានការ “ត្រៀម[កម្លាំង]នៅកន្លែងណាខ្លះ” ក៏ដូចជា “កម្មាភិបាលដឹកនាំធំៗ នៅសមរភូមិមានឈ្មោះអ្វីខ្លះ និងមាននាទីយ៉ាងដូចម្តេច”។ មិនតែប៉ុណ្ណោះ រ៉ាយ៉ា ក៏ត្រូវស៊ើបការណ៍ និងក្តោបឲ្យបានទាំងស្រុងលើសភាពការណ៍បដិវត្តន៍នៅក្នុងស្រុកខ្មែរ និងដឹងព័ត៌មានអំពីកម្មាភិបាល តូច ធំ ដែលរួមមាន ឈ្មោះ, ទីកន្លែងធ្វើការ និងក្រសួងជាដើម។ ក្រៅពីនោះ រ៉ាយ៉ា ត្រូវស៊ើបឲ្យបានដឹងអំពីទីតាំងនៃឃ្លាំងគ្រាប់រំសេវនិងកាំភ្លើងតូចធំ ព្រមទាំងមន្ទីរបដិវត្តន៍ តូចធំរបស់ខ្មែរក្រហមដែរ។ បេសកកម្មសំខាន់បំផុតរបស់រ៉ាយ៉ា គឺធ្វើយ៉ាងណាដើម្បីឲ្យបានរស់នៅកន្លែងដែលមានកងទ័ពច្រើន ជាពិសេសនៅជិតកម្មាភិបាលធំៗ ក្នុងគោលបំណងទាក់ទាញមនោសញ្ចេតនា ដោយត្រៀមខ្លួនជាស្រេចសម្រាប់ប្រគល់រូបរាងកាយដល់អ្នកទាំងនោះ។
គម្រោងការ និងបេសកកម្ម ដែលរ៉ាយ៉ាត្រូវបំពេញនេះ មានរយៈកាល២ឆ្នាំ។ គួរឲ្យសោកស្តាយ រ៉ាយ៉ាពុំទាន់បានបំពេញបានសម្រេច ក៏ត្រូវខ្មែរក្រហមឃាត់ខ្លួននិងចាប់បញ្ជូនទៅកាន់មន្ទីរស-២១។ បន្ទាប់ពីត្រូវបញ្ជូនទៅកាន់មន្ទីរស-២១ វាសនារបស់រ៉ាយ៉ា ក៏ប្រហែលជាមិនខុសពីអ្នកទោសភាគច្រើនដែរ គឺអាចនឹងមិនអាចគេចផុតពីសេចក្តីស្លាប់នោះឡើយ៕
សម្គាល់៖ ចម្លើយសារភាពដែលខ្មែរក្រហម ប្រមូលបានពីអ្នកទោសនៅតាមមន្ទីរសន្តិសុខ នៅក្នុងរបបខ្មែរក្រហម ភាគច្រើនធ្វើឡើងដោយការធ្វើទារុណកម្ម។ ដូច្នេះ ព័ត៌មាននៅក្នុងចម្លើយសារភាព អាចនឹងពិបាកក្នុងការកំណត់ថាជាការពិតឬយ៉ាងណា។
សរសេរដោយ សុភ័ក្រ្ត ភាណា
ឯកសារយោង
[1] ឯកសារលេខ D01280 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ ៤
[2] ឯកសារលេខ D15287 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារនេះ ក្នុងសម័យខ្មែរក្រហម ដែលក្រោយមក មិត្ត តេង ត្រូវសមាជិកខ្មែរក្រហមដទៃ រាយកាណ៍អំពីសកម្មភាពក្បត់របស់ខ្លួន។ ពុំមានឯកសារបញ្ជាក់ថា មិត្ត តេង ត្រូវបានឃាត់ខ្លួន ឬសម្លាប់បន្ទាប់ពីការរាយការណ៍នេះឬយ៉ាងណាទេ។
[3] មន្ទីរ៧០៣ ឬកងពលលេខ៧០៣ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៧២ ជាកងវរសេនាធំលេខ២៦៧។ នៅខែមិថុនា ឆ្នាំ១៩៧៤ កងវរសេនាធំនេះ បានក្លាយទៅជាកងពលលេខ១២ ដែលត្រូវបំពេញតួនាទីនៅលើសមរភូមិប្រយុទ្ធភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ យុទ្ធជនជាង៥០០នាក់ របស់កងពលនេះភាគច្រើនជ្រើសរើសចេញមកពីគ្រួសារកសិករក្រនៅក្នុងតំបន់២៥ (ស្ថិតនៅក្នុងខេត្តកណ្ដាល)។ ខែកក្កដា ឆ្នាំ១៩៧៥ កងពលលេខ១២ ត្រូវបានប្តូរឈ្មោះថ្មីជា «កងពលលេខ៧០៣» ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សេនាធិការកងទ័ពបដិវត្តន៍។ ចាប់តាំងពីចូលបម្រើបដិវត្តន៍រហូតដល់ដណ្តើមបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ យុទ្ធជនវ័យក្មេងទាំងនោះបានលះបង់គ្រប់បែបយ៉ាង រួមទាំងគ្រួសាររបស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍។ យុទ្ធជនដែលមានប្រវត្តិរូបស្អាតស្អំ ត្រូវបានចាត់តាំងឲ្យទៅបម្រើការជាបុគ្គលិកមន្ទីរស-២១ (គុកទួលស្លែង) សេនាធិការកងទ័ព, មន្ទីរ និងក្រសួងសំខាន់ៗជាច្រើនទៀត។ ក្នុងអំឡុងពេលរបបខ្មែរក្រហម យុទ្ធជននៃកងពលនេះយ៉ាងហោច៤៨២នាក់ និងយុទ្ធជនដែលបានបម្រើការនៅមន្ទីរស-២១ យ៉ាងហោច៨៥នាក់ ត្រូវបានចោទថាជា “ខ្មាំង” ហើយចាប់ខ្លួនបញ្ជូនទៅសួរចម្លើយនៅមន្ទីរស-២១ និងយកទៅប្រហារជីវិតជាបន្តបន្ទាប់។ សូមមើល «កងពលខ្មែរក្រហមលេខ៧០៖ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង» ដោយ ហ៊ុយ វណ្ណៈ ត្រង់សេចក្តីផ្តើម។
[4] មន្ទីរ១៥ គឺជាមន្ទីរសន្តិសុខនៃតំបន់២៥។ សូមមើល «កងពលខ្មែរក្រហមលេខ៧០៖ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង» ដោយ ហ៊ុយ វណ្ណៈ ត្រង់សេចក្តីផ្តើម
[5] ផែនទី «វាលពិឃាតនៅកម្ពុជា», សូមមើល សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយ ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ទំព័រទី៤។
[6] ឯកសារលេខ D01280 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ ២
[7] FACT SHEET POL POT AND HIS PRISONERS AT SECRET PRISON S-21, Published by The Documentation Center of Cambodia, 2011
[8] ផ្សារឡុងប៊ិញ ស្ថិតនៅក្នុងខេត្តទៀនហ្សាង ក្បែរព្រំដែនកម្ពុជា។