អត្ថបទឈ្មោះ ហឹង អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២

ឯកសារ J០០២៦៣ មានចំនួន ៤៤ទំព័រ ជាចម្លើយសារភាពរបស់ឈ្មោះ ហឹង អឿន មានតួនាទីជាប្រធានសន្តិសុខស្រុកមុខកំពូល បានចូលបម្រើនៅក្នុងជួរបដិវត្តន៍ដំបូង ធ្វើជាឈ្លបភូមិ តាមរយៈប្រធានភូមិឈ្មោះ ឡាង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧១។ ក្រោយមក អឿន បានចូលធ្វើជាប្រធានសន្តិសុខស្រុកមុខកំពូល និង ទទួលបានការអប់រំពីឈ្មោះ ផុន មានតួនាទីជាលេខាស្រុកមុខកំពូល តំបន់២២ ឱ្យចូលខ្សែ សេអ៊ីអា នៅថ្ងៃទី១ ខែឧសភា នៅឆ្នាំ១៩៧៥ នៅភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២។ នៅខែមិថុនា ឆ្នាំ១៩៧៧ ហឹង អឿន ត្រូវអង្គការចាប់យកមកសួរចម្លើយ ហើយចម្លើយសារភាពរបស់គាត់ ត្រូវបានវាយជាអង្គលីលេខរួចរាល់ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ១៩៧៧។ អឿន បានសារភាពនូវចម្លើយរបស់ខ្លួនថា បន្ទាប់ពីគាត់ បានចូលខ្លួនទៅក្នុងខ្សែ សេអ៊ីអា គាត់ បានធ្វើសកម្មភាពជាក់ស្តែង ដើម្បីបំផ្លាញបដិវត្តន៍ដូចជា៖ ដើរហើរសេរី ទាក់ទងជាមួយនារីភេទ, សេរីក្នុងការហូបចុក លួចលាក់ពីសមូលហភាព, សេរីបក្ខពួក មុខមាត់ បុណ្យសក្តិ, បំផុសយុទ្ធជន មិនឱ្យមានជំនឿលើបដិវត្តន៍, បំផុសទំនាស់នៅក្នុងមន្ទីរសន្តិសុខ, ដោះលែងអ្នកទោស រួចអប់រំអ្នកទាំងនោះឱ្យ ចូល សេអ៊ីអា, និយាយវាយប្រហារ មាគ៌ារបស់បក្ស, បំផុសប្រជាជនឱ្យប្រើប្រាស់សម្ភារខ្ជះខ្ជាយ និងបំផុសឱ្យឃើញពីសភាពការណ៍បដិវត្តន៍សព្វថ្ងៃមានសភាពតឹងតែង ហើយទៅថ្ងៃខាងមុខ គឺរឹតតែតឹងតែងជាងនេះទៅទៀត។
ខាងក្រោមជាចម្លើយសារភាព ហឹង អឿន
ខ្ញុំឈ្មោះ ហឹង អឿន[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅលាវ រស់នៅភូមិកន្លែងចក ឃុំមាន ស្រុកអូររាំងឪ តំបន់២២។ ខ្ញុំមានឪពុកម្តាយឈ្មោះ ហឹង អាយុ៧៣ឆ្នាំ និង ម្តាយឈ្មោះ ឌី អាយុ៦៥ឆ្នាំ មានមុខរបរជាអ្នកធ្វើស្រែ។ ខ្ញុំមានបងប្អូនចំនួន៩នាក់ ស្រី៤នាក់ នៅលាវ១នាក់។ ចំពោះអត្តចរិកខ្ញុំពីមុន ខ្ញុំចូលចិត្តរស់នៅបែបស្លូតបូត និងខ្មាសអៀនច្រើន។
អំឡុងពេលដែលខ្ញុំរស់នៅក្នុងមន្ទីរសន្តិសុខ ស្រុកមុខកំពូលតំបន់២២ ខ្ញុំមានតួនាទីក្តាប់រួមនៅក្នុងមន្ទីរសន្តិសុខស្រុកនោះ។ ក្រោយពីខ្ញុំ បំពេញភារកិច្ចជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃមក នៅថ្ងៃមួយ នៅខែ មករា ឆ្នាំ១៩៧៥ ផុន បានហៅខ្ញុំ ឱ្យទៅធ្វើការងារប្រចាំថ្ងៃនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពា ស្រុកមុខកំពូល ដែលមន្ទីរស្រុក បានបោះទីតាំងនៅទីនោះ។ ក្រោយពីបំពេញការងារចប់ ផុន បានឃាត់ខ្ញុំឱ្យនៅនិយាយលេងជាមួយគាត់។ នៅថ្ងៃបន្តបន្ទាប់ ផុន ឧស្សាហ៍មកលេងកន្លែងខ្ញុំណាស់។ ពេលគាត់ចូលមកកន្លែងខ្ញុំម្តងៗ គាត់តែងតែណែនាំខ្ញុំ ពីផ្នែកសន្តិសុខខ្លះៗ និងនិយាយលេងសើចរាក់ទាក់ ស្និតស្នាលជាមួយខ្ញុំ ហើយមានពេលខ្លះទៀត គាត់មានការលើកសរសើរអំពីនេះ អំពីនោះ ជាពិសេសលើកអំពីសភាពការណ៍នៅមូលដ្ឋានរបស់គាត់ជាប់ណែននៅក្នុងដៃ ធ្វើឱ្យខ្ញុំមានជំនឿជឿជាក់ និងស្រឡាញ់គាត់កាន់តែខ្លាំង។
នៅខែឧសភា ឆ្នាំ១៩៧៥ ផុន បានហៅខ្ញុំឱ្យទៅជួបគាត់នៅមន្ទីរស្រុកមុខកំពូល ដែលបានបោះទីតាំង នៅភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២។ ពេលខ្ញុំទៅដល់ដំបូង ផុន បាននិយាយលេង និងសួរនាំខ្ញុំធម្មតាពីសភាពការណ៍នៅក្នុងមូលដ្ឋានយ៉ាងម៉េចទៅហើយ? ខ្ញុំបាននិយាយប្រាប់ ផុន ថា ចំពោះសភាពការណ៍នៅក្នុងមូលដ្ឋាន មិនមានអ្វីប្រែប្រួលទេ ប៉ុន្តែការរស់នៅ និងការហូបចុករបស់ប្រជាជនដែលទើបតែជម្លៀសមកពីទីក្រុងភ្នំពេញ និងប្រជាជនមូលដ្ឋាន គឺខ្វះខាតច្រើនណាស់[2]។ ពេលនោះ ផុន បានសួរខ្ញុំថា នៅពេលដែលឃើញសភាពការណ៍បច្ចុប្បន្នមានការលំបាកដូច្នេះ តើខ្ញុំមានបញ្ហាយ៉ាងណាដែរ? ខ្ញុំបាននិយាយប្រាប់គាត់វិញថា រាល់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ស្មុគស្មាញណាស់។ ខ្ញុំចង់សុំអង្គការត្រឡប់ទៅសហករណ៍វិញហើយ ព្រោះខ្ញុំមិនសូវធានាចំពោះសុខភាពរបស់ខ្ញុំទេ។ ការងារនៅក្នុងមន្ទីរសន្តិសុខ គឺអត់ងងុយច្រើន ហើយខ្ញុំក៏មិនសូវបានចុះយាមជាប់ជាក់ស្តែង នាំតែឱ្យប្រជាពលរដ្ឋមើលស្រាលលើការងារខ្ញុំទេ។ ក្រោយពីបានស្តាប់ខ្ញុំនិយាយរួច ផុន បានមានមតិយោបល់ថា «យី គ្រាន់តែរឿងប៉ុណ្ណឹង ចង់ទៅសហករណ៍វិញ? មិត្តឯងដឹងទេថា សភាពការណ៍បច្ចុប្បន្ននេះយ៉ាងណា? គឺគេកំពុងបង្កើតចលនាមួយ រួមជាកម្លាំងដើម្បីវាយបដិវត្តន៍នៅថ្ងៃខាងមុខនេះ ព្រោះបន្ទាប់ពីភ្នំពេញត្រូវបានរំដោះមក អង្គការមិនសូវគិតគូរពីជីវភាពរបស់ប្រជាជនទេ»។ អង្គការដឹកស្រូវអង្ករ តាមយន្តហោះ តាមកប៉ាល់ និង តាមឡាន ទៅប្រទេសចិន ស្ទើរតែរាល់ថ្ងៃ[3]។ ដូច្នេះទោះបីជាប្រជាជនខំធ្វើស្រែទាំងយប់ ទាំងថ្ងៃ ទទួលបានផលស្រូវ៦តោន ក្នុង១ហិកតា ក៏ហូបមិនគ្រាន់ដែរ។ បើនិយាយពីរបបចាស់យើងពីមុនវិញ យើងធ្វើស្រែមិនបានគ្រប់គ្នាផង ហើយនៅតែមិនដែលខ្វះខាត និង មិនដែលលំបាកដូចសព្វថ្ងៃនេះទេ ដោយសារតែប្រជាជនខិតខំប្រឹងប្រែង និងចូលចិត្តរបបឯកជន។ ផុន បានសួរខ្ញុំទៀតថា ចំពោះបញ្ហាខាងលើ តើគាត់និយាយនេះ ខុសឬត្រូវ ស្នើសុំមិត្ត អឿន ជួយមានយោបល់។ ខ្ញុំបានឆ្លើយទៅវិញថា ចំពោះយោបល់របស់បង គឺខ្ញុំឯកភាព។ បងនិយាយនេះត្រឹមត្រូវណាស់។ ខ្ញុំសុខចិត្តចូលរួមជាមួយបងហើយ បើបងឱ្យខ្ញុំធ្វើអ្វីក៏ខ្ញុំធ្វើដែរ។ បន្ទាប់មក ផុន ក៏និយាយថា “បើមិត្តសុខចិត្តដើរតាមខ្ញុំហើយ មិត្តត្រូវធ្វើសកម្មភាព នៅកន្លែងសន្តិសុខនេះឱ្យខ្លាំង ដើម្បីឱ្យមហាជនស្អប់បដិវត្តន៍នៅក្នុងមន្ទីរសន្តិសុខ”។ ជាពិសេសការសួរចម្លើយខ្មាំង ត្រូវធ្វើយ៉ាងណា សម្រាលកំហុសគេ ដើម្បីឱ្យគេរួចខ្លួន។ ក្រោយពីបានក្តាប់មតិរបស់ ផុន ហើយ ខ្ញុំក៏យកមកអនុវត្ត ហើយក៏សម្រេចជាបន្តបន្ទាប់។
នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ១៩៧៥ ផុន មានការពេញចិត្តចំពោះការងារខ្ញុំជាខ្លាំង។ គាត់បាន បញ្ចូលខ្ញុំទៅក្រុមខ្សែ សេអ៊ីអា ជាមួយសមាជិកចំនួន២រូបទៀត ឈ្មោះ ខ្លូត នាទីអនុប្រធានសន្តិសុខស្រុកមុខកំពូល និង ឈ្មោះ ចេង សមាជិកទី១ សន្តិសុខស្រុកមុខកំពូល។ កម្មវិធី បញ្ចូលខ្សែ សេអ៊ីអា គឺ ទី១) គោរពទង់ពណ៌ស។ ទី២) ឧទ្ទេសនាម បញ្ចូលសមាជិកថ្មី។ ទី ៣) សាម៉ីខ្លួនប្តេជ្ញា និង សច្ចាប្រណិធាន។ ទី៤) មតិណែនាំ និង ភារកិច្ចដែលត្រូវធ្វើ និង ទី៥) បិទកម្មវិធី។
ចាប់ពីខែមីនា ដល់ ខែតុលា ឆ្នាំ១៩៧៥ ខ្ញុំបានចេញធ្វើសកម្មភាព និងបានបញ្ចូលខ្សែ សេអ៊ីអា ចំនួន២នាក់ ព្រមទាំងបានឆ្លៀតឱកាសកសាងកម្លាំងអ្នកដែលជាប់ទោសពី បទ ខូចសីលធម៌ជាមួយនារីនៅក្នុងភូមិ បានចំនួន២នាក់ទៀត។ ក្រោយពីកសាងកម្លាំងខាងលើហើយ អង្គការបានចាត់តាំងរូបខ្ញុំ ឱ្យទៅជួយអប់រំយោធាស្រុកមុខកំពូល ដែលមានបាតុភាពផ្សេងៗ។ ចំពោះការអប់រំយោធាស្រុកនេះ ខ្ញុំពុំបានទៅរាល់ថ្ងៃទេ គឺក្នុងរយៈពេល៥ថ្ងៃ ឬ១០ថ្ងៃ ទើបខ្ញុំទៅម្តង។ ប៉ុន្តែក្នុងរយៈពេលដែលខ្ញុំទៅនេះ ខ្ញុំបានឆ្លៀតឱកាសកសាងកម្លាំងនៅយោធាស្រុក បានសរុបចំនួន១៤នាក់ ដោយអ្នកទាំងនោះជាសមាជិកនៅក្នុងមន្ទីរ និងមួយចំនួនទៀត គឺជាអ្នកទោស នៅក្នុងមន្ទីរសន្តិសុខស្រុកមុខកំពូល។ ក្រោយមក រហូតដល់ខែឧសភា ឆ្នាំ ១៩៧៧ ខ្ញុំបានបន្តកសាងបានកម្លាំងចំនួន១៣នាក់ទៀត ដែលជាភ្នាក់ងារសន្តិសុខចំនួន២នាក់ និង អ្នកទោសចំនួន១១នាក់។
សម្រាប់ខ្លឹមសារអូសទាញជារួម ឱ្យអ្នកទាំងអស់គ្នា ស្ម័គ្រចិត្ត និង ប្តេជ្ញាចិត្តចូលទៅក្នុងខ្សែ សេអ៊ីអា គឺ ដំបូងឡើយ ខ្ញុំបានហៅអ្នកទោសទាំងនោះ មកសួរចម្លើយម្តងម្នាក់ ឬម្តងមួយក្រុមតូចៗ។ ខ្ញុំនិយាយថា តើបងទាំងអស់គ្នា ជាប់ទោស ដោយសារមូលហេតុអ្វី? ពេលនោះអ្នកទោសទាំងអស់គ្នាឆ្លើយថា «មកពីខ្ញុំ មានសកម្មភាពប្រឆាំងបដិវត្តន៍»។ ពេលនោះ ខ្ញុំក៏និយាយទៅកាន់អ្នកទាំងអស់គ្នាថា «អ៊ីចឹងហើយ ព្រោះរបបបដិវត្តន៍សង្គមនិយម យើងទាំងអស់គ្នា គ្មានសិទ្ធិដើរហើរសប្បាយហ៊ឺហារ ដូចពីសង្គមចាស់ទេ ហើយបើយើងធ្វើខុសអ្វីបន្តិចបន្តួច គឺត្រូវដាក់ទោស ឬសម្លាប់ ដូចមិត្តឃើញស្រាប់ហើយ ដូច្នេះ បងៗចង់មានសិទ្ធិសេរីភាពវិញទេ? បើចង់បានសិទ្ធិសេរីភាពគឺ បងត្រូវធ្វើតាមខ្ញុំ រួមកម្លាំងគ្នា វាយរបបបដិវត្តន៍ ដែលជារបបតឹងតែងនេះចេញ ហើយពេលនោះ យើងនឹងមានសេរីភាពសប្បាយហ៊ឺហា មានលុយចាយ ដូចពីសង្គមចាស់»។ ខ្ញុំនិយាយចប់ អ្នកទាំងអស់គ្នាក៏មានយោបល់៖ «បងលើកឡើងខាងលើ ខ្ញុំយល់ស្របទាំងអស់ និងឯកភាពទាំងស្រុង»។ ក្រោយពីបានក្តាប់មតិអ្នកទាំងអស់គ្នារួច ចំពោះរូបខ្ញុំ ក៏បានអប់រំ បំពាក់បំប៉ន គោលជំហរ និងសតិអារម្មណ៍ ឱ្យអ្នកទាំងនោះប្រឆាំងបដិវត្តន៍ដាច់ខាត ជាបន្តបន្ទាប់។ រហូតដល់ ខែឧសភា ឆ្នាំ១៩៧៧ ទើបខ្ញុំបញ្ចូលអ្នកទាំងអស់គ្នាជាសមាជិក សេអ៊ីអា ដោយមានរូបខ្ញុំជាអ្នកឧទ្ទេសនាម និង មានឈ្មោះ ខ្លូត និង ចេង ជាអ្នកទទួលស្គាល់។
បន្ទាប់ពីបានអប់រំ និង ដាក់ផែនការរួច ខ្ញុំក៏បានដោះលែងអ្នកទោសទាំងនោះឱ្យមានសេរីភាព ដើម្បីឱ្យអ្នកទាំងនោះ ដើរបង្កប់ស៊ីរូងផ្ទៃក្នុង, អូសទាញប្រជាជនណាដែលមិនពេញចិត្តនឹងអង្គការ ឱ្យចូលមកជាកម្លាំងរបស់សេអ៊ីអា, ព្រមទាំងឱ្យអ្នកទាំងនោះ បំផុសប្រជាជនឱ្យប្រឆាំងរបបសមូលហភាពរបស់អង្គការ បំផុសប្រជាជនឱ្យធ្វើសកម្មភាពទាមទាររបបសេរី ដោយបង្កើតឱ្យមានទីផ្សារ មានលុយចាយ និងមានព្រះសង្ឃធ្វើបុណ្យឡើងវិញ[4]។
ក្រោយពីបានដាក់ផែនការឱ្យអ្នកទាំង១៣នាក់ធ្វើ ជាលើកចុងក្រោយរួច ខ្ញុំត្រូវអង្គការចាប់ខ្លួន នៅខែមិថុនា ឆ្នាំ១៩៧៧៕
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារលេខ J00263 តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ហឹង អឿន អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២»។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី៣៧។
[3] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី៦៨។ ទំនិញនាំចេញភាគច្រើនរបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបាននាំចេញទៅកាន់ប្រទេសចិនដែលជាប្រទេសតែមួយគត់ដែលមានឥទ្ធិពលមកលើកម្ពុជាប្រជាធិបតេយ្យ។
[4] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី២។ ដើម្បីសម្រេចគោលបំណងចង់ឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមិនមានវណ្ណៈសង្គម ខ្មែរក្រហម បានលុបបំបាត់រូបបិយវត្ថុ ផ្សារផ្សោ ការអប់រំ ទ្រព្យសម្បត្តិឯកជន ម៉ូតសម្លៀកបំពាក់ស៊ីវីល័យបរទេស ការគោរពជំនឿសាសនា និង ប្រពៃណីវប្បធម៌ខ្មែរ។