ប្រវត្តិសាស្ត្រ និងសារសំខាន់នៃការសិក្សាពីប្រវត្តិសាស្ត្រ

នៅចុងខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលសំណើពីសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យអ្នកជំនាញខាងប្រវត្តិសាស្ត្រ  កម្ពុជាប្រជាធិបតេយ្យមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ជាមួយនិស្សិតឆ្នាំទី៤ដែលគាត់កំពុងបង្រៀនសព្វថ្ងៃ។ លោកស្រីសាស្ត្រាចារ្យ បានលើកឡើងថា និស្សិតភាគច្រើនដែលកំពុងសិក្សាជាមួយគាត់លើមុខវិជ្ជា «វិទ្យាសាស្ត្រស្រាវជ្រាវ» មិនមានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមច្រើនឡើយ។ នៅដើមខែវិច្ឆិកាឆ្នំាដដែល មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជូនខ្ញុំឲ្យទទួលបន្ទុកកិច្ចការនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់លោកស្រីសាស្ត្រាចារ្យ ដើម្បីផ្តល់នូវការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំត្រូវបានទទួលស្វាគមន៍ពីលោកស្រីសាស្ត្រចារ្យ និងនិស្សិតនៅក្នុងថ្នាក់ទាំងអស់។ បន្ទាប់ពីលោកស្រីសាស្ត្រចារ្យបានណែនាំនិស្សិតឲ្យស្គាល់ខ្ញុំរួចមក លោកស្រីបានស្នើសុំឲ្យខ្ញុំពន្យល់បន្ថែមពីអត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» និង «មូលហេតុចាំបាច់មួយចំនួនដែល ត្រូវសិក្សាពីប្រវត្តិសាស្ត្រ»។ ខ្ញុំបានចាប់ផ្តើមការបង្រៀនរបស់ខ្ញុំ។ ដំបូង ខ្ញុំបានសួរសំណួរសាមញ្ញចំនួនពីរទៅកាន់និស្សិត ដើម្បីវាស់ស្ទង់ពីសមត្ថភាពចំណេះដឹងរបស់អ្នកទាំងនោះពីប្រវត្តិសាស្ត្រខ្មែរក្រហម។ សំណួរទីមួយរបស់ខ្ញុំគឺ «តើរបបខ្មែរក្រហមគ្រប់គ្រងប្រទេសនៅថ្ងៃខែឆ្នាំណា ហើយដួលរលំទៅវិញនៅថ្ងៃខែឆ្នាំណា?» ហើយសំណួរទីពីរ «តើមានប្រជាជនស្លាប់ប៉ុន្មាននាក់ក្នុងរបបខ្មែរក្រហម?» សំណួរសាមញ្ញទាំងពីរនេះ មិនបានផ្តល់ភាពងាយស្រួលដល់និស្សិតក្នុងការឆ្លើយតបវិញឡើយ។ និស្សិតពីរនាក់ បានងើបឡើង ហើយឆ្លើយទៅនឹងសំណួរ។ ចម្លើយរបស់អ្នកទាំងពីរ គឺត្រូវបានតែពាក់កណ្តាលប៉ុណ្ណោះ។

តាមរយៈការវាស់ស្ទង់ចំណេះដឹងនេះ និងការស្នើសុំរបស់លោកស្រីសាស្ត្រចារ្យ ខ្ញុំបានដឹងពីចំណេះដឹងពិតប្រាកដរបស់និស្សិតទាំងនោះ។ ខ្ញុំបានចោទសួរខ្លួនឯងថា ហេតុអ្វីក្មេងៗទាំងនោះ មានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រខ្លួនឯងតិចយ៉ាងនេះ? ឬមួយក៏អ្នកទាំងនោះគិតថា ការសិក្សាពីប្រវត្តិសាស្ត្រ គឺមិនបានផ្តល់នូវសារសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួនទេ? តើការសិក្សាពីមុខវិជ្ជាប្រវត្តិសាស្ត្រនៅតាមសាលារៀនក្នុងកម្រិតវិទ្យាល័យ គ្រាន់តែជាការសិក្សាបង្គ្រប់ម៉ោងនៅក្នុងកាលវិភាគសិក្សា ឬយ៉ាងណា? ឬមួយគ្រូបង្រៀនមិនបានបង្ហាញពីវត្ថុបំណងច្បាស់លាស់ ក្នុងការបង្រៀនម៉ោងប្រវត្តិសាស្ត្រទេ បានជាសិស្សមិនដឹងគោលដៅនៃការសិក្សារបស់ខ្លួន? ឬមួយថា ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ម៉ោងសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ តិចពេក? សំណួរទាំងនេះ មិនមែនជាការដាក់បន្ទុកទៅលើសិស្ស គ្រូបង្រៀន និងក្រសួងអប់រំឡើយ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកទាំងនោះដែរ។ ប៉ុន្តែ សំណួរទាំងនេះ បានផ្តល់នូវការត្រឹះរឹះពិចារណាស៊ីជម្រៅមួយ ដើម្បីធ្វើយ៉ាងណាឲ្យការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រមានភាពរីកចម្រើនទៅមុខ និងមានតម្លៃសម្រាប់ជាតិទាំងមូល។

តាមរយៈការសំយោគពីអ្វីដែលជាការស្នើសុំរបស់លោកស្រីសាស្ត្រាចារ្យ និងការវាស់ស្ទង់របស់ខ្ញុំចំពោះនិស្សិតដែលខ្ញុំបានជួប មានសេចក្តីសន្និដ្ឋានរួមមួយ ក្នុងចំណោមសេចក្តីសន្និដ្ឋានជាច្រើនដែលនាំឲ្យក្មេងៗជំនាន់ក្រោយមួយចំនួនមិនឲ្យតម្លៃលើការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ។ នោះគឺ ដោយសារអ្នកទាំងនោះពុំបានគិតគូរស៊ីជម្រៅ ឬមិនទាន់បានស្វែងយល់ឲ្យបានច្បាស់លាស់ពីអត្ថន័យប្រវត្តិសាស្ត្រ និងឫសគល់នៃការសិក្សាប្រវត្តិសាស្ត្រនៅឡើយ។

សំណេរខ្លីនេះ នឹងឆ្លើយទៅនឹងសំណួរថា «តើហេតុអ្វី យើងត្រូវសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ?» ការបកស្រាយ ឬការឆ្លើយតបទៅនឹងសំណួរនេះ គឺជាការដកស្រង់ពីសំណេរ ឬសៀវភៅដែលអ្នកនិពន្ធ ឬអ្នកជំនាញប្រវត្តិសាស្ត្របានសរសេរទុក រួមផ្សំនឹងការផ្តល់ឧទាហរណ៍ជាក់ស្តែងពីប្រវត្តិសាស្ត្រខ្មែរក្រហមជាអំណះអំណាងផង។ ការបកស្រាយនេះ ក៏មិនបានក្តោបរាល់វិធីសាស្ត្រទាំងអស់ ដែលផ្តល់ដល់អ្នកអាននូវដំណោះស្រាយក្នុងការសិក្សាប្រវត្តិសាស្ត្រដែរ។ ជាដំបូង ខ្ញុំនឹងពន្យល់អត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» ហើយបន្ទាប់មកទៀត ខ្ញុំនឹងបកស្រាយខ្លះៗពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រ ដែលជាមុខវិជ្ជាមិនអាចខ្វះបានសម្រាប់ក្មេងៗជំនាន់ក្រោយ។

 

ប្រវត្តិសាស្ត្រគឺជាអ្វី?

នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ប្រវត្តិសាស្ត្រ» ជាពាក្យក្លាយមកពីពាក្យបាលីសំស្ក្រឹត «បវត្តិសាស្ត្រ» មានន័យថា គម្ពីរ ឬក្បួនសម្តែងអំពីពង្សាវតា ឬសន្តតិវង្ស (វង្សត្រកូល, ពូជពង្ស, ជាតិ)។ ចំណែកវចនានុក្រមភាសាអង់គ្លេស Longman: Dictionary of Contemporary English បានពន្យល់ថា ប្រវត្តិសាស្ត្រ គឺជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងពេលអតីតកាល ដូចជាការអភិវឌ្ឍវិស័យនយោបាយ សង្គម ឬសេដ្ឋកិច្ច របស់ជាតិមួយ។ នៅក្នុងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានដកស្រង់សម្តីរបស់ វិលៀម មិកវែល ជាអ្នកនិពន្ធ និងអ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក ដែលបានសរសេរនៅក្នុងសំណេររបស់គាត់អំពី «អារ្យធម៌នៅបស្ចឹម ប្រទេស» ទាក់ទងនឹងពាក្យប្រវត្តិសាស្ត្រ មកធ្វើការអធិប្បាយថា ប្រវត្តិសាស្ត្រ ត្រូវបានបែងចែកជាបីកម្រិតគឺកម្រិតបុគ្គល កម្រិតជាតិ និងកម្រិតអន្តរជាតិ។[1] តាមរយៈការបកស្រាយ និងពន្យល់ខាងលើ ប្រវត្តិសាស្ត្រ គឺជាការអិប្បាយពីព្រឹត្តិការណ៍[2] ឬជាគម្ពីរក្បួនខ្នាតដែលកត់ត្រាពីព្រឹត្តិការណ៍របស់មនុស្ស នយោបាយ សង្គម និងសេដ្ឋកិច្ច របស់មនុស្ស ប្រទេសជាតិ និងសាកលលោក។ ឧទាហរណ៍ ជីវ តាក្វាន់ បានបង្ហាញដល់ពិភពលោកនូវកំណត់ត្រាប្រវត្តិសាស្ត្រប្រទេសកម្ពុជា តាំងពីពេលដែលគាត់មកដល់ប្រទេសកម្ពុជាដំបូងកាលពីជាង៨០០ឆ្នាំមុន ហើយអ្នកប្រាជ្ញដទៃទៀតបានមកសិក្សាពីអរីយធម៌ វប្បធម៌ និងរឿងរ៉ាវនានាដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអង្គទូត ជីវ តាក្វាន់។[3] ជីវ តាក្វាន់ ដែលជាបេសកទូតចិន បានមកដល់ប្រទេសកម្ពុជានៅខែសីហា ឆ្នាំ១២៩៦ ដើម្បីពង្រីកទំនាក់ទំនងជាមួយ «ប្រទេសចេនឡា» ដែលជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្នុងអំឡុងពេលនៃការស្នាក់ក្នុងប្រទេសកម្ពុជា និងរង់ចាំព្រះរាជានុញ្ញាតពីព្រះបាទស្រីន្ទវម៌្ម ឬព្រះបាទឥន្ទ្រវម៌្មទី៣ឲ្យចូលក្រាបបង្គំគាល់ ជីវ តាក្វាន់ បានដើរទស្សនកិច្ចនៅក្នុងបរិវេណទីក្រុងអង្គរធំ និងបានសរសេរកំណត់ហេតុពិពណ៌នាអំពីរាជធានីអង្គរ ព្រះបរមរាជវាំង ប្រាសាទនានា ប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុក ក្បួនដង្ហែព្រះមហាក្សត្រ ពិធីសាសនានានា ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រខ្មែរក្នុងសម័យអង្គរ។[4]

 

ហេតុអ្វីត្រូវសិក្សាពីប្រវត្តិសាស្ត្រ?

មនុស្សគ្រប់រូបកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ អ្នកទាំងនោះ ក៏កំពុងរៀបចំផែនការជីវិតរបស់ខ្លួនក្នុងពេលបច្ចុប្បន្នកាល និងបង្ហាញពីក្តីបារម្ភផងដែរចំពោះរឿងហេតុដែលនឹងកើតឡើងនាពេលអនាគត។[5] ប៉ុន្តែក្នុងពេលជាមួយគ្នា រឿងរ៉ាវដែលបានកើតឡើងពីអតីតកាល នៅតែផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នកាល ហើយវាក៏ស្ថិតនៅមិនឆ្ងាយពីការគិតរបស់មនុស្សដែរ។ អត្ថបទខ្លីចុះផ្សាយនៅក្នុងគេហទំព័រ History Today របស់ ហ្វ្រង់សេស្កា ម៉ផាគីស បានអធិប្បាយថា «ការសិក្សាពីប្រវត្តិសាស្ត្រ គឺជាការសិក្សាពីសកម្ម ភាព ការសម្រេចចិត្ត ការមានឥទ្ធិពលទៅវិញទៅមក និងអាកប្បកិរិយារបស់មនុស្ស។[6] ចំណេះដឹងពីប្រវត្តិសាស្ត្រ គឺជាការចងចាំជារួមពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាលរបស់បុគ្គលម្នាក់ គ្រួសារមួយ និងសង្គមជាតិមួយ។[7] ការចងចាំពីប្រវត្តិសាស្ត្រ ជួយដល់អ្នកសិក្សាបង្កើតគំនិតច្នៃប្រឌិតថ្មីក្នុងការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រ តាមរយៈការឲ្យអត្ថន័យថ្មីទៅលើប្រវត្តិសាស្ត្រចាស់ៗពីអតីតកាល។[8] សម្រង់សម្តីដ៏ល្បីល្បាញរបស់លោក​ ចន អូវែល (George Orwell) ចេញពីប្រលោមលោកប្រឌិតបែបវិទ្យាសាស្ត្រដ៏ល្បីល្បាញរបស់គាត់មានចំណងជើងថា «១៩៨៤» បានរៀបរាប់ថា «មនុស្សគឺជាអ្នកគ្រប់គ្រងអតីតកាល និងអនាគតកាល ហើយមនុស្សក៏ជាអ្នកគ្រប់គ្រងបច្ចុប្បន្នកាល និងអតីតកាលដែរ។[9]» ឃ្លានេះ មានអត្ថន័យធំធេងផ្តោតលើការសិក្សាពីអតីតកាល ដែលមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ និងឆ្លើយតបទៅនឹងកាលៈទេសៈនាពេលបច្ចុប្បន្នកាល។[10] នៅក្នុងការពន្យល់បន្ថែមលើផ្នែកនេះ អ្នកនិពន្ធសៀវភៅណែនាំសម្រាប់គ្រូបង្រៀន បានគូសបញ្ជាក់ថា ប្រសិនជាមនុស្សធ្វើការបកស្រាយខុសចំពោះប្រវត្តិសាស្ត្រពីអតីតកាល នោះការសម្រេចចិត្តនានានាពេលបច្ចុប្បន្នកាល ពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរដែលឈានដល់ការកើតមានជម្លោះ ខ្ជះខ្ជាយប្រភពធនធាន និងបាត់បង់អារ្យធម៌ប្រទេស។[11]

នៅឆ្នាំ២០២០ អ្នកនិពន្ធឈ្មោះ Peter N. Stearns បានពិនិត្យសៀវភៅដែលគាត់បានសរសេររួមគ្នាជាមួយអ្នកនិពន្ធ Marcus Collins មានចំណងជើងថា «ហេតុអ្វីត្រូវរៀនប្រវត្តិសាស្ត្រ» បោះពុម្ពឆ្នាំ១៩៩៨ ឡើងវិញ និងបានសង្ខេបចំណុចសំខាន់ៗទាក់ទងនឹងសារប្រយោជន៍ចេញមកពីការសិក្សាប្រវត្តិសាស្ត្រ។ សេចក្តីសង្ខេបនេះ ត្រូវបានចុះផ្សាយនៅក្នុងគេហទំព័រ https://www.historians.org/ ដើម្បី     ផ្តល់ជាជំនួយដល់អ្នកដែលចង់សិក្សាពីប្រវត្តិសាស្ត្រ។ ខាងក្រោមនេះ ជាការលើកយកចំណុចសំខាន់ៗខ្លះៗដែលបានរៀបរាប់នៅក្នុងគេហទំព័រខាងលើមកធ្វើការអធិប្បាយ អមដោយការផ្តល់ជាឧទាហរណ៍ខ្លះៗពីប្រវត្តិសាស្ត្រខ្មែរក្រហមមកបញ្ជាក់បន្ថែមផង។

ប្រវត្តិសាស្ត្រ ជួយយើងឲ្យយល់ពីមនុស្ស និងសង្គម[12]  ប្រវត្តិសាស្ត្រ គឺជាបណ្តុំព័ត៌មានអំពីការប្រព្រឹត្តទៅរបស់មនុស្ស និងសង្គម។ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាសព្វថ្ងៃកំពុងមានសន្តិភាព យើងមិនអាចដឹងទេថា តើប្រជាជនដែលរស់នៅក្នុងសម័យកើតមានសង្គ្រាមទទួលរងភាពលំបាកលំបិនប៉ុណ្ណាឡើយ ហើយយើងក៏មិនអាចវាយតម្លៃ ឬប៉ានស្មានបានពីទំហំនៃសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រកាលពីអតីតកាលរបស់ប្រទេសយើងដូចម្តេចដែរ។ ការប្រើប្រាស់ និងរៀនសូត្រពីឯកសារជាប្រវត្តិសាស្ត្រដែលបានបរិយាយអំពីរឿងរ៉ាវនៃបទពិសោធន៍ និងសង្គ្រាមកាលពីអតីតកាល គឺជាមធ្យោបាយតែមួយគត់ដែលនាំឲ្យយើងយល់ដឹងពីស្ថានភាពរបស់មនុស្ស និងស្ថេរភាពសង្គមពីអតីតកាលបាន។ ឯកសារដ៏សម្បូរណ៍បែបទាំងនោះ មានតម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា។ ប្រវត្តិសាស្ត្រផ្តល់ នូវមូលដ្ឋានភស្តុតាងដ៏សម្បើម សម្រាប់ការត្រឹះរឹះពិចារណាស៊ីជម្រៅ និងការវិភាគអំពីរបៀបដែលសង្គមដំណើរការ ហើយមនុស្សត្រូវតែស្វែងយល់ពីរបៀបដែលសង្គមដំណើរការ ដើម្បីជួយដល់ដំណើរការនៃជីវិតរបស់ខ្លួននៅក្នុងសង្គមបច្ចុប្បន្ន។ នេះជាមូលហេតុដែលយើងមិនអាចរស់នៅឆ្ងាយពីប្រវត្តិសាស្ត្របាន។

ប្រវត្តិសាស្ត្រ ជួយយើងឲ្យយល់ពីការផ្លាស់ប្តូរ និងរបៀបដែលសង្គមយើងរស់នៅបានកើតឡើង៖[13] អតីតកាលបង្កើតវឌ្ឍនភាពនាពេលបច្ចុប្បន្ន និងធ្វើឲ្យមានអនាគត។ មានតែតាមរយៈការសិក្សាប្រវត្តិ សាស្រ្តប៉ុណ្ណោះ ដែលធ្វើឲ្យយើងអាចយល់ពីរបៀបដែលអ្វីៗត្រូវបានផ្លាស់ប្តូរ និងបណ្តាលឲ្យមានការផ្លាស់ប្តូរ ព្រមទាំងឲ្យយើងអាចយល់បានថា តើមានធាតុផ្សំអ្វីខ្លះ ដែលធ្វើឲ្យស្ថាប័ន ឬសង្គមមួយ នៅស្ថិតស្ថេរបាន ទោះបីជាមានការផ្លាស់ប្ដូរក៏ដោយ។[14] យើងរស់នៅជាមួយនឹងប្រវត្តិសាស្ត្រដោយមិនអាចគេចវេះបាន ហើយយើងអាចកែច្នៃប្រវត្តិសាស្ត្រពីអតីតកាល ដើម្បីបច្ចុប្បន្នកាល និងអនាគតកាលដ៍ផូរផង់របស់យើងបាន។[15] មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើកិច្ចការនេះតាំងពីឆ្នាំ២០០៩[16] ដើម្បីធានាថាលោកគ្រូអ្នកគ្រូបានបង្រៀនសិស្សរបស់ខ្លួនពីធាតុផ្សំនានាដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងធ្វើយ៉ាងណា ដើម្បីឲ្យសង្គមបច្ចុប្បន្នមានការចងចាំជារួម ក្នុងន័យអភិវឌ្ឍគំនិតក្មេងៗជំនាន់ក្រោយ ឲ្យមានការផ្លាស់ប្តូរ ការគិតពីការប្រព្រឹត្តអំពើឃោរឃៅ ទៅជាការធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិ។

ប្រវត្តិសាស្រ្ត រួមចំណែកដល់ការយល់ដឹងខាងសីលធម៌។[17] គន្លឹះសំខាន់នៅក្នុងផ្នែកនេះ ផ្តោតលើការឆ្លើយតបផ្លូវអារម្មណ៍ចំពោះរឿងរ៉ាវដែលបានកើតឡើង រវាងមនុស្សរស់នៅក្នុងពេលបច្ចុប្បន្ន និងរឿង រ៉ាវពីអតីតកាល។ របបខ្មែរក្រហមបានបង្កមហន្តរាយយ៉ាងសម្បើមដល់មនុស្ស​ និងសង្គមកម្ពុជាទាំងមូល។ មនុស្សប្រមាណពី១លាន៧សែននាក់ ទៅ២លាន២សែននាក់ បានស្លាប់យ៉ាងអណោចអធមបំផុត ក្នុងរជ្ជកាលគ្រប់គ្រងដោយខ្មែរក្រហម។ ការបាត់បង់នេះ ត្រូវបានយកចិត្តទុកដាក់ ថែរក្សា និងចងចាំពីសំណាក់អ្នករស់រានមានជីវិតពីរបបនោះ និងក្មេងៗជំនាន់ក្រោយ។[18] កិច្ចការងារនេះ បានធ្វើឲ្យមនុស្សជំនាន់ក្រោយទាំងឡាយ បង្ហាញនូវភាពសោកស្តាយ អាណិតអាសូរ និងព្រួយបារម្ភពីការកកើតឡើងម្តងទៀតចំពោះជំនាន់របស់ខ្លួន។ ការព្រួយបារម្ភនេះ នាំឲ្យមនុស្សជំនាន់ក្រោយរឹះរកមធ្យោបាយនានា ឬបង្កើតគំនិតថ្មីៗដើម្បីរារាំងនូវរាល់ភាពស្រដៀង និងដូចគ្នាទៅនឹងអំពើឃោរឃៅដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម។

ប្រវត្តិសាស្រ្ត ជួយលើកតម្កើងភាពជាអ្នកដឹកនាំល្អ ឬពលរដ្ឋល្អ។ ប្រវត្តិសាស្ត្រ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីកែខៃនូវអ្វីដែលមិនល្អឲ្យល្អសម្រាប់ខ្លួនឯង។ ទស្សនវិទូជនជាតិក្រិចដ៏ល្បីល្បាញលើពិភពលោក អារីស្តូត បានប្រាប់យើងថា «ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើមនៃការស្គាល់ឧត្តមគតិទាំងអស់របស់យើង»។ ទស្សនៈនេះ ត្រូវបានវែកញែកពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងមនុស្សមួយចំនួន​ តាមមុខជំនាញ និងប្រធានបទរបស់ខ្លួន។ ទោះបីជាយ៉ាងនេះក៏ដោយ ទស្សនៈនេះ ត្រូវបានវិភាគផ្តោតលើភាពជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិល្អរបស់មេដឹកនាំក្នុងពិភពលោក។ បណ្ឌិត ស្តេហ្វិន ប្រូកឃេស ជានាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Compass Leadership Limited បានសរសេរនៅក្នុងអត្ថបទមានចំណងជើង «រៀនពីភាពដឹកនាំចេញមកពីប្រវត្តិសាស្ត្រពីអតីតកាល» ថា៖ «ភាពជាអ្នកដឹកនាំរបស់យើង គឺតម្រូវឲ្យដើរតាមដំណើរជីវិតរបស់យើងពីអតីតកាល។ បទពិសោធន៍ជីវិតរបស់យើង នឹងកំណត់ថាយើងជានរណា និងរបៀបដែលយើងដឹកនាំយ៉ាងដូចម្តេច។ ប្រវត្តិសាស្ត្រ គឺជាការឆ្លុះបញ្ចាំងពីដំណើររបស់យើង»[19] ការបង្រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមសាលារៀនទាំងរដ្ឋ និងឯកជន គឺបង្ហាញពីភាពជាអ្នកដឹកនាំដ៏មានឥទ្ធិពលរបស់ស្ថាប័នឯកជន និងរដ្ឋ ក្នុងការរារាំងអំពើប្រល័យពូជសាសន៍វិលត្រឡបមក វិញជាលើកទីពីរ។ មនុស្សគ្រប់រូបដែលបានរៀនសូត្រពីប្រវត្តិសាស្ត្រនេះ បានដឹងពិតប្រាកដថា ខ្លួនឯងជានរណា ហើយគួរធ្វើយ៉ាងណាសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

ជារួម ការសិក្សាប្រវត្តិសាស្រ្ត មានប្រយោជន៍ដ៏មហិមារនៅក្នុងពិភពនៃការងារប្រចាំថ្ងៃ។[20] លោក ឆាំង យុ នាយកប្រតិបត្តិ និងស្ថាបនិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ទៅកាន់យុវជនជំនាន់ក្រោយថា មនុស្សភាគច្រើនដែលសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្ត មិនបានក្លាយជាអ្នកប្រវត្ដិវិទូអាជីពទាំងអស់គ្នាទេ។ ប៉ុន្តែអ្នកទាំងនោះអាចធ្វើជាគ្រូបង្រៀន ធ្វើការនៅក្នុងសារមន្ទី នៅមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ នៅស្ថាប័នស្រាវជ្រាវប្រវត្តិសាស្ត្រសម្រាប់អាជីវកម្ម ឬទីភ្នាក់ងារសាធារណៈ ឬចូលរួមក្នុងការប្រឹក្សាផ្នែកប្រវត្តិសាស្ត្រ។ ថ្វីត្បិតតែមនុស្សមួយចំនួន មិនបានបម្រើការងារក្នុងផ្នែកប្រវត្តិសាស្ត្រ អ្នកទាំងនោះក៏អាចបម្រើការងារទាក់ទងនឹងកិច្ចការងារក្នុងប្រវត្តិសាស្ត្របានដែរ ដូចជាការធ្វើឲ្យប្រសើរឡើងនូវជំនាញសរសេរ និងមូលដ្ឋាននៃការនិយាយ ព្រមទាំងអាចឆ្លើយតបបានត្រឹមត្រូវទៅនឹងតម្រូវការវិភាគជាច្រើននៅក្នុងវិស័យសាធារណៈ និងឯកជន៕[21]

អត្ថបទដោយ ផេង ពង្សរ៉ាស៊ី


[1] ជា ផល្លា និង គ្រីស្តូហ្វ័រ ឌៀរីង, សៀវភៅណែនាំសម្រាប់គ្រូបង្រៀន : វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, ភ្នំពេញ, មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា, ២០១៤, ទំព័រ១។

[2] Francesca Morphakis, History Today, What is History?, Volume 70 Issue 8 August 2020, https://www.historytoday.com/archive/head-head/what-history, (accessed 7 November 2024).

[3] ឆាំង យុ, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, ភ្នំពេញ, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ កថាមុខ។

[4] «ចំណេះដឹងទូទៅ៖ តើលោក ជីវ តាក្វាន់ មកដល់អង្គរនៅឆ្នាំណា?», Fresh News, ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២, https://m.freshnewsasia.com/index.php/en/knowledge/232177-2022-02-22-11-12-13.html, (Accessed 8 November 2024).

[5] Peter N. Stearns, American Historical Association, Why Study History?,  AHA Resource library, 2020, https://www.historians.org/resource/why-study-history-1998/, (accessed 8 November 2024).

[6] ដូចគ្នា។

[7] ជា ផល្លា និង គ្រីស្តូហ្វ័រ ឌៀរីង, សៀវភៅណែនាំសម្រាប់គ្រូបង្រៀន : វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, ភ្នំពេញ, មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា, ២០១៤, ទំព័រ១។

[8] ដូចគ្នា។

[9] George Orwell, 1984, (Anaconda, Martin Secker & Warburg Ltd.), page 44, Website: https://rauterberg.employee.id.tue.nl/lecturenotes/DDM110%20CAS/Orwell-1949%201984.pdf.

[10] ជា ផល្លា និង គ្រីស្តូហ្វ័រ ឌៀរីង, សៀវភៅណែនាំសម្រាប់គ្រូបង្រៀន : វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២, ភ្នំពេញ, មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា, ២០១៤, ទំព័រ២។

[11] ដូចគ្នា។

[12] Peter N. Stearns, American Historical Association, Why Study History?,  AHA Resource library, 2020, https://www.historians.org/resource/why-study-history-1998/, (accessed 8 November 2024).

[13] ដូចគ្នា។

[14] ដូចគ្នា។

[15] ដូចគ្នា។

[16] d.dccam.org, Genocide Education, https://d.dccam.org/Projects/Genocide/Genocide_Education.htm, (accessed 9 November 2024).

[17] Peter N. Stearns, American Historical Association, Why Study History?,  AHA Resource library, 2020, https://www.historians.org/resource/why-study-history-1998/, (accessed 8 November 2024).

[18] dccam.org, Health, https://www.dccam.org/homepage/health/, (accessed 9 November 2024).

[19] Stephen Brookes, Linkedin.com, Learning Leadership from History of the Past, October 2023, https://www.linkedin.com/pulse/learning-leadership-from-history-past-brookes-qpm-fcmi-frsa-vzyue, (accessed 9 November 2024).

[20] Peter N. Stearns, American Historical Association, Why Study History?,  AHA Resource library, 2020, https://www.historians.org/resource/why-study-history-1998/, (accessed 9 November 2024).

[21] ដូចគ្នា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin